មាន​សំណួរ​សាមញ្ញ​មួយ​ថា តើ​នៅ​លើ​លោក​យើង​នេះ សត្វ​អ្វី​ ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ? ចម្លើយ​ទូទៅ​ គឺ​ឆ្លើយ​ថា​ សត្វ​ខ្លា តោ ពស់ ឆ្កែ ក្រពើជា​ដើម។ ប៉ុន្តែ​ចម្លើយ​ដែល​ត្រឹមត្រូវ​គឺ​សត្វ​មូស ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ រហូត​ដល់​ទៅ​ ៨​៣​ ម៉ឺន​នាក់​ក្នុង ​១ ​ឆ្នាំ គឺ​​មូស​ ២​ ប្រភេទ​ ដែល​ជាភ្នាក់​ងារ​ចម្លង​ជំងឺ​ខ្លាំង​ជាង​គេ​គឺ​មូ​ស​​ខ្លាញី​ បណ្តាល​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម និង​មូស​ដែក​គោល​ញី​ជំងឺ​គ្រុន​ចាញ់​។ នេះបើ​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្តីពី​សត្វ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​ នៅ​លើ​ពិភពលោក (World''s Deathliest Animals) ដោយ​មូលនិធិ​ Bill Gates នៅ​ឆ្នាំ ២០១៥។

ក្នុង​រយៈ​ពេល​ ៦​ ខែ​ដើម​ឆ្នាំ ២០១៩​ នេះ មាន​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​ខ្លាំង​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​សិង្ហ​បុរី​កើន​ឡើង​ខ្លាំង​គឺ​មាន​​ជាង​៦​ពាន់​នាក់ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ឆ្នាំ ២០១៨ និង​ ២០១៧​ គឺក្នុង​ ១​ ឆ្នាំ​ទាំង ​២​ ហ្នឹង មាន​​ប្រមាណ​តែ​ ៣ ​ពាន់​ករណី​ទេ តែឆ្នាំ​នេះ​ គ្រាន់​តែ ​៦​ ខែ​ក្នុង​ឆមាស​ទី​ ១ ​​លើស​ដល់​ ២​ ដងនិង​មាន​អ្នក​ស្លាប់​ដល់ ​៤ ​នាក់​មាន​ទាំង​កុមារ និង​មនុស្ស​ចាស់​។ នេះ​បើតាម​ទិន្នន័​យ​​ទីភ្នាក់​ងារ​បរិស្ថាន​ជាតិ​របស់​ប្រទេស​សិង្ហបុរី​ ផ្សាយ​កាល​ពី​សប្តាហ៍​មុន។

ចំណែក​ឯក​ម្ពុជា ​ក៏​ទទួល​រង​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​នេះ​ដែរ​ ជាក់​ស្តែង​រយៈ​ ៦ ​ខែ​ដើម​ឆ្នាំ​នេះ មាន​ករណី​ជំងឺ​គ្រុន​ឈាម​​កើត​ឡើង​ទូទាំង​ប្រទេស​មាន​ទាំង​ទីប្រជុំ​ជន និង​ជន​បទ​ផង​ដែរ ហើយ​ក៏​មាន​មនុស្ស​ចាស់​កើត​ជំងឺ​គ្រុន​ឈាម​នេះ​ដែរ។ បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខា​ភិបាល​ ជំងឺ​គ្រុន​ឈាម​ ៦​ ខែ​ដើម​ឆ្នាំ​ ២០១៩​ មាន​អ្នក​ជំងឺ​សរុ​ប ១៣ ៨៤៣ ​ករណី មាន​អ្នក​ស្លាប់​ ២៤​ នាក់​គឺ​កើន​​ ៥ ​ដង​ ​ច្រើន​ជា​ង ​៦ ​ខែ​ដើម​ឆ្នាំ​​មុន​​ដែល​មាន ២៥៣០ ​ករណី មាន​អ្នក​ស្លាប់​តែ ៧ នាក់។

មូល​ហេតុ​ដែល​បង្ក​ឲ្យផ្ទុះ​ជំងឺ​នេះ​ គឺមក​តែ​ពីការធ្វេស​​ប្រហែស​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​ នៅ​រដូវ​ភ្លៀង​ធ្លាក់​ដំបូង​ៗ និង​សំណល់​ដែល​អាច​ដក់​ទឹក​ថ្លា​បាន​ ដែល​ជា​ជម្រ​ក​សត្វ​មូស និង​បង្ក​ជាដង្កូវ​ទឹក​ ដែល​មាន​មេរោគ​ Aedes aegypti។

ជា​ពិសេស​គឺ​មិន​មាន​​ការ​យល់​ដឹង​ពី​​ជំងឺ​គ្រុន​ឈាម​នេះ និង​ខ្វះ​​ការ​ចូល​រួម​ពីសហគម​ន៍​ផង​ដែរ ពលរដ្ឋ​ខ្លះ​ ក៏​​ដឹង​ហើយ​នាំគ្នា​ធ្វើមិន​ដឹង​រៀងៗ​ខ្លួន ខ្លះ​ទៅ​ខ្ជិល​រង់​​ចាំដល់​ពេល​កើត​ឡើង​ ប៉ះចំ​កូន​ខ្លួន​ឯង​ទៅ​ បាន​រត់​ខ្វែងដៃខ្វែង​ជើង​ ទៅ​រក​ពេទ្យ​ឯក​ជន​ម៉ាឆ្អែត​ហើយ បាន​មក​រក​សេវា​រដ្ឋ មណ្ឌល​សុខ​ភាព និ​ង​មន្ទីរ​ពេទ្យ​បង្អែក​តាម​ក្រោយ​។ តែទោះ​បីជា​យ៉ាង​ណា​ក៏មាន​នៅ​តំបន់​ខ្លះ ប្រជា​ពលរដ្ឋ​ មាន​ការ​ត្អូញ​ត្អែរ​ថា​ កូន​ឈឺយក​មក​មណ្ឌល​សុខ​ភាព តែបែរ​ជា​គ្មាន​គ្រូពេទ្យ​នៅ​ប្រចាំ​ការ ​២៤ ​ម៉ោង អ៊ីចឹង​មាន​តែ​អ្នក​ជំងឺ​ទៅ​ពេទ្យ​ឯកជន​ដែល​ម្ចាស់​ពេទ្យ​ឯកជន​នេះ ភាគ​ច្រើន​ជា​មន្ត្រី​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​រដ្ឋ​ហ្នឹង​ហើយ តែ​ទៅ​ដល់​ពេល​ពិនិត្យ​មើល​មិន​ជា កុមា​រ​ឈឺឡើង​ចង់​ជ្រុល​ដាប​កែលែង​ឡើង​បាន​បញ្ជូន​មក​មន្ទីរពេទ្យ។

បើ​ក្រឡេក​មើល​ទៅ​សកម្ម​ភាព​ចុះមូល​ដ្ឋាន​ ផ្តល់​សេវា​សុខ​ភាព ​(Outreach)​ របស់​មន្ត្រី​មណ្ឌល​សុខភាព​វិញ​ គឺ​ចុះ​តែ​ពេល​ណា​មាន​ថវិកា​ជំនួយ ដូច​ជាកា​រ​ចុះ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ និង​ចាក់​ថ្នាំ​តេតា​ណូស​ ដល់​ម្តាយ​តាម​ភូមិ​ ហើយ​ចប់​ហើយ ពោល​គឺ​មិន​បាន​ធ្វើ​សកម្មភាព​ឆ្លើយ​តប​ ទៅ​នឹង​គោល​ការណ៍​​ណែ​នាំ​របស់​ក្រសួង​ ចំពោះ​ការ​ផ្តល់​សេវា​ចុះមូល​ដ្ឋាន ដែល​រួម​មាន​ទាំង​ការផ្សព្វ​ផ្សាយ​ ពី​អនា​ម័យ​បរិស្ថាន ការ​ប្រើប្រាស់​ទឹក​ស្អាត ការ​បោស​សម្អាត​ទីធ្លាក៏​មាន​ជម្រ​ក​មូស​បង្កើត​ដង្កូវ​ទឹក ការ​ផ្សព្វ​ផ្សាយ​ពី​ជំងឺ​ឆ្លង និង​ជំងឺ​មិន​ឆ្លង​ជាដើម ។

បើ​ខេត្ត​ណាចេះ​ចែក​រំលែក​ថវិកាផ្សេ​ងៗ​ មក​បញ្ចូល​ទៅ​ក្នុង​សកម្ម​ភាព​ចុះមូល​ដ្ឋាន​ផ្តល់​សេវា​សុខភាព​ទៅ​ បាន​មន្ត្រី​មណ្ឌល​សុខ​ភាព​ចុះ​ដំណើរ​ការ​ទៅ ហើយ​បើ​មណ្ឌល​សុខ​ភាព​ណាអត់​ថវិកា​ គឺមន្ត្រី​ក៏​អត់​ចុះ​ផ្តល់​សេវា​មូល​ដ្ឋាន​នេះ​ដែរ។ ជាក់​ស្តែង​ច្បាប់​ថវិកា​ចំណាយ​ប្រចាំ​ឆ្នាំ​ ២០១៩ ដែល​សភា​បាន​អនុម័ត​រួចហើយ​ សម្រាប់​ក្រសួង​សុខា​ភិបាល ​គឺមិន​មាន​ខ្ទង់​ចំណាយ​នៅក្នុង​កម្ម​វិធី​ចម្បង​ទាំង​ ៤ ឬ​ក៏​មិន​មាន​ខ្ទង់​ចំណា​យ​អនុក​ម្មវិធី​ណា​មួយ​ សម្រាប់​ចាយ​លើ​សកម្មភាព​ចុះ​មូល​ដ្ឋាន​ ផ្តល់​សេវា​សុខភាព​នោះ​ទេ។​

បញ្ហា​មិន​មាន​ថវិកា​ចំណាយ​ចំគោល​ដៅ​បែបនេះ​ហើយ ក៏ពាក់​ព័ន្ធ​ទៅនឹង​សកម្ម​ភាព​ចុះ​អប់រំ ផ្សព្វ​ផ្សាយ​ ទប់​ស្កាត់​ករណី​ផ្ទុះ​ជំងឺ​គ្រុន​ឈាម​នេះ​ដែរ។ មិន​មែន​ដូច​មន្ត្រី​សុខា​ភិបាល​ខ្លះ ឆ្លើយ​ដោះសា​ មាន​ន័យ​ថា​ ជំងឺគ្រុន​ឈាម​កើន​ឡើង​ ចំពោះ​ប្រទេស​កាន់​តែ​អភិវឌ្ឍ​នោះ​ទេ គឺការ​ថ្លែង​បែប​នេះ​ ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ​អាកាស​ធាតុ​ជាក់​ស្តែង ដូច​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប​ ដែល​រីក​ចម្រើន​អភិវឌ្ឍ​ខ្លាំង តែស្រុក​គេ​ត្រជាក់​ មិន​សូវ​មាន​មូស​ទេ ពោល​គឺ​មូស​ពិបាក​រស់​នៅ​តំបន់​ត្រជាក់។

កន្លង​មក​ សកម្ម​ភាព​ចុះមូល​ដ្ឋាន​ផ្តល់​សេវា​សុខ​ភាព​នេះ គឺភាគ​ច្រើន​ បាន​ទទួល​ថវិកា​ ពីដៃ​គូអ​ភិវឌ្ឍន៍​ ដែល​ជួយ​គាំទ្រលើ​សកម្មភា​ព​នេះ នៅ​ពេល​ដែល​អង្គការ​ដៃ​គូដាច់​លុយ​ សកម្មភាព​ហ្នឹង​ ក៏​មន្ត្រី​មណ្ឌល​សុខ​ភាព​ មិន​បាន​ចុះដែរ។

ហេតុ​ដូច្នេះ​ហើយ រាជរ​ដ្ឋាភិបាល​គួរ​តែ​ទម្លាក់​ថវិកា​ឲ្យក្រ​សួង​សុខា​ភិបាល​មាន​ខ្ទង់​ចំណាយ​ឲ្យ​ចំ «​សកម្ម​ភាព​ចុះ​មូល​ដ្ឋាន​ផ្តល់​សេវា​សុខ​ភាព» ដើម្បី​ឲ្យ​មន្ត្រី​មណ្ឌល​សុខ​ភាព​អាច​ដក​ចា​យ​​ធ្វើ​សកម្មភាព​អប់រំ​ផ្សព្វ​ផ្សាយ ​ពី​សុខ​ភាព​នៅ​សហ​គមន៍​ផ្ទាល់ ដើម្បី​កាត់​​បន្ថយ​ជំងឺ​គ្រុន​ឈាម​ដែល​កំពុង​តែ​ផ្ទុះឡើ​ង​នេះ ឲ្យ​ដូច​កាល​ពីថ្មីៗ ​រាជ​រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​គោល​នយោ​​បាយ​ឧបត្ថ​ម្ភ​ថវិកា​ ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​ ​គ្រួសារ​ក្រីក្រ​ ដែល​មាន​បណ្ណ​សម​​ធម៌មក​ទទួល​សេវា​សុខ​ភាព​ចា​ប់តាំង​ពី​មាន​ផ្ទៃ​ពោះ​រហូត​ដល់​ការ​ព្យា​បាល​ក្រោយ​សម្រាល​ ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់ៗ​រហូត​ដល់​កូន​មាន​អាយុ ​២ ​ឆ្នាំទទួល​បាន​ថវិកា​ទៅ​តាម​ដំណាក់​​កាល​សរុប​ប្រមាណ​ជា​ ៧៦ ម៉ឺនរៀល។

គោល​ការណ៍​នេះ​ ត្រូវ​បាន​ស្វាគមន៍​ ដោយ​តំណា​ង​អង្គការ​ UNICEF ថា​ នឹង​ចូល​រួម​ចំណែក​គាំ​​ទ្រ​ឧបត្ថម្ភ​ជា​ថវិកា​ផងដែរ។

ចំណែ​​​​ក​​ឯសេវា​ ២៤​ ម៉ោ​​​ង​របស់​មណ្ឌល​សុខ​ភាព នៅ​ពេល​ដែល​អ្នក​ជំងឹ​ទៅ​រក​សេវា​ហើយ ទ្វារ​មណ្ឌល​សុខភា​ព​នៅ​បិទ​ទាំង​ព្រឹក ទាំង​ថ្ងៃ ឬ​ក៏​ទាំង​យប់​ គឺ​ក្រសួង​សុខា​ភិបាល​គួរ​តែ​ពិន័យ។ ម្យ៉ាង​ទៀត​ ការ​ធ្វើវិ​មជ្ឈការ​សុខា​ភិបាល ​គឺ​មេ​ឃុំ​ ដែល​ជា​ប្រធាន​គណៈ​កម្មការ​គ្រប់​គ្រង​មណ្ឌល​​សុខភាព​ក៏ត្រូវ​អនុវត្ត​ផែន​ការ​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​ពង្រឹង​ស្ថាប័ន​នេះ ចំពោះ​សេវា​ ២៤ ម៉ោង៕​​

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhp​ost.com