ប៉ុន្មានថ្ងៃនេះការជជែកពីរឿងថា តើគួរទៅ ឬមិនគួរទៅបោះឆ្នោតកំពុងតែត្រូវបានលើកឡើងយ៉ាងផុសផុលក្នុងចំណោមអ្នកនយោបាយ និងអ្នកវិភាគ។
ក្នុងសង្គមប្រជាធិបតេយ្យ ការទៅបោះឆ្នោតជាកាតព្វកិច្ចមួយរបស់ពលរដ្ឋដែលត្រូវបំពេញក្នុងនាមជាម្ចាស់ប្រទេស។ យ៉ាងណាក៏ដោយការទៅបំពេញកាតព្វកិច្ចនេះ ឬក៏មិនទៅមិនត្រូវបានចាប់បង្ខំដោយច្បាប់ខ្មែរ ថាត្រូវតែបំពេញឡើយ។ មានន័យថា ទៅ ឬមិនទៅបោះឆ្នោតគឺជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋម្នាក់ៗ។ ថ្វីដ្បិតថា នេះជាសិទ្ធិ ប៉ុន្ដែពលរដ្ឋដែលមិនទៅបោះឆ្នោតដោយគិតថារឿងនយោបាយគ្មានពាក់ព័ន្ធអីនឹងខ្លួនអាចហៅថា ជាពលរដ្ឋអសកម្ម។
បើកាលណាចំនួននៃពលរដ្ឋអសកម្មចេះតែកើនឡើងច្រើនឡើងៗ រដ្ឋាភិបាលគួរតែមានវិធានការជំរុញឲ្យពួកគាត់ប្រែក្លាយជាសកម្មត្រឡប់មកចូលរួមតាមដានដឹងឮរឿងនយោបាយវិញតាមរយៈមូលហេតុសមរម្យ និងវិធានការជាក់លាក់ នោះវាមិនហៅថាជាការរំលោភសិទ្ធិបុគ្គលឡើយ។
វាជាសិទ្ធិបុគ្គលក៏ពិតមែន តែកាលណាការអនុវត្ដសិទ្ធិបុគ្គលជះឥទ្ធិពលអវិជ្ជមានដល់សង្គម នោះវិធានការរដ្ឋបាលណាមួយជំរុញកំណើននៃភាពសកម្មដែលឈរលើភាពសមរម្យមិនបំពានភាពថ្លៃថ្នូររបស់បុគ្គលមិនរាប់ថាជាការរំលោភសិទ្ធិបុគ្គលឡើយ។
ចំពោះរូបខ្ញុំផ្ទាល់វាជាការទទួលខុសត្រូវផ្នែកមនសិការសុទ្ធសាធដែលត្រូវតែទៅបោះឆ្នោត។ ខ្ញុំចាត់ទុកការបោះឆ្នោតថា ជាកាតព្វកិច្ចមួយដែលខ្ញុំត្រូវតែបំពេញ។ ខ្ញុំមានជម្រើស ២ ពេលទៅបោះឆ្នោត។ ទី ១ បោះឲ្យបក្សណាមួយដែលខ្ញុំពេញចិត្ដ ហើយមានវត្ដមានក្នុងសន្លឹកឆ្នោត។ ក្នុងករណីដែលមណ្ឌលណានោះ គ្មានវត្ដមានបក្សដែលខ្ញុំពេញចិត្ដទេ នោះខ្ញុំនឹងនៅតែចេញពីផ្ទះទៅបោះឆ្នោតដដែល ប៉ុន្ដែខ្ញុំនឹងសម្ដែងឆន្ទៈរបស់ខ្ញុំ តាមរយៈសន្លឹកឆ្នោតថា «គ្មានបក្សដែលខ្ញុំពេញចិត្ដក្នុងសន្លឹកឆ្នោតនេះទេ» ដោយការគូសមិនយកបក្សណាទាំងអស់។
សន្លឹកឆ្នោតបែបនោះនឹងត្រូវបានរាប់ថាជាសន្លឹកឆ្នោតមិនបានការ។ បើទោះបីជាសន្លឹកឆ្នោតនោះជាសន្លឹកឆ្នោតមិនបានការក៏ដោយ ប៉ុន្ដែសន្លឹកឆ្នោតមួយសន្លឹកនោះនឹងត្រូវបានគេរាប់ចំនួន។ វាជាការសម្ដែងឆន្ទៈរបស់ខ្ញុំដែលវាប្រសើរជាងការមិនទៅសម្ដែងឆន្ទៈដែលវាងាយនឹងច្រឡំ ជាមួយក្រុមអសកម្ម។
ប៉ុន្ដែគេក៏មិនអាចនិយាយបានថាសន្លឹកឆ្នោតដែលមិនបានការទាំងអស់ សុទ្ធតែឆ្លុះបញ្ចាំងនូវគំនិតថាអ្នកបោះឆ្នោត បោះគូសចោលមិនរើសបក្សណាទាំងអស់បានឡើយ។ ដោយសារតែកម្រិតយល់ដឹងពីរឿងបោះឆ្នោតរបស់ពលរដ្ឋយើងនៅមានកម្រិតទាបទើបពលរដ្ឋមួយចំនួន ពពីមពពើម ពេលគូសសន្លឹកឆ្នោតដែលដោយ អចេតនា ពួកគាត់បានគូសចេញក្រៅទីតាំងដែលគេកំណត់ឲ្យគូសជាហេតុធ្វើឲ្យសន្លឹកឆ្នោតរបស់គាត់ក្លាយជាសន្លឹកឆ្នោតមិនបានការ។
យ៉ាងណាក៏ដោយនោះជាអចេតនារបស់គាត់។ ផ្ទុយទៅវិញការសម្រេចចិត្ដគូសឲ្យសន្លឹកឆ្នោតរបស់ខ្លួនក្លាយទៅជាសន្លឹកឆ្នោតមិនបានការដូចដែលបានបង្ហាញខាងលើគឺធ្វើដោយឆន្ទៈធ្វើដោយចេតនាឲ្យវាកើតឡើង។ ប៉ុន្ដែវាមិនមែនកើតពីចេតនាចង់ឲ្យសន្លឹកឆ្នោតខ្លួន ក្លាយជាសន្លឹកឆ្នោតមិនបានការឡើយ តែមានតែតាមមធ្យោបាយនេះទេដែលអាចសម្ដែងឆន្ទៈសេរីថាគ្មានបក្សដែលខ្លួនពេញចិត្ដលើសន្លឹកឆ្នោត។ ចំពោះអ្នកគាំទ្រគំនិតបែបនេះគឺគេត្រូវតែទៅបោះឆ្នោត។
ក្នុងរឿងទៅ ឬមិនទៅបោះឆ្នោតនេះលោក សម រង្ស៊ី បានលើកឡើងម្ដងជា ២ ដង ៣ ដង និងមើលទៅគាត់នឹងនៅតែបន្ទរបែបនេះបន្ដទៀតថាកុំទៅបោះឆ្នោត ព្រោះគាត់ថាការទៅបោះឆ្នោតស្មើនឹងទៅគាំទ្ររបបផ្ដាច់ការ។ ទោះបីចំនួននៃអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិធ្លាក់ចុះខ្លះក៏ដោយបើពួកគាត់មិនចេញទៅបោះឆ្នោតមែន ហើយបូកនឹងពលរដ្ឋប្រហែល ២០ ភាគរយមិនទៅបោះឆ្នោតតាមទម្លាប់ រួមនឹងការបោះឆ្នោតធ្វើឡើងចន្លោះបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌដែលវាបង្កការលំបាកឲ្យពលករចំណាកស្រុកទាំងជិត ២ លាននាក់ត្រឡប់មកស្រុកដើម្បីបោះឆ្នោតនោះអត្រានៃអ្នកទៅបោះឆ្នោតនឹងមានចំនួនតិចគួរឲ្យកត់សម្គាល់ធៀបនឹងអាណត្ដិមុនៗ។ បែបនោះឃើញថាវានឹងនាំផលរមាស់ឲ្យបក្សកាន់អំណាចឈឺក្បាល។
និយាយទៅវាមានទៅពិបាកអី សម្រាប់អ្នកដែលមានគំនិតបែបនោះគ្រាន់តែពួកគេដេកផ្ទះមួយថ្ងៃ បើថ្ងៃនោះជាថ្ងៃសម្រាកការងារស្រាប់។ លើសពីនេះអ្នកទាំងនោះនឹងត្រូវបានលោក សម រង្ស៊ី ទាញយកថាជាអ្នកគាំទ្រគាត់ទាំងអស់ ដែលវាកាន់តែធ្វើឲ្យមានប្រៀបឈ្នះនៃសង្គ្រាមតួលេខធ្លាក់ទៅខាងលោក សម រង្ស៊ី។
ចំពោះមុខសភាពការណ៍រំពើតនេះបក្សកាន់អំណាចក៏ខំបកស្រាយទប់ខ្លាំងណាស់ដែរ ដោយការពារខ្លួនថាការអំពាវនាវមិនឲ្យទៅបោះឆ្នោតរបស់លោក សម រង្ស៊ី ជាការបង្កអសន្ដិសុខសង្គមហើយក៏បានចាត់វិធានការថានឹងបង្ក្រាបសកម្មភាពទាំងឡាយណាដូចជាការចែកខិត្តប័ណ្ណដែលលោក សម រង្ស៊ី អះអាងថានឹងបោះពុម្ពចែកចាយ។
ប៉ុន្ដែជាការគិតមិនដល់ឬយ៉ាងម៉េច ឬ មកពីគេទម្លាប់តែចូលចិត្ដលេងល្បែងល្បងប្រាជ្ញាដាក់គ្នាតាំងតែពីដើមក៏មិនដឹង ទើបមន្ដ្រីបក្សកាន់អំណាចខ្លះបានតបតវិញថា សូមពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាព្រោះនរណាដែលគ្មានស្នាមទឹកខ្មៅលើចង្អុលដៃ គឺមិនទៅបោះឆ្នោតស្មើនឹងអ្នកនោះគាំទ្រពួកឧទ្ទាមក្បត់ជាតិជាដើម។
នេះជាការលេងល្បែងយកឈ្នះសម្ដីគ្នារបស់លោកធំៗសុទ្ធសាធ។ ការទៅ ឬមិនទៅបោះឆ្នោតជាសិទ្ធិស្របច្បាប់របស់បុគ្គល។ ប៉ុន្ដែការទាញយកការទៅ ឬមិនទៅបោះឆ្នោតរបស់បុគ្គលណាម្នាក់មកបកប្រែតាមចិត្ដរបស់ខ្លួន ដើម្បីចំណេញនយោបាយឲ្យម្ខាងៗដែលខុសពីឆន្ទៈសេរីរបស់បុគ្គលដូចដែលលោកធំៗកំពុងតែធ្វើដាក់ពលរដ្ឋពេលនេះជាការរំលោភលើសិទ្ធិពលរដ្ឋ។ បក្សកាន់អំណាចព្យាយាមបដិសេធសម្ដីរបស់លោក សម រង្ស៊ី ថាជាការញុះញង់ពលរដ្ឋនៅពេលទន្ទឹមគ្នាបក្សកាន់អំណាចខ្លួនឯងក៏កំពុងតែប្រើរូបភាពដូចអ្វីដែលលោក សម រង្ស៊ី បានធ្វើដាក់ពលរដ្ឋដែរគ្រាន់តែភាគីទាំង ២ ឈរនៅម្ខាងម្នាក់ឈមមុខគ្នា។ ទាំង ២ ភាគីគឺកំពុងតែរំលោភលើសិទ្ធិស្របច្បាប់របស់ពលរដ្ឋដូចគ្នា។
គេកំពុងតែលេងល្បែងតួលេខដាក់គ្នាដែលស្ថានភាពបែបនេះវាបានផ្ដល់នូវសម្ពាធដល់ពលរដ្ឋមួយចំនួនដែលនៅមិនទាន់ដាច់ស្រេចថា គួរចេញមុខ ឬមិនចេញមុខក្នុងការគាំទ្របក្សណាមួយ។
ការបោះឆ្នោតត្រូវបានកំណត់ថា បោះដោយសេរី បោះដោយសម្ងាត់ តែការបកស្រាយការទៅ ឬមិនទៅបោះឆ្នោតរបស់ពលរដ្ឋតាមតែចិត្ដរបស់អ្នកនយោបាយពេលនេះជាការបំបែកនូវភាពសម្ងាត់នៃឆន្ទៈពលរដ្ឋក្នុងការបោះឆ្នោត។ លើសពីនេះបើការបំបែកភាពសម្ងាត់នេះត្រូវតាមឆន្ទៈពលរដ្ឋនោះជារឿងមួយ ប៉ុន្ដែវាមិនត្រូវថែមទៀត។
បើទៅបោះឆ្នោតមិនថាតែបោះឲ្យបក្សណាក៏បក្សប្រឆាំងចោទថា ជាអ្នកគាំទ្ររបបផ្ដាច់ការ ចំណែកឯមិនទៅបោះឆ្នោតត្រូវបានបក្សកាន់អំណាចកត់ត្រាថា ជាអ្នកគាំទ្រពួកឧទ្ទាមក្រៅច្បាប់។
ការធ្វើបែបនេះជាការព្រួតគ្នារំលោភសិទ្ធិស្របច្បាប់របស់ពលរដ្ឋ រឿងទៅ ឬមិនទៅបោះឆ្នោតផងជាការរំលោភឆន្ទៈសេរីរបស់ពលរដ្ឋក្នុងការគាំទ្របក្សនយោបាយផង។ ការរំលោភសិទ្ធិនេះធ្ងន់ធ្ងរអាចហៅថាជាការព្រួតរំលោភបូកដោយអ្នកនយោបាយមកលើពលរដ្ឋខ្លួនឯងគឺបក្សកាន់អំណាចក៏រំលោភ ឯបក្សប្រឆាំងក៏រំលោភ។
មានរឿងនិទានមួយដែលមានយក្សមួយបានកាលាខ្លួនជាស្ដ្រីម្នាក់មកលួចកូនតូចរបស់ស្ដ្រីម្នាក់។ កាលនោះអ្នកកាត់ក្ដីបានដាក់កូនតូចនៅកណ្ដាល ហើយឲ្យស្ដ្រីដែលអះអាងថាខ្លួនជាម្ដាយ និងស្ដ្រីម្នាក់ទៀតដែលជាអ្នកលួចកូន មកទាញដណ្ដើមកូនតូចនោះដោយនរណាទាញឈ្នះនឹងបានកូននោះ។ កាលបើត្រូវបានគេហែកទាញទារកឈឺយ៉ាងខ្លាំងក៏ស្រែកយំ។
កាលនោះស្ដ្រីដែលជាម្ដាយពិតអាណិតកូនខ្លួនខ្លោចចិត្ដដែលឃើញកូនឈឺចាប់ ក៏លែងដៃឈប់ទាញដោយចិត្ដសន្ដោសនៃភាពជាម្ដាយចំពោះកូន។ មើលមកទីលានទាញហែកដណ្ដើមកូនលើឆាកនយោបាយខ្មែរយើងបច្ចុប្បន្នវិញ បើនរណាមានចិត្ដជាម្ដាយដែលខ្លោចផ្សារកាំចិត្ដអាណិតកូនខ្លួននោះគេនឹងលែងដៃមុន។
បើគេគ្មានចិត្ដអាណិតពលរដ្ឋដែលកំពុងតែត្រូវបានគេហែកហួរញាំញីទេ នោះគេមិនលែងដៃឡើយ។ និយាយជាពិសេសចំពោះមន្ដ្រីរាជការដែលមាននិន្នាការប្រឆាំង តែលាក់មុខ ឬដែលគេហៅថា ក្រុមមេមាន់ដែលបណ្ដើរកូនទា បើកាលណាទៅធ្វើការ គេមិនឃើញមានប្រឡាក់ស្នាមទឹកខ្មៅលើចង្អុលដៃ មុខតែមេចំណាំក្នុងបញ្ជីខ្មៅមិនខាន ហើយបើគេចង់បានសុវត្ថិភាពការងារ ទោះបីគេគាំទ្របក្សប្រឆាំងក៏គេមិនហ៊ានថាមិនទៅបោះឆ្នោតដែរពេលនោះពួកគេក៏ត្រូវបានលោក សម រង្ស៊ី ចង្អុលមុខថាជាពួកគាំទ្រអំណាចផ្ដាច់ការ។ នេះជាការព្រួតរំលោភបូកទាំងសងខាងជាទម្រង់នៃការគាបសង្កត់ឆន្ទៈសេរីរបស់អ្នកបោះឆ្នោត។ បើភាគីអ្នកទាញម្ខាងជាម្ដាយពិត ម្ខាងជាយក្សនោះ អាចមានសង្ឃឹមថាកូននៅមានដង្ហើមរស់ ក៏ប៉ុន្ដែចុះប្រសិនបើភាគីទាំងសងខាង ម្ខាងណាក៏ជាយក្ស ម្ខាងៗទាញម៉ាទំហឹងមនុស្សចាស់ យកតែឈ្នះដៃរៀងៗខ្លួនបែបនេះសួរថា តើជាតិខ្មែរនឹងអាចរស់បានរហូតដល់ពេលណា? បក្សកាន់អំណាចបានបោះទីតាំងលើទីលាននេះជិត ៤០ ឆ្នាំហើយ ចំណែកឯលោក សម រង្ស៊ី ក៏ប្រឆាំងមកជិត ៣០ ឆ្នាំដែរហើយទាំងសងខាងសុទ្ធតែមុខមិនក្មេងទៀតទេ គួរណាស់តែមានយុទ្ធសាស្ដ្រតទល់គ្នាតាមបែបអ្នកចាស់ទុំនយោបាយជាងនេះ ជាជាងលេងតែល្បែងល្បងប្រាជ្ញាយកឈ្នះយកចាញ់សម្ដីគ្នា មើលតែកូនក្មេងហើយហែកហួរជាតិគ្មានអាសូរបន្ដទៀត។ ពេលដែលភាគីទាំង ២ លេងល្បែងហែកកូនដណ្ដើមគ្នាបែបនេះវាកាន់តែបង្ហាញពីកម្សោយផ្នែកយុទ្ធសាស្ដ្រនៃភាគីចាស់វស្សាទាំង ២ ប៉ុណ្ណោះ។ ម្ខាងដើរមួយជំហានមុន ម្ខាងចាំមើលហើយវាយបកតាមក្រោយ ឯម្ខាងទៀតក៏បន់ឲ្យតែភាគីម្ខាងទៀតអុកមុន ន្អាលនឹងខ្លួនមានក្រឡាដើរបន្ដ។ លោតទៅអុក និងការគេច វាគ្រាន់តែជាការលោតតាមដានជើងគ្នាតែប៉ុណ្ណោះ។ តើពិតជាគ្មានយុទ្ធសាស្ដ្រអីថ្មីក្រៅពីចាំលោតតាមគ្នាហើយអុកគ្នាដដែលៗតែប៉ុណ្ណឹងមែនទេ?
បែរមកពលរដ្ឋទូទៅវិញឃើញថាឲ្យត្រជាក់ល្ហឹម។ ចង់គេកុហកគេបោកប្រាស់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនក្រុមគេម្ដេចក៏ចេះតែនៅស្ងៀម។ ខ្លះក៏ដឹងរឿងនយោបាយខ្លះដែរ ហើយមានការព្រួយបារម្ភខ្លះ ខ្លះលោតែចេះខ្លាចចូលដល់លក្ខណៈខ្លាចជ្រុល តែខ្លះទៀតក៏មិនខ្ចីចង់ដឹងចង់ឮអ្វីទាំងអស់គិតតែសម្ងំសុខក្នុងផ្ទះ ហើយបើលោជាលោតវិញ ពេលខ្លះរាងជ្រុលៗលើសៗរហូតដល់អាចហៅបានថាប្រតិកម្មបែបមមិងមមាំងថែមទៀត។
ក្នុងស្ថានភាពនេះឲ្យតែលោតទទឹងទិស ដឹងតែត្រូវត្មោងម៉កមិនខាន។ បើកាលណាពលរដ្ឋមិនតាមដានអ្នកនយោបាយដោយយកចិត្ដទុកដាក់ទេ នោះពលរដ្ឋដែលជាម្ចាស់ប្រទេសនេះនឹងមានត្រឹមតែនាមជាម្ចាស់ប៉ុណ្ណោះ។ ប៉ុន្ដែអ្នកដែលមាននាមជាម្ចាស់នេះនឹងគ្មានថ្ងៃមានឱកាសមកសម្រេចពីជោគវាសនាជាតិដោយកណ្ដាប់ដៃខ្លួនឡើយ។
ក្នុងស្ថានភាពអាប់អួបែបនេះបើទោះបីជានរណាសម្រេចចិត្ដថា ទៅ ឬមិនទៅបោះឆ្នោត វាមិនសំខាន់អ្វីណាស់ណាស្មើនឹងថាតើអ្នកមានមូលហេតុអ្វីដែលសម្រេចថា ទៅ? ហើយតើអ្នកមានមូលហេតុអ្វីដែលសម្រេចថា មិនទៅ?
លើសពីនេះពលរដ្ឋម្នាក់ៗត្រូវតែសម្រេចដោយការយល់ដឹងច្បាស់ហើយសូមចងចាំថា គឺរូបអ្នកផ្ទាល់ដែលត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះការសម្រេចចិត្ដរបស់ខ្លួន។
បើកាលណាអ្នកសម្រេចបែបណារួចហើយ កាលណាអ្នកនៅតែបន្ទោសថា អ្នកនយោបាយនេះមិនស្ដាប់តាមរាស្ដ្របែបនេះបែបនោះ មានន័យថា អ្នកមិនបានទទួលខុសត្រូវលើការជ្រើសរើសរបស់ខ្លួនឡើយ៕
ប៉ាង វ៉ាន់ថោន , អ៊ីមែលៈ vanthownpang@yahoo.com