បច្ចុប្បន្ននេះចរាចរណ៍នៅរាជធានីភ្នំពេញកាន់តែស្ទះទៅៗជាពិសេសនៅក្បែរស្ពានធំៗដោយសារតែភាពរញ៉េរញ៉ៃដេញគ្នាប្រសេចប្រសាចនូវការប្រទាញប្រទង់គ្នាហៅម៉ូយឡើងតាក់ស៊ី និងមីនីប៊ឺសទៅតាមខេត្តនានា ឬក៏ឈប់ចូលចតអ្នកដំណើរសុំឈប់មានការដណើ្តមម៉ូយឡើងជិះម៉ូតូឌុប និងរ៉ឺម៉កកង់បីធ្វើឲ្យអ្នកបើកបរតាមផ្លូវទីនោះនាំគ្នាគេចពួកគាត់បើកចូលកណ្តាលផ្លូវទាំងអស់គ្នា។
ឥឡូវចេញម៉ូដថ្មីតាក់ស៊ី និងឡានវែនមីនីប៊ឺសឈប់លើស្ពានហៅម៉ូយតែម្តងពេលខ្លះធ្វើដូចជាឡានខូចនេះខូចនោះ ឬក៏យឺតគើមៗដូចក្តាមវារអ៊ីចឹងចាំចាប់ម៉ូយអ្នកដំណើរ ពួកគាត់មិនខ្វល់ពីការកកស្ទះចរាចរណ៍នោះទេបើទោះបីច្បាប់ចរាចរណ៍ផ្លូវគោកហាមចតនៅលើស្ពានក៏ដោយហើយប៉ូលិសចរាចរណ៍នៅទីនោះក៏មានដែរតែធ្វើមិនដឹងមិនឮទាំងអស់គ្នា ឬក៏ហាក់ដូចជាបានលាភសក្ការៈពីតាក់ស៊ីទាំងអស់នោះអ៊ីចឹង។
ឧទាហរណ៍នៅស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់ក្បែរគ្នាគឺកកស្ទះពិបាកធ្វើដំណើរជាងគេ បើសិនជាធ្វើដំណើរពីលិចទៅកើតឡើងស្ពានព្រះមុនីវង្សវិញទម្រាំតែបត់ឡើងទៅលើស្ពានគឺយឺតអ្នកលក់គឺលក់លើចិញ្ចើមផ្លូវអស់រលីង អ្នកថ្មើរជើងលើថ្នល់ជួនកាលមានឡានឈប់នៅលើផ្លូវទៀត។
នៅពេលមកដល់ក្រោមស្ពានអាកាសក្បាលថ្នល់ចាប់ផ្តើមឃើញមានម៉ូតូឌុប រ៉ឺម៉កកង់បី និងឡានវ៉ែនមីនីប៊ឺសឈប់ចតព្រាតពេញផ្លូវនៅពេលដែលឡើងទៅដល់លើស្ពានព្រះមុនីវង្សវិញឃើញឡានតាក់ស៊ី និងឡានវ៉ែនមីនីប៊ើសឈប់នៅលើស្ពានយ៉ាងតិច ២ បណ្តាក់គ្នាហៅម៉ូយនៅពីលើស្ពានតែម្តង។
អ្នកបើកបរចាប់ផ្តើមគេចពួកគាត់នាំគ្នាបើកចូលកណ្តាលទាំងអស់គ្នាពេលខ្លះក៏ស្ទះភ្លាមៗដែរនៅពេលឆ្លងផុតស្ពានអ្នកបើកបរជិះគេចពីពួកតាក់ស៊ីហៅម៉ូយឡើងឡានទៅអ្នកលឿង ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិតដែលកំពុងតែចតនៅលើផ្លូវ ២ ជួររួចជាស្រេច។
នៅពេលដែលបើកមកដល់ភ្លើងស្តុបមុខសាលាបឋមសិក្សាច្បារអំពៅឃើញឡានវ៉ែនមីនីប៊ឺសចតបន្តកន្ទុយគ្នាហៅម៉ូយពេញផ្លូវទៀតអ្នកបើកបរជិះគេចគាត់ទៀត។
បើធ្វើដំណើរពីកើតមកលិចវិញម្តងគឺពុំសូវមានបញ្ហាទេតែនៅពេលចុះពីលើស្ពានវិញគឺមានម៉ូតូឌុប និងរ៉ឺម៉កកង់បីនៅឈប់ក្រោមស្ពានអាកាស និងនៅមុខភោជនីយដ្ឋានទន្លេបាសាក់គឺចំាំប្រដេញគ្នារត់ប្រសាចពេញផ្លូវនៅពេលមានតាក់ស៊ីទម្លាក់ភ្ញៀវចុះពីលើឡានម្តងៗគឺពួកគាត់មិនខ្វល់ពីអ្នកបើកបរទូទៅនោះទេដែលកំពុងមានល្បឿនទម្លាក់ពីលើស្ពានមកក៏លឿនដែរនោះ។ តាក់ស៊ីដែលចុះពីលើស្ពានអាកាសវិញគឺរញ៉េរញ៉ៃខ្លះដែរនៅមុខអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើទោះបីជានៅត្រើយម្ខាងនៅច្បារអំពៅមានបេនចំណតរថយន្តតាក់ស៊ីដល់ទៅ ៣ កន្លែងទី ១ នៅមុខផ្សារច្បារអំពៅទី ២ នៅមុខអតីតរោងកុនមានកន្លែងចំណតធំទូលាយ និងទី ៣ នៅចំណតក្តីតាកុយបឹងស្នោរក៏អ្នកបើកតាក់ស៊ីទាំងនោះមិនគោរពទៅតាមទីតាំងដែលអាជ្ញាធរបានកំណត់នោះទេ។
បើនៅស្ពានជ្រោយចង្វារក៏មិនខុសគ្នា និងស្ពានព្រះមុនីវង្សប៉ុន្មាននោះទេគឺតាំងពីចាប់ផ្តើមឡើងស្ពានគឺមានភាពរញ៉េរញ៉ៃចាប់ម៉ូយនៅក្បែរវិទ្យាល័យវត្តភ្នំគឺអ្នកបើកបរទូទៅនាំគ្នាបើកចៀសពួកគេហើយនៅលើស្ពានវិញធ្វើជាបើកយឺតៗចាំចាប់ម៉ូយ ឬក៏ឈប់តែម្តងក៏មាន។
នៅពេលចុះពីលើស្ពានពីជ្រោយចង្វារមកស្តាតចាស់គឺមានភាពឆ្លេរឆ្លាពេញផ្លូវទៅដោយការចាំចាប់ម៉ូយពីឡានតាក់ស៊ីវិញដោយក្រុមម៉ូតូឌុប និងរ៉ឺម៉កកង់បីធ្វើឲ្យអ្នកបើកបរបើកវៀងពួកគាត់ចូលកណ្តាលទាំងអស់គ្នាធ្វើឲ្យស្ទះចរាចរណ៍តែម្តងបើទោះបីជានៅត្រើយម្ខាងជ្រោយចង្វារមានគម្រោងចំណតរថយន្តនៅក្បែរសាលាព្រែកលាបក៏ដោយក៏គ្មានតាក់ស៊ីណាទៅចតនៅទីនោះទេ។
រីឯនៅស្ពានអាកាស ៧ មករាវិញនៅពេលធ្វើដំណើរចុះពីស្ពាន ឬក៏នៅក្រោមស្ពានវិញគឺពោរពេញទៅដោយតាក់ស៊ី និងឡានវ៉ែនមីនីប៊ឺសនៅតាមផ្លូវបណ្តាក់គ្នាដូចខ្យងហៅម៉ូយរហូតដល់វត្តទឹកថ្លាអ្នកបើកបរក៏នាំគ្នាគេចពួកគាត់ដែរ។
ការកកស្ទះចរាចរណ៍បែបនេះគឺមិនមកពីផ្លូវនៅរាជធានីភ្នំពេញតូចនោះទេគឺមកពីការហៅម៉ូយតាក់ស៊ីបែបអនាធិបតេយ្យអត់សណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈទេបើធ្វើការប្រៀបធៀបនៅទីក្រុងបាងកកដែលមានប្រជាពលរដ្ឋរស់នៅជាង ១០ លាននាក់ផ្លូវក៏មិនធំជាងនៅភ្នំពេញប៉ុន្មានដែរតែអ្នកបើកបរគេមានរបៀបរៀបរយជាងយើងគ្មានរថយន្តចតចោលលើផ្លូវសាធារណៈទេគឺមានតែឈប់ហៅតាក់ស៊ីមួយភ្លែតទេ។
រីឯរ៉ឺម៉កកង់បី និងម៉ូតូឌុបគឺមានកន្លែងចតហើយជិះតាមលេខរៀងគ្នាមិនដណ្តើមគ្នាដូចនៅស្រុកយើងទេគេមានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងទៀតម្ចាស់ផ្ទះគ្មានសិទ្ធិធ្វើជាម្ចាស់នៅលើចិញ្ចើមផ្លូវនោះទេ។ សម្រាប់តាក់ស៊ី និងរថយន្តដឹកអ្នកដំណើរទៅតាមខេត្តគឺមានកន្លែងចតត្រូវបានកំណត់ដល់ម៉ោងចេញមិនឲ្យដឹកអ្នកដំណើរឆ្វេចឆ្វាចចាប់ម៉ូយតាមផ្លូវនោះទេ។
កាលពីសប្តាហ៍មុនអាជ្ញាធររាជធានីភ្នំពេញទើបចេញប្រកាសថាបានតាក់តែងច្បាប់រៀបចំសណ្តាប់ធ្នាប់តាមដងវិថីជាង ១ ឆ្នាំហើយបន្ទាប់ពីលោក ស ខេង បានរិះគន់ខ្លាំងៗទៅអាជ្ញាធររាជធានីដែលមិនអើពើទៅលើការយកចំណីផ្លូវធ្វើអាជីវកម្មផ្ទាល់ខ្លួនធ្វើឲ្យកកស្ទះចរាចរណ៍នោះ។ តើច្បាប់ហ្នឹងពេលណាបានសាលារាជធានីអនុម័តឲ្យអនុវត្តនោះ? បើអ្នកលក់ដូរយកចិញ្ចើមថ្នល់អស់អ្នកចតរាប់ម៉ោងនៅលើថ្នល់អ្នកហៅតាក់ស៊ីប្រសេចប្រសាចនៅតាមថ្នល់ និងការចតហៅម៉ូយនៅលើស្ពានក៏មានទៀតនោះ។ ឬមួយក៏ចាំជិតដល់បោះឆ្នោតចាត់វិធានការបន្តិចទៅឲ្យម្ចាស់ឆ្នោតមើលឃើញថាបានអនុវត្តរួចហើយត្រឡប់មកសភាពដើមដដែល? កន្លងមកសាលារាជធានីភ្នំពេញក៏ធ្លាប់បានសិក្សាពីការខាតបង់ដោយសារការកកស្ទះចរាចរណ៍ហ្នឹងដែរគឺរកឃើញថា ១ ខែៗអស់ទឹកប្រាក់ចំនួន ៦ លានដុល្លារដោយសារតែស្ទះចរាចរណ៍នៅរាជធានីភ្នំពេញថ្មីៗនេះ។
អ្នកបើកបរមានការត្អូញត្អែរជាខ្លាំងនៅពេលកកស្ទះរយៈពេលយូរៗពេកនោះហើយការដែលហៅម៉ូយអ្នកដំណើរតាមផ្លូវនោះដែលមិនត្រឹមតែធ្វើឲ្យកកស្ទះនោះទេគឺពេលខ្លះបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ទៀតដូចកន្លងមកគ្រោះចរាចរណ៍ពេលចុះរថយន្តធំដាច់ហ្វ្រាំងចុះពីលើស្ពានព្រះមុនីវង្សមកត្រើយខាងច្បារអំពៅគឺធ្វើឲ្យអ្នកបើកម៉ូតូទេជាអ្នកស្លាប់ និងរងរបួសធ្ងន់នោះមិនមែនអ្នកបើកឡាននោះទេដោយសារជនរងគ្រោះបើកម៉ូតូទាំងនោះគេចចេញពីការហៅម៉ូយរបស់តាក់ស៊ីនៅលើផ្លូវនោះបើទោះបីជារាជរដ្ឋាភិបាលខំពង្រីកផ្លូវជាតិលេខ ១ នោះក៏ដោយ ក៏កន្លែងដែលផ្លូវសម្រាប់បើកនោះនៅតែតូចចង្អៀតដដែល។
ហេតុដូច្នេះហើយសាលារាជធានីភ្នំពេញមិនចាំបាច់បង្កើតគណៈកម្មការបំផ្លាញតែថវិកាជាតិអត់ប្រយោជន៍ត្រឹមការងារលុបបំបាត់ឫសគល់នៃបញ្ហាកកស្ទះនោះគឺអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលមានស្រាប់យកតែម្តងទៅហើយអ្វីដែលមានចំណុចខ្វះខាតពីច្បាប់ចរាចរណ៍នោះសឹមដាក់ចូលទៅក្នុងដីកាសម្រាប់អនុវត្តត្រឹមតែរដ្ឋបាលថ្នាក់ក្រោមជាតិកម្រិតរាជធានី និងខណ្ឌបានហើយ។
ជាពិសេស គឺរៀបចំកន្លែងចំណតដែលមានស្រាប់ និងដាក់រថយន្តឈ្នួលទាំងនោះឲ្យចេញតាមលេខរៀងទៅជាការស្រេចហើយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com