The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លិខិតមិត្តអ្នកអាន៖ ហេតុអ្វី​ត្រូវ​ខ្វាយខ្វល់​អំពី​ព្រៃឈើ​របស់​កម្ពុជា​?

លិខិតមិត្តអ្នកអាន៖ ហេតុអ្វី​ត្រូវ​ខ្វាយខ្វល់​អំពី​ព្រៃឈើ​របស់​កម្ពុជា​?

Content image - Phnom Penh Post
ហ្វូង​ទន្សោង​នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​មណ្ឌលគិរី​កាលពី​ឆ្នាំ ២០១១​។ រូបថត WWF/AFP

លិខិតមិត្តអ្នកអាន៖ ហេតុអ្វី​ត្រូវ​ខ្វាយខ្វល់​អំពី​ព្រៃឈើ​របស់​កម្ពុជា​?

ស្រដៀង​គ្នា​នឹង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ព្រៃឈើ​របស់​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​សម្ពាធ​ខ្លាំង​ឡើង​។ ព្រៃឈើ​ត្រូវ​បាន​កាប់​ និង​ជំនួស​ដោយ​ដំណាំ​ឧស្សាហកម្ម ដូចជា​ដំឡូងមី និង​ស្វាយចន្ទី​។ ព្រៃឈើ​ជាច្រើន​បាន​បាត់បង់​ដោយសារ​តែ​តម្រូវការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​។

បើ​ប្រៀបធៀប​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​ដែល​សន្យា​ផ្តល់​ផលចំណេញ​សេដ្ឋកិច្ច​ច្រើន​ និង​បង្កើត​ការងារ​រាប់ពាន់​ការងារ តម្លៃ​នៃ​ព្រៃឈើ អាច​ហាក់បី​ដូចជា​មិន​ត្រូវ​បាន​អើពើ​។ ជាង​នេះ​ទៀត​ការ​លក់​ឈើ​តម្លៃ​ថ្លៃ ដែល​ជា​អាជីវកម្ម​រាប់ពាន់​លាន​ដុល្លារ​ និង​ការលើក​ទឹក​ចិត្ត​សេដ្ឋកិច្ច​រយៈពេល​ខ្លី ដើម្បី​កាប់​ឈើ និង​ការ​បើក​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដទៃៗ​ទៀត​កើត​មាន​យ៉ាង​ជាក់ស្តែង​។

ប៉ុន្តែ​សូម​ស្រមៃ​ថា តើ​អ្វី​នឹង​កើតឡើង ប្រសិន​បើ​ព្រៃឈើ​ទាំងអស់​របស់​កម្ពុជា ត្រូវ​បាន​កាប់​បំផ្លាញ​។

ចម្លើយ​មិន​ត្រឹម​តែ​ច្បាស់​ទេ ប៉ុន្តែ​ថែម​ទាំង​ជាការ​ក្រើន​រំឭក​ផង​ដែរ​គឺ​ប្រជាជន​ក្រីក្រ​បំផុត​រាប់លាន​នាក់​នឹង​ទទួល​រង​ការឈឺចាប់ ហើយ​ភាព​រីកចម្រើន​ជាច្រើន​ដែល​សហគមន៍​បាន​ធ្វើ​ឡើង​ប្រឆាំង​នឹង​ភាពក្រីក្រ​នឹង​ត្រូវ​បាត់បង់​។ នេះ​គឺ​ដោយសារ​ប្រហែល ៨០ ភាគរយ​នៃ​ប្រជាជន​ទូទាំង​ប្រទេស​គឺ​រស់នៅ​តំបន់​ជនបទ ហើយ​ជីវិត​ប្រចាំ​ថ្ងៃ​ និង​សុខុមាលភាព​របស់​ពួកគេ​គឺ​ផ្សារភ្ជាប់​ទៅ​នឹង​ព្រៃឈើ​។ ព្រៃឈើ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើឲ្យ​មាន​សំណើម និង​ធ្វើ​ឲ្យ​មាន​ភាព​ទៀងទាត់​​ដល់​លំហូរ​ទឹក និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​។

បទពិសោធ​នៃ​ប្រទេស​អាហ្វ្រិក​បង្ហាញ​ថា ការកាប់​គម្រប​ព្រៃឈើ​បង្កើន​ឧប្បត្តិហេតុ​នៃ​គ្រោះទឹកជំនន់​ភ្លាមៗ និង​ធ្វើឲ្យ​មាន​ភាព​រាំងស្ងួត​កាន់តែ​អាក្រក់​ឡើង​។ ជា​ការពិត​កាលពី​ឆ្នាំ ២០១៦ កម្ពុជា​បាន​ជួបប្រទះ​គ្រោះ​រាំងស្ងួត​មួយ​ក្នុង​ចំណោម​គ្រោះ​រាំងស្ងួត​ក៏អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ អណ្តូង​នានា​រីងស្ងួត ហើយ​ប្រជាពលរដ្ឋ​ជិត ២,៥ លាន​នាក់​បាន​រងគ្រោះ ដោយសារ​ការខ្វះ​ទឹក​ទទួលទាន និង​ទឹក​សម្រាប់​ធ្វើ​ស្រែចម្ការ​។

សហគមន៍​ជនបទ​បាន​ដើរ​រើស​អុស​សម្រាប់​ដាំ​ស្ល​ប្រើ​ឈើ​មាន​កំណត់​សម្រាប់​សាងសង់​ផ្ទះ និង​ប្រមូល​ផ្សិត ឃ្មុំ និង​រុក្ខជាតិ​ថ្នាំ​សម្រាប់​ការប្រើប្រាស់​ផ្ទាល់​ខ្លួន និង​ដើម្បី​លក់​នៅ​ទីផ្សារ​។ ភាគច្រើន​នៃ​ប្រជាជន​ជនបទ​ទាំង​នេះ​ធ្វើ​កសិកម្ម​ដោយ​ទឹកភ្លៀង​។ ប្រសិន​បើ​មិន​មាន​ភ្លៀង​គ្រប់គ្រាន់​ព្រៃឈើ​នឹង​លែង​ដើរតួ​ជា​សំបុក​សុវត្ថិភាព​។ ប្រជាពលរដ្ឋ​ទាំង​នោះ​រក​ចំណូល​ពី​ផលិតផល​ដែល​កើតចេញ​ពី​ព្រៃឈើ​។

កំណើន​សេដ្ឋកិច្ច​ពី​ការលក់​ឈើ​នឹង​បង្កើន​ការខូចខាត​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ ជាង​នេះ​ទៀត​ការបន្ត​សាងសង់​ទំនប់​វារីអគ្គិសនី​តម្រូវ​ឲ្យ​មាន​ការកាប់​ឈើ​។

ការសិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ HDR និង DHI (​ឆ្នាំ ២០១៥) ស្តីពី​ឥទ្ធិពល​នៃ​ទំនប់​វារីអគ្គិសនី​ទៅ​លើ​ជលផល​នៃ​ទន្លេ​នៅក្នុង​តំបន់​ទន្លេមេគង្គ​បាន​ព្យាករ​ថា ការសាងសង់​ទំនប់​វារីអគ្គិសនី​នឹង​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រព័ន្ធ​អេកូ​របស់​ទន្លេ​ដោយ​កាត់បន្ថយ​លំហូរ​ដីល្បាប់​ និង​កាត់បន្ថយ​ចំនួន​ត្រី​រហូត​ដល់​ ៥០ ​ភាគរយ​។

ដោយសារ​ត្រី​រួម​ចំណែក​ជាង​ ៦០ ​ភាគរយ​នៃ​ការទទួល​បាន​ប្រូតេអ៊ីន​ដល់​ប្រជាជន​ជនបទ​​ (​នេះ​បើ​តាម​អង្គការ​ត្រី​ពិភពលោក ឆ្នាំ​ ២០១៦) ការបង្កើត​អគ្គិសនី​ទំនង​ជា​ធ្វើឲ្យ​ប៉ះពាល​ដល់​សន្តិសុខ​ស្បៀង​។

នេះ​គូសបញ្ជាក់​ថា​សូម្បីតែ​រយៈពេល​ខ្លី​ក៏ដោយ ក៏​ការ​ធ្លាក់​ដុនដាប​ផ្នែក​អេកូឡូស៊ី សង្គម និង​សេដ្ឋកិច្ច​នឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ នៅ​ទីបញ្ចប់​ប្រជាជន​ជនបទ​ដែល​ជីវភាព​របស់​ពួកគេ​ត្រូវ​បាន​ចងភ្ជាប់​នឹង​ព្រៃឈើ​នឹង​ក្លាយ​ជា​អ្នករងគ្រោះ​មុន​គេ ប៉ុន្តែ​ការរងគ្រោះ​នេះ​នឹង​ទទួល​រង​ដោយ​ប្រជាជន​ជំនាន់​ក្រោយ​មិន​ថា​ពួកគេ​រស់នៅ​ទីក្រុង ឬ​ជនបទ​ទេ​។

ដូច្នេះ​តើ​អ្វី​អាច​ធ្វើ​បាន​ដើម្បី​សង្គ្រោះ​ព្រៃឈើ​កម្ពុជា​?

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតឡើង​នេះ ក្រសួង​បរិស្ថាន​បាន​និង​កំពុង​ចាប់ផ្តើម​អនុវត្ត​កំណែទម្រង់​អភិបាលកិច្ច​បរិស្ថាន​ដែល​បាន​កំណត់​ដី​ជាង ៧ ​លាន​ហិកតា​ (​ប្រហែល​ ៤០ ភាគរយ​នៃ​ប្រទេស​) ​ជា​តំបន់​ការពារ និង​ដាក់​មន្ត្រី​អភិរក្ស​ព្រៃឈើ​ច្រើន​ជាង​មុន​ដើម្បី​ការពារ​ព្រៃឈើ​។

នេះ​ជា​ជំហាន​ដ៏សំខាន់​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ទ្រទ្រង់​ព្រៃឈើ​ឲ្យ​មាន​និរន្តរភាព​សម្រាប់​អនាគត ដូច​បង្ហាញ​ផង​ដែរ​ដោយ​ការធ្លាក់​ចុះ​នាពេល​ថ្មីៗ​ចំពោះ​អាត្រា​កាប់​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ចន្លោះ​ពី​ឆ្នាំ ២០១៤ និង​ឆ្នាំ​ ២០១៦​។

ទោះ​យ៉ាង​ណា​ក្តី​ការងារ​ច្រើន​ជាង​នេះ​ទៀត​ត្រូវការ​ធ្វើ​ហើយ​វា​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផង​ដែរ​។ ផ្ទៃដី​ជាង​ ៧ លាន​ហិកតា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មន្ត្រី​អភិរក្ស​តែ​ ១២៦០ នាក់​ប៉ុណ្ណោះ​។

មនុស្ស​ម្នាក់​មិន​អាច​តាមដាន​ផ្ទៃដី ៥០០០ ហិកតា​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​ទេ​។ អ្វី​ដែល​ត្រូវការ​គឺ​ការ​ធ្វើឲ្យ​មាន​ភាព​សកម្ម​ពី​សហគមន៍​ព្រៃឈើ​ដោយ​ខ្លួនឯង​។ ការចូលរួម​របស់​ពួកគេ​គឺ​សំខាន់​ណាស់​ចំពោះ​ការធ្វើឲ្យ​ផែនការ​រយៈពេល​វែង​នៃ​ការធ្វើឲ្យ​ព្រៃឈើ​កម្ពុជា​មាន​និរន្តរភាព​។

ជា​ឧទាហរណ៍​បទពិសោធ​ពី​ប្រទេស​នេប៉ាល់​បង្ហាញ​ថា​ការចូលរួម​ពី​សហគមន៍​ព្រៃឈើ​ក្នុង​ការ​រក្សា​ព្រៃឈើ​គឺជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​មិន​ឲ្យ​មាន​សកម្មភាព​ខុស​ច្បាប់​។ វា​ក៏​បង្ហាញ​ផង​ដែរ​ថា នៅពេល​សហគមន៍​ព្រៃឈើ​ចាប់​អារម្មណ៍​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​ពួកគេ​ក៏​អាច​ប្រើប្រាស់​ព្រៃឈើ​ខ្លួនឯង​ផង​ដែរ​ឧទាហរណ៍ ការប្រមូល​ផល​ និង​លក់​ផលិតផល​ដែល​កើត​ចេញ​ពី​ព្រៃឈើ​ក្នុង​លក្ខណៈ​និរន្តរភាព​។

នាពេល​បច្ចុប្បន្ន​តិច​ជាង ​១០ ​ភាគរយ​នៃ​ព្រៃឈើ​កម្ពុជា និង​តំបន់​ការពារ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​សហគមន៍​។ ជាង​នេះ​ទៀត​ខណៈ​សម្បទាន​សេដ្ឋកិច្ច​ជា​ធម្មតា​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​សិទ្ធិ​គ្រប់គ្រង​រយៈពេល​ ៥០ ​ឆ្នាំ ការជួល​ដោយ​សហគមន៍​គឺ​ទទួល​បាន​សិទ្ធិ​តែ​ ១៥ ​ឆ្នាំ​ (​ឧទាហរណ៍ ព្រៃ​សហគមន៍ និង​តំបន់​ការពារ​នៅ​សហគមន៍​)​។

ជាង​នេះ​ទៀត​ក្រម​បរិស្ថាន​ថ្មី​ដែល​ត្រូវ​បាន​ព្រាង​ដោយ​ក្រសួង​បរិស្ថាន​មាន​គោលបំណង​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​ឲ្យ​មាន​ការ​គ្រប់គ្រង​ដែល​មាន​លក្ខណៈ​សហការ​ផ្តល់​អំណាច​ដល់​សហគមន៍ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឱកាស​ចូលរួម​ក្នុងការ​គ្រប់គ្រង​ព្រៃឈើ​ និង​តំបន់​ការពារ​រយៈពេល​វែង​ដែល​មាន​និរន្តរភាព​។

ផែនការ​យុទ្ធសាស្ត្រ​ព្រៃឈើ​ផលិតកម្ម​ជាតិ​ថ្មី (​ឆ្នាំ ២០១៨‑២០៣២) ដែល​ដឹកនាំ​ដោយ​រដ្ឋបាល​ព្រៃឈើ​ក៏​នឹង​បង្កើត​ឱកាស​ថ្មី​ផង​ដែរ​ដល់​សហគមន៍​ក្នុង​ការ​ចូលរួម​ផលិត​ផលិតផល​ព្រៃឈើ​ដែល​មាន​លក្ខណៈ​និរន្តរភាព​។

វិធានការ​ទាំង​នេះ​ត្រូវ​តែ​អម​ជាមួយ​នឹង​ការអនុវត្ត​ច្បាប់​ដែល​មាន​ប្រសិទ្ធភាព​។ សំខាន់​ជាង​នេះ​ទៀត វិធានការ​ទាំង​នេះ​ត្រូវ​តែ​អាច​អនុវត្ត​នៅក្នុង​លក្ខណៈ​មួយ​ដែល​គាំទ្រ​សហគមន៍​ពេញលេញ​ និង​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ព្រៃ​ដែល​មាន​លក្ខណៈ​ចីរភាព​៕ PS

Nick Beresford ជា​នាយក​ប្រចាំ​ប្រទេស​ហើយ Moeko Saito-Jensen ជា​អ្នក​ឯកទេស​ខាង​នយោបាយ​នៅ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។

អត្ថបទគួរចាប់អារម្មណ៍