បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​ដែល​មាន​ស្នាមញញឹម​ដ៏ស្រស់​ស្អាត​គឺ​កំពុង​រីករាយ​ជាមួយ​នឹង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ដោយ​ឈរ​លើ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។

ប្រជាជន​កម្ពុជា​ពិតជា​មាន​ទំនុក​ចិត្ត​ខ្ពស់​ និង​សេចក្តី​សង្ឃឹម​យូរអង្វែង​ចំពោះ​អនាគត​ដ៏ភ្លឺស្វាង​សម្រាប់​ប្រជាជាតិ​របស់​ខ្លួន​។ មិន​គួរ​នរណា​ម្នាក់ ពុត​សម្តែង​ធ្វើ​ជា​មាន​ការ​ភ័យខ្លាច​នៅ​ក្នុង​ប្រទេស​មួយ​ដែល​បាន​ផ្លាស់ប្តូរ​ដ៏ប្រសើរ និង​កំពុង​រីកចម្រើន​លើ​គ្រប់​វិស័យ​នោះ​ទេ​។

ឥឡូវ​នេះ​មនុស្ស​គ្រប់ៗ​រូប​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ​តាម​គ្រប់​មធ្យោបាយ ហើយ​យើង​ក៏​បាន​ឆ្លង​ផុត​ការភ័យខ្លាច​គួរ​ឲ្យ​រន្ធត់​ក្នុង​របប​ខ្មែរក្រហម​យូរ​មក​ហើយ​​ដែរ​។ អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ដោយ​ហួស​ចិត្ត នោះ​គឺ​នៅ​ត្រង់​អ្នក​គ្មាន​​ភាពស្មោះត្រង់​ក្នុង​ការ​ធ្វើ​កិច្ចការ​តាម​តួនាទី រួមចំណែក​ឲ្យ​ប្រទេស​ជាតិ​បាន​រីកចម្រើន ហើយ​ផ្ទុយ​ទៅ​វិញ​អ្នក​បែរ​ជា​បំភ័យ​ខ្លួនឯង និង​បន្ត​ធ្វើ​តែ​សកម្មភាព​ដែល​បំផ្លាញ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​ទៅ​វិញ​ទេ​។

ជា​ការ​ច្បាស់​ណាស់​ថា សេរីភាព​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ​គឺ​នឹង​មិន​ដំណើរការ​នៅក្នុង​សង្គម​ដែល​គ្មាន​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ដ៏សម្បូរបែប​នោះ​ទេ​។ ខ្ញុំ​ធ្លាប់​បាន​និយាយ​រួច​ហើយ​ថា​៖ «​ប្រសិន​បើ​ប្រទេស​ជាតិ​មួយ គ្មាន​ការរីក​ចម្រើន​ខាង​សេដ្ឋកិច្ច​នោះ​វោហារស័ព្ទ ប្រជាធិបតេយ្យ ប្រែ​ថា​គ្មាន​ន័យ​អ្វី​ទាំងអស់​»​។

ខ្ញុំ​គិត​ថា​យើង​ទាំងអស់​គ្នា​អាច​យល់ស្រប​ថា ប្រសិន​បើ​យើង​មើល​លើ​ទិដ្ឋភាព​ទូលាយ ប្រជាធិបតេយ្យ មិនមែន​សំដៅ​តែ​លើ​ការបោះឆ្នោត​ និង​សេរីភាព​នយោបាយ​នោះ​ទេ ក៏​ប៉ុន្តែ​សុខុមាលភាព និង​គុណភាព​របស់​ប្រជាធិបតេយ្យ គឺ​ត្រូវ​តែ​អាស្រ័យ​លើ​ភាព​រុងរឿង​របស់​ប្រទេសជាតិ​តាមរយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​ប្រទេស​មាន​សន្តិភាព​រឹងមាំ​យូរអង្វែង​សិន​។

ក្នុង​ប្រជាធិបតេយ្យ​យើង​ត្រូវ​បង្កើត​ជម្រើស​ឲ្យ​បាន​ច្រើន​មាន​ន័យ​ថា ក្នុង​ពេល​ដែល​យើង​ទាមទារ​សេរីភាព​នយោបាយ ក៏​កុំភ្លេច​ថា​ដៃ​ម្ខាង​ទៀត​នោះ​យើង​ក៏​ត្រូវ​តែ​ចូលរួម​ចំណែក​ជំរុញ​ឱ្យ​មាន​វិបុលភាព​ និង​ការរីកចម្រើន​ខាង​​សេដ្ឋកិច្ច​ផង​ដែរ​។ ចំណុច​នេះ​បរទេស​ខ្លះ និង​បក្ស​ប្រឆាំង​ខ្លះ​បាន​មើល​រំលង​ហើយ​កំពុង​ព្យាយាម​បំផ្លាញ​ឆ្នាំងបាយ​កម្មករ​ និង​សេដ្ឋកិច្ច​កម្ពុជា​។ នេះ​ជា​ការ​ខុសឆ្គង​ដ៏អសីលធម៌ និង​គ្មាន​ការទទួល​ខុសត្រូវ​។

ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ពិតជា​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ប្រៀប​បាន​ជា​មនុស្ស​ពេញវ័យ ហើយ​ក៏​កំពុង​រីកលូតលាស់​តាម​ស្មារតី​នីតិរដ្ឋ និង​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា​។

មាត្រា​ ៥១ ​ថ្មី​ជំពូក​ទី​ ៤ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ស្តីពី​របប​នយោបាយ​បាន​ចែង​ថា​៖ «​ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​។ ប្រជាពលរដ្ឋ​ខ្មែរ​គឺជា​ម្ចាស់​វាសនា​នៃ​ប្រទេស​​ជាតិ​របស់​ខ្លួន​»​។ ​ចំណុច​ពិសេស​​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា គឺ​បាន​ហាមឃាត់​មិន​ឲ្យ​ផ្តួចផ្តើម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើ​ចំណុច​សំខាន់​ ២ គឺ​៖ ​ទី​ ១- របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង ទី​ ២- ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​ប្រទេស​កម្ពុជា​។

វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​ឆ្លុះបញ្ចាំង​ និង​រំលេច​ឲ្យ​ឃើញ​​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ត្រឹម​តែ​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ ប៉ុន្តែ​កម្ពុជា​ក៏កំពុង​ជំរុញ​ប្រជាធិបតេយ្យ​លើ​ការអនុវត្ត​ជាក់​ស្តែង​ផង​ដែរ ពីព្រោះ​យើង​ឱ្យ​តម្លៃ​តួនាទី​ក្នុង​ប្រជាធិបតេយ្យ​គឺ​មិនមែន​សម្រាប់​តែ​សំឡេង​របស់​គណបក្ស​ប្រឆាំង​ដែល​ចាំ​តែ​ជំទាស់ បន្ទុច​បង្អាក់ ឬ​ប្រមាថ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ផ្តល់​ឱកាស​ និង​តម្លៃ​ដល់​សំឡេង​ដែល​សមហេតុ​សមផល និង​មាន​ភាពប្រាកដ​និយម​របស់​ប្រជាជន​យើង​គ្រប់ៗ​រូប ទាំង យុវជន ស្ត្រី ជនជាតិ​ដើម​ភាគតិច សាសនា និង​គំនិត​ស្ថាបនា​ជា​វិជ្ជមាន​ទាំងឡាយ​ក្នុង​ការផ្តល់​ធាតុ​ចូលរួម​ចំណែក​ស្ថាបនា​សង្គម​ជាតិ​យើង​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ​ដែរ​កម្ពុជា​ក៏​កំពុង​ខិតខំ​យ៉ាង​ខ្លាំង​កសាង​នូវ​​មូលដ្ឋាន​សង្គម​ដើម្បី​គាំទ្រ​ដល់​សេរីភាព​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ ឲ្យ​មាន​សុខភាព​ល្អ ពីព្រោះ​សេរីភាព​នយោបាយ​គឺ​សម្រាប់​មនុស្ស​គ្រប់ៗ​រូប​ និង​សម្រាប់​ទាំងអស់​គ្នា​។ វា​មិនមែន​គ្រាន់តែ​សម្រាប់​គណបក្ស​មួយ​ ឬ​ក្រុម​ណា​មួយ​ទេ​គឺ​សម្រាប់​ផលប្រយោជន៍​របស់​ប្រជាជាតិ​កម្ពុជា​ទាំង​មូល​។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ដូចជា ផ្លូវថ្នល់ ផ្លូវ​រថភ្លើង កំពង់ផែ ស្ពាន ខ្សែកាប និង​បច្ចេកវិទ្យា ដើម្បី​គាំទ្រ​ការតភ្ជាប់ និង​ការ​សមាហរណកម្ម​លើ​គ្រប់​វិស័យ​ទាំងអស់​។ តាមរយៈ​ការធ្វើ​ដូច្នេះ​យើង​ជឿជាក់​ថា ដរាប​ណា​សង្គម​ជាតិ​មាន​ភាព​រុងរឿង​ខាង​សេដ្ឋកិច្ច នោះ​ទើប​សេរីភាព​នយោបាយ​ដ៏ត្រឹមត្រូវ និង​ដោយ​សីលធម៌​កាន់តែ​បន្ត​រីកចម្រើន​។

ជីវភាព​ប្រជាជន​គឺជា​កត្តា​សំខាន់​ណាស់​ដើម្បី​បង្កើត​លទ្ធភាព​ និង​ឱកាស​ដល់​ប្រជាជន​ឲ្យ​ចូលរួម​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​។ ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ជា​រៀងរាល់​ឆ្នាំ​ដល់​មន្ដ្រីរាជការ​ក្នុង​សេវាសាធារណៈ ក៏​ដូចជា​ការបង្កើន​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​និយោជិត​នៅ​ក្នុង​វិស័យ​ឯកជន​។ គុណភាព​ជីវិត​របស់​ប្រជាជន​កាន់តែ​ប្រសើរឡើង​ត្រូវ​បាន​ឆ្លុះបញ្ចាំង​នៅក្នុង​សូចនាករ​សេដ្ឋកិច្ច ជាពិសេស​ការកើនឡើង​ជា​លំដាប់​នូវ​ផលិតផល​ក្នុង​ស្រុក​​សរុប​។ អត្រា​ភាពក្រីក្រ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​សម្រេច​បាន​លើស​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ទៀត​ផង​។ ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​បាន​កើនឡើង​ជាមួយ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​។

សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រេច​បាន​នូវ​កំណើន​យ៉ាង​ឆាប់​រហ័ស​ដោយ​រក្សា​អត្រា​កំណើន​ ៧ ​ភាគរយ​ក្នុង​រយៈពេល​ជិត​ ២០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រកប​ដោយ​និរន្តរភាព និង​សមធម៌​។ ជាង​នេះ​ទៀត​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន​បំផុត​នៅ​អាស៊ី​។

ជាមួយ​នឹង​សមិទ្ធផល​ខាងលើ​កម្ពុជា​ក៏​ប្រឈម​បញ្ហា​ដ៏ធំ​មួយ​នៅ​ត្រង់​ថា តើ​ត្រូវ​បង្រៀន​ពួក​ប្រឆាំង​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ថ្លៃថ្នូរ និង​ដោយ​ការទទួល​ខុសត្រូវ​ដោយ​របៀប​ណា​? ​ពីព្រោះ​ពួកគេ​ប្រើប្រាស់​សេរីភាព​នយោបាយ​ហួស​​ហេតុ ដើរ​ចេញ​ពី​ការអភិវឌ្ឍ​ជាតិ និង​ថែម​ទាំង​បំផ្លាញ​កិត្តិយស​ និង​ផលប្រយោជន៍​ជាតិ​ផង​ដែរ​។ ពួកគេ​ទាមទារ​ចង់​បាន​ការបោះឆ្នោត ក៏​ប៉ុន្តែ​ពួកគេ​តែងតែ​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​។

ពួកគេ​និយាយ​ថា ​​ពួកគេ​ចង់​បាន​សង្គម​មួយ​មាន​នីតិរដ្ឋ ក៏​ប៉ុន្តែ​ពួកគេ​បែរ​ជា​រំលោភ​ច្បាប់ ហើយ​ប្រមាថ​តួនាទី​របស់​ព្រះមហាក្សត្រ​។ ពួកគេ​ចង់​ឱ្យ​សំឡេង​របស់​ពួកគេ​បាន​ឮ ក៏​ប៉ុន្ដែ​ពួកគេ​បែរ​ជា​បដិសេធ​ឆន្ទៈ​សិទ្ធិ​របស់​ប្រជាជន​ភាគច្រើន​​លើសលប់​ដែល​នេះ​ផ្ទុយ​ពី​ស្មារតី​ប្រជាធិបតេយ្យ​ដែល​និយាយ​ថា សំឡេង​ភាគច្រើន​ដឹកនាំ​។

បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​មាន​គណបក្ស​នយោបាយ​ចំនួន​ ៣៦ ​កំពុង​ធ្វើ​សកម្មភាព​នយោបាយ បន្ទាប់ពី​គណបក្ស​ចំនួន​ ២០ ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ដោយសារ​គេ​បាន​រំលោភបំពាន​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។ សមាគម​ និង​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ជាង​ ៥ ​ពាន់​អង្គភាព ត្រូវ​បាន​ចុះ​បញ្ជី​ និង​កំពុង​ដំណើរការ​។ នៅក្នុង​វិស័យ​សារព័ត៌មាន​មាន​អង្គការ​ព័ត៌មាន​ជាង​ ៦០០ ​ស្ថាប័ន​ដែល​រួមមាន​កាសែត​ភាសា​បរទេស​ផង​ដែរ​។

ស្រដៀង​គ្នា​ទៅ​នឹង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភពលោក​ដែរ ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សេរីភាព​នយោបាយ​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ត្រូវ​បាន​បន្ត​ពង្រឹង​តាមរយៈ​យន្តការ​ច្បាប់ ហើយ​នៅ​ទីណា​ក៏ដោយ ប្រទេស​ណា​ក៏ដោយ​គឺ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ធ្វើ​សកម្មភាព​ខុស​ច្បាប់ បង្ក​អស្ថិរភាព​សង្គម​ដែល​ឈាន​ដល់​បង្កើត​ឱ្យ​មាន​អស្ថិរភាព​នយោបាយ ប៉ះពាល់​សុវត្ថិភាព បំពាន​សណ្តាប់ធ្នាប់​សាធារណៈ ប្រមាថ​សេចក្តី​ថ្លៃថ្នូរ ប្រមាថ​កេរ្តិ៍​ឈ្មោះ​របស់​ជាតិ និង​បំពាន​អធិបតេយ្យ​ជាតិ​នោះ​ទេ​។

បរទេស​ទាំង​ឡាយ​ក៏​មិន​គួរ​ធ្វើ​មិន​ដឹង​មិន​យល់​នោះ​ដែរ​ថា កិច្ចខិតខំ​ប្រឹងប្រែង​​របស់​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់​ដោយ​ប្រកាន់​ខ្ជាប់​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ថ្មីៗ​នេះ​ទៅ​លើ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ដើម្បី​រារាំង​ការវិល​ត្រឡប់​វិញ​នៃ​អតីតកាល​ឃោរឃៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដែល​ខ្មែរ​ក្រហម​បាន​ញែក​ប្រជាជន និង​បំផ្លាញ​សង្គម​កម្ពុជា​ឲ្យ​ក្លាយ​ជា​ផេះផង់ ពោល​គឺ​បាន​បំផ្លាញ​ចោល​ទាំងស្រុង​នូវ​រចនាសម្ព័ន្ធ​នយោបាយ សេដ្ឋកិច្ច រដ្ឋបាល និង​សង្គម​កម្ពុជា​ទាំង​ស្រុង​។ ទន្ទឹម​នឹង​នេះ​ដែរ​កម្ពុជា​ក៏​បាន​និង​កំពុង​មើល​ឃើញ​​ពី​សោកនាដកម្ម​របស់​ប្រជាជន​នៅ​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​ផង​ដែរ​។ ការបំផ្លាញ​ជីវិត និង​ទុក្ខវេទនា​របស់​ជនភៀសខ្លួន​នៅ​តែ​ជា​បញ្ហា​ដ៏ឃោរឃៅ​នៅ​ចំពោះ​ភ្នែក​របស់​យើង​។ យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ជានិច្ច​នូវ​មេរៀន​បែប​នេះ​។

យើង​គប្បី​ទទួល​ស្គាល់​ថា ប្រជាធិបតេយ្យ​គឺជា​ដំណើរ​ដ៏វែងឆ្ងាយ មិនមែន​ដើរ​ដល់​នៅ​ត្រឹម​ថ្ងៃ​ស្អែក​ ឬ​ឆ្នាំ​ក្រោយ​នោះ​ទេ ពីព្រោះ​នយោបាយ​គឺ​គ្មាន​ក្បួន ហើយ​ប្រជាធិបតេយ្យ​ក៏​គ្មាន​ស្តង់ដារ​ដែរ​។ ក្នុង​បរិបទ​កម្ពុជា​គឺ​ពិតជា​មាន​តម្រូវ​ការអប់រំ​ប្រជាពលរដ្ឋ​អំពី​សិទ្ធិ​ និង​សេរីភាព ដើម្បី​ឱ្យ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​បាន​ដោយ​ត្រឹមត្រូវ​ដោយ​សីលធម៌ និង​ដោយ​ការទទួល​ខុសត្រូវ​។ វា​ប្រហែល​តម្រូវ​ឱ្យ​មាន​ដំណើរ​ដ៏វែង​ឆ្ងាយ​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​កសាង​អាកប្បកិរិយា​នយោបាយ​ចាស់ទុំ ជាពិសេស​ក្នុង​ចំណោម​សកម្មជន​ប្រឆាំង ពីព្រោះ​យើង​មិន​ចង់​ឱ្យ​មនុស្ស​ទាំងអស់​ចូលរួម​តែ​នៅ​ក្នុង​ជីវភាព​នយោបាយ ធ្វើ​នយោបាយ​ពិសពុល ប៉ុន្តែ​ភ្លេច​គិត​ថា ជីវភាព សេដ្ឋកិច្ច​សង្គម និង​តម្លៃ​វប្បធម៌​នៃ​ប្រទេស​​ជាតិ​ក៏​ជា​កត្តា​សំខាន់​ដូច​គ្នា​។

ខ្ញុំ​នៅ​តែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ដើម្បី​ធ្វើ​ឱ្យ​សេរីភាព​នយោបាយ និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​មាន​វិសាលភាព​កាន់តែ​ធំ​ទូលាយ គឺ​ចាំបាច់​ណាស់​ត្រូវ​ការអប់រំ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​យល់ដឹង​ដល់​ប្រជាជន​របស់​យើង​ថា យើង​ទាំងអស់​គ្នា​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សន្តិភាព ស្ថិរភាព លើក​កម្ពស់ និង​គោរព​នីតិរដ្ឋ ការពារ​ឯករាជភាព​ និង​អធិបតេយ្យភាព​របស់​ជាតិ​យើង​ឲ្យ​រឹងមាំ ពោល​គឺ​ការពារ​ផលប្រយោជន៍​កម្ពុជា​មុន​គេ​បង្អស់​ "Cambodia First" ​នោះ​សង្គម​ជាតិ​យើង​នឹង​បន្ត​ដើរ​ទៅ​មុខ​ព្រម​គ្នា​លើ​គ្រប់​វិស័យ ប្រកប​ដោយ​សុខដុមរមនា និង​កិត្តិយស​៕

ហ៊ុយ វណ្ណៈ

អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ