ភ្នំពេញ:នៅកន្លែងសាធារណៈម្តងម្កាលមានឮពីការអួតដាក់គ្នា របស់អ្នកមានបទពិសោធក្នុងការបើកបរល្បឿនលឿនពេលផ្លូវស្ងាត់ ឬក៏ផ្លូវចង្អៀតហើយប្រើរយៈពេលការបើកបរតិច។ ពេលខ្លះក៏មានលេចចេញពីការគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរ ដែរ ហើយគេប្រាប់គ្នាគេថា ឲ្យតែប៉ះគ្នាភ្លាមគឺដាក់មេប្រូចឲ្យលឿនផងដែរ។
សព្វថ្ងៃនេះ នៅពេលកំពុងចរាចរណ៍តាមដងវិថី និងតាមផ្លូវជាតិក្តី អ្នកបើកម៉ូតូ រ៉ឺម៉កកង់បី ឬក៏រថយន្តតូចៗ មានការភ័យខ្លាចញ័រនៅពេលដែលឮសំឡេង និងល្បឿនរថយន្តធុនធ្ងន់ធំៗ (ដូចជារថយន្តដឹកទំនិញកុងតឺន័រ ដឹកខ្សាច់ ដឹកដី ដឹកស៊ីម៉ងត៍ រថយន្តលាយស៊ីម៉ងត៍ ដឹកស៊ីទែនសាំង និងរថយន្តក្រុង។ល។) បើកក្បែរខ្លួន។
កន្លងមកធ្លាប់មានគ្រោះថ្នាក់ជាច្រើនករណីហើយ ដែលអ្នកបើកម៉ូតូត្រូវបានរថយន្តធុនធ្ងន់ទាំងនេះកួចបញ្ចូលទៅ ផ្នែកក្រោមរថយន្តតែម្តង ចំណែកឯអ្នកបើកវិញគឺភាគច្រើនសុទ្ធតែអ្នកមានអាយុក្មេងដែលលឿនណាស់ខាងបើកទ្វាររត់យករួចខ្លួនបាត់ ទុកឲ្យម្ចាស់ក្រុមហ៊ុនមកដោះស្រាយពេលក្រោយ។ មិនដឹងថា តើគ្រប់ក្រុមហ៊ុនដែលមានរថយន្តធំៗទាំងនោះមានធានារ៉ាប់រងដែ រឬទេ ? បើទោះបីជាមានធានារ៉ាប់រងក៏ដោយ ក៏ករណីនេះវាជាសោកនាដកម្មមួយដែរ ដោយសារបើកល្បឿនហួសកំណត់និងមិនមានក្រមសីលធម៌វិជ្ជាជីវៈនេះ ។
បើយើងធ្វើដំណើរពីក្រោយរថយន្តដឹកខ្សាច់ ដឹកដី ដឹកស៊ីម៉ងត៍ និងកិនស៊ីម៉ងត៍វិញ គឺនៅតែហុយទ្រលោម ដោយសារខ្សាច់ និងដីធ្លាក់មកលើផ្លូវ ពេលកំពុងបើកបរ។ គ្រាប់ខ្សាច់ទាំងនោះធ្វើឲ្យចូលភ្នែកឬឆ្កូតកញ្ចក់វ៉ែនតា និងរបាំងមួកសុវត្ថិភាពទៀតផង ជាងនេះទៅទៀតធ្វើឲ្យមានការលំបាកដកដង្ហើមទៀត បើទោះបីជាមានម៉ាស់ពាក់ហើយក៏ដោយ។ ពេលខ្លះទៀតពេលដែលចាក់ខ្សាច់ ឬដីចេញពីឡានមិនបានសម្រួលផ្នែកចរាចរណ៍ និងសុវត្ថិភាពជាចម្បងទេ។ កន្លងមកសាលារាជធានីធ្លាប់ហាមប្រាមរថយន្តទាំងនេះកុំបើកចូល ទីក្រុងធ្វើឲ្យស្ទះចរាចណ៍និងប៉ះ-ពាល់បរិស្ថានផងតែរថយន្ត ទាំងនោះនៅតែលួចចូលក្រុងបាន មិនដឹងជាមូលហេតុអ្វីបានជាចូលស្រួលៗម្ល៉េះ ? ឯរថយន្តសំរាមវិញពេលខ្លះធ្លាក់សំរាមនិងហៀរទឹកកក្លាក់តាម ផ្លូវជះក្លិនស្អុយជាប់នឹងផ្លូវទៀតផង។
តាមរយៈបទពិសោធដែលខ្ញុំធ្លាប់ជួបប្រទេះនៅប្រទេសរីកចម្រើន មួយចំនួន ទីក្រុងរបស់គេស្អាតគ្មានដីហ៊ុយដោយសាររថយន្តទាំងនេះធ្វើការ បើកបរតែពេលយប់ទេ ហើយមានផ្លូវកំណត់ទៀត និងមានការវេចខ្ចប់បិទបាំងយ៉ាងស្អាតបាត។ តើពេលណាទើបយើងធ្វើបានដូចគេ ?
ថ្មីៗនេះ សាលារាជធានីបានកែប្រែសេចក្តីជូនដំណឹងកាលពីថ្ងៃទី៣ ខែមិថុនាស្តីពីការធ្វើចរាចរណ៍យានយន្តដឹកប្រេងឥន្ធនៈ និងឧស្ម័នចំហេះគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ បានអនុញាតឲ្យប្រើសម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ លើកលែងចន្លោះម៉ោង៦ ទៅ៨:៣០នាទី ម៉ោង១១:០០ដល់ម៉ោង១២:៣០នាទី និងម៉ោង១៦:០០ដល់១៩:០០។ លិខិតស.ជ.ណ នេះបានកែប្រែពីស.ជ.ណ ចេញកាលពីខែមករាដែលម៉ោងឲ្យធ្វើចរាចរណ៍ពីម៉ោង២២:០០យប់ ដល់ម៉ោង៥:០០ព្រឹក។ តើមានអ្វីនៅពីក្រោយការសម្រេចការផ្លាស់ប្តូរនេះ ? កន្លងមកសាលារាជធានីធ្លាប់ទទួលស្គាល់ថាមានការកើនឡើងយាន យន្ត និងមានគ្រោះ-ថ្នាក់អគ្គីភ័យដែលបង្កឡើងដោយរថយន្តស៊ីទែនសាំង ។ ឧទាហរណ៍៖ កាលពីចុងឆ្នាំទៅមានអគ្គីភ័យមួយកើតឡើងដែលបង្កដោយរថយន្តស៊ី ទែនសាំង ដងវិថីលេខ១៨២ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ នេះជារឿងចម្លែកសម្រាប់ស្រុកយើងគឺទាល់តែមានឧបទ្ទវហេតុកើត ឡើងបានចាប់ផ្តើមចេញច្បាប់ មិនបានបង្កើតច្បាប់កើតឡើងដើម្បីការពារនូវអ្វីដែលនឹងអាច កើតមានឡើងនោះទេ។
ទោះយ៉ាងណាក៏ដោយបច្ចុប្បន្ននេះក៏មានផលវិជ្ជមានបណ្តើរៗប ន្ទាប់ពីមានគ្រោះថា្នក់ដោយសាររថយន្តធំៗដឹកអ្នកដំណើរ ការបើកបរដឹកអ្នកដំណើរមួយចំនួនបានចាប់ផ្តើមបើកបន្ថយល្បឿន បន្តិចម្តងៗ។ កាលពីសប្តាហ៍មុន ខ្ញុំបានធ្វើដំណើរពីខេត្តសៀមរាម មកភ្នំពេញ គឺល្បឿនរថយន្តនោះបើកខុសពីមុន ខ្ញុំក៏បានសាកសួរអ្នកបើកបររបស់ក្រុមហ៊ុនជី.អេស.ធី (G.S.T. Express Bus)ថា ហេតុអ្វីបានជាលោកបើកល្បឿនយឺតជាងមុន? គាត់បានប្រាប់ខ្ញុំថា «ថៅកែរបស់ខ្ញុំឲ្យបើកបន្ថយល្បឿន និងធ្វើការត្រួតពិនិត្យកុងទ័រល្បឿនរៀងរាល់រថយន្តចូល ស្ថានីយម្តងៗ។ ជាងនេះទៅទៀតគឺការកំណត់ម៉ោងមកដល់គោលដៅ ប្រសិនបើខ្ញុំបើកមកដល់មុនម៉ោងកំណត់គាត់នឹងសួរទៀត»។
រីឯលោក ងួន ម៉ូលីស អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុននេះបានមានប្រសាសន៍បន្ថែមទៀតថា ៖ «ជាងនេះទៅទៀតចាប់តាំងពីឆ្នាំ២០១០មក ក្រសួងមហាផ្ទៃបានដាក់កាមេរ៉ាថតល្បឿនលើសកំណត់៨០គីឡូម៉ែត្រ ក្នុងរយៈពេល១ម៉ោង និងក្រុមហ៊ុនបានទិញធានារ៉ាប់រងក៏កំណត់តាមល្បឿននេះដែរ។ កន្លងមកក្រុមហ៊ុនធ្លាប់បានបណ្តេញចេញនូវបុគ្គលិកដែលមិនគោរព នូវកិច្ចសន្យាផងដែរដោយការបើកល្បឿនលឿនលើសកំណត់បង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍»។
តាមលោក លាក់ វាសនា ជាអនុប្រធានវិទ្យាស្ថាន និងសាលារៀនអន្តរទី្វប អាមេរិកAIS)ថា៖ «ការដាក់ស្លាកសញ្ញាជា អក្សរនេះគឺសម្រាប់តាមដាន និងត្រួតពិនិត្យលើការបើកបររបស់បុគ្គលិកគាត់ក្នុងការបំពេញការងារ។ ខ្ញុំគិតថា កត្តាទាំងពីរនេះខាងលើនេះ គឺជាការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយចំនួនធំ។ ហើយរាជរដ្ឋាភិបាលក៏ដូចជាសាលារាជធានី ខេត្ត ក្រុងទាំងអស់គួរតែធ្វើការត្រួតពិនិត្យយានយន្តដែលមិនគោរពតាមគោលការណែនាំច្បាប់៕
ផ្តល់យោបល់: soprach.tong@phnompenhpost.com