នៅពេល​សាកសួរ​អំពី​ភាពជោគជ័យ​របស់​លោក​ក្នុង​នាម​ជា​ទាហាន និង​ជា​អ្នក​នយោបាយ​មួយ​រូប អតីត​ប្រធានាធិបតី​អាមេរិក​លោក Eisenhower បាន​និយាយ​ថា​៖ «​នៅ​ពេល​ណា​ដែល​ខ្ញុំ​ជួប​បញ្ហា​ខ្ញុំ​មិន​អាច​ដោះស្រាយ​បាន​ទេ​ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ធ្វើ​ឱ្យ​បញ្ហា​នោះ​កាន់តែ​ធំ​ឡើង​។ ខ្ញុំ​មិន​អាច​ដោះស្រាយ​បញ្ហា​នោះ​បាន​ដោយ​ព្យាយាម​ធ្វើឱ្យ​វា​ក្លាយ​ជា​បញ្ហា​តូច​ទេ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ធ្វើឱ្យ​វា​កាន់តែ​ធំ​នោះ ខ្ញុំ​អាច​ចាប់ផ្តើម​មើលឃើញ​គន្លឹះ​ដោះស្រាយ​បញ្ហា​នោះ​បាន​។ វិធីសាស្ត្រ​របស់​លោក Eisenhower ក្នុង​ការ​ដោះស្រាយ​បញ្ហា​បាន​ធ្វើឱ្យ​គាត់​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏ជោគជ័យ​ម្នាក់ ហើយ​វា​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​សព្វ​ថ្ងៃនេះ​។

ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​គឺជា​អ្នក​ជិតខាង​គ្នា ប៉ុន្តែ​វា​មាន​ភាព​ខុស​គ្នា​ខ្លាំង​ទាក់ទង​ទៅ​នឹង​ទំហំ​ចំនួន​ប្រជាជន​ភាពសម្បូរណ៍​បែប​នៃ​ធនធាន​ធម្មជាតិ​ និង​កម្រិត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ ចំណាប់​អារម្មណ៍​របស់​ពួកគេ​គឺ​មិន​សំដៅ​រក​ទិសដៅ​តែ​មួយ​ទេ​។ ជា​ការពិត​នៅ​ពេល​និយាយ​ដល់​តំបន់​មេគង្គ​ពួកគេ​បង្ហាញ​ពី​គំនិត​ផ្ទុយ​គ្នា​យ៉ាង​ច្បាស់​។

ដោយសារ​តែ​ការសាងសង់​ទំនប់​វារីអគ្គិសនី​សេសាន និង​ស្រែ​ពក ពេល​នេះ​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​មាន​ការ​ព្រួយបារម្ភ​ជាទូទៅ​អំពី​លំហូរ​ទឹក​ដែល​ហូរ​នាំ​ដី​ល្បាប់​ទៅ​ចាក់​បំពេញ​នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​ដ៏សំខាន់​។ បើ​គ្មាន​លំហូរ​ទឹក​នាំ​ដីល្បាប់​គ្រប់គ្រាន់​ទៅ​ចាក់​បំពេញ​ដី​តំបន់​នោះ​ទេ នោះ​តំបន់​ដីសណ្ត​នឹង​ទាប​ជាង​កម្រិត​ទឹកសមុទ្រ​ដែល​វា​ជា​បញ្ហា​មួយ​បណ្តាល​មកពី​ការបូមទឹក​ក្រោម​ដី​ដែល​គ្មាន​និរន្តរភាព និង​ការកើនឡើង​កម្ពស់​ទឹកសមុទ្រ​។

ប្រទេស​ឡាវ​ត្រូវ​បាន​គេ​ចាត់ទុក​ថា បាន​ប្រើប្រាស់​ធនធាន​ទន្លេ​មេគង្គ​តាមរយៈ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដែល​ភាគច្រើន​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ដើម្បី​បង្កើត​ប្រាក់​ចំណូល និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ជាតិ​។ ចំណុច​នេះ​ហើយ​ដែល​ធ្វើឱ្យ​មាន​ការសាងសង់​ទំនប់​វារីអគ្គិសនី​កាន់តែ​ច្រើន​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​កន្លង​មក​នេះ​រួម​ទាំង​ទំនប់​វារីអគ្គិសនី​ចំនួន​ ៣ ​នៅ​តាម​ដង​ទន្លេមេគង្គ​ផង​ដែរ​។

ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មាន​បឹង​ទន្លេសាប​ដ៏ធំ​ល្វឹងល្វើយ​ និង​ជា​បឹង​ដែល​ផ្តល់​ត្រី​ទឹកសាប​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​នោះ កំពុង​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​អំពី​ទំនប់​វារីអគ្គិសនី​ទាំង​នោះ​ដោយសារ​តែ​ផលប៉ះពាល់​របស់​វា​ទៅ​លើ​ទិន្នផល​ត្រី​នៅ​ក្នុង​ប្រទេស​ដែល​ប្រជាពលរដ្ឋ​របស់​ខ្លួន​ពឹង​ផ្អែកលើ​ត្រី​ទឹកសាប​ប្រមាណ​ ៧៥ ​ភាគរយ​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏សំខាន់​។ ប៉ុន្តែ​ដោយសារ​តែ​ការប្រើប្រាស់​អគ្គិសនី​នៅ​មាន​កម្រិត​ទាប​ហើយ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំង​ស្រុង​ទៅ​លើ​ការ​នាំចូល​អគ្គិសនី​ដែល​មាន​តម្លៃ​ថ្លៃ​ដូច្នេះ​ហើយ​វា​ចាំបាច់​ត្រូវ​មាន​ការអភិវឌ្ឍ​ការផលិត​ថាមពល​អគ្គិសនី​ក្នុង​ស្រុក​។

បច្ចុប្បន្ន​ថាមពល​អគ្គិសនី​គឺជា​តម្រូវការ​មួយ​ដ៏ចាំបាច់ ទោះបី​ជា​វា​មាន​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​ស្បៀងអាហារ​ក៏ដោយ​។ នៅ​ចុងឆ្នាំ​​ ២០១៧ ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២(LS2) ​ដែល​មាន​កម្លាំង​ផលិត​ ៤០០ ​មេហ្គាវ៉ាត់​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​វា​បាន​បង្ក​ឲ្យ​រាំងស្ទះ​ផ្លូវ​ចរាចរ​របស់​ត្រី​នៅ​សេសាន​ និង​ស្រែ​ពក​ និង​លំហូរ​ទឹក​នាំ​ដីល្បាប់​។

ការយល់​ឃើញ​ផ្ទុយ​គ្នា​នេះ​បាន​នាំ​ឲ្យ​ប្រទេស​ទាំង​ ៣ ​មាន​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ច្រើន​ឡើងៗ​។ ប្រទេស​វៀតណាម​មើល​ឃើញ​ថា តំបន់​ដីសណ្ត​ទន្លេមេគង្គ​គឺជា​តំបន់​ដែល​ខ្លួន​ផលិត​ស្រូវ​បាន​ប្រមាណ​ ៥០ ​ភាគរយ ​និង​ជា​តំបន់​ដែល​ដាំ​ដុះ​ផ្លែឈើ​មាន​តម្លៃ​ខ្ពស់​របស់​ខ្លួន​ប្រមាណ ៧៥ ភាគរយ​ដែល​វា​ជា​សន្តិសុខ​ស្បៀង​ដ៏សំខាន់​សម្រាប់​ប្រទេស​ជាតិ​។

ប្រទេស​ឡាវ​ដែល​មាន​ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​តិច​ជាង​បាន​កំណត់​ថា នឹង​សាងសង់​ទំនប់​វារីអគ្គិសនី​បន្ថែម​ទៀត​។ ចំណែក​ការ​ព្យាយាម​ស្វែងរក​វិធី​បង្កើត​ថាមពល​អគ្គិសនី​ផ្ទាល់​ខ្លួន ប្រទេស​កម្ពុជា កំពុង​ពិចារណា​សាងសង់​ទំនប់​វារីអគ្គិសនី​ធំៗ​ចំនួន​ ២ ​គឺ​នៅ​ស្ទឹងត្រែង និង​សម្បូណ៌​នៅ​ដង​ទន្លេ​មេគង្គ​។

មិន​ដឹងថា​តើ​ទំនប់​វារីអគ្គិសនី​ទាំង​នេះ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីកចម្រើន ឬ​មួយ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​វា​បាន​ចោទ​ជា​សំណួរ​រួច​ហើយ​ទាក់ទង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ​បន្ទះ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​សូឡា និង​ថាមពល​ខ្យល់​ដែល​បាន​រួម​ចំណែក​ដល់​ការសម្រេច​ចិត្ត​របស់​ថៃ​ក្នុង​ការ​ព្យួរ​កិច្ចព្រមព្រៀង​ទិញ​ថាមពល​អគ្គិសនី​ពី​វារីអគ្គិសនី​ប៉ាក់បេង​នៅក្នុង​ប្រទេស​ឡាវ​។

នៅ​ក្រោម​កិច្ចសន្យា ១០ ​ឆ្នាំ​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ទិញ​ថាមពល​អគ្គិសនី​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ (LS2) ដែល​គ្រប់គ្រង​ដោយ​ចិន​ក្នុង​តម្លៃ​ ០,០៧ ​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​គឺ​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​តម្លៃ​បន្ទះ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​សូឡា​សព្វថ្ងៃ​នេះ​ដែរ ប៉ុន្តែ​ប៉ះពាល់​ដល់​បរិមាណ​បរិស្ថាន​ខ្ពស់​ជាង​។ (​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កាត់បន្ថយ​ទិន្នផល​ត្រី​នៅ​អាង​ទន្លេ​នេះ​ជិត ១០ ភាគរយ​)​។

យើង​ហាក់​ដូចជា​ឈាន​ដល់​ចំណុច​ជាប់គាំង​មួយ​។ ប្រទេស​វៀតណាម​ដែល​គិតថា​ជា​ជនរងគ្រោះ​មួយ​នោះ​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការសាងសង់​ទំនប់​វារីអគ្គិសនី​ទាំងនោះ​ ប៉ុន្តែ​មិន​បាន​បង្ហាញ​អំពី​ជម្រើស​ណា​មួយ​ទេ​។ នៅក្នុង​ប្រទេស​ឡាវ​ឯណោះ​វិញ ទំនប់​វារីអគ្គិសនី​ភាគច្រើន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បរទេស​ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​ថៃ​ និង​ចិន​ហើយ​ទទួល​បាន​ប្រាក់​ចំណូល​តិចតួច​ប៉ុណ្ណោះ​ពី​ទំនប់​វារីអគ្គិសនី​ដែល​បាន​សាងសង់​ក្រោម​កិច្ចព្រមព្រៀង​សាងសង់ ធ្វើ​ម្ចាស់​ប្រតិបត្តិការ និង​ផ្ទេរ (BOOT) រយៈពេល​ ៣០ ​ឆ្នាំ​។

ប្រទេស​កម្ពុជា​កំពុង​រក្សា​ជម្រើស​របស់​ខ្លួន​នៅ​បើក​ចំហ​នៅ​ឡើយ ហើយ​ជំនួស​ឱ្យ​ការជំរុញ​ប្រទេស​ទាំង​នេះ​មក​ធ្វើការ​រួម​គ្នា ការអភិវឌ្ឍ​ដែល​មិន​ស្រប​គ្នា​នៅ​លើ​អាង​ទន្លេ​មេគង្គ​នេះ​កំពុង​រុញច្រាន​ពួកគេ​ឲ្យ​មាន​ការ​ខ្វែងគំនិត​គ្នា​។ ការផ្តោត​ទៅ​លើ​ផលប្រយោជន៍​តែ​ម្នាក់ឯង​គឺ​ពិត​ជា​បាន​កម្រិត​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​ពីព្រោះ​វា​គ្មាន​ដំណោះស្រាយ​ណា​មួយ​ដែល​ធ្វើឲ្យ​ប្រទេស​ទាំង​ ៣ ​ពេញចិត្ត​នោះ​ទេ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​វា​ជា​បញ្ហា​របស់​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ដែល​ពួកគេ​អាច​បំពេញ​ចំណុច​ខ្វះខាត​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។

ប្រទេស​ឡាវ និង​កម្ពុជា​អាច​ដោះស្រាយ​កង្វល់​របស់​វៀតណាម​បាន​តាមរយៈ​ការ​កាត់បន្ថយ​ផលប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​ឲ្យ​នៅ​តិច​ដោយ​ត្រូវ​ពង្រីក​ការប្រើប្រាស់​សមាសធាតុ​កកើត​ឡើង​វិញ​ដែល​មិនមែន​ជា​ទំនប់​វារីអគ្គិសនី ហើយ​ប្រទេស​វៀតណាម​ក៏​ត្រូវ​មាន​អ្វី​ជាច្រើន​ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​វិញ​ដែរ​។

វៀតណាម​អាច​វិនិយោគ​លើ​ខ្សែ​បណ្តាញ​បញ្ជូន​ចរន្ត​អគ្គិសនី​ដែល​មាន​កម្លាំង​ខ្លាំង​នៅ​ប្រទេស​ឡាវ​ហើយ​អនុញ្ញាត​ឱ្យ​ប្រទេស​ឡាវ គិត​ថ្លៃ​លើ​សេវា​បញ្ជូន​ថាមពល​អគ្គិសនី​ធ្វើ​ដូច្នេះ ធ្វើឲ្យ​ប្រទេស​ទាំង​ ២ ​អាច​កាត់បន្ថយ​ការពឹង​ផ្អែក​ទៅ​លើ​ថាមពល​វារីអគ្គិសនី និង​អាច​ផ្តល់​ប្រាក់​ចំណូល​បាន​ឆាប់​រហ័ស​។ ​មាន​ខ្សែបណ្តាញ​បញ្ជូន​ថាមពល​អគ្គិសនី​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឡាវ​វា​ក៏​អាច​ពន្លឿន​ការ​សាងសង់​កសិដ្ឋាន​ពន្លឺ​ថាមពល​ព្រះអាទិត្យ​សូឡា និង​ថាមពល​ខ្យល់​បាន​ផង​ដែរ ដែល​វា​នឹង​អនុញ្ញាត​ឱ្យ​មាន​ការធ្វើ​អាជីវកម្ម​ថាមពល​បែប​នេះ​នៅ​ក្នុង​តំបន់​។

បើ​សហការ​ធ្វើ​រួមគ្នា​នោះ​វា​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ ៣ ​នេះ​បំពេញ​តម្រូវការ​របស់​ពួកគេ​បាន​ដោយ​ការចំណាយ​កាន់​តែ​តិច​ និង​អាច​កាត់​បន្ថយ​ការពឹង​ផ្អែក​ទៅ​លើ​ទំនប់​វារីអគ្គិសនី​បាន​កាន់តែ​ច្រើន​ផង​ដែរ​។ ដូច​គ្នា​នេះ​ដែរ ប្រទេស​វៀតណាម​អាច​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​ពន្លឿន​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​តាម​ជនបទ​តាមរយៈ​ការសាងសង់​រោងចក្រ​បន្ទះ​ពន្លឺ​ព្រះអាទិត្យ​សូឡា​ខ្នាត​ធំ​នៅ​កម្ពុជា​ជា​ប្រទេស​ដែល​ដី​មាន​តម្លៃ​ថោក​ជាង​។ បើ​ធ្វើ​ដូច្នេះ​បាន​នោះ​វា​នឹង​អាច​កាត់បន្ថយ​ការសាងសង់​ទំនប់​វារីអគ្គិសនី​បាន​ច្រើន​។

ប្រទេស​វៀតណាម​ក៏​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធនធាន​ធម្មជាតិ​ផ្សេង​ទៀត​ផង​ដែរ​។ ប្រទេស​កម្ពុជា​ និង​ឡាវ​កំពុង​ព្យាយាម​ទប់ស្កាត់​ការកាប់ឈើ​ខុស​ច្បាប់​ដោយសារ​តែ​វា​មាន​តម្រូវការ​ឈើ​កើនឡើង​ខ្ពស់​ពី​វៀតណាម​ដើម្បី​យក​ទៅ​បំពេញ​អាជីវកម្ម​គ្រឿង​សង្ហារិម​របស់​ខ្លួន​ដែល​បាន​នាំចេញ​ក្នុង​តម្លៃ​ជាង​​ ៨ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧​។

ជាមួយ​គ្នា​នេះ​ដែរ​ការ​ស្នើសុំ​ចុះ​បញ្ជី​ដាក់​តំបន់ Him Nam No ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ធម្មជាតិ​ដំបូង​បង្អស់​របស់​ឡាវ​ក៏​ត្រូវ​បាន​រង​ការ​គំរាមកំហែង​ពី​ការជួញដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ និង​ការកាប់​ឈើ​ខុស​ច្បាប់​ផង​ដែរ ដែល​វៀតណាម​បាន​ដើរតួ​យ៉ាង​សំខាន់​ជា​អ្នក​បរបាញ់ អ្នក​ទទួល​ផល​ក៏ដូចជា​អ្នក​ជួញដូរ​។ និយាយ​ឲ្យ​ងាយ​ស្តាប់​គឺ​ថា​ប្រទេស​កម្ពុជា​ និង​ឡាវ​មិន​អាច​អនុវត្ត​ច្បាប់​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ដោយ​ខ្លួនឯង​បាន​ទេ​ប្រសិនបើ​គ្មាន​កិច្ចសហប្រតិបត្តិការ​សកម្ម​ពី​វៀតណាម​។

ពាក្យសម្តី​របស់​លោក Eisenhower ដែល​និយាយ​ថា​ពង្រីក​បញ្ហា​ដើម្បី​ដោះស្រាយ​បញ្ហា​គឺ​វា​មាន​ន័យ​ថា​ត្រូវ​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​នៅ​ក្នុង​តំបន់​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន​រួម​ទាំង​វិស័យ​ថាមពល និង​ធនធាន​ធម្មជាតិ ដើម្បី​បើក​ឱកាស​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ដែល​ឈរ​លើ​ទិសដៅ​ដូច​គ្នា​។ វិធីសាស្ត្រ​នេះ​អាច​អនុវត្ត​នៅក្នុង​វិទ្យាសាស្ត្រ​សង្គម​ដើម្បី​ទទួល​ផល​មក​វិញ​នូវ​អ្វី​ដែល​បាន​បាត់បង់ និង​ដើម្បី​ប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​លើ​វិស័យ​ជាច្រើន​។

គេ​អាច​ស្រមៃ​បាន​ថា បើ​កម្ពុជា​ឡាវ និង​វៀតណាម​ចរចា​គ្នា​លើ​គម្រោង​ធំៗ ដែល​មាន​ដូចជា ទន្លេ ថាមពល ព្រៃឈើ និង​សត្វព្រៃ​នោះ​វា​នឹង​អាច​ជួយ​ប្រទេស​នីមួយៗ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សំខាន់ៗ​ក្នុង​បរិយាកាស​មួយ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ឬ​សង្គម​ និង​នយោបាយ​។

ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ពួកគេ​កំពុង​រីកចម្រើន និង​មាន​ភាព​ឯករាជ្យ​កាន់តែ​ខ្លាំង​ឡើង​នោះ​អត្ថប្រយោជន៍​រួម​នៅក្នុង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​បែប​នេះ​នឹង​កើនឡើង ហើយ​ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាងគេ​ ប៉ុន្តែ​ងាយ​រងគ្រោះ​បំផុត​ពី​ទំនប់​វារីអគ្គិសនី​នេះ វៀតណាម​មាន​សមត្ថភាព​អាច​ដឹកនាំ​ដំណើរការ​ចរចា​បាន​៕ NS

ដោយ​លោក Jake Brunner ប្រធាន​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ​ (IUCN) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហាណូយ និង លោក Brian Eyler នាយក​កម្មវិធី​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។