មាន​ការ​លើកឡើង​ថា​ពលរដ្ឋ​ទាំងអស់​ប្រៀប​​ ដូចជា​គ្រាប់​ខ្សាច់​ដែល​នៅ​រាយៗ​ដាច់​មិន​ជាប់​គ្នា​ដោយសារ​តែ​អ្នក​កាន់អំណាច​បំបែក​។ កុំអាល​និយាយ​ដល់​កត្ដា​ខាង​ក្រៅ​ជា​ដំបូង​យើង​គួរ​ពិនិត្យ​ដល់​កត្ដា​ខាង​ក្នុង​ដែល​ជះឥទ្ធិពល​ដល់​រឿង​នេះ​សិន​។

វា​ប្រាកដ​ណាស់​ថា ខ្សាច់​រាយ​មួយ​ចាន​នៅ​តែ​ជា​ខ្សាច់​រាយ​មួយ​ចាន​ដដែល ពេល​ដែល​គ្មាន​គ្រប់​លក្ខខណ្ឌ​ឲ្យ​វា​មក​ខាំ​ជាប់​គ្នា​បាន ព្រោះ​ថា​ផល​ទាំងឡាយ​មិន​អាច​កើត​ប្រាសចាក​ហេតុ​ឡើយ​។ តើ​អ្វី​ទៅ​ជា​ហេតុ​ដែល​ធ្វើឲ្យ​គ្រាប់​ខ្សាច់​អាច​ខាំ​ជាប់​គ្នា​បាន​?

កាវ​វិទ្យាសាស្ដ្រ បង់​ស្អិត បាយម៉ាន​ជាដើម អាច​បិទ​គ្រាប់​ខ្សាច់​ឲ្យ​ជាប់​គ្នា តែ​សួរ​ថា តើ​យើង​ចង់​ឲ្យ​តែ​គ្រាប់​ខ្សាច់​ជាប់​គ្នា​តែ​ប៉ុណ្ណឹង​? ឬ​ មួយ​យើង​ប្រាថ្នា​យក​គ្រាប់​ខ្សាច់​ដែល​ជាប់​គ្នា​នោះ​ទៅ​ធ្វើ​ប្រយោជន៍​? ការពិត​យើង​មិន​ត្រឹម​តែ​ចង់​ឲ្យ​គ្រាប់​ខ្សាច់​ខាំ​ជាប់​គ្នា​ទេ តែ​គឺ​អាច​យក​វា​ទៅ​ធ្វើ​ប្រយោជន៍​។

ប៉ុន្តែ​ខ្មែរ​ជាច្រើន​គិត​ខ្លី​ថា ធ្វើ​ម៉េច​ឲ្យ​តែ​គ្រាប់​ខ្សាច់​ខាំ​ជាប់​គ្នា​សិន​ទៅ ចាំ​គិត​ទៀត​គឺ​គេ​ថា​មក​រួបរួម​សិន​ទៅ​។ គោលបំណង​ពេល​ដែល​បាន​គ្រាប់​ខ្សាច់​ដែល​ខាំ​ជាប់​គ្នា​ហើយ​គឺ​សំដៅ​យក​វា​ទៅ​សាងសង់​ជា​សំណង់​ដ៏រឹងមាំ​មួយ ដែល​សំណង់​នោះ​អាច​ឲ្យ​ខ្មែរ​ទាំងអស់​ជ្រក​ក្រោម​ដំបូល​នោះ​ជុំ​គ្នា​បាន​នោះ​គឺ​សំណង់​នៃ​មហា​គ្រួសារ​ខ្មែរ​។ អាច​ទៅ​ជា​បែប​នោះ​បាន យើង​ត្រូវការ​ធាតុ​ ៣ ​ជា​ចាំបាច់​គឺ​ខ្សាច់ ស៊ីម៉ងត៍ និង​ទឹក ទើប​សារធាតុ​ទាំង​ ៣ ​នេះ​អាច​ធ្វើ​ប្រតិកម្ម​គីមី ហើយ​យើង​អាច​យក​ល្បាយ​នោះ​ទៅ​ប្រើ​រួម​នឹង​សម្ភារ​សំណង់​ដទៃ ដើម្បី​កសាង​ជា​សំណង់​នានា​ប្រើ​បាន​ជា​ប្រយោជន៍​។

ក -ពលរដ្ឋ​គ្រប់ៗ​រូប​ប្រៀប​បាន​នឹង​គ្រាប់​ខ្សាច់​។ គ្រាប់​ខ្សាច់​ខ្មែរ​ស្ថិត​នៅ​រាយប៉ាយ​ដាច់​ពី​គ្នា​ហើយ​ភាគច្រើន​ប្រឡាក់​ប្រឡូស​ដែល​លំបាក​យក​ទៅ​កសាង​អ្វី​មួយ​។ ខ្មែរ​មិន​ត្រឹម​តែ​មិន​ទាន់​មាន​ឯកភាព​គ្នា​ទេ តែ​ថែម​ទាំង​​កំពុង​បត់​ដុំដៃ​ដាក់​គ្នា​ថែម​ទៀត​។ សព្វថ្ងៃ​នេះ​ដោយសារ​តែ​និន្នាការ​នយោបាយ​ខុស​គ្នា វា​បាន​លាប​មុខ​ខ្មែរ ឲ្យ​សឹង​តែ​មើល​មុខ​គ្នា​លែង​ចំ គឺ​ឲ្យ​តែ​នៅ​បក្ស​ខុស​គ្នា ដឹង​តែ​ជា​សត្រូវ​នឹង​គ្នា​។

បើ​បែប​នេះ​តើ​អាច​ផ្អោប​ពួកគេ​ចូល​គ្នា​ដោយ​ឯកភាព​ស្រុះស្រួល​គ្នា​កើត​ទេ​? មួយ​ចំណែក​នៃ​ភាព​ផុយស្រួយ​នៃ​វប្បធម៌​សន្ទនា​កន្លង​មក​គឺ​មកពី​គ្មាន​សាមគ្គី​ពិតប្រាកដ​ក្នុង​ទំនាក់ទំនង​ចងសម្ព័ន្ធ​គ្នា​នោះ​។ មាត់​គេ​និយាយ​ថា​សន្ទនា​គ្នា ដៃ​គេ​ឱប​គ្នា តែ​ក្រឡេក​មើល​ទៅ​ជើង​គឺ​គេ​ជាន់ និង​ប៉ែង​ជើង​គ្នា​មិន​ឈប់​។

ខ - យើង​អាច​ប្រដូច​ស៊ីម៉ងត៍​ទៅ​នឹង​ប្រព័ន្ធ​រដ្ឋបាល​ការងារ​ដែល​ធ្វើឲ្យ​អ្វីៗ​ក្នុង​ស្ថាប័ន​មួយ​មាន​ដំណើរការ​តាម​បែបផែន​ណា​មួយ​របស់​ក្រុម​គេ​។ ក្នុង​ក្របខ័ណ្ឌ​ប្រទេស នីតិរដ្ឋ ជា​ស៊ីម៉ងត៍​ក្នុង​សំណង់​មហាគ្រួសារ​ខ្មែរ​។ កាល​បើ​គ្មាន​នីតិរដ្ឋ​ទេ មុខ​ជា​កើត​មាន​និទ្ទណ្ឌភាព មុខ​ជា​គ្មាន​ភាព​ស្មើ​មុខ​គ្នា ចំពោះ​មុខ​ច្បាប់​ឡើយ​។

ក្នុង​ស្ថានភាព​បែប​នោះ អយុត្ដិធម៌​សង្គម​នឹង​បង្ក​នូវ​ការឈឺចាប់​ដល់​ពលរដ្ឋ​ទន់ខ្សោយ​ភាគច្រើន​ជា​ពុំខាន ហើយ​បើ​ទោះបី​ជា​យើង​មាន​គ្រាប់​ខ្សាច់​ដ៏ស្រស់ស្អាត និង​រឹងមាំ មាន​ស៊ីម៉ងត៍​ប្រភេទ​ល្អ​បំផុត​ក៏ដោយ ក៏​យើង​មិន​អាច​ក្រឡុក​ឲ្យ​ស៊ីម៉ងត៍​ និង​គ្រាប់​ខ្សាច់​ខាំ​ជាប់​គ្នា​បាន​ដែរ​។ និយាយ​ក្នុង​លក្ខខណ្ឌ​ទូទៅ​គឺ​លុះត្រាតែ​ចាក់ទឹក​ចូល​ទើប​វា​គ្រប់​លក្ខខណ្ឌ​ឲ្យ​កើត​ប្រតិកម្ម​គីមី​ឡើង​មក​បាន​។ តើ​នៅ​ក្នុង​សង្គម​មួយ​អ្វី​ទៅ​ជា​ទឹក​?

គ -ទឹក​សំដៅ​ដល់​មនោគមន៍​វិជ្ជា​នយោបាយ​ដែល​ជា​បណ្ដុំ​នៃ​គោល​គំនិត​នយោយបាយ​ដែល​ឆ្លងកាត់​ការវិភាគ​ដេញដោល​យ៉ាង​សុក្រឹត​ក្នុង​រយៈពេល​ជាក់លាក់​រហូត​គំនិត​ទស្សនៈ​នោះ​ក្លាយ​ទៅ​ជា​ទ្រឹស្តី​ដែល​មាន​មូលដ្ឋាន គោលដៅ និង​ទស្សនវិស័យ​ពិតប្រាកដ ចំពោះ​ការដោះស្រាយ​បញ្ហា​សង្គម​។ ការផ្សព្វផ្សាយ​ និង​សាប​ព្រោះ​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ ដើម្បី​ពន្យល់​​មនុស្ស​ឲ្យ​យល់ និង​គាំទ្រ​ទ្រឹស្តី​នោះ​ជា​ការ​សាប​ព្រោះ​មនោគមន៍វិជ្ជា​។

មនោគមន៍វិជ្ជា​នយោបាយ​ជា​បណ្ដុំ​នៃ​គំនិត​នយោបាយ​របស់​ក្រុម​មួយ​ដែល​ពន្យល់​ឲ្យ​ឃើញ​ថា តើ​ពួកគេ​នឹង​កសាង​សង្គម​ដោយ​របៀប​ណា​? វា​អាច​ហូរ​ជ្រាប​ទៅ​ក្នុង​ចិត្ដ​មនុស្ស ទោះបី​បុគ្គល​ដែល​បាន​បង្កើត និង​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​នោះ​គ្មាន​វត្ដមាន​ទៀត​ក៏ដោយ ក៏​គោល​គំនិត​នោះ​នៅ​តែ​មាន​ឥទ្ធិពល​។

ក្នុង​ន័យ​នេះ​វា​នឹង​ហូរ​ទៅ​ផ្សើម​គ្រប់​កន្លៀត​កៀនកោះ​នៃ​គ្រាប់​ខ្សាច់ ដែល​សម្អាត​រួច​ហើយ​បូកផ្សំ​នឹង​ប្រព័ន្ធ​រដ្ឋបាល​ជាក់លាក់​មួយ​ដែល​ជា​ស៊ីម៉ងត៍ ទើប​យើង​អាច​បង្កើត​នូវ​ល្បាយ​មួយ​ដែល​ក្រោម​លក្ខខណ្ឌ​ពេលវេលា​បូកផ្សំ​នឹង​សម្ភារ​សំណង់​ផ្សេង​ទៀត វា​នឹង​កក​រឹង​ជា​សំណង់​មួយ​។ នោះ​ទើប​ជា​អ្វី ដែល​យើង​ចង់​បាន​ពី​ការ​ខាំ​ជាប់​គ្នា​នៃ​គ្រាប់​ខ្សាច់​ខ្មែរ​។ បែប​នោះ​ទើប​ការរួបរួម​ប្រែ​ក្លាយ​ជា​កម្លាំង​សាមគ្គី​ដែល​អាច​ប្រើ​បាន​ជា​​ប្រយោជន៍​ដល់​ខ្មែរ​ទូទៅ​។

គ្រាប់​ខ្សាច់​ដែល​លាង​សម្អាត​រួច​ត្រូវ​មាន​ទាំង​ចំណេះ​ជំនាញ​បច្ចេកទេស និង​ជំនាញ​ទន់​ក្នុង​ការចេះ​គិត​ត្រិះរិះ​ពិចារណា វិភាគ​ពី​ទំនាក់ទំនង​រវាង​ហេតុ និង​ផល​។

តួអង្គ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​គ្រាប់​ខ្សាច់​សឹង​តែ​មិន​ដែល​ត្រូវ​បាន​លាង​សម្អាត​។ ច្រើន​ជំនាន់​មក​ហើយ​ដែល​យើង​លំបាក​នឹង​រក​បាន​អ្នក​កាន់​អំណាច​ណា​ដែល​យក​ចិត្ដ​ទុកដាក់​លើ​ការ​យល់ដឹង​បែប​ទស្សនវិជ្ជា​របស់​ពលរដ្ឋ​ដែល​ផ្ដោត​ជា​សំខាន់​លើ​ជំនាញ​វិភាគ​ត្រិះរិះ​ពិចារណា​ខ្លាំង​ណាស់​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​នយោបាយ​ខ្លះ​ថែម​ទាំង​បាន​បោកប្រាស់​បន្លំ​បំភ័យ​លួងលោម​កុហក​ពលរដ្ឋ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​គេ​ថែម​ទៀត​។ ពលរដ្ឋ​យើង​ជាទូទៅ​មិន​ចូលចិត្ត​តាមដាន​រឿង​នយោបាយ​ដែល​ជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​ឡើយ​លើស​ពី​នេះ​ថែមទាំង​ស្អប់ខ្ពើម និង​ចាត់ទុក​នយោបាយ​ថា ជា​រឿង​កខ្វក់​ដែល​មិន​គួរ​ពាក់ព័ន្ធ​ប្រឡាក់​ប្រឡូស​ថែម​ទៀត​ទើប​ពួកយើង ដែល​មាន​នាម​ជា​ម្ចាស់​ប្រទេស​តែងតែ​ទុក​រឿង​ប្រទេស​ជាតិ​ឲ្យ​មនុស្ស​តែ​មួយ​ក្រុម​តូច​សម្រេច​។

ខ្លះ​មិន​ចូលរួម​បោះឆ្នោត​តាម​គេ ខ្លះ​ទៅ​បោះឆ្នោត​ដោយ​គ្មាន​ទំនួល​ខុសត្រូវ​ខ្លះ​ជឿ​អបិយ​ជំនឿ​ផ្តេសផ្តាស ឥត​ហេតុផល​ផ្ទុយ​ពី​ច្បាប់​ធម្មជាតិ​។ ចំណែកឯ​សីលធម៌​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ក៏​ធ្លាក់​ចុះ​ទាប​។

ទាំង​នេះ​បញ្ជាក់​ពី​ការ​គ្មាន​ការយល់ដឹង​របស់​ពលរដ្ឋ​យើង​ជា​រួម​ដែល​វា​បង្ហាញ​ថា គ្រាប់​ខ្សាច់​ខ្មែរ​ភាគច្រើន គ្មាន​គុណភាព​។

វាសនា​ប្រទេស​ជាតិ​ជា​វាសនា​របស់​យើង​ទាំងអស់​គ្នា​។ មិន​មាន​នរណា​ត្រូវ​ទៅ​រ៉ាប់រង​ធ្វើ​រឿង​នេះ​តែ​ម្នាក់​ឯង​ទេ​តែ​គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​គិត​រួម​គ្នា​ធ្វើ​ និង​រួមគ្នា​ទទួល​ខុសត្រូវ​ចំពោះ​ការចូលរួម​កសាង​ជាតិ​។ ក៏ប៉ុន្ដែ​យើង​មិន​អាច​កៀក​ស្មា​គ្នា ធ្វើ​រឿង​នេះ​បា​នទេ បើ​ខ្មែរ​នៅ​តែ​មើល​គ្នា​ជា​សត្រូវ បើ​ក្នុង​ចិត្ត​ខ្មែរ នៅ​តែ​គ្មាន​មនោសញ្ចេតនា​ពូជសាសន៍​រួម បើ​បេះដូង​ខ្មែរ​នៅ​តែ​មិន​អាច​ចាត់​ទុក​ពលរដ្ឋ​ទាំងអស់​ជា​មហាគ្រួសារ​ខ្មែរ តែ​មួយ​បាន​ទេ​។

យើង​ត្រូវ​ចូលរួម​គ្នា​ក្នុង​ការបណ្ដុះ​មនោសញ្ចេតនា​ជាតិ​រួម​មួយ​ដោយ​ជួយ​បង្រៀន​មនុស្ស​ខ្មែរ​ឲ្យ​រៀន​ស្គាល់​ពី​តម្លៃ និង​បុព្វហេតុ​នៃ​ជីវិត​ឲ្យ​មាន​សីលធម៌ ក្នុង​ការ​រស់នៅ​ឲ្យ​មាន​បេះដូង​សង្គ្រោះ ចេះ​ចែក​រំលែក​គ្នា​ឲ្យ​មាន​ការ​យល់ដឹង​ពី​បញ្ហា​សង្គម​ឲ្យ​ចេះ​គិត​ពិចារណា​ឲ្យ​មាន​មនសិការ​ទទួល​ខុសត្រូវ​ក្នុង​នាម​ពលរដ្ឋ​ម្ចាស់​ប្រទេស​គឺ​ចូលរួម​គ្នា​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ចិត្ត​ខ្មែរ​នូវ​មនោសញ្ចេតនា​ពូជសាសន៍​​មួយ​ដែល​យើង​ទាំងអស់​គ្នា​ជា​គ្រួសារ​ខ្មែរ​នា​ជំហាន​ដំបូង​។ បន្ទាប់​មក​ទើប​ពន្យល់​ឲ្យ​ចេះ​បើកចំហ​ចិត្ដ​ទទួល​យក​មនុស្ស​ទាំងអស់​គ្រប់​ជាតិ​សាសន៍ ថា​ជា​បង​ជា​ប្អូន​ដែល​រស់នៅ​រួម​លោក​ជាមួយ​គ្នា​។

បើ​ខ្មែរ​នៅ​តែ​មិន​អាច​រួម​គ្នា​បញ្ជ្រាប​នូវ​មនោគមន៍​វិជ្ជា​នយោបាយ​ដែល​បង្រៀន​មនុស្ស​ខ្មែរ​ឲ្យ​កើត​មាន​នូវ​មនោសញ្ចេតនា ពូជសាសន៍​រួម​ឲ្យ​មាន​នូវ​វប្បធម៌​នៃ​ការចែក​រំលែក​វប្បធម៌​នៃ​ការចូលរួម​វប្បធម៌​នៃ​ការទទួល​ខុសត្រូវ​វប្បធម៌​ស្មើភាព​គ្នា ចំពោះ​មុខ​ច្បាប់​ទេ​នោះ​យើង​នៅ​តែ​មិន​អាច​ឈាន​​ដល់​ការ​កសាង​បាន​នូវ​មាតុភូមិ​មួយ​ដែល​យើង​ទាំងអស់​គ្នា​អាច​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុង​ភាព​ជា​ម្ចាស់​ប្រទេស​បាន​ឡើយ​។

មនោគមន៍វិជ្ជា​នយោបាយ​សុចរិត​ត្រឹមត្រូវ​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ផ្សារភ្ជាប់​គ្រាប់​ខ្សាច់​ខ្មែរ​ឲ្យ​ពួត​ដៃ​គ្នា​ជា​ធ្លុង​មួយ ដើម្បី​កសាង​គ្រឹះមហា​សំណង់​ប្រជាជាតិ​ខ្មែរ​ឲ្យ​រឹងមាំ​យូរអង្វែង​ទៅ​បាន​៕

ប៉ាង វ៉ាន់ថោន

អ៊ីមែលៈ vanthownpang@yahoo.com