កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៨ នេះលោក សម រង្ស៊ី បានហៅការបោះឆ្នោតជាតិដែលនឹងឈានមកដល់នាដំណាច់ខែកក្កដាខាងមុខនេះថា ជាការបោះឆ្នោតក្លែងក្លាយ ប្រសិនបើការបោះឆ្នោតនោះអវត្ដមានអតីតគណបក្សសង្គ្រោះជាតិ ហើយគាត់ក៏បានអំពាវនាវឲ្យពលរដ្ឋជួយចែកចាយខិត្តប័ណ្ណ កុំឲ្យពលរដ្ឋទៅបោះឆ្នោតដោយក្នុងខិត្តប័ណ្ណនោះផ្ដល់ជម្រើសតែ ២ ឲ្យអ្នកមានសិទ្ធិបោះឆ្នោតថា បើ ១ មិនទៅបោះឆ្នោតស្មើនឹងគាំទ្រគណបក្សសង្គ្រោះជាតិក្នុងចិត្ដ និង ២ ទៅបោះឆ្នោតគឺស្មើនឹងគាំទ្រគណបក្សប្រជាជន ទោះជាទៅបោះឲ្យបក្សណាក៏ដោយ។
ទង្វើរបស់លោក សម រង្ស៊ី នេះឆ្លុះបញ្ចាំងពីចេតនាមិនល្អរបស់គាត់ដែលអាងតែខ្លួនជាបុគ្គលល្បីមកបំភាន់ពលរដ្ឋ គឺទី ១ ទង្វើនេះជាការរំលោភលើសិទ្ធិអ្នកមានសិទ្ធិបោះឆ្នោត។ ទី ២ ទង្វើនេះជាការកេងចំណេញនយោបាយសុទ្ធសាធ។ ទី ៣ នេះជាទង្វើយកឈ្នះចាញ់ចិត្ដជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងទី ៤ នេះជាការឆ្លៀតឱកាស សង្កត់កាងមិនឲ្យបក្សនយោបាយដែលមានឈាមថ្មីខុសពីមុនងើបមុខរួច។
ទី ១ រំលោភលើសិទ្ធិអ្នកមានសិទ្ធិបោះឆ្នោត។
ក) រំលោភលើសិទ្ធិរបស់អ្នកគាំទ្រអតីតសង្គ្រោះជាតិដែលអស់ចិត្ដចង់ចេញពីបក្សនេះដោយគិតថា អាណាក៏ដូចអាណាហើយលែងចង់ទៅបោះឆ្នោតឲ្យបក្សណាទាំងអស់ ទើបមិនទៅបោះឆ្នោត។ លោក សម រង្ស៊ី នៅតែដេញតាមពាក់ប្រឡៅកឲ្យគេ ថា គេជាមនុស្សរបស់ខ្លួន។
ខ) រំលោភសិទ្ធិអ្នកមិនគាំទ្របក្សកាន់អំណាចហើយក៏មិនគាំទ្របក្សសង្គ្រោះជាតិ ដោយដាក់ស្លាកឲ្យគេថាជាអ្នកគាំទ្របក្សកាន់អំណាច នៅពេលដែលគេទៅបោះឆ្នោតគាំទ្របក្សដោយឡែកពីបក្សកាន់អំណាច។ បើពលរដ្ឋទាំងនោះទៅបោះឆ្នោតគាំទ្របក្សដែលគេស្រឡាញ់ ដែលមិនមែនបក្សកាន់អំណាចសោះ លោក សម រង្ស៊ី មកពាក់ស្លាកថា គេគាំទ្របក្សកាន់អំណាចទៅវិញ នោះវាជាការរំលោភលើសិទ្ធិបុគ្គល។ កាន់តែធ្ងន់នោះ បើគេមានធុរៈទៅក្រៅប្រទេសខកខានទៅបោះឆ្នោតវិញគឺលោកដាក់ស្លាកឲ្យគេដោយមិនបានសួរចិត្ដគេថា គេគាំទ្រខ្លួន។
ចំពោះអ្នកមិនគាំទ្ររដ្ឋាភិបាលទន្ទឹមគ្នាក៏មិនគាំទ្រសង្គ្រោះជាតិ បើវាស់កម្រិតនៃភាពមិនពេញចិត្ដគឺគេអាចទទួលយកលោក ហ៊ុន សែន បានជាងបើប្រៀបជាមួយលោក សម រង្ស៊ី។ ហេតុនេះការដែលគាត់ថា មិនទៅបោះឆ្នោតស្មើនឹងគាំទ្រគាត់ គឺជាទម្រង់មួយទៀតនៃការរំលោភលើសិទ្ធិ។
គ) ទង្វើលោក សម រង្ស៊ី រំលោភសិទ្ធិអ្នកដែលមិនទៅបោះឆ្នោតដោយហេតុផលផ្ទាល់ខ្លួនដោយហៅគេថាជាអ្នកគាំទ្ររបស់ខ្លួន។ ជារៀងរាល់អាណត្ដិតែងមានពលរដ្ឋប្រហែល ២០% មិនទៅបោះឆ្នោត ដែលចំនួននេះមិនរាប់ថាខ្ពស់ឡើយ។
នៅអាមេរិកចំនួននៃអ្នកទៅបោះឆ្នោតប៉ុន្មានអាណត្ដិក្រោយៗនេះមិនលើសពី ៦៥% ឡើយ ដូច្នេះអត្រាអ្នកចេញទៅបោះឆ្នោតជាង ៨០% នៅស្រុកខ្មែរអាចរាប់បានថាជាកម្រិតមួយខ្ពស់។ បើគិតត្រឹមថាអ្នកមានសិទ្ធិបោះឆ្នោតប្រហែល ១៥% មិនទៅបោះឆ្នោតតាមទម្លាប់ចាស់ រាល់ការបោះឆ្នោតនោះនឹងមានតួលេខជាង ១ លាននាក់ដែលលោក សម រង្ស៊ី ទាញថាជាអ្នកគាំទ្រខ្លួនទាំងមិនដឹងថាគេគាំទ្របក្សណា។ ពលរដ្ឋទាំងនោះមួយចំនួនអាចជាអ្នកដែលមិនខ្វល់នឹងរឿងនយោបាយ ហើយមិនទៅបោះឆ្នោត។ ដូច្នេះការនិយាយថាអ្នកមិនទៅមកពីគេគាំទ្រខ្លួនជាទម្រង់នៃការរំលោភលើសិទ្ធិពលរដ្ឋ។
ទី ២ ទង្វើនេះជាការកេងចំណេញនយោបាយសុទ្ធសាធ។
លោក សម រង្ស៊ីប្រាកដជាដឹងមុន រឿងមានពលរដ្ឋប្រហែល ២០% មិនចេញទៅបោះឆ្នោត តែនៅតែធ្វើពើមិនដឹង ហើយត្រៀមបូកពួកគេចូលជាអ្នកគាំទ្របក្សខ្លួន។ អ៊ីចឹងពួកគេមិនត្រូវបានគាត់កេងចំណេញស្រស់ៗទៅហើយ? ប្រហែលជាបក្សកាន់អំណាចក៏កំពុងតែគិតដែរថា បើបែបនេះវាដូចជាស៊ីខ្សែលើគេស្រួលពេកហើយ។ ចំនួននោះបក្សកាន់អំណាចយកមិនបានផងមើលទៅគេក៏ទំនងជាមិនអាចបោះឲ្យគាត់ស៊ីផុយៗបានទេ។ នេះជាការកេងចំណេញតួលេខផ្នែកនយោបាយរបស់លោក សម រង្ស៊ី ដោយចេតនា។
ទី ៣ នេះជាទង្វើយកឈ្នះចាញ់ចិត្ដជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន របស់លោក សម រង្ស៊ី។
កាលពីប៉ុន្មានថ្ងៃមុនលោក សម រង្ស៊ី ក៏បានអំពាវនាវផ្ទាល់មាត់ឲ្យពលរដ្ឋកុំទៅបោះឆ្នោត ហើយត្រូវបានលោកនាយករដ្ឋមន្ដ្រីដាក់វិញយ៉ាងចត់បាយថា រៀនចប់ថ្នាក់បណ្ឌិតហើយ តែអីក៏ល្ងង់ម្ល៉េះ? ក្នុងចិត្ដមនុស្សជាប់មុខមាត់ធំដូចលោកដែលធ្លាប់ប្រកាសថា ធ្វើនយោបាយមិនចង់បានអ្វីក្រៅពីចង់បានកិត្ដិយសលោកអាម៉ាស់អ្វី មិនស្មើនឹងអ្នករៀនមិនចប់ឌីប្លូមមកដៀលអ្នករៀនចប់ថ្នាក់បណ្ឌិតថា ល្ងង់ផ្នែកយុទ្ធសាស្ដ្រដូច្នេះឡើយ។ ហេតុតែចង់ឈ្នះចិត្ដលោក ហ៊ុន សែន លុបលាងភាពអាម៉ាស់ថា ការដែលខ្លួនហៅពលរដ្ឋកុំទៅបោះឆ្នោតជាការល្ងង់ លោកក៏បានធ្វើរឿងល្ងង់លើល្ងង់ដោយរុញបន្ថែមកុំឲ្យចាញ់ចិត្ដដោយអំពាវនាវជាលាយលក្ខណ៍អក្សរ។ នេះជាចរិតចិត្ដខ្លាំង មានះចង់តែឈ្នះ។ លោក សម រង្ស៊ី ខំប្រឹងរបៀបនេះដូចប្រឹងទឹកចុងក្រោយ ព្រោះថាបើខកអាណត្ដិនេះទៀត គាត់នឹងក្លាយជាព្រឹទ្ធាចារ្យដែលត្រូវចូលនិវត្ដន៍ទើបប្រឹងលូកចុងក្រោយផ្ដាំឲ្យក្មេងជំនាន់ក្រោយមើលឃើញថា គាត់គឺចិត្ដខ្លាំងអ៊ីចឹង។
ទី ៤ ទង្វើនេះជាការឆ្លៀតឱកាសកាងសង្កត់មិនឲ្យបក្សនយោបាយឈាមថ្មីក្រោករួចរបស់លោក សម រង្ស៊ី។ បក្សសង្គ្រោះជាតិបានយកស្លាកថា ជាបក្សប្រឆាំងទៅពាក់ថាគេជាបក្សប្រឆាំងដាច់មុខ។ គេថា គេទើបជាអ្នកប្រឆាំងតែមួយគត់ ក្រៅពីគេ គ្មាននរណាប្រឆាំងឡើយ។ គាត់ប្រឹងបិទបាំងថា គ្មានបក្សដទៃជាបក្សប្រឆាំងថ្មីឡើយ។ ទង្វើនេះកំពុងតែខ្ទប់កូនខ្មែរដែលមានឈាមថ្មី មិនឲ្យងើបមុខរួច ឬអាចហៅបានថា លូតក្ដិចត្រួយ ហើយមិនមែនក្ដិចចោលទេ តែក្ដិចរួចបួងចូលមាត់។ ពេលលេបគេបាត់ហើយ គាត់នៅធ្វើមុខស្មើ ដូចអត់មានរឿងអីកើតឡើង ហើយលាបមាត់គេផ្សេងថាជាអ្នកហូបថែមទៀត។ ធ្វើដល់ថ្នាក់នេះលើសហើយ!
ការគិតថាគ្មាននរណាប្រឆាំងដល់ខ្លួន ជាការមិនព្រមបើកចិត្ដមើលអ្នកផ្សេង។ បើគេពិតជាមើលមិនឃើញមែន នោះវាជារឿងសមត្ថភាពក្នុងការមើល តែវាជាការក្ដិចត្រួយបើគេឃើញហើយ តែធ្វើពើជាមិនឃើញហើយជាន់គេពន្លិច។ ជាធម្មជាតិគឺរលកក្រោយតែងច្រានរលកមុន។ វាមិនដែលមានរលកមកតែមួយហើយគេហៅវាថា ជារលកឡើយ វាត្រូវតែប្រដេញគ្នាទើបបង្កើតបានជារលក។
រឿងអំពាវនាវឲ្យពលរដ្ឋបាចខិត្តប័ណ្ណលោក សម រង្ស៊ី សាកអញ្ជើញមកបាចខិត្តប័ណ្ណនោះខ្លួនឯងទៅ។ អ្នកបាចជំនួសលោកស្រួលមិនស្រួលអាចត្រូវបានគេចោទថា បង្កអសន្ដិសុខសង្គម ហើយជាលទ្ធផលគឺគុក។ តែតាមមើលបើមានអ្នកគាំទ្រលោកជាប់គុកនោះលោករឹតតែសប្បាយ ព្រោះបើកាលណាមានការបំបែកមានការចាប់ចងដល់ប្រើកម្លាំងបាយមានពលរដ្ឋហូរឈាមនោះលោកមុខជាសប្បាយនឹងបំពងសំឡេងមិនខាន គឺបើកាន់តែមានហេតុភេទអាក្រក់កើតឡើងដល់ចេញឈាមពលរដ្ឋ នោះកាន់តែល្អសម្រាប់នយោបាយរបស់លោក។
លោកស្រី ហ្គោល ដាមែរ៍ អតីតនាយករដ្ឋមន្ដ្រីអ៊ីស្រាអែលបានលើកជាគតិមួយថា អ្នកដឹកនាំណាម្នាក់ដែលមិនដែលរួញរាចិត្ដក្នុងការរុញយុទ្ធមិត្ដខ្លួនឲ្យទៅស្លាប់ នោះគេមិនសមជាអ្នកដឹកនាំឡើយ។ ឆ្លុះមកមើលអតីតប្រធានបក្សប្រឆាំងរូបនេះវិញ គាត់បែរជាមានឈាមត្រជាក់សប្បាយនឹងរុញអ្នកគាំទ្រខ្លួនឲ្យគេធ្វើបាបដើម្បីយកជាឈ្នាន់ឈានទៅតតាំងតម្លៃខ្លួនជាមួយបក្សកាន់អំណាចទៅវិញ។
មិនទាន់មានសន្ទស្សន៍ណាមួយមកវាស់ថាគ្រប់ការចេញទៅបោះឆ្នោតគឺសុទ្ធតែគេគាំទ្របក្សកាន់អំណាចឡើយ ហើយក៏រឹតតែគ្មានសន្ទស្សន៍ណាមកវាស់ថាអ្នកមិនទៅបោះឆ្នោត សុទ្ធតែគាំទ្រសង្គ្រោះជាតិដែរ។ តាំងតែពីដើម ទាំងអ្នកទៅបោះឆ្នោតសឹងទាំងអស់ អ្នកនយោបាយសឹងទាំងអស់រួមនឹងបរទេសមួយចំនួនមើលឃើញថាលើទីលាននយោបាយខ្មែរមានត្រឹមតែភាគី ២ ប៉ុណ្ណោះដែលប្រឈមមុខគ្នា។
តែពេលនេះមិនមែនបែបនោះឡើយគឺមាន ៣ មុំ។ មុំបក្សកាន់អំណាចមួយមុំសង្គ្រោះជាតិ ១ និងមុំថ្មីគឺមុំគណបក្សប្រឆាំង ២ ត្រួតដែលប្រឆាំងនឹងបក្សកាន់អំណាចផង ប្រឆាំងនឹងបក្សដែលឱបឈ្មោះថាខ្លួនជាបក្សប្រឆាំងដាច់មុខផង។ មិននិយាយដល់បក្សទាំងឡាយណាដែលសល់ប៉ុន្មានខែមុនបោះឆ្នោត ទើបអើតមុខឡេមឡឺមមកនោះឡើយនិយាយតែពីបក្សដែលមានសកម្មភាពជាប្រចាំលើទីលាននយោបាយ តាំងពីក្រោយបោះឆ្នោត អាណត្ដិមុនមកដល់មុនបោះឆ្នោត ឃើញថាមានមិនច្រើនដល់ថ្នាក់រាប់មិនអស់នោះទេ។
សាកពិនិត្យមើលពួកគេដោយចិត្ដស្មើៗគ្មានអគតិនោះអ្នកនឹងរកឃើញគណបក្សប្រឆាំង ២ ត្រួតមិនខាន។ បក្សប្រឆាំង ២ ត្រួតមិនបានធ្វើការប្រឆាំងបុគ្គលឡើយ តែប្រឆាំងរបៀបធ្វើការរបស់បុគ្គល។ គេមិនថាមានសែនអត់ស៊ី ឬមានស៊ីអត់សែន ឬដូចលោក ហ៊ុន សែន ថា ទាល់តែសែនសិនទើបមានអីស៊ីតាមក្រោយនោះឡើយ គឺអាចក្លាយជាបក្សប្រឆាំង ២ ត្រួតទៅបាន គេត្រូវតែទៅឲ្យផុតរឿង សែន រឿង ស៊ី តែគេគិតដល់ប្រព័ន្ធធានាតុល្យភាពអំណាចរវាងពលរដ្ឋម្ចាស់ប្រទេស និងអ្នកកាន់ការងារស្រុកទេស។
មិនថាជាលោក សែន ឬលោក ស៊ី ឬលោក ខា ឬលោកដទៃណាឡើយ ឲ្យតែអាចមកធ្វើការក្រោមប្រព័ន្ធធានាតុល្យភាពអំណាចបាន ឲ្យតែអាចកសាងសង្គមមួយដែលពលរដ្ឋទាំងអស់ អាចរស់នៅដោយស្មើភាពគ្នាក្នុងនាមជាម្ចាស់ប្រទេសបាននោះមនុស្សមួយក្រុមដែលលោក សម រង្ស៊ី កំពុងតែព្យាយាមក្ដិចត្រួយ បួងលេបចូលពោះនេះនឹងគាំទ្រមិនខាន៕
ដោយ ប៉ាង វ៉ាន់ថោន ទាក់ទងតាមអ៊ីមែលៈ vanthownpang@yahoo.com