The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា

លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា

Content image - Phnom Penh Post
ពលរដ្ឋកម្ពុជានៅភ្នំពេញពេលនាំគ្នាចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃ ២៩ ខែកក្កដា ឆ្នាំមុន។ ហេង ជីវ័ន

លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា

ខ្ញុំ​នៅចាំ​បាន​ថា​ជិត ៣០ ឆ្នាំ​កន្លងទៅ ក្នុងឱកាស​រៀបចំ​ពិធី​បដិសណ្ឋារកិច្ច​យ៉ាង​មហោឡារិក​អធិកអធម​បំផុត ទទួល​ស្វាគមន៍​ព្រះរាជ​ដំណើរ​មាតុភូមិនិវត្តន៍​លើកដំបូង​របស់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ មកកាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩១ ក្រោយពេល​ដែលមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​ថ្ងៃ ២៣ ខែតុលា ឆ្នាំ ១៩៩១ ដោយមាន​បដា​ពាក្យស្លោក​ជាច្រើន​ត្រូវបាន​តាំង​ជា​សាធារណៈ​ឧទ្ទិស​ដល់​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ។

ក្នុងចំណោម​ខ្លឹមសារ​នៃ​បដា​ពាក្យស្លោក​ទាំងនោះ​ខ្ញុំ​មានការ​ចាប់អារម្មណ៍​លើ​ខ្លឹមសារ​ថ្មី ២ ដែល​មិន​ធ្លាប់មាន​ពីមុនមក​គឺ៖ ​ជយោ!​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​និង​ជយោ!លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា។

ចំពោះ​ខ្លឹមសារ​នៃ​ពាក្យស្លោក «ជយោ!លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា» នៅពេលនោះ (ឆ្នាំ១៩៩១) អាច​ឱ្យគេ​បកស្រាយ​តាមន័យ ២ យ៉ាង​ខុសគ្នា៖ ម្យ៉ាង​អាច​មានន័យថា​លទ្ធិប្រជាធិបតេយ្យ​បានកើត​មាន​រួចមកហើយ​នៅ​ប្រទេស​ កម្ពុជា។

តែ​ម្យ៉ាងទៀត​ក៏​អាច​មានន័យថា​លទ្ធិប្រជាធិបតេយ្យ​នឹង​ចូល​មកដល់​កម្ពុជា​នៅពេល​ខាងមុខ។ តាម​ការបកស្រាយ​ទី២ នេះ ក៏មាន​ន័យ​ផងដែរ​ថា ល​ទ្ប្រ​ជា​ធិបតេយ្យ​ត្រូវបាន​នាំចូល​ពី​ខាងក្រៅ​មកកាន់​ប្រទេស​កម្ពុជា​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា​ដែល​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ខ្មែរ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​នៅ​កម្ពុជា​និង​ដោយមាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ពិសេស​ប្រទេស​មហាអំណាច​ទាំង ៥ ជា​សមាជិក​អចិ​ន្រៃ្ត​យ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប ដែល​បាន​ធំ​ដឹងក្តី​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ពេល​សង្គ្រាមស៊ីវិល​ផ្ទុះឡើង និង​បាន​រស់រាន​ជីវិត​ពី​ទីវាល​ពិឃាត​នៃ​របប​ប្រល័យពូជសាសន៍​ខ្លួន​ខ្ញុំ​ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ដទៃទៀត​នៅ​ជំនាន់​នោះ​ដែលជា​សាក្សី​រស់​នៃ​ការចងចាំ​រាល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ពី​អតីតកាល​រួមទាំង​រឿងរ៉ាវ​ជាក់ស្តែង​ខ្លះ​នៃ​ប្រជាធិបតេយ្យ​យើងទាំងអស់គ្នា​សុទ្ធតែ​បានទទួល​ស្គាល់​ការពិត​មួយ​មិនអាច​បដិសេធ​បាន​ដែលថា មកទល់​បច្ចុប្បន្ននេះ លទ្ធិប្រជាធិបតេយ្យ​បាននិងកំពុង​វិ​វដ្ត​ប្រែប្រួល​ជា​វិជ្ជមាន​នៅ​កម្ពុជា។

ប៉ុន្តែ​មាន​មជ្ឈដ្ឋាន​ខ្លះ​នៅតែ​ប្រកាន់​និន្នាការ​មិន​ប្រាកដនិយម (Unrealism) មើលមិនឃើញ​តថភាព​សង្គម​ដោយ​ទម្លាក់កំហុស​ពី​បញ្ហា​ប្រឈម​ខ្លះ​ដែល​កំពុង​កើតឡើង​ក្នុងសង្គម​ទៅលើ​ដំណើរការ​ប្រជាធិបតេយ្យ ម្ល៉ោះហើយ ធ្វើឱ្យ​លទ្ធ ធិប្រជាធិប តេយ្យ​កំពុង​ក្លាយជា​ប្រធានបទ​នៃ​ការតស៊ូ​សាធារណមតិ​យ៉ាង​ស្រួចស្រាល់​នៅក្នុង​ប្រទេស​យើង​នាពេល​សព្វថ្ងៃនេះ។

សំណួរ​នៅតែ​ចោទឡើង​ថា តើ​កម្ពុជា​សព្វ​ថ្ងៃជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ​ដែរឬទេ?

ដើម្បី​ឆ្លើយ​សំណួរ​នេះ​បាន​គេ​តោង​តែ​យល់ដឹង​ឱ្យបាន​ច្បាស់​ពី​លទ្ធិប្រជាធិបតេយ្យ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ភាពប្រាកដនិយម​និង​ក្នុង​បរិបទ​ជាក់ស្តែង​នៃ​ប្រទេសនីមួយៗព្រោះថា​ពុំមាន​កុងសង់ស៊ុស​ទេ​សម្រាប់​ការផ្តល់​និយមន័យ​ប្រជាធិបតេយ្យ (No consensus exists on how to define democracy)។

និយាយ​បែបនេះ​ក៏​មានន័យថា គេ​ពិតជា​ពិបាក​នឹង​កំណត់​វិធីសាស្ត្រ​វាស់​កម្រិត «ស្តង់ដា​ប្រជាធិបតេយ្យ» បាន​ណាស់ ទោះបីជា​តាមបែប​បស្ចិម​ប្រទេស ក៏ដោយ។ ជាទូទៅ គេ​ឱ្យនិយមន័យ​នៃ​ពាក្យ«ប្រជាធិបតេយ្យ (Democracy) ប្រែ​ពី​ពាក្យ​ដើម​ជា​ភាសា ក្រិ​ក​បុរាណ «demokratia» ដែល​ផ្សំ​មកពី​ពាក្យ​ថា «demos» មានន័យថា «people ប្រជាជន» និង​ពាក្យ «kratos» មានន័យថា «rule គ្រប់គ្រង» ពោលគឺ​ដូច​អ្វីដែល​យើង​ធ្លាប់​ដឹង​ទាំងអស់គ្នា​ថា «គ្រប់គ្រង​ដោយ​ប្រជាជន ឬ​ប្រជាជន​ជា​អធិបតី (ជាធំ)» (rule by the people)។

ឆ្លងកាត់​ការវិវឌ្ឍ​របស់​សង្គម​មនុស្សជាតិ​ពី​បុរាណ​មកដល់​សម័យ​ទំនើប (Modern era) ដែល​ចាប់ផ្តើម​តាំងពី​សតវត្សរ៍​ទី ១៧ មកទល់​បច្ចុប្បន្ន​ពួក​សង្គម​វិទូ​បាន​សន្មត​ជាទូទៅ​ថា​ប្រព័ន្ធគ្រប់គ្រង​មួយ​តាមបែប​ប្រជាធិបតេយ្យ​អាច​បង្កើតឡើងបាន​ដោយ​ការអនុវត្ត​សិទ្ធិអំណាច​របស់​ពលរ​ដ្ឋ​តាមរយៈ​ការបោះឆ្នោត( A system of government where the citizens exercise power by voting)។

ក្រៅពី​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បី​ធានាឱ្យមាន​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ហើយ​ដើម្បីឱ្យ​ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​លក្ខណៈ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌​កត្តា​កំណត់​មួយ​ដែល​មិនអាច​ខ្វះ​បាន​គឺ​សន្តិភាព​និង​ស្ថិរភាព។

ច្បាស់​ណាស់​ថា ​តើ​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ត្រូវបាន​ធានា​យ៉ាងដូចម្តេច​ក្នុងស្ថានភាព​សង្គម​មាន​ចលាចល​ ឬ​ប្រទេស​មាន​សង្គ្រាម?

និយាយ​អំពី​ចំណុច​នេះ ខ្ញុំ​នៅចាំ​បាន​ថា​នៅក្រោយពេល​បញ្ចប់​ការបោះឆ្នោត​សកល​នៅ​កម្ពុជា​ឆ្នាំ ១៩៩៣ ដែល​រៀបចំ​ចាត់ចែង​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន អ.ស.ប (អ៊ុនតាក់) ពួក​អ្នកកាសែត​និង​អ្នកសង្កេតការណ៍​បរទេស​មានការ​ចាប់អារម្មណ៍​ទៅលើ​អត្រា​ខ្ពស់​នៃ​អ្នក​ចេញទៅ​បោះឆ្នោត (the voter turnout) នៅពេលនោះ​មាន​រហូតដល់ ៨៩,៥៦% នៃ​ចំនួន​ពលរដ្ឋ​ខ្មែរ​ជាង ៤ លាន ៧ សែន​នាក់ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត។

ភ្លាមៗដោយ​គ្រាន់តែ​ពិនិត្យ​លើ​ចំណង់ និង​សម្ទុះ​ទឹកចិត្ត (the eagerness and enthusiasm) ក្នុងការ​ចូលរួម​បោះឆ្នោត​នាពេលនោះ ពួកគេ​សន្និដ្ឋានថា ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់​គាំទ្រ និង​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ។

ខ្ញុំ​មិនសូវ​ស្របតាម​ពួកគេ​ប៉ុន្មាន​ទេ​ព្រោះ​ខ្ញុំ​យល់​ថាបើ​ពិនិត្យ​អំពី​បរិយាកាស​ក្នុង​បរិបទ​នៃ​ការបោះឆ្នោត​នៅ​ឆ្នាំ ១៩៩៣ តើ​អ្វី​ទៅ​ដែល​ជំរុញ​ចំណង់ និង​សម្ទុះ​ទឹកចិត្ត​អ្នក​បោះឆ្នោតឱ្យ​ពុះកញ្ជ្រោល​ទៅ​បោះឆ្នោត​ក្នុង​អត្រា​ខ្ពស់​បែបនេះ?

បើ​ខ្ញុំ​យល់​មិន​ច្រឡំ​ទេ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​បាន​ទម្លាក់​សន្លឹកឆ្នោត​ទៅក្នុង​ហិប​ឆ្នោត​គឺ​សុទ្ធ​តែមាន​ក្តី​រំពឹង​ដែល​រង់ចាំ​យូរយារ​មកហើយ​នោះ គឺ​សុខសន្តិភាព។ ព្រោះថា ក្រោយ​រយៈពេល​សង្គ្រាមរ៉ាំរ៉ៃ​ជិត ៣ ទសវត្សរ៍​អ្វីដែល​យើង​ស្រេកឃ្លាន​ជាបន្ទាន់​មុន​បង្អស់​គឺ​សុខសន្តិភាព។

ចំណែកឯ​លទ្ធិប្រជាធិបតេយ្យ​នៅពេលនោះ ពិតមែន​ជា​ក្តី​រំពឹង​យូរអង្វែង​សម្រាប់​យើង​ប៉ុន្តែ​វា​ហាក់ដូចជា​វិញ្ញាសា​ថ្មី​ក្នុង​ក្តី​ស្រមៃ​នៅឡើយ​ទេ។ និយាយ​យ៉ាង​ដូច្នេះ មិនមែន​មានន័យថា ពេលនោះ​យើង​មិនទាន់​ស្រឡាញ់​ប្រជាធិបតេយ្យ​ទេ។

ហេតុនេះហើយ បានជា​សភាធម្មនុញ្ញ​ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត​នៅ​ឆ្នាំ ១៩៩៣ បាន​ចងក្រង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ទី ២ របស់​កម្ពុជា​ដោយ​ប្រកាន់យក​របប​នយោបាយ​ប្រជាធិបតេយ្យសេរី ពហុបក្ស។

និយាយ​មកដល់​ត្រឹមនេះ ខ្ញុំ​សុំ​បញ្ជាក់​ដោយស្មោះ​ត្រង់​ថា ខ្លួន​ខ្ញុំ​ក៏​ជា​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ម្នាក់​ផងដែរ ហើយក៏​មិន​ហ៊ាន​តាំងខ្លួន​ថា​ជា​អ្នកចេះដឹង​ពី​ប្រជាធិបតេយ្យ​លើសគេ​ឯង​នោះទេ។

សូមមេត្តា​ចាត់ទុក​គំនិត​យោបល់​ដែល​ខ្ញុំ​បង្ហាញ​ដ៏​ស្តួចស្តើង​នៅពេលនេះ​ជា​ចំណែក​តូច​មួយ​ដែល​សន្សំ​បាន​ពី​ពិសោធ​ជីវិត​និង​ការរៀនសូត្រ​ពី​ការជាក់ស្តែង​ក្នុងប្រទេស​និង​នៅក្រៅ​ប្រទេស​ខ្លះ។

ដោយសារ​លទ្ធិប្រជាធិបតេយ្យ​បាន​ក្លាយទៅជា​និន្នាការ​នៃ​យុគសម័យ​បច្ចុប្បន្ន មកទល់​សព្វថ្ងៃ​ប្រទេស​ភាគច្រើន​លើ​ពិភពលោក​នេះ​បានរៀបចំ​ឱ្យមាន​ការបោះឆ្នោត ហើយ​ប្រទេសនីមួយៗសុទ្ធតែ​អះអាងថា​មាន​តំណាង​ស្របច្បាប់ (legitimate representation) របស់​ពលរដ្ឋ​ដែល​ត្រូវបាន​ជ្រើសរើស​ឡើង​តាមរយៈ​ការបោះឆ្នោត​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ពី​ប្រជាពលរដ្ឋ។

សម្រាប់​កម្ពុជា​ប្រសិនបើ​យល់ថា លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​នាំចូល​មកពី​ក្រៅ​និង​ត្រូវបាន​អនុវត្ត​ចាប់ពី​ឆ្នាំ ១៩៩៣ គេ​ត្រូវ​ទទួលស្គាល់​នូវ​រាល់​ការខិតខំ​ប្រឹងប្រែង​ដោយ​កម្ពុជា​ខ្លួនឯង​ក្នុង​ការបញ្ចប់​សង្គ្រាមស៊ីវិល​ដើម្បី​បណ្តុះ​ពូន​ជ្រំ​និង​ថែទាំ​គ្រាប់ពូជ​ប្រជាធិបតេយ្យ​នេះ​ឱ្យបាន​រីក​ធំធាត់​តាមរយៈ​ការរៀបចំ ចាត់ចែង​ការបោះឆ្នោត​ដោយ​ខ្លួនឯង​រួមទាំង​ការកសាង​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ ការពង្រីក​យន្តការ​អភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ​ក្នុង​ក្របខ័ណ្ឌ​នីតិរដ្ឋ​ចាប់ពី​ឆ្នាំ ១៩៩៨ រហូតមកទល់​ពេលនេះ។

ពោលគឺ​រយៈពេល​ជាង ២០ ឆ្នាំ​មកនេះ ស្ថិតក្នុង​សុខសន្តិភាព ប្រជាជន​កម្ពុជា​ខិតខំ​ប្រឹងប្រែង​កសាងបាន​លទ្ធិប្រជាធិបតេយ្យ​មួយ​សម្រាប់​កម្ពុជា។

ទោះបីជា​នៅតែមាន​មតិ​ទិតៀន​អំពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​យ៉ាងណា​ក៏ដោយចុះ​ប៉ុន្តែ​អ្វីដែល​គេ​មិនអាច​មើលរំលង​បាន​គឺ​ការពិត​ដែលថា​កម្ពុជា​បច្ចុប្បន្នកំពុង​ស្ថិតក្នុង​សុខសន្តិភាព​និង​មានការ​អភិវឌ្ឍ​ក្នុង​ល្បឿន​គួរឱ្យកត់សម្គាល់​លើផ្លូវ​ប្រជាធិបតេយ្យ​មួយ​ដែល​ប្រជាជន​កម្ពុជា​បានជ្រើសរើស​ដោយ​ខ្លួនឯង។

និយាយ​បែបនេះ​ពុំមែន​មានន័យថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​សម្រាប់តែ​ប្រជាជន​កម្ពុជា​ហើយ​ពុំ​អាច​យកទៅ​ប្រៀបផ្ទឹម​បាន​ជាមួយនឹង​កម្រិត​លំ​ដាប់​ថ្នាក់ សិទ្ធិ សេរីភាព​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ដទៃទៀត​លើ​សកលលោក​នោះបាន​ឡើយ។

យើង​អាចធ្វើ​ការប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេសជិតខាង​យើង​និង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​លើ​ចំណុច​ខ្លះ​នៃ​ន្ទ​ស្សន៍​ប្រជាធិបតេយ្យ (democracy index) ជាអាទិ៍៖ ការបោះឆ្នោត ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​ការចូលរួម​នយោបាយ​និង​សេរីភាព​ស៊ីវិល (civil liberties) រួមទាំង​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន។ល។

តើ​មាន​ប្រទេស​ណាខ្លះ? ចំណុច​ណាខ្លះ? ដែល​កម្ពុជា​ពុំ​អាច​ប្រៀប​ស្មើនឹង​គេ​បាន​គ្រាន់តែ​ខុសពី​គេ​ត្រង់​លក្ខណៈ​ដោយឡែក​របស់ខ្លួន​ដែល​កម្ពុជា​ត្រូវ​កសាង អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ចេញពី​មរតក​និង​ផលវិបាក​នៃ​សង្គ្រាមស៊ីវិល និង​របប​ប្រល័យពូជសាសន៍។

ទន្ទឹម​នោះ ចាប់តាំងពី​ឆ្នាំ១៩៩៣ មក តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កម្ពុជា​បាន​រៀនសូត្រ​ពី​លទ្ធិប្រជាធិបតេយ្យ​តាមបែប​បស្ចិមប្រទេស​ដោ​យ​បាន​ខិតខំ​ដក​ពិសោធ​ដើម្បី​អនុវត្ត​ឱ្យស្រប​ទៅតាម​ស្ថានភាព​និង​បរិបទ​ជាក់ស្តែង​របស់​កម្ពុជា។

ប្រការ​សំខាន់​គឺ​យើង​មិន​ចង់​ឱ្យគេ​បង្ខំ​កម្ពុជា​ឱ្យ​ចម្លង​នូវ​ពុម្ព​គំរូ​ប្រជាធិបតេយ្យ​ដែល​នាំចូល​ពី​ខាងក្រៅ​មក​អនុវត្ត​ទាំង​ដុល​នៅក្នុង​ប្រទេស​ខ្លួន។

អ្នកជំនាញ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ទាំងឡាយ​បានលើកឡើង​ថា៖ «គេ​ពុំ​អាចធ្វើ​និ​ប្រវេសន៍​ឬ​នាំចេញ (emigrate) លទ្ធិប្រជាធិបតេយ្យ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​បានឡើយ» ពោលគឺ​លទ្ធិប្រជាធិបតេយ្យ​ស្ថិតស្ថេរ គង់វង្ស និង​អភិវឌ្ឍ​ស្របតាម​លក្ខណៈ​ដោយឡែក​អំពី​ប្រវត្តិសាស្ត្រ នយោបាយ សង្គម សេដ្ឋកិច្ច និង​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេសនីមួយ។

ក្នុងកម្មវិធីផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ជុំវិញប្រធានបទ «អាហារ​និង​ប្រជា​ធិបតេយ្យ» (Traçabilité de la démocratie) លោក ឆាយ ហុក​ផេង បាន​ប្រៀប​ប្រដូច​លទ្ធិ​ប្រជាធិប​តេយ្យ​ទៅ​នឹង​ម្ហូប​អាហារ​ដែល​ជាតិ​សាសន៍​នៃ​ប្រទេស​នីមួយៗ​មាន​ចំណង់​ចំណូល​ចិត្តខាង​រស​ជាតិ​ប្លែកៗ​គ្នា។

គាត់​បាន​និយាយ​ថា៖ «លទ្ធិប្រជាធិបតេយ្យ​ប្រៀបបាន​នឹង​ម្ហូប​ទិព្វ​មួយ​ដែល​បង្កើត​ឡើង​ដោយ​ពពួក​ទេវតា​នៅ​ឯ​បស្ចិម​ប្រទេស។ រីឯ​ក្រុម​ទេវតា​នៃ​ប្រទេស​ក្រីក្រ​ក៏​ធ្វើ​តាម​គ្នា​តៗ​រៀង​រហូត​មក។ ព្រះ​សមណ​គោតម ទ្រង់​បាន​ត្រាស់​ប្រដៅ​ថា ការ​ស្រេក​ឃ្លាន​របស់​បុគ្គល ជា​រោគា ដ៏​ធំ​មួយ ជិឃ​ច្ឆា​បរមំ​រោគា​សង្ខា​រា​បរមា​ទុក្ខា ឯតំ ពាត្វា យថា ភូតំ និព្វានំ បរមំ​សុខំ។ ដរាប​ណា​គ្មាន​អាហារ​នៅ​ក្នុង​ពោះ ទោះបី​ស្តាប់​ធម្ម​ទេសនា​ក៏​មិន​អាច​ធ្វើឱ្យ​ចម្រើន​បញ្ញា​បាន​ដែរ។ រីឯ​ភាព​ចម្រុង​ចម្រើន​នៃ​របប​ប្រជាធិប​តេយ្យ​ក៏​មិន​ខុសគ្នា​ដែរ...»។

មុន​ស្តាប់​ការធ្វើ​អត្ថាធិប្បាយ​ខាងលើនេះ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​ធ្វើការ​ប្រៀប​ប្រដូច​លទ្ធិ​ប្រជាធិប​តេយ្យ​បែប​បស្ចិម​ប្រទេស​ទៅ​នឹង Fromage ឬ Cheese (ប្រហុក​បារាំង) ឯ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​គឺជា​ប្រហុក​ខ្មែរ។​ ម្យ៉ាង​វិញ​ទៀត គេ​មិន​ត្រូវ​ស្រមើ​ស្រមៃ​ពី​ប្រជា​ធិបតេយ្យ​ហួស​ពី​ភាព​ប្រាកដ​និយម​នៃ​តថភាព​សង្គម​បាន​ឡើយ​ហើយ​ពិត​ណាស់​គេ​មិន​អាច​រក​ឃើញ​លទ្ធិ​ប្រជា​ធិបតេយ្យ​មួយ​ដែល​ល្អ​ឥត​ខ្ចោះ (aflawlessdemocracy) នោះ​បាន​ទេ ទោះ​ជា​នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច​ដែល​ជា​កំណើត​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​ក៏​ដោយ​ចុះ។ សូម​ក្រឡេក​ទៅ​មើល​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​សព្វថ្ងៃ​នេះ​ចំពោះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ដូចជា អង់គ្លេស បារាំង អេស្ប៉ាញ ហុងគ្រី ប៉ូឡូញ។ល។

ចុង​ក្រោយ​នេះ សង្គម​វិទូ​និង​អ្នកវិទ្យាសាស្ត្រ​នយោបាយ​បាន​ទាញ​អារម្មណ៍​ពី​ភាព​មិន​ប្រក្រតី​នៃ​ករណី «ប្រេច​ស៊ីត» (BREXIT) របស់​ចក្រភព​អង់គ្លេស និង​ករណី​ជាប់​ឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​របស់​លោក ដូណាល់ ​ត្រាំ ដោយ​បាន​ចាត់​ទុក​ថា​នេះ​ជា​វិបត្តិ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ (democracy and its crisis)។

ហេតុនេះ​ក្នុង​បរិបទ​របស់​កម្ពុជា តើ​គេ​ត្រូវ​សំអាង​ការយល់ឃើញ​បែប​ចម្រុះ​មិន​ដូចគ្នា (diversified perceptions) ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ធ្វើ​ជា​មធ្យោបាយ​តស៊ូ​យ៉ាង​ស្រួច​ស្រាល់​ដើម្បី​ដណ្តើម​សាធា​រណមតិ​តាម​របៀប​នៃ​ការ​លើក​ឡើង​ច្រំដែលៗ (rhetoric) បំភ្លៃ​តថភាព (reality) ក្នុង​សង្គម​ជាតិ​យើង​បន្ត​ទៅ​ទៀត​ឬ​យ៉ាង​ណា?

ឧទាហរណ៍​ដូចជា៖ ការទម្លាក់​កំហុស​ពី​ការចាត់​វិធានការ​ផ្លូវ​ច្បាប់​របស់​តុលាការ​ចំពោះ​អំពើ​ល្មើស​បំពាន​ច្បាប់​របស់​បុគ្គល​ម្នាក់​ឬ​របស់​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​លំហ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ ឬ​ករណី​យុវតី​ខ្មែរ​ម្នាក់​អាយុ​ស្របាល​ជាង ២០ ឆ្នាំ ដែល​បាន​កើត​ធំ​ដឹងក្តី​និង​កំពុង​រស់​នៅ​ប្រទេស​ បារាំង ហើយ​តាំង​ខ្លួន​ជា​តំណាង​ឱ្យ​យុវជន​កម្ពុជា កំពុង​ឃោសនា​បញ្ចុះ​បញ្ចូល​យុវជន​និង​មនុស្ស​ដទៃ​ទៀត​នៅ​ឯនាយ​សមុទ្រ​ឱ្យ​គាំទ្រ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​នៃ​ប្រទេស​កំណើត​ឪពុកម្តាយ​របស់​ខ្លួន​ក្រោម​លេស​ថា ដើម្បី​នាំ​កម្ពុជា​មក​កាន់​គន្លង​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​វិញ ឬមួយ​ករណី​ដែល​អ្នក​នយោបាយ​ជ្រុល​និយម​ខ្មែរ​មួយ​ក្តាប់​តូច​កំពុង​ឃោសនា​យ៉ាង​ងងើល​នៅ​ឯ​បរទេស​បំផ្លើស​ការ​ពិត​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​ខ្លួន ដោយ​អំពាវនាវ​ឱ្យមាន​អន្តរាគមន៍​ពី​ខាង​ក្រៅ​ចូល​មក​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​និង​អធិប​តេយ្យ​ជាតិ​កម្ពុជា រួម​ទាំង​ការ​ជំរុញ​ឱ្យ​សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​ឬ​មួយ​ករណី​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ​គឺ​ការ​ដែល​ពួកគេ​អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា​ក្រោក​ឈរ​ឡើង​ដើម្បី​ផ្តួល​រំលំ​របប​ដឹកនាំ​របស់​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​តាម​លក្ខណៈ​ប្រជាធិប​តេយ្យ សេរី ត្រឹម​ត្រូវ​និង​យុត្តិធម៌​ដោយ​យក​តាម​លំនាំ​ចលនា​បដិវត្តន៍​ពណ៌​នៅ​តាម​ប្រទេស​ខ្លះ​នៅ​មជ្ឈិម​បូព៌ា អតីត​អឺរ៉ុប​ខាង​កើត អ៊ុយក្រែន​ជាដើម...។ល។

តើ​ទាំងនេះ​ជា​ចលនា​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ឬ​ស្រឡាញ់​លទ្ធិ​ប្រជាធិប​តេយ្យ​មែន​ឬទេ?

ខ្ញុំ​ជឿថា អ្នកស្នេហាជាតិ អ្នក​ស្រឡាញ់​ប្រជាជន អ្នក​ប្រជាធិប​តេយ្យ​ពិត​ប្រាកដ អាច​ឆ្លើយ​បំភ្លឺ​បញ្ហា​នេះ​បាន ហើយ​ពួកគេ​ទាំង​អស់​នោះ​ច្បាស់​ជា​ផ្តល់​សច្ចភាព​ដល់​ការ​ខិតខំ​រយៈពេល​ជិត ៣០ ឆ្នាំ​កន្លង​មក​នេះ របស់​ប្រជាជន​កម្ពុជា​យើង​ក្នុង​ការ​កសាង​អភិវឌ្ឍ​សង្គម​ប្រជាធិប​តេយ្យ​មួយ​ក្នុង​ភាព​ប្រាកដ​និយម​ដូច​បច្ចុប្បន្ន។

គេ​មិន​ត្រូវ​ភ្លេច​ទាល់​តែ​សោះ​នូវ​ប្រវត្តិសាស្ត្រ​ពី​អតីត​កាល​របស់​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ព្រោះ​គ្រា​នោះ​ក្នុង​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិភាព​ស្រាប់​តែ​មាន​ហេតុ​ការណ៍​ដ៏​សែន​អកុសល​កើត​ដោយសារ​នយោបាយ​រវើរ​វាយ​អំពី​សេរីភាព​ប្រជា​ធិបតេយ្យ​ជ្រុល​ហួស​ហេតុ​របស់​ពួក​អ្នក​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​របប​រាជា​និយម​ដែល​បើក​ផ្លូវ​ភ្លាម​ឱ្យមាន​អន្តរាគមន៍​យោធា​បរទេស​ចូលមក​កម្ពុជា​ក្លាយជា​ឆ្នួន​បញ្ឆេះ​ភ្លើង​សង្គ្រាម​សន្ធោ​សន្ធៅ រួច​បន្ត​ឱកាស​ឱ្យ​ពួក​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច​និង​អនុវត្ត​នយោបាយ​ឆ្កួត​លេលា​របស់​ពួកគេ​ដែល​ចង់​កសាង​ប្រទេស «កម្ពុជា​ប្រជា​ធិបតេយ្យ» មួយ​ឯករាជ្យ​ម្ចាស់​ការ គ្មាន​វណ្ណៈ​ជិះ​ជាន់​ហើយ​ដែល​ទីបំផុត​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ជ្រមុជ​មាតុ​ភូមិ​ជា​ទី​ស្នេហា​នៃ​យើង​ទៅ​ក្នុង​មហា​សោក​នាដកម្ម វិនាស​កម្ម​នៃ​សង្គ្រាម​និង​របប​ប្រល័យ​ពូជ​សាសន៍។ នេះ​ជា​មេរៀន​ដ៏​សែន​ឈឺចាប់​ខ្លោច​ផ្សា​ដែល​ជា​មរតក​បន្សល់​ទុក​សម្រាប់​យើង​គ្រប់គ្នា​មក​ដល់​ថ្ងៃ​នេះ។

ជា​សរុប ខ្ញុំ​យល់ថា មកដល់​បច្ចុប្បន្ននេះ​ក្នុងពេលដែល​ស្ថានការណ៍​ពិភពលោក​កំពុង​វិវដ្ត​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ហើយ​សណ្តាប់​ធ្នាប់​សកល (the world order) នៅ​តែ​បន្ត​ប្រឈម​ជាមួយ​នឹង​ភាព​មិន​ប្រាកដ​ប្រជា (uncertainties) ខាង​ភូមិ​សាស្ត្រ​នយោបាយ​និង​សេដ្ឋកិច្ច (geopolitics/geoeconomics) ប្រទេស​នីមួយៗ​សុទ្ធ​តែ​ខិតខំ​ដណ្តើម​អំណាច​ខាង​ការ​ប្រកួត​ប្រជែង​ដើម្បី​ប្រយោជន៍​រៀងៗ​ខ្លួន​តាម​និន្នាការ​នៃ​គោល​ការណ៍​កំណត់​មួយ​ដែល​ថា៖ «ក្នុង​ទំនាក់​ទំនង​អន្តរជាតិ គ្មាន​ទេ​មិត្ត គ្មាន​ទេ​សត្រូវ​ពិត​ប្រាកដ​គឺមាន​តែ​ប្រយោជន៍»។

ហេតុនេះ កម្ពុជា​ទន្ទឹមនឹង​ខិតខំ​សម្រប​ខ្លួន​ទៅតាម​និន្នាការ​សកល​យើង​ក៏ត្រូវ​ប្រឹងប្រែង​បន្ត​ទៀត​ដើម្បី​អាច​ឈរ​ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ស្វាហាប់​សំដៅ​ធានា​ជំហាន​រឹងមាំ​នៃ​ដំណើរ​ជាតិ​កម្ពុជា​លើ​មាគ៌ា​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ ឆ្ពោះ​ទៅ​កាន់​អនាគត​រុង​រឿង ថ្កុំថ្កើង។ ចង់បាន​យ៉ាង​ដូច្នេះ វា​ល្មម​ដល់​ពេល​ដែល​កូន​ខ្មែរ​គ្រប់​រូប​និង​គ្រប់​ជំនាន់​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ចម្បង​ដោយ​ត្រូវ​ផ្អែក​លើ​​កម្លាំង​សាមគ្គី​ជាតិ​ទាំង​មូល​បន្ត​រក្សា​ការពារ​សេចក្តី​សុខ​សន្តិភាព​និង​ជំរុញ​ការ​អភិវឌ្ឍ​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

ជយលាភី​ណូបែល​សេដ្ឋកិច្ច Douglass C.North បាន​កំណត់​ថា «ក្នុង​សង្គម​នីមួយៗ ស្ថាប័ន​គឺជា​វិធាន​នៃ​ល្បែង (institutions are the rule of the gamein a society)»។

ហេតុនេះ ក្នុង​ដំណើរ​ការពង្រឹង​ស្ថាប័ន​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា គេ​មិន​គប្បី​លេង​ល្បែង​ប្រជាធិប​តេយ្យ​ដែល​គ្មាន​វិធាន​អ្វី​នោះ​សោះ​ឡើយ ពិសេស​វិធាន​ផ្លូវ​ច្បាប់​និង​សីលធម៌។ ពោលគឺ​លទ្ធិ​ប្រជាធិប​តេយ្យ​ត្រូវ​ផ្សារ​ភ្ជាប់​ជិត​ស្និទ្ធ​ជាមួយ​នីតិរដ្ឋ (rule of law) និង​ផល​ប្រយោជន៍​ប្រជាជន​ហើយ​ច្បាស់​ណាស់ គេ​មិន​ត្រូវ​ប្រើប្រាស់​ប្រជា​ធិបតេយ្យ​ធ្វើជា​ឧបករណ៍​សម្រាប់​គ្រាន់​តែ​ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​សោះ​ឡើយ។

ធ្វើបាន​យ៉ាងដូច្នេះ ទើប​ពិតជា​ការជំរុញ​ដំណើរ​ជាតិ​កម្ពុជា​យើង​ឱ្យ​ស្ថិត​នៅ​លើ​ផ្លូវ​ប្រជា​ធិបតេយ្យ​ឆ្ពោះ​ទៅ​កាន់​អនាគត​ដែល​ជា​បំណង​ប្រាថ្នា​រួម​គឺ​សេចក្តី​សុខ​ក្សេមក្សាន្ត រុងរឿង ថ្កុំថ្កើង​របស់​មាតុ​ភូមិ​និង​ប្រជាជន​យើង​សម្រាប់​មនុស្ស​ជំនាន់​នេះ​និង​ជំនាន់​ក្រោយ​បន្ត​ទៅ​ទៀត៕

ដោយៈ ទេស ទុំ

អត្ថបទគួរចាប់អារម្មណ៍