កូនមាសឪពុក!
ពុកបានចំណាយពេលច្រើនគួរសម ទម្រាំអាចបណ្តុះចិត្តក្លាហានបានប៉ុណ្ណេះ សរសេរលិខិតតូចមួយក្នុងថ្ងៃដែលកូនទទួលសញ្ញាបត្រក្នុងថ្ងៃ ១៥ កើត ខែបុស្ស ឆ្នាំជូត ព.ស ២៥៦៤។ ពុកគ្មានអ្វីជាអំណោយជាមាសប្រាក់គ្មានទាំងបាច់ផ្កា សង្ហាស្អាតស្រស់ដល់កូនពុកឡើយ ពុកមានតែពាក្យពេចន៍បន្តិចបន្តួចទុកជាគតិ ជាមាគ៌ាសម្រាប់ ប្រតិបត្តិទៅថ្ងៃក្រោយក្រែងថា ពុកកាន់តែចាស់ រូបកាយនេះច្បាស់ជានឹងត្រូវកាន់កាប់ដោយជរា បៀតបៀនដោយព្យាធិ ធ្វើឱ្យភ្លេចភ្លាំងសតិស្រុតកម្លាំងខ្វល់អំពល់ មិនសល់ពាក្យពេចន៍សម្តីឱ្យពីរោះក្បោះក្បាយរ៉ាយរ៉ាប់ សារសព្ទទៅកូនបានល្អ។ ពាក្យខ្លះរបស់ពុកក្នុងថ្ងៃនេះជាពាក្យរបស់ម្តាយកូនដែលផ្តែផ្តាំឱ្យពុកនិយាយជំនួសជួសមុខគាត់ផង។
កូនមាសឪពុក! ជាភ័ព្វព្រេងសំណាងរបស់កូនណាស់ដែលកូនពុកបានរៀនចប់ដល់ថ្នាក់ខ្ពស់រហូតចប់ចុងចប់ដើមតាមក្តីប្រាថ្នារបស់ម៉ែពុក និងខ្លួនកូន ហើយចេះភាសាបរទេស អង់គ្លេស បារាំង ចិន យួន មានជំនាញ ៣- ៤ មុខយ៉ាងពិតប្រាកដដែលសង្គមជាតិត្រូវការជាចាំបាច់ក្នុងសម័យទំនើបនេះ។ រូបកូនជាផលិតផលនៃសន្តិភាព ឯម៉ែពុកវិញជាផលិតផលនៃសង្គ្រាមដិតដាមដោយស្លាកស្នាមហិង្សា និងការបាក់ស្បាតផ្លូវចិត្ត។ ជំនាន់ម៉ែពុក ម៉ែពុកគ្មានពេលនឹងសង្វាតឱហាតរៀនសូត្រច្រើនដូចកូនឡើយ ដោយសារសង្គ្រាមបង្ហូរឈាមរវល់តែរត់គេចគ្រាប់ផ្លោង តោងចាប់មុងកន្ទេលននៀលគេចវេះ ដេកលាក់ខ្លួនពួនអាត្មាក្នុងព្រៃជ្រៅតូចធំ ហាលសន្សើម ក្រោមភ្លៀងផ្គររន្ទះ ថែមទាំងមានពេលខ្លះត្រូវស៊ីកន្លាត ក្អាត់ សត្វល្អិតជាអាហារក៏មានរហូតជីតារបស់កូនបានរំឭកលេងសើចប្រាប់ ពុកថា កាលពុកនៅក្មេង សត្វជើង ៤ ពុកតមតែតុ គ្រែ និងកៅអី សត្វជើង ២ ពុកតមតែកាំជណ្តើរ ឯសត្វហើរពុកតមតែយន្តហោះ។
ភាពជោគជ័យដ៏ត្រចះត្រចង់របស់កូនថ្ងៃនេះជាមោទនភាពរបស់គ្រួសារយើងផង ពូជពង្សវង្សត្រកូលយើងផងរបស់ម៉ែពុកផង និងរបស់ជាតិផង។ ម៉ែពុកក្រទាំងចំណេះ ទាំងទ្រព្យ និងពាក្យសម្តី តែម៉ែពុកបានប្រឹងប្រែង ខ្នះខ្នែងឃ្មាតខ្មី លីសែង គាស់កាប់ យប់ថ្ងៃ ចំណាយកម្លាំង ចូកចាំង ទាំងឈឺ ទាំងជាមិនហ៊ានសម្រាកប្រឹងរកយកប្រាក់ទុកឱ្យកូនបានរៀនខ្ពស់ យកចំណេះជាទ្រព្យសុខ ទ្រព្យឧត្តមសមសួនសម្រាប់ជីវិត កុំឱ្យជាន់ដានម៉ែពុក។ ចូរកូនចាត់ទុកចំណេះវិជ្ជានេះថាជាទ្រព្យ ដែលម៉ែពុកបានចែកទៅចុះ។
កូនដឹងទេ? មិនមែនមនុស្សទាំងអស់សុទ្ធតែបានរៀនសូត្រខ្ពង់ខ្ពស់ដូចកូនឡើយ។ មានមនុស្សរាប់រយលាននាក់ក្នុងពិភពលោកដែលកំពុងគ្មានឱកាសចូលរៀនសោះស្របពេលអ្នកមានឱកាសខ្លះ កំពុងពិបាកចិត្តមិនដឹងរៀនអ្វី។ កុមាររាប់លាននាក់កំពុងរត់គេចពីសង្គ្រាម សុំតែរស់ ឯកូនពុកឯណេះកំពុងអង្គុយក្នុងថ្នាក់ស្រួលមានហូបចុកគ្រប់គ្រាន់។ បើកូនប្រៀបធៀបចំណុចទាំងអស់នេះកូននឹងគិតថា ឱកាសនៃការអប់រំដែលកូនបានពេលនេះជាអំណោយបុណ្យលាភដ៏មហាសាល មានតម្លៃជាអនេកដែលកូនត្រូវប្រើប្រាស់ចំណេះទាំងនេះ តែក្នុងផ្លូវល្អជានិរន្តរ៍តទៅ។
កូនមាសឪពុក! ព្រោះកូននឹងចេញធ្វើការអាចនឹងជួបភពប្រសព្វ ដៃគូជីវិតនាពេលខាងមុខ ដូច្នោះហើយក្នុងឱកាសនេះពុកសូមផ្តាំឱ្យកូនពុកចងចាំកត់ចំណាំតទៅ ចំពោះគុណ ៣ ដែលកូនជំពាក់ និងរបៀបសងគុណទាំងនេះ។ ការនឹករឭក និងតបស្នងគុណទាំង ៣ នេះកូននឹងបានសុខចម្រើនក្នុងជីវិតគ្រួសារ និងការងារទាំងពួង។
គុណទី១៖ គឺកូនជំពាក់គុណរបស់ម្តាយឪពុក ព្រោះលោកបានប្រឹងចិញ្ចឹមបីបាច់ថែរក្សា។ កូនត្រូវសងគុណលោកដោយការកសាងគ្រួសារមានប្តីប្រពន្ធ មានកូនចៅ បន្តពូជពង្សវង្សត្រកូល និងលើកកិត្តិយសពូជពង្សវង្សត្រកូលរបស់កូនឱ្យបានខ្ពស់ប្រសើរលើសដើម។ ម៉ែពុកមិនចង់ឱ្យកូនមកចិញ្ចឹមម៉ែពុក និងរស់នៅដូចកាលម៉ែពុកចិញ្ចឹមកូនទេ ព្រោះម៉ែពុកដឹងថា មនុស្សចាស់រអ៊ូច្រើន ឆាប់ខឹង មិនទាន់សម័យ តែថា អំពើល្អរបស់កូនជាគំរូដល់ជនផងទាំងពួងផង ដល់កូនចៅប្រុសស្រីរបស់កូនផង និងបង្ហាញពីការគោរពវប្បធម៌សាសនានៃកូនផង។ កាលកូននៅឆ្ងាយ សូមកូននឹកម៉ែពុកផង ព្រោះកូនទទួលបានអ្វីគ្រប់យ៉ាង គឺគាត់ជាអ្នកផ្តល់ឱ្យដោយលោកយកសាច់ឈាមមកប្តូរ។ ដឹងគុណគាត់ ចិញ្ចឹម គាត់ គឺជាការបូជាដល់ព្រះអាទិទេព ហើយកូននឹងចម្រើន។
គុណទី២៖ កូនបានជំពាក់គុណរបស់គ្រូបាអាចារ្យដែលបានបង្ហាត់បង្រៀន ប្រៀនប្រដៅ ផ្តល់ចំណេះ និងជំនាញ។ កូនគ្រប់រូបត្រូវសងគុណគ្រូបាអាចារ្យ ដោយការគោរពឱវាទរបស់លោក ចែករំលែកចំណេះដឹងដល់អ្នកដទៃ បន្តរៀនសូត្រខ្លួនឯង និងយកចំណេះជំនាញទាំងអម្បាលម៉ានទៅប្រើប្រាស់ក្នុងផ្លូវល្អ ជួយខ្លួនឯងផង ជួយគ្រួសារផង និងជួយសង្គមជាតិផង។ ចូរកូននឹកសាលា ដែលកូនធ្លាប់រៀនសូត្រផង ព្រោះជាកន្លែងដែលជួយបណ្តុះបណ្តាល កូនឱ្យក្លាយជាធនធានល្អ ជួយកូនឱ្យមានការងារល្អ មានមុខមានមាត់ តំណែងបុណ្យយសសក្តា។ នឹកគ្រូផង ព្រោះបើគ្មានពួកគាត់ កូនគ្មានថ្ងៃនេះ និងអនាគតបែបហ្នឹងឡើយ។ កូនត្រូវចាំថា ការចងចាំគាត់ ការគោរពគាត់ គឺជាការឱ្យតម្លៃចំណេះវិជ្ជា។
គុណទី៣៖ ក្នុងនាមជាពលរដ្ឋ កូនបានជំពាក់គុណរបស់ជាតិដែលបានផ្តល់ការការពារ សន្តិសុខ សន្តិភាព អត្តសញ្ញាណជាដើមដែលពលរដ្ឋគ្រប់រូបត្រូវសងដោយការការពារសាសនា វប្បធម៌ ស្តាប់មេដឹកនាំ គោរពច្បាប់ជាតិ បរិច្ចាគធនធានមានចិត្តស្នេហាជាតិ បណ្តុះគំនិតជាតិនិយមហ៊ានតស៊ូលះបង់អាយុជីវិត ដើម្បីការពារជាតិមាតុភូមិឱ្យគង់វង្ស ឱ្យសុខសន្តិភាពមនោរម្យ ស្ថិរភាពសង្គមតទៅ។ បើកូនបានធូរធារហើយ ចូរកូនជួយជាតិផង ព្រោះសង្គមជាតិផ្តល់អ្វីគ្រប់យ៉ាង ទាំងគ្រួសារ សាសនា ការអប់រំជាដើមដល់កូន។ កុំគិតគ្រួសារពេក ព្រោះបើគ្មានជាតិ គ្រួសារក៏គ្មាន។ កាលបើកូនជួយសង្គមជាតិមានន័យថាកូនជួយខ្លួនឯង។
មួយវិញទៀតកូនត្រូវរាប់អានញាតិឱ្យបានច្រើនជួយសង្គ្រោះញាតិ ការពារអ្នកទន់ខ្សោយក្នុងនាមជាមនុស្សជាតិដូចគ្នា និងជាតិសាសន៍តែមួយ។ កុំភ្លេចសរសើរពីជាតិយើងផង ពេលកូនជួបប្រាស្រ័យទាក់ទងជាមួយសាសន៍គេ។ បើសាសន៍យើង ចូរកូនកុំកំណាញ់ឱកាសឱ្យសោះ ការផ្តល់ឱកាសដល់អ្នកដទៃជាការផ្តល់ឱកាសដល់ខ្លួនឯង។ កូនពុកក៏ត្រូវចងចាំដែរថា ក្នុងនាមជាពលរដ្ឋនៃជាតិម្នាក់ កូនជាសសរទ្រូង ១ ដើម កូនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ស្រាល្បែងពាលាអាវាសែ នាំបង់ខាតកិត្តិយស អស់ទ្រព្យ បែកបាក់ គ្រួសារ និងកើតរោគាផ្សេងៗ។ បើកូនចង់ជួយជាតិ កូនត្រូវតែជាពលរដ្ឋដែលមានសុខភាពល្អ និងមានចំណេះជំនាញ ព្រោះជាតិដែលខ្លាំង មិនមែនជាតិមានមនុស្សច្រើនឡើយ តែជាជាតិដែលមានរាស្ត្រសុខភាពល្អ មានចំណេះ ជំនាញអាចធ្វើការងារប្រកបរបរចិញ្ចឹមជីវិត និងមិនមែនជាបន្ទុករបស់ជាតិ។ សុខភាពល្អរបស់កូនជាលាភដ៏ឧត្តមរបស់កូន របស់គ្រួសារ និងជាតិ។
កូនពុក! វ័យពុកកាន់តែចាស់ជ្រេណាស់ទៅហើយ ភ្នែកក៏ព្រឹលស្រវាំង កម្លាំងក៏ខ្សោយ ចុករួយស្រពន់ ទន់រសោះអស់ជើងដៃ គ្មាន ថ្ងៃស្រាកស្រាន្ត។ ថ្ងៃណាមួយ ពុកប្រហែលជាមិនអាចនឹងនៅជាខ្នងបង្អែកជួយចែករំលែក ប្រឹក្សាកិច្ចការជីវិតជាមួយកូនបានដូចមុនឡើយ។ កាលបើមិនមានវត្តមាន ពុក ចូរកូនចងចាំថា អំពើល្អរបស់កូន រមែងទទួលបានពរជ័យពីម៉ែពុក និងទេវតា។ កូនត្រូវយកចំណេះវិជ្ជាដែលកូនប្រឹងសន្សំមកប៉ុន្មានទៅប្រើប្រាស់ក្នុងផ្លូវល្អ ជួយ ខ្លួនឯង ជួយគ្រួសារ និងជួយជាតិ។ ក្នុងកាលៈទេសៈបែបណាក៏ដោយ ចូរកូនកុំប្រមាថ និងប្រែប្រួលឃ្លាតចាកពីភាពជាអ្នកចេះដឹងរបស់កូន ដូចជាអំពៅមិនប្រែប្រួលរសផ្អែម ទោះស្ថិតក្នុងឃ្នាបដូច្នោះដែរ។
ម៉ែពុកសង្ឃឹមថា កូននឹងបានទទួលគតិខ្លះពីលិខិតរបស់ពុកថ្ងៃនេះសម្រាប់ដឹកនាំជីវិត។ ចុងបញ្ចប់ ម៉ែពុក សូមជូនពរកូនឱ្យបានសុខចម្រើន ជោគជ័យ តរៀងទៅ៕
ពីពុករបស់កូន
បណ្ឌិត ដុំ វណ្ណៈ សាស្ត្រាចារ្យរង សាកលវិទ្យាល័យ កម្ពុជា