លោកនិពន្ធនាយកជាទីស្រឡាញ់រាប់អាន!
ក្រោយពីបានអានអត្ថបទសារព័ត៌មានរបស់លោកចុះថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ ក្រោមចំណងជើងថា «លោក ស ខេង ឱ្យបំបាត់សំឡេងរំខានលើសកម្រិតពីយានយន្ត» ខ្ញុំសូមផ្ញើជូននូវការចាប់អារម្មណ៍របស់ខ្ញុំមួយចំនួនពាក់ព័ន្ធនឹងអត្ថបទនេះដូចខាងក្រោម៖
បន្ទាប់ពីក្រសួងមហាផ្ទៃបានដាក់ចេញសេចក្តីណែនាំស្តីពីការបង្កសំឡេងរំខានដោយយានយន្តគ្រប់ប្រភេទកាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ យើងខ្ញុំសង្កេតឃើញថា ឆ្លងតាមសេចក្តីណែនាំនេះ ប្រជាពលរដ្ឋទូទៅបានសម្តែងការអបអរសាទរ និងសន្យាចូលរួមអនុវត្តយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន។
ទន្ទឹមនេះក៏មានមតិមួយចំនួនសម្តែងការយល់ឃើញផ្សេងៗថា ការណែនាំឱ្យលុបបំបាត់ការបង្កសំឡេងពីយានយន្តកែច្នៃគឺជារឿងល្អក្នុងការកាត់បន្ថយការរំខានដល់ពលរដ្ឋ ប៉ុន្តែវាមិនមែនជាចំណុចដែលមានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិតនោះទេ។
ខ្ញុំសូមគូសបញ្ជាក់ជូនសាធារណជនជ្រាប តាមរយៈសារព័ត៌មានរបស់លោកនាយកថា ការដាក់ចេញនូវវិធានការលុបបំបាត់សំឡេងរំខានលើសកម្រិត ដែលបង្កឡើងដោយយានយន្តគ្រប់ប្រភេទ គឺមិនមែនជារឿងថ្មីនោះទេ។ កិច្ចការនេះត្រូវបានចាត់តាំងអនុវត្តស្របតាមស្មារតីនៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ ១៩៩៦ និងអនុក្រឹត្យលេខ ៤២ អនក្រ បក ចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០០០ ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេងដែលបានកម្រិតកំណត់សំឡេងអតិបរមាអនុញ្ញាតឱ្យបញ្ចេញសំឡេងនៅលើផ្លូវសាធារណៈចំពោះយានយន្ត និងកម្រិតកំណត់សំឡេងអតិបរមាដែលអនុញ្ញាតនៅតំបន់សាធារណៈ និងតំបន់លំនៅឋាន ដែលក្នុងនោះរួមទាំងតំបន់មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ និងគ្រឹះស្ថានរដ្ឋបាលជាដើម។ល។
ផ្អែកលើមូលដ្ឋានគតិយុត្តខាងលើនេះប្រតិកម្មបែបចំអក និងមើលស្រាលចំពោះវិធានការនេះហាក់ដូចជា មានការរើសអើង និងមិនបានគិតគូរគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ឬជាអ្នករងគ្រោះដោយប្រយោលដោយសារសំឡេងរំខានទាំងនេះឡើយ។ សំឡេងរំខានអាចមិនចោទជាបញ្ហាសម្រាប់អ្នកដែលពុំមានបញ្ហាសុខភាព ហើយទោះបីសំឡេងរំខានទាំងនេះមិនសម្លាប់ជីវិតមនុស្សក៏ពិតមែន ប៉ុន្តែវាបង្កការប៉ះពាល់ដល់សិទ្ធិរស់នៅ និងអារម្មណ៍របស់អ្នកដទៃ ជាពិសេសអ្នកជំងឺសម្រាកនៅតាមមន្ទីរពេទ្យ ឬនៅលំនៅឋានដែលត្រូវការភាពស្ងប់ស្ងាត់ជាប្រចាំ និងសិស្សនិស្សិតដែលត្រូវការផ្តោតអារម្មណ៍លើការសិក្សារៀនសូត្រ ទោះនៅតាមគ្រឹះស្ថានអប់រំនានាក្តី ឬនៅតាមលំនៅឋានក្តី។
ក្នុងន័យនេះ ទោះបីសំឡេងរំខានមិនកើតមានឡើងនៅគ្រប់ទីកន្លែង និងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋទូទាំងប្រទេសក៏ដោយ ប៉ុន្តែវិធានការនេះគឺជាការអនុវត្តស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានរបស់រាជរដ្ឋាភិបាលដែលកំពុងស្ថិតនៅជាធរមានដោយគ្មានការរើសអើង ដើម្បីរួមចំណែកការពារចំពោះប្រជាពលរដ្ឋក្នុងចំនួនសមាមាត្រណាមួយនោះដែលជាអ្នករងគ្រោះដោយសារការរំខានមកពីសំឡេង ហើយដែលផលប៉ះពាល់បង្កឡើងដោយបញ្ហានេះមិនគួរត្រូវបានមើលស្រាលនោះឡើយ។ នេះគឺជាវិធានការដែលត្រូវបានចាត់តាំងអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមានរបស់រាជរដ្ឋាភិបាល ហើយអ្នករិះគន់ដែលខ្វះមូលដ្ឋានពិចារណាផ្អែកលើស្មារតីនៃច្បាប់មានន័យថា ជាអ្នកបដិសេធមិនគោរពច្បាប់។
ដោយឡែកការដាក់ចេញវិធានការលុបបំបាត់សំឡេងរំខាននេះមិនមែនមានន័យថាអាជ្ញាធរមានសមត្ថកិច្ចមិនបានយកចិត្តទុកដាក់គិតគូរដល់បញ្ហាចរាចរណ៍នោះទេ។ ជាក់ស្តែងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ត្រូវបានចាត់តាំងអនុវត្តជាប្រចាំ ជាពិសេសចាប់តាំងពីចុងឆ្នាំ ២០១៥ នៃដំណើរការយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលបានផ្តើមចេញពីវិធានការផ្សព្វផ្សាយអប់រំ និងវិធានការបន្តបន្ទាប់ជាដំណាក់កាលៗដូចជា ការត្រួតពិនិត្យ ការផាកពិន័យ និងរហូតឈានដល់ការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់មួយចំនួនទៀតដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យបានជាអតិបរមា។
ឆ្នាំ ២០២០ កន្លងទៅនេះត្រូវបានកំណត់ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២០ អត្រាគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ២៣% អ្នកស្លាប់ថយចុះ ១៧% និងអ្នករបួសថយចុះ ២៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការថយចុះនៃអត្រាគ្រោះថ្នាក់នេះមិនទាន់រាប់បញ្ចូលនូវកំណើនយានយន្តគ្រប់ប្រភេទ អ្នកប្រើប្រាស់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធដែលបន្តកើនឡើងជាលំដាប់ពី ១ ឆ្នាំទៅ ១ ឆ្នាំ។ការសម្រេចបានលទ្ធផលវិជ្ជមាននេះដោយសារមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានរួមទាំងកងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅដែលជាអ្នកប្រើប្រាស់ផ្លូវសាធារណៈ។
លើសពីនេះទៀត ការយកចិត្តទុកដាក់ចំពោះវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានយកចិត្តទុកដាក់អនុវត្តមិនត្រឹមតែក្នុងវិសាលភាពនៃការងារគ្រប់គ្រងចរាចរណ៍ និងបញ្ហាសំឡេងរំខានប៉ុណ្ណោះទេ ជាក់ស្តែងបច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននិងកំពុងកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងអន្តរវិស័យក្នុងគោលបំណងពង្រឹងទាំងក្របខ័ណ្ឌសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាព និងភាពសុខដុមរមនាជារួមសម្រាប់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គម៕
ថ្ងៃអង្គារ ៦ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១
អ្នកនាំពាក្យក្រសួងមហាផ្ទៃ