នៅពេល​មេដឹកនាំ​ប្រទេស​អាស៊ីអាគ្នេយ៍​មក​ដល់​ប្រទេស​អូស្ត្រាលី​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​ពួកគេ​បាន​គូសបញ្ជាក់​អំពី​សករាជ​ថ្មី​មួយ​នៅក្នុង​ទំនាក់​ទំនង​ដ៏យូរអង្វែង​បំផុត​មួយ​ក្នុង​តំបន់​នេះ​។

នេះ​គឺជា​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​លើក​ដំបូង​ដែល​ថ្នាក់ដឹកនាំ​ក្នុង​តំបន់​ទាំងអស់​បាន​ជួបប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។ ប៉ុន្តែ​ខណៈ​ដែល​កិច្ចប្រជុំ​កំពូល​នេះ​តំណាង​ឱ្យ​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​នោះ​វា​ក៏​នៅ​តែ​រក្សា​ប្រពៃណី​ការទូត​ដ៏យូរអង្វែង​ផង​ដែរ​។ ប្រទេស​អូស្ត្រាលី និង​រដ្ឋ​ទាំង ១០ នៅ​តំបន់​អាស៊ីអាគ្នេយ៍​គឺ​មាន​ទំនាក់ទំនង​ដ៏រឹងមាំ​បំផុត​មួយ​។

កាលពី ៤៤ ឆ្នាំ​មុន​ប្រទេស​អូស្ត្រាលី​បាន​ក្លាយ​ជា​ដៃគូ​ខាង​ក្រៅ​លើក​ដំបូង​គេ​បង្អស់​របស់​ប្លុក​នៃ​បណ្តា​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ឬ​ហៅ​កាត់​ថា​អាស៊ាន​មួយ​នេះ​។ យើង​បាន​រួម​គ្នា​នៅ​ក្នុង​ពេលវេលា​មួយ​ដែល​រដ្ឋ​ជាច្រើន​នៅក្នុង​តំបន់​នេះ​កំពុង​បោះជំហាន​ដំបូង​របស់​ខ្លួន​ជា​ប្រទេស​ឯករាជ្យ​ដើម្បី​ខិតខំ​ធ្វើឱ្យ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លួន​បាន​ប្រសើរ​ឡើង​។ ចាប់​តាំងពី​ពេល​នោះ​មក​អាស៊ាន​បាន​ជួយ​ប្រជាជន​ក្នុង​តំបន់​ឲ្យ​រីករាយ​ជាមួយ​នឹង​ពេលវេលា​ដ៏មាន​ស្ថិរភាព​គ្មាន​សង្គ្រាម​ធ្ងន់ធ្ងរ​រវាង​រដ្ឋ និង​រដ្ឋ​។

ស្ថិរភាព​នេះ​បាន​បង្កើត​ឲ្យ​មាន​ភាពរុងរឿង​ដែល​អនុញ្ញាត​ឱ្យ​សមាជិក​អាស៊ាន​ធ្វើការ​ជាមួយ​គ្នា​កាន់តែ​ជិតស្និទ្ធ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច ហើយ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​រីកចម្រើន​ជា​លំដាប់​សម្រាប់​ក្រុមគ្រួសារ​ជាច្រើន​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​។ ប្រទេស​អូស្ត្រាលី​តែងតែ​ឈរ​នៅ​ជាមួយ​អាស៊ាន​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​របស់​ខ្លួន​។ កិច្ចសហប្រតិបត្តិការ​របស់​យើង​បច្ចុប្បន្ន​នេះ​គឺ​កាន់តែ​មាន​ភាពទូលំ​ទូលាយ​។

គោលនយោបាយ​អន្តរជាតិ​របស់​អូស្ត្រាលី​ឆ្នាំ​ ២០១៧ ​បាន​បញ្ជាក់​ជាថ្មី​នូវ​អាទិភាព​ខ្ពស់​របស់​អូស្ត្រាលី​ស្តីពី​ការគាំទ្រ​ចំពោះ​អាស៊ាន ក៏​ដូចជា​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។

កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​របស់​ប្រទេស​អូស្ត្រាលី​បាន​ជួយ​ដោះស្រាយ​បញ្ហា​នានា ដូចជា​ការជួញដូរ​មនុស្ស និង​គាំទ្រ​ដល់​មហិច្ឆតា​របស់​អាស៊ាន​សម្រាប់​កំណើន​សេដ្ឋកិច្ច ហើយ​សង្គមជាតិ​របស់​យើង​គឺ​កាន់តែ​ខិតជិត​គ្នា​។ ជនអន្តោប្រវេសន៍​មកពី​អាស៊ី​អាគ្នេយ៍ និង​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​ជួយ​ប្រទេស​អូស្ត្រាលី​ឲ្យ​ក្លាយ​ជា​សង្គម​ពហុវប្បធម៌​ដែល​ជោគជ័យ​បំផុត​មួយ​នៅក្នុង​ពិភពលោក​។

បច្ចុប្បន្ន​នេះ​ស្ទើរតែ​ពាក់កណ្តាល​នៃ​ប្រជាជន​អូស្ត្រាលី​គឺ​បាន​កើត​នៅ​ក្រៅ​ប្រទេស​ ឬ​យ៉ាង​ហោច​ណាស់​មាន​ម្តាយ​ ឬ​ឪពុក​កើត​នៅ​ក្រៅ​ប្រទេស​។ អាស៊ាន គឺជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏ធំ​នេះ​ដោយ​មាន​ជនជាតិ​អូស្ត្រាលី​ជាង​មួយ​លាន​នាក់​បាន​អះអាង​ថា ពួកគេ​មាន​ជាប់​ពូជពង្ស​នឹង​អាស៊ាន​នេះ​បើ​តាម​ជំរឿន​ថ្នាក់​ជាតិ​ចុងក្រោយ​របស់​យើង​។ ទំនាក់​ទំនង​អាជីវកម្ម​ និង​ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី​ និង​អាស៊ាន​ក៏​បាន​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើង​ផង​ដែរ ដែល​បាន​ជួយ​កែលម្អ​ស្តង់ដារ​ការរស់នៅ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​តំបន់​។

ស្រូវ​សាឡី​ដែល​ត្រូវ​បាន​ដាំដុះ​ដោយ​កសិករ​អូស្ត្រាលី​គឺជា​សារធាតុ​ផ្សំ​ដ៏សំខាន់​នៅក្នុង​ការផលិត​មី​ដែលជា​អាហារ​សំខាន់​របស់​ក្រុម​គ្រួសារ​ជាច្រើន​ហើយ​អ្នក​អាច​រក​ទិញ​ទឹកដោះគោ​ដែល​ផលិត​ដោយ​ប្រទេស​អូស្ត្រាលី​ក៏ដូចជា​ចំណីអាហារ​ស្រស់ៗ​​ និង​វីតាមីន​ផ្សេងៗ​ទៀត​នៅ​តាម​ហាង​លក់​ទំនិញ​នានា​នៅ​ទូទាំង​តំបន់​នេះ​បាន​។

ប្រទេស​អូស្ត្រាលី​បាន​នាំ​ចូល​ពី​អាស៊ាន​មាន​ដូចជា​រថយន្ត សម្ភារ ទូរគមនាគមន៍ កុំព្យូទ័រ​គ្រឿង​ម៉ាស៊ីន និង​ផលិតផល​សម្រាប់​ផលិតកម្ម​ផ្សេងៗ​ទៀត​ដែល​កំពុង​កើនឡើង​ខ្លាំង​។

អាស៊ាន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អូស្ត្រាលី​ និង​នូវែលសេឡង់ ដែល​នៅ​តែ​ជា​ស្តង់ដារ​មាស​របស់​តំបន់​នេះ​សម្រាប់​បើកឱកាស​ធ្វើ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​។ ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កាន់តែ​វែងឆ្ងាយ អាស៊ាន និង​អូស្ត្រាលី​​ (​រួម​ជាមួយ​ប្រទេស​ចិន ឥណ្ឌា ជប៉ុន​កូរ៉េ និង​នូវែលសេឡង់​) កំពុង​ចរចា​គ្នា​អំពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​។

នេះ​គឺជា​គំនិត​ផ្តួចផ្តើម​របស់​អាស៊ាន ដើម្បី​កសាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​មាន​ស្រាប់​របស់​អាស៊ាន​នឹង​ជាមួយ​ដៃគូ​របស់​ខ្លួន​។ សមាជិក​អាស៊ាន​ចំនួន​ ៤ ​ក៏ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ផងដែរ​។ យើង​ក៏​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​ជាមួយ​ប្រទេស​សិង្ហបុរី​ម៉ាឡេស៊ី ថៃ និង​ ១ ​ទៀត​កំពុង​ដំណើរការ​គឺ​ប្រទេស​ឥណ្ឌូនេស៊ី​។

ជាការ​ពិតណាស់​សម្រាប់​ប្រទេស​អូស្ត្រាលី​ ៥ ​ប្រទេស​ក្នុង​ចំណោម ១៥ ប្រទេស​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំ​បំផុត​ជាមួយ​យើង​ឥឡូវ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​។ នៅក្នុង​វិស័យ​អប់រំ​សម្រាប់​គ្រួសារ​ដែល​ជ្រើសរើស​បញ្ជូន​កូនៗ​របស់​ពួកគេ​ឲ្យ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​គឺ​ភាគច្រើន​ពួកគេ​ជ្រើសរើស​ប្រទេស​អូស្ត្រាលី​ដោយ​មាន​និស្សិត​ប្រមាណ​ជិត​ ១០ ​ម៉ឺន​នាក់​មកពី​តំបន់​នេះ​បាន​ចុះ​ឈ្មោះ​ចូលរៀន​នៅ​ទី​នោះ ហើយ​កាលពី​ឆ្នាំ​មុន​មាន​ប្រជាពលរដ្ឋ​អាស៊ាន​ប្រមាណ​ ១,៤ លាន​នាក់​បាន​ចូល​មក​ប្រទេស​អូស្ត្រាលី​ដើម្បី​ធ្វើ​ការងារ ធ្វើ​អាជីវកម្ម និង​ធ្វើ​ដំណើរ​កម្សាន្ត​ហើយ​ជា​រៀងរាល់​ឆ្នាំ​ប្រជាជន​អូស្ត្រាលី​ប្រមាណ ៣ លាន​នាក់​បាន​ទៅ​ទស្សនា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន ដើម្បី​គយគន់​មើល​សម្រស់​​ធម្មជាតិ​ និង​ស្វែងយល់​បទពិសោធ​វប្បធម៌​របស់​ពួកគេ​។

ដូច​ដែល​ពលរដ្ឋ​អូស្ត្រាលី​ពេល​វិល​ត្រឡប់​មកកាន់​មាតុ​ប្រទេស​វិញ​បន្ទាប់ពី​ពួកគេ​ទៅ​ទស្សនា​ប្រទេស​ទាំង​នោះ​គឺ​ពួកគេ​នៅ​មាន​អារម្មណ៍​ជាប់​ដិតដាម​ពេញ​មួយ​ជីវិត​របស់​ពួកគេ ចំណែកឯ​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ដែល​មក​ទស្សនកិច្ច​នៅ​ទីក្រុង​ស៊ីដនី​នេះ​នឹង​ជួយ​បង្កើន​ទំនាក់​ទំនង​កាន់តែ​ខ្លាំង​ឡើង​ហើយ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​យើង​ទាំងអស់​គ្នា​។

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី ដែល​លោក​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ​គឺ​មាន​បំណង​បង្កើន​កិច្ចការពារ​សន្តិសុខ និង​វិបុលភាព​។ តួនាទី​ដ៏សំខាន់​សម្រាប់​រដ្ឋាភិបាល​ទាំងអស់​នោះ​គឺ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​របស់​ពួកគេ​រស់នៅ​ដោយ​មាន​សុវត្ថិភាព​សុខក្សេមក្សាន្ត និង​មាន​សេរីភាព​។

តំបន់​របស់​យើង​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដូច្នេះ​ហើយ​យើង​មិន​អាច​ដោះស្រាយ​តែ​ម្នាក់ឯង​បាន​ទេ​។ ការការពារ​ប្រជាពលរដ្ឋ​របស់​យើង​ពី​ហានិភ័យ​ផ្សេងៗ​ និង​ពី​ក្រុម​ភេរវករ​ជា​កាតព្វកិច្ច​ដ៏សំខាន់​បំផុត​មួយ​ដែល​ទាមទារ​ឲ្យ​យើង​ចែករំលែក​ចំណេះដឹង​ និង​ជំនាញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ហើយ​ប្រទេស​អូស្ត្រាលី​ និង​អាស៊ាន​បាន​ធ្វើការ​រួម​គ្នា​ជាយូរ​មក​ហើយ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការគំរាមកំហែង​ទាំង​នេះ​។

កិច្ចប្រជុំ​កំពូល​នេះ​ក៏​នឹង​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការគំរាម​កំហែង​ណាមួយ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មីៗ​ និង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​ជាដើម​ហើយ​នៅ​ទីបញ្ចប់ កិច្ចប្រជុំ​កំពូល​នេះ​នឹង​បង្កើត​ភាពជោគជ័យ​មួយ​ក្នុង​ចំណោម​ជោគជ័យ​ធំៗ​បំផុត​របស់​អាស៊ាន​គឺ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​។ ​ទាំង​ប្រទេស​អូស្ត្រាលី​ និង​អាស៊ាន​បាន​បង្ហាញ​ថា យើង​កាន់​តែ​មាន​ភាព​ល្អប្រសើរ​ឡើង​ ខណៈ​ដែល​សេដ្ឋកិច្ច​ និង​អាជីវកម្ម​របស់​យើង​កាន់តែ​ខិត​ទៅ​ជិត​គ្នា​។ ប្រទេស​អូស្ត្រាលី​រីករាយ​នឹង​ឆ្នាំ​ទី​ ២៧ ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​រីកចម្រើន​ឥត​ឈប់ឈរ​។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាស៊ាន​បាន​កើនឡើង ៤ ​ដង​នៅក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​កន្លង​មក​នេះ​ដែល​បង្កើត​ឱ្យ​មាន​មនុស្ស​ឋានៈកណ្តាល​ថ្មី​កាន់តែ​ច្រើន​។ កិច្ចប្រជុំ​កំពូល​នេះ​នឹង​ប្រមូលផ្តុំ​អ្នក​ជំនួញ​មកពី​ក្រុមហ៊ុន​ពហុជាតិ​រហូត​ដល់​ក្រុមហ៊ុន​តូចៗ ដើម្បី​លើក​កម្ពស់​អាជីវកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ជិតស្និទ្ធ​គ្នា​។

អនាគត​ដ៏​មាន​សុវត្ថិភាព​ និង​វិបុលភាព​នឹង​មិន​អាច​កើតឡើង​ដោយ​ឯងៗ​បាន​ទេ​។ អំណាច​ត្រូវ​បាន​ផ្លាស់ប្តូរ​ហើយ​ការប្រកួតប្រជែង ដើម្បី​អំណាច​ត្រូវ​បាន​សាកល្បង​សម្រាប់​តំបន់​របស់​យើង​នេះ​។ វា​អាច​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​កើតឡើង​ដែល​តំបន់​របស់​យើង​មិន​រំពឹង​។ ប៉ុន្តែ​យើង​អាច​បង្កើត​គោលនយោបាយ​នានា​ដែល​ជួយ​លើកកម្ពស់​ការបើកចំហ​សេដ្ឋកិច្ច និង​ច្បាប់​គាំទ្រ​ដែល​ធ្វើឱ្យ​យើង​កាន់​តែ​មាន​សុវត្ថិភាព និង​ភាពរុងរឿង​កាន់តែ​ច្រើន​ជាង​មុន​។ ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន អូស្ត្រាលី​នេះ​គឺ​បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​ដ៏រឹងមាំ​របស់​ប្រទេស​អូស្ត្រាលី​ចំពោះ​អាស៊ាន​ និង​ចំណង​មិត្តភាព​ដ៏យូរអង្វែង​របស់​យើង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។

វា​អាច​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ ប៉ុន្តែ​បញ្ហា​ដែល​ពួកគេ​ជជែក​ពិភាក្សា​គ្នា​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ទាំងអស់​គ្នា​៕ NS

ដោយ​លោក Jane Duke ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​អាស៊ាន​។