The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លិខិត​មិត្ត​អ្នក​អាន៖ សិទ្ធិ​បោះឆ្នោត

លិខិត​មិត្ត​អ្នក​អាន៖ សិទ្ធិ​បោះឆ្នោត

Content image - Phnom Penh Post
ពលរដ្ឋ​ក្នុង​ពេល​ចូលរួម​បោះឆ្នោត​កន្លង​មក​។ ស្រេង ម៉េងស្រ៊ុន

លិខិត​មិត្ត​អ្នក​អាន៖ សិទ្ធិ​បោះឆ្នោត

សិទ្ធិ​បោះឆ្នោត​ជា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ម្នាក់ៗ​ដែល​ចម្រើន​វ័យ​ដល់​ ១៨ ​ឆ្នាំ​។ រដ្ឋ​មាន​កាតព្វកិច្ច​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​មាន​សិទ្ធិ​បោះឆ្នោត​។

នៅ​កម្ពុជា​ដើម្បី​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​បាន​លុះត្រា​តែ​ពលរដ្ឋ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត​ និង​មាន​ឯកសារ​បញ្ជាក់​ផ្លូវការ​ណា​មួយ​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​)​។

នៅក្នុង​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ ១- គោរព ២- ​ការពារ និង ៣- ​បំពេញ សិទ្ធិ​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​​ក្នុង​អនុសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ដោយ​​ក្នុង​នោះ​រួមមាន សិទ្ធិ​បោះឆ្នោត​ផង​ដែរ​។

ក្នុង​ការ​បោះឆ្នោត គ.ជ.ប ជា​ស្ថាប័ន​មួយ​ដែល​បំពេញ​តួនាទី​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ហើយ​​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ចុះ​ឈ្មោះ​​នៅ គ.ជ.ប និង​ឯកសារ​សម្គាល់​ដើម្បី​បាន​ទៅ​​បោះឆ្នោត​ក្នុង​ថ្ងៃ​បោះឆ្នោត​។ បើ​ដូច្នេះ​មែន វា​មាន​ន័យ​ថា​រដ្ឋ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​សម្រាប់​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ហើយ​។ ចុះ​ពលរដ្ឋ​ដែល​គ្រប់​អាយុ​ហើយ​មិន​មាន​សិទ្ធិ​បោះឆ្នោត​នោះ​?

រដ្ឋ​ត្រូវ​​ខំ​ធ្វើ​យ៉ាង​ណា​បំពេញ​សិទ្ធិ​បោះឆ្នោត​ដល់​ពលរដ្ឋ​ទាំងនោះ​ឲ្យ​បាន​។

មាន​ឈ្មោះ​បោះឆ្នោត​មាន​ឯកសារ​សម្គាល់​សម្រាប់​ទៅ​បោះឆ្នោត​។ ដល់​ថ្ងៃ​បោះឆ្នោត​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នឹង​សម្រេចចិត្ត​ប្រើប្រាស់​សិទ្ធិ​នយោបាយ​នោះ​ដើម្បី​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត​។ នៅពេល​ចូល​ដល់​ក្នុង​បន្ទប់​បោះឆ្នោត​មាន​សន្លឹកឆ្នោត​កាន់​ក្នុង​ដៃ និង​ប៊ិក​មួយ​ដើម​ហើយ ពលរដ្ឋ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​គូស​លើ​សន្លឹកឆ្នោត​។

ដើម្បី​ឲ្យ​សន្លឹកឆ្នោត​រាប់​ជា​បានការ ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​​តែ​បក្ស​នយោបាយ​មួយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​បក្ស​មួយ​ណា​​ក៏បាន​។ គូស​ច្រើន​គូស​ខុស​បច្ចេកទេស​ ឬ​មិន​គូស​សោះ​ជា​សេរីភាព​របស់​ពលរដ្ឋ​ម្នាក់​នោះ គ្រាន់តែ​ថា​សន្លឹកឆ្នោត​នោះ​នឹង​ត្រូវ​ចាត់ទុក​ថា​ជា​សន្លឹក​ឆ្នោត​មិន​បាន​ការ​។

ដើម្បី​ប្រើប្រាស់​សិទ្ធិ​ និង​សេរីភាព​ណា​មួយ​បាន លុះត្រា​តែ​មាន​សិទ្ធិ​ និង​សេរីភាព​នោះ​ជា​មុន​សិន​។ ដល់​ពេល​មាន​សិទ្ធិ​ហើយ​ត្រូវ​សម្រេច​ចិត្ត​ថា ប្រើ​សិទ្ធិ​នោះ​ ឬ​មិន​ប្រើ​។ ​ឧទាហរណ៍​តាម​រដ្ឋធម្មនុញ្ញ​ពលរដ្ឋ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​។ សិទ្ធិ​នេះ​មាន​ហើយ បើ​ចង់​ប្រើ ក៏​ប្រើ​ទៅ បើ​មិន​ប្រើ​ទេ ក៏​ហី​ទៅ​។ មិន​មាន​នរណា​​ម្នាក់​ចាប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​​ឲ្យ​នោះ​ទេ​។ ឧទាហរណ៍​មួយ​ទៀត​ពលរដ្ឋ​មាន​សេរីភាព​ធ្វើ​ដំណើរ​គ្រប់​ច្រកល្ហក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ទៅ​ទូទាំង​ពិភពលោក​។

សេរីភាព​ធ្វើ​ដំណើរ​មាន​ន័យ​ថា ធ្វើ​ដំណើរ​ទៅ​ណា​ទៅ​ណី​បាន​មួយ​សេរី ដោយ​មិន​ចាំ​បាច់​ប្រាប់​អ្នក​ណា​ទេ កុំ​ឲ្យ​តែ​ទៅ​កន្លែង​ដែល​ខ្លួន​មិន​អាច ដូចជា​ចូល​ផ្ទះ​ ឬ​កន្លែង​ឯកជន​ដោយ​គ្មាន​ការអនុញ្ញាត​។ ចង់​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​គឺ​អាច​បាន​មួយ​សេរី​ឲ្យ​តែ​មាន​លិខិត​ឆ្លងដែន​ និង​សម្រាប់​ប្រទេស​មួយ​ចំនួន​ពលរដ្ឋ​ត្រូវការ​ទិដ្ឋាការ​ដើម្បី​ចូល​ក្នុង​ប្រទេស​ទាំងនោះ​។

ឧទាហរណ៍​មួយ​ទៀត​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ មាន​សិទ្ធិ​ហើយ បើ​ចង់​ប្រើ ក៏​ប្រើ​ទៅ បើ​មិន​ចង់​ប្រើ​ទេ ក៏​ហី​ទៅ​។

ចុះ​សិទ្ធិ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ​កក្កដា​ ២០១៨ ​ខាង​មុខ​នេះ​?

តាម​ការពិត គ.ជ.ប បាន​ប្រកាស​ហើយ​ថា​ទោះ​ជា​ចំនួន​អ្នក​បោះឆ្នោត​ប៉ុន្មាន​នាក់ ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ដែរ​។

ជា​ការ​ត្រឹមត្រូវ​​ពីព្រោះ​ប្រទេស​កម្ពុជា​មិន​មាន​ច្បាប់​កំណត់​ចំនួន​ ឬ​ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត ដើម្បី​ចាត់ទុក​ថា​ការបោះឆ្នោត​ណា​មួយ​ស្របច្បាប់​ ឬ​មិន​ស្របច្បាប់​នោះ​ទេ​។ ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​គង់តែ​នឹង​មាន​សមាជិក​ចំនួន​ ១២៥ រូប​កាន់កាប់​ពេញលេញ​ជាក់​ជាពុំខាន​ឡើយ ទោះ​មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់​ទៅ​បោះឆ្នោត​ក៏ដោយ​។

ដូច្នេះ​អ្នក​នយោបាយ​ និង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ទាំងឡាយ មិន​ចាំបាច់ «​ហាម​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត​ «​ឬ​» ​គំរាម​ពលរដ្ឋ​ឲ្យ​ត្រូវ​តែ​ទៅ​បោះឆ្នោត​នោះ​ទេ​ពីព្រោះ​ «​រដ្ឋ​» ​ជា​អ្នក​ផ្តល់​សិទ្ធិ​បោះឆ្នោត​ឲ្យ​ពលរដ្ឋ​គឺ​មិនមែន​ «​បក្ស​» ​ជា​អ្នក​ផ្តល់​សិទ្ធិ​បោះឆ្នោត​ឲ្យ​ពលរដ្ឋ​ទេ​»​។

សូមមេត្តា​គោរព​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​!៕

សុខ លាំង
ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​រស់នៅ​ទីក្រុង​ភ្នំពេញ

អត្ថបទគួរចាប់អារម្មណ៍