នៅ​រដូវ​វស្សា​ នៅ​ស្រុក​ខ្មែរ​ សឹង​តែ​រាល់​ឆ្នាំ​ ទឹក​ជំនន់​លិច​ភូមិ លិច​ស្រែ​​ បាក់​ស្ពាន បាក់​ផ្លូវ បាក់​ច្រាំង និង​ខូច​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ បាន​នាំ​គ្នា​ប្រញិបប្រញាប់​រកធ្វើ​ទំនប់​ទឹក​ការ​ពារ​ភ្លាមៗ បើ​ទោះបី​ជា​កន្លែង​ខ្លះ ទ​ប់​មិន​ជាប់​ក៏ដោយ។

ប៉ុន្តែ​ប៉ុន្មាន​ខែ​ក្រោយ​មក​គឺ​​នៅ​ពេល​ចូល​ដល់​រដូវ​ប្រាំង ទឹកក៏​​ស្រក​ហូរ​ចេញ​អស់​ដែរ ហើយ​​ស្ទឹង​ខ្លះ​ដែល​ធ្លាប់​តែ​មាន​ទឹក​ពេញ​ព្រៀប​គឺ​​​អាច​មូរ​ជើង​ខោ​ដើរឆ្លង​កាត់​បាន​ ដោយ​មិន​បាច់​ហែល​ឆ្លង​ទេ ខណៈ​ស្ទឹង​ខ្លះ​ទៀត​​រីង​ហួត​ប្រេះ​បែក​ក្រហែង​ក៏មាន។

បើ​និយាយ​ពី​ស្ថា​ប័ន​ធ្វើ​ការ​ជាមួយ​នឹង​ទឹក​ទាំង​ទីក្រុង ​និង​ទាំង​ជន​បទ​វិញ ​រួម​មាន​៖ ក្រសួ​ង​ធន​ធាន​ទឹក​ ក្រសួង​កសិកម្ម ក្រសួង​អភិវឌ្ឍន៍​ជន​បទ ក្រសួ​ង​​​បរិស្ថាន ​ក្រសួង​ឧស្សាហ​កម្ម និ​ង​សិប្ប​កម្ម ក្រសួង​រ៉ែ និង​​ថាមពល ក្រសួង​រៀប​ចំ​ដែន​ដី ក្រសួង​សាធា​រណការ​ រដ្ឋាករ​ទឹក​ស្វយ័​ត និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ ខេត្ត ​ស្រុក​ និង​ឃុំ។

ជាក់​ស្តែង​ស្រុក​ខ្មែរ​បើ​ផ្អែក​ទៅ​តាម​ទីតាំង​ភូមិ​សាស្ត្រ និង​ប្រព័​ន្ធ​ស្រោចស្រព​ទឹក​ មិន​គួរ​ណា​ខ្វះ​ទេ​ យើង​មាន​ទឹក​ទន្លេ​មេគង្គ​មា​ន​អាង​ស្តុក​ទឹក​ទន្លេ​សាបមាន​ទំហំ​ធំ​ប្រៀប​ដូច​ជាកូន​សមុទ្រ ​មាន​ទឹក​ស្ទឹង​ហូរ​មកពី​ភ្នំ​ខ្វាត់ខ្វែង​ បឹង​ធម្ម​ជាតិ ហើយ​មាន​តាំង​ពី​ទំនប់​ទឹក​ ធ្វើ​ជា​បឹង​សល់​ពី​ជំនាន់​ប៉ុលពត​ផង។

​តែគ្រាន់តែ​គណៈកម្មការ​រឿង​ទឹកស្អាត​ហ្នឹង​ ក៏​សម្បូរ​ណាស់​ដែរ​ ហើយ​​មាន​តាំងពី​ថ្នាក់​ជាតិ​ ដល់​ថ្នាក់​ក្រោម​ជាតិ​ តែ​ទឹក​នៅ​​តែ​ខ្វះ​ខាត និង​មាន​គ្រោះ​រាំង​ស្ងួត​ នៅ​តាម​ទីជន​បទ​ ធ្វើ​ស្រែ​មិន​បាន មិន​ទាន់​ចូល​ដល់​ខែ​ប្រាំង​ស្រួល​បួល​ផង?

ម្យ៉ាង​វិញ​ទៀត ការ​ខ្សត់​ទឹក​បែប​នេះ ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​ការ​​បង្កើត​ថា​មពល​អគ្គិស​នី​ មិន​គ្រប់​គ្រាន់​ ដែល​មាន​ក្នុង​ស្រុក​ដូច​ជា​នៅ​​វារី​អគ្គិសនី​នៅ​អាតៃ តាតៃឫស្សី​ជ្រំ សេសា​ន​ក្រោម​​​ ២​​ ភ្នំ​កំចាយ គិរីរម្យ​ទី ១ ទី ២ និង​ទី​ ៣​ ជាដើ​ម។

បើទោះ​បីជា​កម្ពុជា ​បាន​ទិញ​ថា​មពល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​ក៏​ដោយ ក៏នៅ​តែ​ប្រើប្រាស់​មិន​គ្រប់​គ្រាន់​ដែរ កត្តា​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ទីក្រុង​នានា​ ត្អូញ​ត្អែរ​ពី​ការ​ដាច់​ចរន្ត​អគ្គិស​នី ផ្លាស់​ប្តូរ​តាម​​តំបន់​ដើម្បី​ចែក​រំលែក​គ្នា​ប្រើប្រាស់។

ផ្ទះ​ខ្លះនៅ​ទីក្រុង​គឺ​ភ្ជាប់​គ្នារ​វាង​ទឹក​ និង​ភ្លើង កាល​ណា​ចរន្ត​អគ្គិស​នី​ដាច់​ ទឹក​​ដាច់​ដែរ ឬរី​ឯ​ផ្ទះខ្លះ​ខ្វះខា​តទឹក​ឡើង​ជាន់​លើមិន​ដល់​ផង​ដែរ។ បញ្ហាខ្វះ​ភ្លើង ខ្វះ​ទឹក​នេះ​ ធ្វើ​ឲ្យ​អ្នក​លក់​ម៉ាស៊ីន​ភ្លើង និង​ម៉ាស៊ីន​បូមទឹក ​ដំឡើង​ថ្លៃល​ក់​ជាង​មុន នៅ​ពេល​អតិថិជន​មាន​តម្រូវការ​ច្រើន។

ហេតុ​ផល​មួយ​ចំនួន ​ដែល​មាន​ការ​ខ្វះខាត​ថាមពល​អគ្គិ​ស​នី និង​ទឹក​នេះ​ ត្រូវ​បាន​រដ្ឋាភិបាលលើក​ឡើង​ថា​ មក​ពី​ដំណើរ​សាង​សង់​អគារ​ធំៗ​ច្រើន។ បញ្ហា​ទឹក និង​ភ្លើង​នេះ ​មាន​ទំនាក់​ទំនង​គ្នា ក្នុង​ការ​បង្កើត​ថាមពល​បម្រើគ្រប់​វិស័​យ​ តែ​បញ្ហា​ទឹក និង​ភ្លើង​នេះ នៅ​តែ​​ខ្វះខាត​ សម្រាប់​អ្នក​ទីក្រុង និង​អ្នក​ជន​បទ​ជារៀង​រាល់​ឆ្នាំ បើទោះបី​ជារដ្ឋាភិ​បាលខំ​បង្កើ​ត​​ទំនប់​វារី​អគ្គិសនី​​ជា​បន្ត​បន្ទាប់​ក៏ដោយ។

ចំពោះ​បញ្ហា​ទឹក ​ដែល​ជាដើម​ចម​នៃការ​បង្កើត​ថាមពល​អគ្គិស​នី និង​ប្រព័ន្ធ​ស្រោច​ស្រព​កសិ​កម្ម​នេះ បើ​ប្រៀប​ធៀប​រវា​ង​ការ​សាង​សង់​ផ្លូវ​ជាប់​រហូត​វិញ​ គឺ​មាន​តែ​ក្រសួង​សាធា​រណ​ការ និង​កង​វិស្វកម្ម​របស់​ក្រសួង​ការ​ពារជាតិ និង​រដ្ឋបាល​ថ្នាក់​​ក្រោម​ជាតិ​​ទេ​ ជា​អ្នក​ធ្វើ​ផ្លូវ និង​ស្ពាន ដែល​មិន​ទាន់​ខូច​ផង​ ក៏ឈូស​ចេញ​សាង​សង់​ថ្មី​ដែរ ភាសា​សាមញ្ញ​ថា ​ធ្វើ​ជាប់។

មក​ទល់​បច្ចុប្បន្ន​នេះ​ផ្លូវ​កៅស៊ូខ្វាត់​ខ្វែង​ មាន​គ្រប់​ទីកន្លែង​ហើយ មាន​ទាំង​ក្រវាត់​ក្រុង ខ្សែ​ក្រវាត់​ប្រទេស​នៅ​តាម​ព្រំដែន​ផង​ដែរ ដូច​ផ្លូវ​លេខ ​៦១ តាម​ជើង​ភ្នំ​ដង​រែក​ព្រំដែន​ថៃ។

រីឯ​ប្រព័ន្ធ​ធារា​សាស្ត្រ​ផ្លូវ​ទឹក​សម្រាប់​ផ្គត់​ផ្គង់​ថាម​ពល និង​ស្រោច​ស្រពវិស័យ​កសិកម្ម​វិញ ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ជា​មួយ​នឹង​ផ្លូវ​ថ្នល់ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ទំនប់​ទឹក​ដែល​សល់​ពី​សម័យ​ប៉ុល ពត និង​បឹង​ធម្ម​ជាតិ​មួយ​ចំនួន​ធំ ត្រូវ​​បាន​គេវាត​ទីលក់​ផង និង​លុប​ធ្វើ​កសិ​កម្ម កសិ-​ឧស្សាហ​កម្ម និង​យក​រ៉ែ។

រីឯ​ព្រៃ​ឈើ និ​ង​រុក្ខជាតិ​ជីវ​ចម្រុះ​ ដែល​មាន​ស្រាប់​នៅ​ជុំវិញ​តាម​ដង​ទន្លេ ​ស្ទឹង បឹ​ងបួ​ ដែល​ជា​ផ្នែក​មួយ​ក្នុងការ​ជួយ​ទ្រទ្រង់​ធន​ធាន​ទឹក ក៏​ត្រូវ​បាន​គេកាប់​បំផ្លាញ​ស្ទើរគ្មាន​សល់ ហើយ​ប្រព័ន្ធ​ធារា​សាស្ត្រ​ទប់ទឹក ​សម្រាប់​ស្រោច​ស្រព ក៏​មិន​គ្រប់​គ្រាន់ នៅខែ​វស្សា​លិច​ទឹក នៅ​ខែ​​ប្រាំង​​អស់​ទឹក ​​រីងស្ងួត​បែក​ក្រហែង​​។ បើ​មើល​ពី​លើ​យន្ត​ហោះ​វិញ​ គឺ​ខែ​វស្សា​សុទ្ធ​តែ​ទឹក បើ​ខែ​ប្រាំង​វិញ​ស្ងួត​ហួត​ហែង បាន​ត្រឹម​តែ​បន្ទោស​ដាក់​គ្នា​រឿង​ការ​ប្រែប្រួល​អាកា​ស​​​ធាតុ​ យក​រួច​ខ្លួន​ ទៅ​ចប់​ហើយ។

បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ប្រទេ​ស​​ជិត​ខាង​វិញ ប្រព័​ន្ធ​ធារា​សាស្រ្ត​របស់​គេ​មាន ទឹក​ស្រោច​ស្រព​ប្រើ​ប្រាស់​ខួប​ប្រាំង​ខួប​វស្សា​ សម្រាប់​កសិករ​រប​ស់គេ​ មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក​មក​រស់នៅ​ទីក្រុង ឬ​ក៏ទៅ​ធ្វើ​ពលករ​នៅ​ក្រៅ​​ប្រទេស​នោះ​ទេ។

ថ្មីៗ​​នេះ រាជ​រដ្ឋា​ភិបាល​ បាន​ប្រកាស​ថា​ កំពុង​ចរចា​​ជួល​កប៉ាល់​ម៉ាស៊ីន​ភ្លើង​ពី​ប្រទេស​តួកគី​ យក​មក​ចត​នៅ​ទន្លេ​ចតុមុខ ដើម្បី​បន្ថែម​ថា​មពល​ដែល​កំពុង​តែ​ខ្វះថាមពល​អគ្គិសនី​នៅ​រាជ​ធានី​ភ្នំ​ពេញ និង​​ក៏​ជំរុញ​ឲ្យ​បុក​អណ្តូង​យក​ទឹក​ប្រើប្រាស់​នៅ​តាម​ជនបទ។

តែដំណោះស្រាយ​នេះ​ គឺ​បាន​តែ​រយៈ​ពេល​ខ្លី មិន​មាន​យុទ្ធសាស្រ្ត​ជាក់​លា​ក់​រយៈ​ពេល​វែង​នោះ​ទេ ព្រោះ​នៅ​តំបន់​ខ្លះ​ បុក​អណ្តូង​ហើយ​ នៅ​តែ​បូម ឬក៏​សប់​មិន​ចេញ​ទៀត ដូច​នៅ​តំបន់​ខ្លះក្នុង​​ស្រុក​ឱរ៉ា​ល់ ខេត្ត​កំពង់​ស្ពឺជា​ដើម និង​ការ​ជួល​ម៉ាស៊ី​នភ្លើង ​គ្រាន់​តែ​ជា​​ការ​ដោះ​ទាល់​ម្តងម្កាល​នោះ​ទេ។

ហេតុដូច​នេះ រាជ​រដ្ឋាភិបាល ​គួរ​តែ​ប្តូរ​ទិស​ដៅ​កាត់​បន្ថយ​ការ​សាង​សង់​ផ្លូវ​ណា​ដែល​មិន​សូវ​ចាំបាច់​ឬ​ក៏សង់​កន្លែង​ដដែ​ល​ៗ ងាក​មក​រៀបចំ​ប្រព័ន្ធ​ធារា​សា​ស្ត្រ ប្រឡាយ និងជីវ​ចម្រុះ​ទ្រទ្រង់​តំបន់​ប្រភព​ទឹក​ដែល​មាន​ស្រា​ប់ ដើម្បី​បង្កើន​ថាមពល​វារី​អគ្គិសនី​​ផង​ បង្កើន​​ការ​ធ្វើ​កសិកម្ម​សម្បូរ​បែប​​គ្រប់​រដូវ​​ផង​ និង​ដើម្បី​​បញ្ចៀស​ទឹក​ជំនន់​​ផង​ ថែម​​ទាំង​អាច​ជួយ​រួម​ចំណែក​​កាត់​​បន្ថយ​ការ​កើន​ឡើង​កម្តៅ​នៃ​ភព​ផែនដី​ផង។ ណាមួយ​ក្រសួង​ដែល​ធ្វើ​ការ​ជា​មួយ​នឹង​ទឹក​ហ្នឹង​ មាន​ច្រើន​ស្រាប់ គ្រាន់​តែ​ទម្លាក់​ថវិកា​មក​ គឺ​ដឹង​តែ​ដំណើរ​ការ​បាន​ហើយ៕

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhpost.com