ប្រសិនបើរូបអ្នក ឬសមាជិកគ្រួសាររបស់អ្នកមានជំងឺគាំងបេះដូង ឬក៏រងគ្រោះធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ ឬត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺទឹកនោមផ្អែម តើអ្នកអាចទទួលបានការថែទាំសុខភាពដែលអ្នកត្រូវការដែរឬទេ?
ប្រមាណជាពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅលើពិភពលោកកំពុងបាត់បង់សេវាថែទាំសុខភាពជាមូលដ្ឋានរបស់ពួកគេហើយមនុស្សប្រមាណជិត ១០០ លាននាក់បានធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងជារៀងរាល់ឆ្នាំ ដោយសារតែការចំណាយលើសេវាថែទាំសុខភាពរបស់ពួកគេមានតម្លៃថ្លៃ។
ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលបានធ្វើឲ្យរីកចម្រើនយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះក្នុងការកែលម្អសេវាថែទាំសុខភាពទារក និងសុខភាពរបស់កុមារ និងដើម្បីធានាឱ្យមានការព្យាបាលអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍បានជាង ៨០ ភាគរយក៏ដូចជាការពង្រីកវិសាលភាពចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺផ្សេងៗផងដែរ។
ប៉ុន្តែបច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យកាន់តែច្រើនថែមទៀតដើម្បីធានាថាពលរដ្ឋទាំងអស់អាចទទួលបានសេវាថែទាំសុខភាពដែលមានគុណភាពល្អគ្រប់ៗគ្នា និងមានតម្លៃសមរម្យដែលប្រជាពលរដ្ឋទាំងអស់អាចទទួលយកបាន ហើយពាក្យបច្ចេកទេសសម្រាប់ចក្ខុវិស័យចុងក្រោយនេះគឺ «ផែនការសុខភាពសកល»។
អង្គការសុខភាពពិភពលោកត្រូវបានបង្កើតឡើងកាលពី ៧០ ឆ្នាំមុនគឺនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៤៨។ ជារៀងរាល់ឆ្នាំក្នុងថ្ងៃនេះវាត្រូវបានប្រារព្ធឡើងដោយរដ្ឋជាសមាជិកទាំងអស់របស់អង្គការសុខភាពពិភពលោកនៅទូទាំងពិភពលោកដែលគេស្គាល់ថាជា «ទិវាសុខភាពពិភពលោក»។
ដោយឆ្លុះបញ្ចាំងពីសារៈសំខាន់របស់វាប្រធានបទនៃទិវាសុខភាពពិភពលោកឆ្នាំនេះគឺការអនុវត្តផែនការសុខភាពសកល។
ហេតុអ្វីបានជាយើងត្រូវអនុវត្ត? ទោះបីជាមានការរីកចម្រើនសេវាថែទាំសុខភាពនៅជុំវិញពិភពលោកក្តីក៏មនុស្សជាច្រើននៅតែមានជំងឺដែលនៅមិនឆ្ងាយពីភាពក្រីក្រហើយនៅតែមានគម្លាតដែលមិនអាចទទួលយកបានក្នុងការទទួលបានសេវាថែទាំសុខភាពនេះ។ មិនថាមនុស្សទាំងនោះមិនមានលទ្ធភាព បង់ថ្លៃ ឬក៏ពួកគាត់រស់នៅឆ្ងាយពីកន្លែងផ្តល់សេវាថែទាំសុខភាព ឬខ្វះចំណេះដឹង ឬក៏ពួកគាត់ទទួលរងនូវការមាក់ងាយ ឬការរើសអើងអ្វីនោះទេគឺយើងត្រូវតែដោះស្រាយបញ្ហាទាំងអស់នោះដែលរារាំងពួកគេមិនឱ្យទទួលបានសេវាថែទាំសុខភាពដែលពួកគេត្រូវការជាចាំបាច់។ យើងមិនត្រូវអត់ឱនឱ្យអ្វីដែលមិនមានតុល្យភាពនេះទេ គឺពលរដ្ឋទាំងអស់មានសិទ្ធិទទួលបានសេវាថែទាំសុខភាពស្មើៗគ្នា។
ការអនុវត្តផែនការសុខភាពសកល (Universal Health Coverage) មានន័យថា ត្រូវដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ដើម្បីឱ្យមនុស្សទាំងអស់គ្នាអាចទទួលបាននូវសេវាថែទាំសុខភាពមួយដែលមានគុណភាពរួមទាំងថ្នាំពេទ្យដែលពួកគេត្រូវការដោយមិនចាំបាច់ប្រឈមនឹងបញ្ហាហិរញ្ញវត្ថុមិនថា ពួកគេជានរណារស់នៅទីណានោះទេ គឺពួកគេត្រូវតែទទួលបាននូវសេវាថែទាំសុខភាពដូចៗគ្នាដោយគ្មានការរើសអើងអ្វីទាំងអស់។
យើងទាំងអស់គ្នាត្រូវការការថែទាំដែលមានទាំងការលើកកម្ពស់សុខភាព និងការបង្ការជំងឺតម្កាត់ផ្សេងៗ ហើយយើងក៏ត្រូវផ្តល់ការថែទាំឲ្យបានល្អប្រសើរដល់អ្នកណាដែលកំពុងមានបញ្ហាសុខភាព។ ទោះបីវាជាប្រភេទជំងឺឆ្លង ឬជំងឺមិនឆ្លងក្តីយើងត្រូវតែដោះស្រាយដើម្បីធានាថា ពិភពលោកមួយដែលមានសុខភាពល្អ។
ការផ្តួចផ្តើមកាលពីពេលថ្មីៗនេះរបស់រាជរដ្ឋាភិបាលកម្ពុជាដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍គឺមានគោលបំណងដោះស្រាយបញ្ហាជាច្រើនដែលជាកត្តាសំខាន់ដើម្បីឈានឆ្ពោះទៅរកការអនុវត្តផែនការសុខភាពសកលនៅក្នុងប្រទេសដែលវាជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយផែនការសុខភាពសកលគឺជាគោលដៅដ៏សំខាន់មួយ។
ធ្វើឡើងនៅលើគម្រោង Health Equity Funds ដែលមានគោលបំណងពង្រីកការការពារហិរញ្ញវត្ថុ ដើម្បីឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាថែទាំសុខភាពដោយបញ្ហាហិរញ្ញវត្ថុលែងជាឧបសគ្គចំពោះពួកគេទៀត។ ជាមួយនឹងការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមធ្វើឲ្យមានការរីកចម្រើនលើគម្រោងធានារ៉ាប់រងសុខភាពសង្គមហើយកិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីផ្តល់សេវាថែទាំសុខភាពដល់អ្នកធ្វើការក្រៅប្រព័ន្ធ។
គំនិតផ្តួចផ្តើមនេះក៏កំពុងបន្តកែលម្អគុណភាពសេវាថែទាំសុខភាពក៏ដូចជាការពង្រីកការផ្តល់សេវាថែទាំសម្រាប់ជំងឺមិនឆ្លងផងដែរដូចជាជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាដើម។ សន្និសីទសុខភាពជាតិកាលពីពេលថ្មីៗនេះបានគូសបញ្ជាក់អំពីការធានារ៉ាប់រងសុខភាពសង្គម និងគុណភាពនៃសេវាថែទាំសុខភាព។
ប្រជាជនកម្ពុជាទាំងអស់មានតួនាទីដែលត្រូវធ្វើដើម្បីនាំប្រទេសជាតិ ឆ្ពោះទៅរកផែនការសុខភាពសកលតាមរយៈការកសាង និងប្រើប្រាស់សេវាកម្មសុខាភិបាល និងតាមរយៈការរួមចំណែកដល់កំណើនសេដ្ឋកិច្ចដែលតម្រូវឲ្យគាំទ្រសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការផ្តល់សេវាថែទាំសុខភាពដល់មនុស្សគ្រប់គ្នា។
ប៉ុន្តែផែនការសុខភាពសកលគឺជាការវិនិយោគផ្ទាល់ខ្លួនដើម្បីធានាដល់កំណើនដែលមាននិរន្តរភាពដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយកុមារឱ្យរីកលូតលាស់ជាពិសេសផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាគ្រប់រូបសម្រេចឲ្យបាននូវសក្ដានុពលរបស់ខ្លួន។
ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកផែនការសុខភាពសកលត្រូវតែជាចំណុចសំខាន់នៃរបៀបវារៈការអភិវឌ្ឍហើយទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យទាំងអស់ មិនត្រឹមមានតែវិស័យសុខាភិបាលនោះទេ។
ក្នុងនាមអង្គការសុខភាពពិភពលោក ទិវាសុខភាពពិភពលោកនេះយើងសូមប្តេជ្ញាបន្តកិច្ចការដ៏យូរអង្វែងរបស់យើងថែមទៀត ដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់សេវាថែទាំសុខភាព និងសុខុមាលភាពរបស់ពួកគេ។
យើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដងដើម្បីគាំទ្រដំណើររបស់កម្ពុជាដើម្បីឆ្ពោះទៅរកផែនការសុខភាពសកល និងដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលទាក់ទងនឹងសុខភាពដើម្បីរួមចំណែកដល់ប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមួយដែលមានសុខសុវត្ថិភាព និងភាពរុងរឿងសម្រាប់មនុស្សគ្រប់គ្នា៕ NS
លោកវេជ្ជបណ្ឌិត Yunguo Liu តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។