The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត​រឹប​អូស​ពី​បទ​ល្មើស​ព្រៃឈើ​ គួរ​ទុក​ឲ្យ​មណ្ឌល​សុខភាព​

រថយន្ត​រឹប​អូស​ពី​បទ​ល្មើស​ព្រៃឈើ​ គួរ​ទុក​ឲ្យ​មណ្ឌល​សុខភាព​

Content image - Phnom Penh Post
សមត្ថកិច្ច​ពេលដុត​បំផ្លាញ​រថយន្ត​ ដែល​ដឹក​បទ​ល្មើស​ព្រៃ​ឈើ​ បន្ទាប់​ពី​ចាប់​ឃាត់​បាន​កាលពីពេល​ថ្មីៗ​នេះ​​​ ។ ហ្វេស​ប៊ុក​

រថយន្ត​រឹប​អូស​ពី​បទ​ល្មើស​ព្រៃឈើ​ គួរ​ទុក​ឲ្យ​មណ្ឌល​សុខភាព​

បន្ទាប់​ពី​មាន​ឧបទ្ទវ​ហេតុ​បាក់​រលំ​អគារ​​ដែល​កំពុង​តែ​សាង​សង់ ​៧​ ជាន់ ​នៅខេត្ត​ព្រះស៊ីហនុ​ កាល​ពី​ខែមិថុនា​កន្ល​ង​ទៅ​ដែល​បណ្តាល​ឲ្យ​​ស្លាប់​​កម្ម​ករ ​២៨​ នាក់ និង​​រង​របួស​ ២៦ ​នាក់ រាជ​រដ្ឋាភិបាល​ បាន​សម្រេច​ដូរ​តំណែង​លោក​ យន្ត មីន អភិបាល​ខេត្ត​ព្រះសីហ​នុ ទៅ​រដ្ឋ​លេខា​ធិការ​ នៃ​ក្រសួង​ការពារ​ជាតិ និង​លោក ញឹម វណ្ណដា ត្រូវ​បាន​ដក​តំណែង​ពី​អនុ​​ប្រធាន​ទី​១​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះម​ហន្ត​រាយ​ទៅ​​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​វិញ។

អ៊ីចឹង​ហើយ​បាន​ជាប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ បាន​ផ្អើល​ដល់​ស្ថាប័ន​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ ហាក់​បីដូច​ជា​មាន​ការ​ភ្ញាក់​រឭក​ខ្ពស់​ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ និង​អំពើ​ពុក​រលួយ​ជាក់​ស្តែងជា​ច្រើន​​ដូច​ជា កង​រាជ​អាវុធ​ហត្ថ​ បាន​ចាប់​ខ្លួន​ឧក​ញ៉ាៗ​ឈ្មួញ​រក​ស៊ីកាប់​ឈើ និង​រឹប​អូស​យក​ឡាន និង​ឈើ​ប្រណីត​ យក​មក​ដុត​បំផ្លាញ​ចោល​នៅ​នឹង​​កន្លែង​ចាប់​បាន​តែម្តង។​

អាជ្ញាធរ​បញ្ឈប់​ការ​សាង​​សង់​រោង​ចក្រ និង​អគារ​គ្មាន​ច្បាប់​ទូទៅ អាជ្ញាធរ​បិទ​គ្លីនិក​ខុស​ច្បាប់​ នៅខេត្ត​ព្រះវិហារ​​ មាន​មន្ដ្រី​រដ្ឋបាល​ព្រៃ​ឈើ ២​ នាក់ ​និង​មន្ត្រី​បរិស្ថាន​ម្នាក់​ ខេត្ត​មណ្ឌល​គិរី មន្ត្រី​សុរិយោ​ដីខេត្ត​ពោធិ៍សាត់​ ៣ ​រូប​ ពាក់​ព័ន្ធ​អំពើ​ពុក​​រលួយ​មាន​ទឹក​ប្រាក់ ​​​១០ ​ម៉ឺន​ដុល្លារ​ ត្រូវ​បាន​ចោទ​ និង​ឃុំខ្លួន និង​ការ​បង្រ្កាប​ទ្រង់​ទ្រាយធំ ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ទូទាំង​ប្រទេស​នៅ​តែ​បន្ត។​ សូម្បី​តែ​សំរាម​ក្នុង​កុង​តឺន័រ​ ក៏មិន​លើក​លែង​ដែរ គឺត​ម្រូវ​ឲ្យ​ក្រុម​​ហ៊ុន​ជុង​យៀ​ន ប្លា​ស្ទិក មេនូហ្វេ​កឈ័រ ដឹក​យក​ចេញ​ទៅ​ប្រទេស​ដើម​វិញ ហើយ​ពិន័យ​ជា​ប្រាក់​ចំនួនជាង ​១ ​ពាន់​លាន​រៀល​ ។

ការ​ចាត់​វិធានការ​​ទ្រង់​ទ្រាយ​ធំ​បែប​នេះ ធ្វើ​ឲ្យ​សាធា​រណ​ជន​ អបអរ​សាទ​រ ជា​មួយ​នឹង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ស្ថាប័ន​រាជ​រដ្ឋា​ភិបាល ហើយ​ចង់​ឃើញ​ការ​បង្រ្កាប​បែប​នេះ​ត្រូវ​ធ្វើ​ឡើង​​ជា​ប្រចាំ កុំឲ្យ​ធ្វើដូច​តែមួយ​ភ្លើង​ចំបើង​នោះ​។

ប៉ុន្តែអ្វី​ដែល​គួរ​ឲ្យ​សោក​ស្តាយ​នោះ ​គឺ​ការ​ចាប់​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពីជន​ល្មើស​ទាំង​រថយន្ត​ ទាំង​ឈើ​យក​មក​ដុត​បំផ្លាញ​​ចោល ឬក៏​ខ្លះ​ចាប់​យក​ឈើ​ទុក​ចោល​ នៅ​ការិយាល័យ​រដ្ឋ​​បាល​ព្រៃ​ឈើ​ទាំង​ខេត្ត ទាំង​ស្រុក ទាំង​ខណ្ឌ ឃើញ​គំនរ​ឈើ​ខ្លឹម និង​រថ​​យន្ត​ដែល​ចាប់​បាន​នោះ​ដាក់​គរចោល​យក​ស្នាដៃ​​ ។

តែផ្ទុយ​ទៅ​វិញ​ ការ​ដុត​ចោល​ ការ​ទុក​គរ​ចោល ទាំង​ឈើ​ប្រណីត​ ទាំង​រថ​យន្ត​បែប​នេះ គួរ​តែ​ត្រូវ​បាន​យក​មក​ច្នៃ​​ធ្វើ​ជា​វត្ថុ​សប្បុរស​ធម៌​ទៅ​វិញ ដូច​ជា​ ការ​ច្នៃ​ឈើខ្លឹម​ធ្វើ​សសរ​ព្រះ​វិហារ ឬ​ក៏កុដិ​ព្រះ​សង្ឃ​នៅ​វត្តឬ​ក៏យក​ទៅ​សាង​សង់​អគារ​សាលា​រៀន​។​ រីឯ​រថយន្ត​វិញ​ គឺ​យក​ទៅ​ជួស​ជុល​បន្តិច​បន្តួច​ យក​ដាក់​នៅ​មណ្ឌល​សុខ​ភាព​ ទុក​សម្រាប់​ធ្វើ​រថយន្ត​ដឹក​អ្នក​ជំងឺ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក ឬ​ក៏​ខេត្ត ដើម្បី​ឲ្យ​ទាន់​ពេល​វេលា​ ជា​ពិសេស​ស្ត្រី​ឆ្លងទន្លេ និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ក្បែរ​មណ្ឌល​សុខ​ភាព​ ក៏​អាច​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​បាន​ទាន់​ពេល​វេលា​ផង​ដែរ​។

តាម​រយៈ​ទិន្នន័​របស់​ក្រសួង​សុខា​​ភិបាល​ឆ្នាំ​ ២០១៨ នៅ​ទូទាំង​ប្រទេស​ មាន​មណ្ឌល​សុខ​ភាព​សរុប​ចំនួន​ ១២០៥ តែ​មណ្ឌល​សុខភាព​ដែល​មាន​រថយន្ត​សង្រ្គោះ​បន្ទាន់​នោះ​ មាន​តិច​តួច​ណាស់។ ហេតុ​ដូច្នេះ​ហើយ ​បើយ​ករថ​យន្ត​ដែល​រឹប​អូស​បាន​ពីការ​បង្ក្រាបបទល្មើស​​ព្រៃ​ឈី​ក្តី ពី​ការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​ក្តី ឬក៏​ពីបទ​ពុក​រលួយ​ក្តី​ គួរ​តែ​រក្សាទុកឲ្យ​ទៅ​ជា​របស់​រដ្ឋ​ ហើយ​ដាក់​ជូន​មណ្ឌល​សុខភាព​ដែល​​មាន​តម្រូវ​ការ​ចាំ​បាច់​ជាក់​ស្តែង ​នៅ​ទីជនបទ​ឆ្ងាយៗ​ ពី​ទី​​ប្រជុំ​ជន​នោះ​ ។

ការ​ដែល​ធ្វើ​ដូច​នេះ​គឺ​ជួយ​សម្រាល​បន្ទុក​របស់​គ្រូ​ពេទ្យ​ ដែល​ជា​បុគ្គ​លិក​មណ្ឌល​សុខ​ភាព ជាជាង​ស្នើ​សុំ​ថវិកា​ពី​រដ្ឋ​ទៅ​ទិញ​រថ​យន្ត​សង្គ្រោះ​បន្ទាន់​បែប​នេះ​ កម្រ​បាន​ណាស់ ឬ​ក៏ការ​ស្នើ​សុំជំនួយ​ពីថ្នា​ក់​​ដឹក​នាំ ឬ​ក៏កាក​បាទ​ក្រហម​ក៏តឹង​​តែង​ដែរ​​។ ជាង​នេះ​ទៅ​ទៀត ​បើមាន​រថ​យន្ត​សម្រាប់​បញ្ជូន​អ្នក​ជំងឺ​នៅ​មណ្ឌ​ល​​សុខភាពក៏អាច​ជួយ​ទាក់​ទាញ​អតិថិ​​​ជន​មក​ទទួល​សេវា​សុខ​ភាព​នៅ​មណ្ឌលសុខភាព​ផង និង​ការ​កសាង​ទំនុក​ចិត្ត​ពី​អតិ​ថិជន ​ក្នុង​ការ​បម្រើសេ​វា​ ២៤​ ម៉ោង​របស់​មណ្ឌល​ផង។ យ៉ាង​ណា​​មិញ​លុយ​ដែល​រឹប​អូស​បាន​ពីជន​ល្មើស​ក៏តម្រូវ​ឲ្យមាន​តម្លា​ភាព​ផង​ដែរ​ ថា​តើ​យក​លុយ​ចូល​រដ្ឋ​វិញ​ ឬ​ក៏មន្ត្រី​ចែក​គ្នា?

លុយ​ដែល​​រឹប​អូស​​បាន​ពី​ជន​ល្មើស​ ដែល​តុលាការ​ចេញ​សាល​​​ក្រម​រួច​ហើយ​ហ្នឹង​ គួរ​តែ​យក​ទៅ​​បំពេ​ញ​តម្រូវ​ការ​ចន្លោះ​ប្រហោង​ដូច​ជា ការ​បោះ​ពុម្ពវ​ចនា​នុក្រុម ឬក៏​សន្ទនា​នុក្រ​ម​ ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បង្កើត​អក្សរ​សាស្រ្ត​ខ្មែរ​ បង្កើត​បាន​បណ្តើរ​ៗហើយ​ខ្វះ​ថវិកា​បោះពុម្ព​ជាសៀវ​ភៅ គឺ​បាន​ត្រឹម​តែចែក​រំលែក​គ្នា​តាម​សារ​អេឡិច​​ត្រូនិ​កជាឯ​កសារ ​(softcopy) ឬ​ក៏ឯកសារ​ស្រាវ​ជ្រាវ ​បក​ប្រែ​ពី​ភាសា​បរទេស​រួច​ហើយ តែអត់​លុយ​បោះ​ពុម្ព។ ក្រៅ​ពី​នេះ​លុយ​ទាំង​នោះ​ អាច​យក​មក​សាងសង់​អគារ​ជួយ​ដល់​​កុមារ​​អនា​ថា និង​ជន​រងគ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ ឬ​ក៏រំលោភ​សេព​សន្ថវៈ​ជា​ដើម ៕

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍