ក្រោយពេលបញ្ចប់ពិធីជួបជុំនានាទាំងពិធីបុណ្យជាតិដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យអុំទូក ឬក៏ការប្រកួតកីឡានៅពហុកីឡដ្ឋានជាតិជាដើម ក៏ដូចជាពិធីឯកជនរបស់ប្រជាពលរដ្ឋ យើងតែងសង្កេតឃើញមានសំរាមបន្សល់ចោលពាសវាលពាសកាលនៅកន្លែងប្រារព្ធពិធី។
ករណីបែបនេះក៏មិនលើកលែង សូម្បីតែក្នុងពិធីជួបប្រជុំមន្ដ្រីសង្ឃប្រចាំឆ្នាំក៏ឃើញមានបន្សល់នូវដបទឹកសុទ្ធដែលឆាន់អស់បោះចោលរាយប៉ាយពេញក្នុងសាលប្រារព្ធពិធីដែរ។ ការបរិភោគចំណីអាហាររួចយកស្បោង ឬកំប៉ុងដែលវេចខ្ចប់ទៅបោះចោលក្នុងធុងសំរាមសឹងថាជារឿងចម្លែក។
ទម្លាប់អាក្រក់នៃការចោលសំរាមឥតរបៀបបែបនេះយូរៗទៅធ្វើឲ្យការចោលសំរាមពាសវាលតាមទីសាធារណៈ បានក្លាយជារឿងធម្មតានិយាយចំពោះប្រជាពលរដ្ឋទូទៅ។ ថ្វីដ្បិតថាអាជ្ញាធរបានខ្នះខ្នែងធ្វើការអំពាវនាវខ្លះៗដែរ ឲ្យប្រជាពលរដ្ឋចូលរួមគ្រប់គ្រងកាកសំណល់ទាំងនៅតាមគេហដ្ឋាន ក៏ដូចជាតាមទីសាធារណៈ ក៏ប៉ុន្ដែការបោះចោលសំរាមឥតសណ្ដាប់ធ្នាប់នៅតែជាបញ្ហាចោទដដែល។
ក្រៅពីបញ្ហារញ៉េរញ៉ៃនៃចរាចរណ៍តាមដងផ្លូវ ការបោះសំរាមចោលឥតរបៀប បានជះឥទ្ធិពលអាក្រក់ដល់មុខមាត់ជាតិយើងមិនតិចទេ។ វាបានឆ្លុះបញ្ចាំងពីភាពឥតសណ្ដាប់ធ្នាប់គ្មានវិន័យ គ្មានការយល់ដឹង អសីលធម៌ និងមិនថ្លៃថ្នូរនៃប្រជាពលរដ្ឋយើងជារួមដែលបរទេសដែលបានមកឃើញហើយគ្រវីក្បាលហួសចិត្ដ។
ជាប្រការគួរឲ្យខ្មាសណាស់ ដែលម្ចាស់ប្រទេសក្នុងចំនួនមិនតិច គិតតែពីនាំគ្នាសប្បាយស៊ីផឹកស្រវឹងស្រារាំបែកស្លុយលលាតែហើយបោះកាកសំណល់នានាចោលតាមទីសាធារណៈ ដោយមិនទទួលខុសត្រូវដោយឥតអៀនខ្មាស។ ក្រៅពីបញ្ហាសោភ័ណភាពសំរាមដែលស្អុយរលួយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ លើសពីនេះសំរាមដែលក្ររលួយដូចជាថង់ប្លាស្ទិកសម្បកដបជាដើម បានបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
និយាយដល់រឿងចោលសំរាមឥតរបៀប អ្នកខ្លះអាចយល់ថានេះជារឿងតូចតាច។ ប៉ុន្ដែឥរិយាបថនៃបុគ្គលម្នាក់ៗ ចំពោះការគ្រប់គ្រងសំរាមរបស់ខ្លួនរួមផ្សំគ្នា វានឹងក្លាយជាឥរិយាបថរួមនៃជាតិសាសន៍យើង។ យើងម្នាក់ៗចូលចិត្ដឲ្យផ្ទះរបស់ខ្លួនស្អាតបាត ដោយមិនត្រូវការរស់នៅក្នុងភាពកខ្វក់ឡើយ។ ចំណែកឯប្រទេសប្រៀបដូចជាផ្ទះរួមរបស់យើងទាំងអស់គ្នា។
ការបោះចោលសំរាមឥតសណ្ដាប់ធ្នាប់តាមទីសាធារណៈ មិនខុសអ្វីពីយើងពង្រាយសំរាមក្នុងផ្ទះរបស់យើងខ្លួនឯងឡើយ។ បើប្រទេសនេះជាផ្ទះរួមរបស់ពួកយើង សួរថា តើពួកយើងគ្រប់គ្នាគ្មានចំណែកក្នុងការជួយសម្អាតផ្ទះរួមរបស់យើងទេឬ? ឬមួយក៏ថាបើនរណាចង់សម្អាត ឬចូលចិត្ដសម្អាត គិតតែពីសម្អាតទៅ ចំណែកឯអ្នកដែលមិនចូលចិត្ដសម្អាត មិនចាំបាច់ខ្វល់ទេ? នរណាដែលគិតបែបនេះមិនត្រូវសោះតែម្ដង។ រឿងចូលរួមជួយសម្អាតប្រទេសដែលជាផ្ទះរួមរបស់យើង វាមិនមែនជារឿងថា ចូលចិត្ដ ឬក៏មិនចូលចិត្ដឡើយ តែវាគឺជាកាតព្វកិច្ចដែលប្រជាពលរដ្ឋម្នាក់ៗត្រូវតែទទួលខុសត្រូវបំពេញ។
តើអ្នកគ្មានអារម្មណ៍ថា អៀនទេឬនៅពេលដែលបានឮពីជនបរទេស ដែលមកលេងស្រុកយើងនិយាយថា ប្រទេសរបស់អ្នកស្រស់ស្អាតគួរឲ្យចូលចិត្ដណាស់ ប៉ុន្ដែគួរឲ្យស្ដាយដែលប្រទេសរបស់អ្នកមានបញ្ហារឿងចោលសំរាមពាសវាល និងមានភាពរញ៉េរញ៉ៃក្នុងការបើកបរតាមដងផ្លូវខ្លាំងពេក?
បើឥរិយាបថមិនគួរឲ្យកើតឡើងបែបនេះ កើតមានឡើងក្នុងចំនួនតិចតួចនោះវានឹងមិនក្លាយជាបញ្ហាគួរឲ្យកត់សម្គាល់ប៉ុន្មានឡើយ។ ប៉ុន្ដែមិនថាតែប្រជាពលរដ្ឋសាមញ្ញទូទៅនៅតាមជនបទ ដែលពួកគាត់មិនសូវជាមានការយល់ដឹងពីរឿងអនាម័យពីសុខភាព ពីផលប៉ះពាល់នៃការបំផ្លាញបរិស្ថានជាដើម ដែលនៅជុំវិញផ្ទះរបស់គាត់មួយចំនួនធំ ឃើញមានបន្សល់ចោលនូវថង់ប្លាស្ទិករាយប៉ាយ និងកន្លែងខ្លះជាវាលស្រែសោះ ក៏ឃើញមានថង់ប្លាស្ទិករាយពេញដីដែរ សូម្បីតែមនុស្សដែលមានឋានៈសង្គមខ្ពស់ខ្លះ ក៏គ្មានការយល់ដឹងពីរឿងនេះដែរ។
ពេលអ្នកឃើញមនុស្សដែលជិះក្នុងរថយន្ដទំនើបតម្លៃខ្ទង់ម៉ឺនដុល្លារ បើកកញ្ចក់ឡានចោលសំរាមពីក្នុងឡានមកលើថ្នល់ តើក្នុងចិត្ដអ្នកយល់ថា បុគ្គលនោះជាមនុស្សដែលមានចរិតដូចម្ដេចដែរ? គេបោះសំណល់អាហារ ឬដបទឹកចោលតាមកញ្ចក់ឡាន ព្រោះគេមិនចូលចិត្ដឲ្យមានសំរាមក្នុងឡានដ៏ថ្លៃរបស់គេ ប៉ុន្ដែគេបានគ្រវែងសំរាមមកតាមដងផ្លូវទៅវិញ។ តើអាចដែរទេ ដែលអ្នកថា បុគ្គលនោះមានចរិតថ្លៃថ្នូរហើយអ្នកគោរពបុគ្គលនោះ? ដោយស្មោះត្រង់គឺមិនអាចទេ ហើយមានតែលួចគិតថា អ្នកនោះម្ដេចក៏អន់ចរិតម្ល៉េះ? ឪពុកម្ដាយចាស់ទុំ គួរតែធ្វើខ្លួនជាគំរូដល់ក្មេងៗក្នុងការមានសណ្ដាប់ធ្នាប់គ្រប់គ្រងសំរាមរបស់ខ្លួន ដោយបង្រៀនកូនឲ្យចេះវេចខ្ចប់សំរាម ចេះបែងចែកប្រភេទសំរាម និងចេះយកសំរាមចោលក្នុងធុងសំរាម ឬបើគ្មានធុងសំរាមទេ គួរតែទុកវាក្នុងឡានសិន កុំចេះតែចោលពាសវាលពាសកាលដែលវាជាគំរូដ៏សែនអាក្រក់ដល់ក្មេងៗឲ្យចោលសំរាមឥតរបៀបតាមខ្លួនដែរ។
កុំថា តែសំរាមធំ សូម្បីតែរឿងសំណល់ស្ករកៅស៊ូក៏អ្នកជាឪពុកម្ដាយជាចាស់ទុំគួរតែបង្រៀនកូន និងក្មេងៗឲ្យចេះខ្ចប់វាដោយត្រឹមត្រូវជាជាងបណ្ដោយក្មេងមិនដឹងអីខ្ជាក់យកទៅបិតលេងផ្ដេសផ្ដាស។ ប្រហែលជាមិនអត់ទេដែលមានឪពុកម្ដាយមួយចំនួនធ្លាប់មានបទពិសោធដែលកូនតូចយកស្ករកៅស៊ូ ទៅបិទលើតុ បិទលើពូក បិទលើសក់ក្បាល បិទលើសម្លៀកបំពាក់ និងបិទលើពូកឡានជាដើម។
ប្រជាពលរដ្ឋជាអ្នកបង្កើតសំរាម ឯអាជ្ញាធរមាននាទីជាអ្នកប្រមូលសំរាម គឺមានភាគីបង្កើតសំរាម/អ្នកទទួលសេវាសាធារណៈ/ប្រជាពលរដ្ឋ និងមានភាគីប្រមូលសំរាម/អ្នកបម្រើសេវាសាធារណៈ/រដ្ឋាភិបាល ដែលត្រូវតែយល់ពីគ្នា នោះទើបវាដំណើរការទៅដោយប្រសិទ្ធភាព។
ការដោះស្រាយបញ្ហាសំរាម មិនអាចសម្រេចទៅបានដោយពឹងផ្អែកតែទៅលើភាគីអាជ្ញាធរតែម្ខាង ហើយប្រជាពលរដ្ឋធ្វើមិនដឹងមិនឮក្នុងការសហការឡើយ។ រឿងនេះដាច់ខាតត្រូវតែមានការចូលរួមយ៉ាងសកម្មពីភាគីប្រជាពលរដ្ឋទូទៅផងដែរ ដោយប្រជាពលរដ្ឋម្នាក់ៗគួរតែមានស្មារតីភ្ញាក់រឭកដោយខ្លួនឯង ក្នុងការទទួលខុសត្រូវចំពោះសំរាមដែលខ្លួនបានបង្កើត។ ថ្វីដ្បិតថា ការប្រមូលសំរាមជាភារៈរបស់អាជ្ញាធរ ប៉ុន្ដែមិនបានន័យថា ប្រជាពលរដ្ឋគិតតែចោលសំរាមផ្ដេសផ្ដាសពេញទីកម្សាន្ដ និងទីសាធារណៈនានា ហើយឲ្យអាជ្ញាធរចាំតែដើរប្រមូលចោលតាមក្រោយនោះទេ។
ត្រឹមឲ្យអាជ្ញាធរទទួលបន្ទុកយកសំរាមដែលវេចខ្ចប់ទុកដាក់តាមកន្លែងត្រឹមត្រូវដោយប្រជាពលរដ្ឋទៅចោលនៅទីសមរម្យកំណត់ណាមួយឲ្យបានទាន់ពេលវេលា នោះគឺបានពេកហើយ។ ប្រជាពលរដ្ឋគ្រប់រូបគួរតែមានការយល់ដឹងពីបញ្ហាសណ្ដាប់ធ្នាប់អនាម័យ ហើយទទួលខុសត្រូវក្នុងការចូលរួមវេចខ្ចប់សំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ បើទោះបីជាយើងមិនទាន់ធ្វើបានដល់ថ្នាក់ ចេះបែងចែកប្រភេទសំរាមថា ជាកាកសំណល់ផ្ទះបាយ កាកសំណល់ដែលអាចប្រើទៅផលិតផលិតផលថ្មីឡើងវិញ និងកាកសំណល់ឧស្សាហកម្មជាដើម ហើយវេចខ្ចប់ចោលដោយឡែកៗពីគ្នាក៏ដោយ ក៏ក្នុងជំហានដំបូងគួរតែចេះវេចខ្ចប់វាជារួមដោយកុំចេះតែគ្រវាត់ចោលផ្ដេសផ្ដាសជាមុនសិនដែរ។
ដើម្បីឲ្យប្រជាពលរដ្ឋយើងទៅជាបែបនោះគឺទាមទារឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីបញ្ហាសំរាម។ រឿងនេះវាមិនលើសពីសមត្ថភាពដែលយើងអាចធ្វើបានឡើយ។ វាទាមទារឲ្យមានការពន្យល់ផ្សព្វផ្សាយដោយយកចិត្ដទុកដាក់យ៉ាងទូលំទូលាយពីភាគីអាជ្ញាធរទៅកាន់ប្រជាពលរដ្ឋឲ្យចេះគ្រប់គ្រងវេចខ្ចប់ទុកដាក់សំរាមរបស់ខ្លួនចំណែកឯអាជ្ញាធរមាននាទីធ្វើកិច្ចសហការជាមួយក្រុមហ៊ុនឯកជនក្នុងការប្រមូល និងគ្រប់គ្រងសំរាមដែលប្រមូលបាន។ ប្រជាពលរដ្ឋត្រូវគិតឲ្យយល់ពីការទទួលខុសត្រូវរបស់ខ្លួន ហើយទម្លាក់ការយល់ឃើញទាំងនោះទៅក្នុងចិត្តបន្ដិចម្ដងៗ រហូតវាបានក្លាយជាទម្លាប់ជាសីលធម៌ដែលដុះស្អិតក្នុងចិត្ដរហូតដល់លើកដៃចោលសំរាមផ្ដេសផ្ដាសលែងកើត នោះទើបរដ្ឋាភិបាលលែងសូវឈឺក្បាលរឿងនេះ។
បើប្រជាពលរដ្ឋទូទៅមិនផ្លាស់ប្ដូរនូវឥរិយាបថមិនល្អដែលគេធ្លាប់ប្រព្រឹត្ដដោយខ្លួនគេផ្ទាល់ទេ នោះវិធានការនានារបស់រដ្ឋាភិបាលគ្មានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ដឡើយ។ មិនថាតែរឿងសំរាមឡើយ បើគ្មានកិច្ចសហការយ៉ាងជិតស្និទ្ធ ដោយការយល់ដឹងពីប្រជាពលរដ្ឋទូទៅជាមួយរដ្ឋាភិបាលទេ នោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមុខជានឹងលំបាកសម្រេចដោយជោគជ័យណាស់។
សូមកុំគិតថា រឿងសំរាមជារឿងតូច។ ឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះរឿងនេះឆ្លុះបញ្ចាំងពីសីលធម៌រស់នៅរបស់ប្រជាពលរដ្ឋថ្លៃថ្នូរ ដែលពោរពេញទៅដោយអនាម័យ សណ្ដាប់ធ្នាប់ ការទទួលខុសត្រូវ និងសីលធម៌។ សីលធម៌ខ្ពស់បំផុតរបស់មនុស្សគឺការទទួលខុសត្រូវឯការទទួលខុសត្រូវខ្ពស់បំផុតរបស់មនុស្ស គឺការទទួលខុសត្រូវផ្នែកមនសិការ។
មានន័យថា ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋក្នុងការបំពេញនូវកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ឆ្លុះបញ្ចាំងពីសីលធម៌របស់បុគ្គលម្នាក់ៗដែលរស់នៅក្នុងសង្គមហើយការទទួលខុសត្រូវនោះទៀតសោតគឺទទួលខុសត្រូវដោយការភ្ញាក់រឭកដោយមនសិការខ្លួនឯង មិនមែនបំពេញព្រោះតែមានការចាប់បង្ខំឡើយ។ មនុស្សដែលមានការទទួលខុសត្រូវផ្នែកមនសិការគេទទួលខុសត្រូវលើគ្រប់ទង្វើរបស់គេដោយខ្លួនគេ។
ការកំណត់នូវសកម្មភាពណាមួយថា គួរធ្វើ ឬមិនគួរធ្វើមិនត្រូវបានកំណត់ដោយកត្ដាខាងក្រៅ ដូចជាការកម្រិតហាមពីច្បាប់ជាការផាកពិន័យ ឬទណ្ឌកម្មណាមួយឡើយ ផ្ទុយទៅវិញគឺពួកគេប្រព្រឹត្ដ ឬមិនប្រព្រឹត្ដទង្វើណាមួយអាស្រ័យលើមនសិការរបស់គេប្រាប់ថា គួរ ឬមិនគួរធ្វើ។ ទង្វើដែលកើតពីការទទួលខុសត្រូវផ្នែកមនសិការ អាចមើលឃើញតាំងពីរឿងតូចតាចក្នុងជីវភាពប្រចាំថ្ងៃរបស់បុគ្គលនោះរាប់តាំងពីរឿងការចោលសំរាមឡើងទៅ។ មិនមែនទាល់តែច្បាប់ចែងថា ចោលសំរាមផ្ដេសផ្ដាសតាមទីសាធារណៈនឹងត្រូវពិន័យ ទើបគេមិនចោលសំរាមនោះឡើយតែគេមិនចោលសំរាមពាសវាលពាសកាល ព្រោះតែមនសិការរបស់គេប្រាប់គេថា ប្រទេសគឺជាផ្ទះរួមរបស់គេ ដូច្នេះគេមានកាតព្វកិច្ចជួយសម្អាតផ្ទះរួមរបស់គេ។ គេយល់យ៉ាងច្បាស់ថា ការខ្វះសណ្ដាប់ធ្នាប់ ភាពឥតអនាម័យ គឺជាផ្នែកមួយនៃអសីលធម៌ គ្មានវិន័យ និងខ្វះការយល់ដឹង។
មនសិការរបស់បុគ្គលថ្លៃថ្នូររំឭកប្រាប់ធ្វើឲ្យគេមិនអាចលើកដៃចោលសំរាមនៅទីសាធារណៈ ហើយទោះបីជានៅទីណាក៏ដោយ ក៏ពួកគេចៀសវាងនូវទង្វើដែលនាំដល់ការបំពុលបរិស្ថានថែមទៀត។ ឥរិយាបថរបស់ប្រជាពលរដ្ឋម្នាក់ៗចំពោះរឿងនេះ អាចជួយរក្សាការពារបរិស្ថាននៃភពផែនដីទាំងមូលឲ្យស្រស់បំព្រងអាចទ្រទ្រង់មនុស្សឲ្យរស់បន្ដដោយសុខុមាលភាព។
ជាតិយើងអាចមានសណ្ដាប់ធ្នាប់ មានវិន័យ មានសីលធម៌ និងមានសេចក្ដីថ្លៃថ្នូរទៅបានលុះត្រាតែប្រជាពលរដ្ឋយើងហោចបំផុតចំនួនលើសពីពាក់កណ្ដាលជាប្រជាពលរដ្ឋយល់ដឹងជាប្រជាពលរដ្ឋដែលមានសណ្ដាប់ធ្នាប់ មានវិន័យ មានសីលធម៌ និងមានសេចក្ដីថ្លៃថ្នូរជាមុនសិន។ រឿងខ្លះជាបញ្ហាជាតិដែលទាមទារនូវដំណោះស្រាយផ្នែកនយោបាយធំៗ ដោយទាមទារនូវការចូលរួមអនុវត្ដពីភាគីពាក់ព័ន្ធយ៉ាងច្រើន ដែលបើទោះបីជាចង់ដោះស្រាយលឿនៗ ក៏វាលំបាកនឹងទៅរួចងាយ តែបើត្រឹមតែរឿងដែលខ្លួនយើងម្នាក់ៗអាចគ្រប់គ្រងបានដោយខ្លួនឯងដូចជារឿងសំរាម ក៏ប្រជាពលរដ្ឋយើងនៅតែមិនចេះចូលរួមគ្នាគ្រប់គ្រង នោះឃើញថា ជាតិនេះនឹងលំបាកឈានទៅកសាងភាពថ្លៃថ្នូរសំរាប់ជាតិសាសន៍យើងណាស់។
ជាប្រការដែលគួរឲ្យខ្មាសគេពេកណាស់ ពេលដែលឃើញគេឈរនៅលើគំនរថង់ប្លាស្ទិក ហើយនាំគ្នាច្រៀងរាំស្រែកថា “មោទនភាពជាតិៗ!”។ សូមចាំថា ផលរួមនៃជាតិមួយដែលពោរពេញទៅដោយប្រជាពលរដ្ឋថ្លៃថ្នូរ ដែលមានការយល់ដឹងពីតួនាទី ពីកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋ ហើយចូលរួមបំពេញវាដោយមនសិការ នោះទើបជាតិសាសន៍យើងអាចថ្លៃថ្នូរកើត៕
ដោយ ប៉ាង វ៉ាន់ថោនៈ vanthownpang@yahoo.com