តាមរយៈរបាយការណ៍ស្នងការដ្ឋានរាជធានីភ្នំពេញបង្ហាញថាគិតចាប់តាំងពីដើមឆ្នាំ ២០១៦ មកទល់ដើមខែកញ្ញានេះនៅភ្នំពេញមានគ្រោះអគ្គិភ័យ ៦៣ ករណីបណ្តាលឲ្យមនុស្សស្លាប់ចំនួន ២ នាក់ និងរបួស ១១ នាក់។
នេះគឺជាករណីច្រើនណាស់សម្រាប់រាជធានីភ្នំពេញតូចមួយនេះហើយការឆេះនោះទៀតសោតក្នុងករណីអាចឆេះផ្ទះលើសពីចំនួន ២ ទៅច្រើនផ្ទះហើយបើគណនាជាតម្លៃសរុបទូទាំងប្រទេសវិញអស់ប៉ុន្មានក្នុងមួយឆ្នាំ? នេះជាចំណុចដែលស្ថាប័នអគ្គស្នងការប៉ូលិសធ្វើការសិក្សាស្រាវជ្រាវបើដូចគ្រោះថ្នាក់ចរាចរណ៍គេគណនារកឃើញការខូចខាតជាទឹកប្រាក់អស់ចំនួន ៣៣០ លានដុល្លារក្នុងឆ្នាំ (HBI, 2013)។
តែដោយសារការរីកចម្រើនទៅលើវិស័យធនាគារ និងធានារ៉ាប់រងអ៊ីចឹងធ្វើឲ្យជនរងគ្រោះខ្លះគាត់ធូរធារដាក់លុយនៅធនាគារអាចសល់លុយខ្លះ និងទទួលបាននូវការធានារ៉ាប់រងផងដែរមិនដូចកាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៨០ និង ៩០ ដែលពេញនិយមដាក់ក្នុងទូក្រោមខ្នើយ ក្រោមកន្ទេលនោះទេ។
សម្រាប់អ្នកក្រីក្រ ឬក៏អ្នកមិនទាន់មានទម្លាប់ដាក់លុយតាមប្រព័ន្ធធនាគារគឺកាលណាឆេះផ្ទះគឺអស់រលីងពីខ្លួនតែម្តងហើយបើមានករណីជំពាក់ធនាគារទៀតផងរឹតតែធ្ងន់ដូចអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលរូបភាពវីដេអូឃ្លីបឆេះផ្ទះឈើ ជញ្ជាំង និងដំបូលប្រក់ស័ង្កសីដែលបានបង្ហោះនៅលើហ្វេសប៊ុកកាលពីសប្តាហ៍មុន។
រូបភាពនោះបានបង្ហាញពីការឆេះផ្នែកខាងក្នុងផ្ទះតាំងពីចាប់ផ្តើមបានបន្តិចនៅឡើយបើទោះបីជារថយន្តអគ្គិភ័យទៅដល់ហើយក៏ដោយក៏មន្ត្រីប៉ូលិសមើលទៅធ្វើកិច្ចការនោះហាក់បីដូចជាមិនបានបណ្តុះបណ្តាលអ្វីបន្តិចសោះបើកទឹកបាញ់ចេញចច្រេចចច្រូចគ្រាន់តែអ្នកកាន់ទុយោទឹកឈរទប់ទឹកដល់ទៅជិត ១០ នាក់រីឯភ្លើងចេះតែឆាបសន្ធោសន្ធៅទៅៗខាងក្នុងចង់អស់រលីងពីផ្ទះទៅជាផេះធ្វើឲ្យម្ចាស់ផ្ទះអស់អីពីខ្លួនរលីង។
បើធ្វើការប្រៀបធៀបរវាងឡានទឹកដែលបាញ់ភ្លើងឆេះផ្ទះនេះគឺខ្សោយ និងឡានទឹកបាញ់បាតុករនៅមុខសាលារាជធានីភ្នំពេញ និងមុខវត្តឧណ្ណាលោមវិញគឺចេញមួយទំហឹងឡើងប៉ើងម្នាក់ៗពេលខ្លះទឹកដែលបាញ់ចេញនោះមានលាយទឹកលូសម្អុយមកបាញ់ដាក់បាតុករទៀតក៏មានដែរ។
នៅក្នុងហេតុការណ៍នេះឃើញមានសម្បូរទៅដោយអ្នកថតវីដេអូ និងរូបភាពតាមទូរស័ព្ទ និងអ្នកភូមិមិនបានជួយគ្នាយកទឹកម្នាក់មួយធុងជះឲ្យឆាប់រលត់នោះទេគឺបានត្រឹមតែឈររោមមើលជុំវិញផ្ទះឆេះតែប៉ុណ្ណោះគឺឥរិយាបថរបស់អ្នកភូមិទាំងនោះមើលទៅហាក់បីដូចជាមានលក្ខណៈខុសប្លែកពីសម័យទសវត្សរ៍ឆ្នាំ ៨០ និង ៩០ ដែលមានការជួយគ្នាមួយដៃមួយជើងយ៉ាងសស្រោកសស្រាំក្នុងការពន្លត់ភ្លើងឆេះផ្ទះ។
ពេលខ្លះមិនត្រឹមតែមិនជួយទេគឺមានអ្នកមកបន្លំលួចរបស់របរពីជនរងគ្រោះដែលឆេះផ្ទះទៀតនៅពេលពួកគេយកអីវ៉ាន់ដែលមិនឆេះមកដាក់ខាងក្រៅផ្ទះ។ តើហេតុអ្វីបានជាឥរិយាបថអ្នកភូមិទៅជាយ៉ាងនេះទៅវិញ?
រីឯការជួយអន្តរាគមន៍ពីមន្ត្រីប៉ូលិសពន្លត់អគ្គិភ័យហាក់បីដូចជាមានការរើសអើងសម្រាប់ផ្ទះអ្នកក្រីក្រជួយដូចចុងដៃចុងជើងតែបើផ្ទះអ្នកធំ ឬក៏អ្នកមានដែលបុកលុយដល់វិញនិយាយពីរហ័សលឿនហើយកន្លងមកមានអ្នកចរចាមិនស្រួលលុយល្មមៗមន្ត្រីទាំងនោះមិនយកទៀតព្រោះដឹងថាអ្នកទាំងនោះភ័យខ្លាចឆេះរាលដាលដល់ផ្ទះពួកគេ។ ពេលខ្លះឡានទឹកទៅដល់ហើយតែមិនទាន់បាញ់ទឹកទេចាំចរចារឿងលុយកាក់ក្រៅត្រូវគ្នាសិនករណីនេះសឹងក្លាយទៅជាទម្លាប់ទៅហើយ។
តើនេះមកពីប្រាក់ខែមន្ត្រីពន្លត់អគ្គិភ័យនៅតិចពេក? បើមើលទៅលើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដូចជាមើលរំលងពួកគាត់មែនសូម្បីតែកន្លែងស្នាក់នៅប្រចាំការក៏លំបាកដែរខ្លះខំយកឡានទឹកទៅដាក់ប្រជ្រៀតគ្នានៅក្នុងមណ្ឌលសុខភាពដូចការយកកន្លែងការិយាល័យអគ្គិភ័យដាក់ទាំងរថយន្តទាំងមន្ត្រីទៅញាត់នៅក្នុងបរិវេណមណ្ឌលសុខភាពច្បារអំពៅដ៏តូចចង្អៀតនោះ។
ម្យ៉ាងវិញទៀតករណីសង្គ្រោះបន្ទាន់ភ្លើងឆេះផ្ទះដែលអាចជួយគ្នាបាននោះគឺបំពង់ពន្លត់អគ្គិភ័យពណ៌ក្រហមនៅតាមផ្ទះដែលប៉ូលិសលក់ឲ្យនោះអាចជួយបានប្រសិនបើមានអណ្តាតភ្លើងទើបតែចាប់ផ្តើមហើយអ្នករស់នៅជិតខាងគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ម្នាក់ ១ បំពង់ៗតែ ៥០ បំពង់ក៏រលត់ភ្លើងនោះដែរ។
តែមកទល់ពេលនេះ តើផ្ទះអ្នកណាខ្លះមានបំពង់ពន្លត់អគ្គិភ័យនេះខ្លះ? ករណីបំពង់នេះមានពលរដ្ឋមួយចំនួនមិនទិញវាទេដោយត្អូញត្អែរពីតម្លៃដែលប៉ូលិសលក់ឲ្យថ្លៃជាងតម្លៃទីផ្សារតែ ២៥ ដុល្លារប៉ូលិសលក់ដល់ទៅ ៣៥ ដុល្លារ។
តែមានសំណួរមួយអាចសួរទៅប្រជាពលរដ្ឋដែលមិនហ៊ានទិញថាថ្លៃនោះថាបើប៊ីយែរមួយកេស ឬក៏ពីរកេសតម្លៃ ៣៥ ដុល្លារក៏មានអ្នកហ៊ានទិញផឹកដែរតែសម្រាប់ការទិញបំពុងសុវត្ថិភាពនេះដើម្បីផ្ទះខ្លួនឯង និងជិតខាងគ្មានលុយទេ?
ចំណុចនេះប៉ូលិសគួរតែពិចារណាទៅលើការកំណត់តម្លៃឡើងវិញព្រោះបំពង់ពន្លត់អគ្គិភ័យហ្នឹងមិនមែនទិញហើយប្រើបានរហូតនោះទេគឺវាមានកាលកំណត់របស់វាបានតែជាង ១ ឆ្នាំតែប៉ុណ្ណោះត្រូវប្តូរថ្មីទៀត។
ជាងនេះទៅទៀតសមត្ថកិច្ចត្រូវពិនិត្យតាមផ្ទះទាំងអស់គឺតម្រូវឲ្យម្ចាស់ផ្ទះមានបំពង់ពន្លត់អគ្គិភ័យយ៉ាងតិច ១ ធុងនេះគឺដើម្បីសុវត្ថិភាព និងបង្ការអគ្គិភ័យកើតឡើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ មនុស្សរបួស និងស្លាប់ទៀតផងជាជាងចាំហេតុការណ៍កើតឡើងហើយបាននាំគ្នាបន្ទោសតែមន្ត្រីប៉ូលិសអគ្គិភ័យម្ខាងក៏មិនត្រូវដែរព្រោះខ្វះការចូលរួមពីប្រជាពលរដ្ឋ។
នៅពេលដែលលក់បំពង់ពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋហើយមន្ត្រីប៉ូលិសត្រូវពន្យល់ពីរបៀបប្រើប្រាស់ និងបិទរូបភាពនៃវិធីប្រើប្រាស់ជាភាសាខ្មែរនៅលើបំពង់នោះផងពីព្រោះកន្លងមកឃើញតែជាភាសាបរទេសនោះទេ។ បំពង់នេះមានសារៈសំខាន់ណាស់មិនមែនប្រើសម្រាប់តែផ្ទះ ១ នោះទេគឺសម្រាប់សហគមន៍ទាំងមូលហើយមានម្សៅពពុះដែលបាញ់ចេញនោះមានជាតិអ៊ីសូឡង់មិនឆ្លងចរន្តអគ្គិសនីទេ។
ម្យ៉ាងវិញទៀតទូរទស្សន៍ក្នុងស្រុកមិនដែលចាប់អារម្មណ៍អំពីការផ្សព្វផ្សាយពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនោះទេគឺមានតែផ្សាយព័ត៌មានអំពីភ្លើងឆេះផ្ទះ ឬក៏រោងចក្រទេ។
យ៉ាងណាមិញអ្វីដែលគួរឲ្យប្រុងប្រយ័ត្ននៅរដូវភ្ជុំបិណ្ឌនេះមុនទៅវត្តខ្លះក៏មានការអុជទានធូបសែនដូនតា ឬក៏ជំនាងផ្ទះនៅក្នុងផ្ទះចោលដែលអាចប្រឈមមុខនឹងគ្រោះអគ្គិភ័យនេះដែរ។
បើអាចធ្វើបានមុនទៅណាមកណាចាក់សោផ្ទះចោលម្ចាស់ផ្ទះគួរតែបិទបារ៉ែតភ្លើងតែម្តងទៅចៀសវាងការឆ្លងចរន្តអគ្គិសនីឆាបឆេះពីផ្ទះគេ ឬក៏ទុស្សេខ្សែភ្លើងឆេះនៅផ្ទះខ្លួនឯងព្រោះកន្លងមកម្ចាស់ផ្ទះបង្កអគ្គិភ័យនោះច្រើនតែរត់ចោលផ្ទះ ឬក៏សារភាពគ្មានអ្វីសងអ្នកជិតខាងនោះទេបើផ្ទះគាត់ឆេះអស់រលីងដែរគឺបានត្រឹមតែចាប់ឃុំខ្លួនកាត់ទោសគាត់តែប៉ុណ្ណឹងបើអង្ករក្លាយជាបាយទៅហើយនោះ។
កន្លងមកអាជ្ញាធររាជធានីភ្នំពេញក៏បានចេញបម្រាមទៅអ្នកលក់សាំងដបតាមថ្នល់ដែរតែនៅមានលក់ស្តុកតាមផ្ទះដែលខាងក្នុងផ្លូវដដែល ការលក់មិនត្រឹមត្រូវទៅតាមស្តង់ដារបែបនេះ ធ្វើឲ្យអ្នករស់នៅក្បែរៗផ្ទះលក់សាំងប្រឈមមុខហានិភ័យខ្ពស់ក្នុងការឆាបឆេះរាលដាលពិបាករកមុខអ្នកសងមិនឃើញ។
ថ្មីៗនេះក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំដល់ម្ចាស់ក្លិបកម្សាន្តឲ្យមានច្រកចេញយ៉ាងហោចណាស់ចំនួន ៤ ដើម្បីរំដោះមនុស្សចេញប្រសិនបើមានករណីឆេះក្លិបកើតឡើងតែពុំទាន់មានក្លិបកម្សាន្តណាធ្វើបាននៅឡើយទេមានច្រកចេញចូលតែ ១ ទេនេះជាបញ្ហាការអនុវត្តច្បាប់នៅមានការចន្លោះប្រហោង។
ហេតុដូច្នេះសមត្ថកិច្ចគួរតែពិនិត្យមើលឡើងវិញចំពោះការពង្រឹងការអនុវត្តច្បាប់បម្រាម និងការហ្វឹកហ្វឺនមន្ត្រីពន្លត់អគ្គិភ័យឲ្យមានវិជ្ជាជីវៈគ្រប់គ្រាន់ក្នុងការប្រើប្រាស់រថយន្តអគ្គិភ័យបែបទំនើប និងកន្លែងបូមទឹកក៏ទំនើបដើម្បីបង្ការអគ្គិភ័យ និងជួយសង្គ្រោះអគ្គិភ័យដែលកើតមានឡើងទាន់ពេលវេលា៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com