បើទោះបីជាសហគមន៍អាស៊ានមិនបានចម្លងយកម៉ូដែលទាំងស្រុងពីសហគមន៍អឺរ៉ុបក្តីក៏សមាជិកអាស៊ានហាក់មិនបានជួយស្វះស្វែងរកការផ្សះផ្សាគ្នារវាងសមាជិកគ្នាឯង និងបញ្ហាផ្ទៃក្នុងរបស់សមាជិកប៉ុន្មាននោះទេ ម្យ៉ាងទៀតគិតតែពីរឿងក្នុងស្រុកខ្លួនឯង ខ្លាចគេថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ដោយប្រកាន់ខ្ជាប់នូវសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ានគឺសហគមន៍សុវត្ថិភាពនយោបាយ សហគមន៍សេដ្ឋកិច្ច និងសង្គមវប្បធម៌។
សូម្បីតែការចេញសេចក្តីថ្លែងការណ៍រួមក៏ពេលខ្លះមានលក្ខណៈផ្ទុយគ្នាផងដែររីឯពាក្យថា «សហគមន៍មួយគោលដៅតែមួយ!»(One community one destiny!) ចាប់តាំងពីចុងឆ្នាំ ២០១៥ ក៏មិនមានអីដំណើរការបញ្ចូលគ្នាបានស្រួលបួលនៅឡើយទេ។ ម្យ៉ាងវិញទៀតប្រទេសសិង្ហបុរីជាប្រទេសមួយដែលមានប្រាក់ខែខ្ពស់ជាងគេនៅលើពិភពលោកក៏មិនបានជួយអាស៊ានអ្វីជាដុំកំភួនដែរ សហគមន៍នៅតែទទួលមូលនិធិគាំទ្រមួយផ្នែកធំពីសហគមន៍អឺរ៉ុបដដែល។
តែក្នុងនាមសមាជិកអាស៊ានកម្ពុជាហាក់ដូចជាមានការប្រឹងប្រែងពង្រឹងផ្នែកសេដ្ឋកិច្ចរបស់ខ្លួនដោយឡែកពីគេផងដែរ ដើម្បីរត់តាមបណ្តាសមាជិកមួយចំនួនផងដែរគឺស្ថិតក្នុងកម្រិតកំណើនសេដ្ឋកិច្ចថេរមួយរង្វង់ ៧ ភាគរយ ប៉ុន្មានឆ្នាំចុងក្រោយនេះ បើប្រៀបធៀបជាមួយប្រទេសថៃមានកំណើនរំពឹងទុកតែ ៤.១ ភាគរយ និងប្រទេសម៉ាឡេស៊ីរំពឹងតែ ៥.៣ ភាគរយនោះទេ។ នេះបើតាមរយៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៨ នេះ។
តែផ្ទុយទៅវិញមេដឹកនាំសមាជិកអាស៊ានចូលចិត្តធ្វើអ្វីៗតាមគ្នាទៅវិញធ្វើយ៉ាងណាដើម្បីរក្សាស្ថិរភាពតំណែងរបស់ខ្លួន និងរបបនយោបាយរបស់គណបក្សខ្លួនបានយូរអង្វែង សូម្បីតែលោក ម៉ាហាធៀ ម៉ូហាម៉ាដ (Mahathir Mohamad) ដែលបានបញ្ចប់ការកាន់អំណាចជាអតីតនាយករដ្ឋមន្ត្រីរួចហើយក៏ដោយ ក៏វិលត្រឡប់មកបន្តអំណាចវិញទោះក្នុងវ័យជរាភាព ៩២ ឆ្នាំក៏ដោយ។
ឥទ្ធិពលធ្វើឲ្យជះគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រង ម្តងឮគេថា មីយ៉ាន់ម៉ា យកតម្រាប់តាមកម្ពុជា ម្តងគេថាកម្ពុជាយកតម្រាប់តាមប្រទេសថៃ ម្តងគេថា ម៉ាឡេស៊ី យកស្ទីលពុករលួយតាមកម្ពុជា។
ឧទាហរណ៍រឿងពុករលួយរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ថាបានយកលំនាំកម្ពុជាដែលត្រូវបានគេរកឃើញថា ១ ឆ្នាំៗមានពិន្ទុទាបទៅលើសន្ទស្សន៍សូចនាករវាស់វែងគឺ ២១ លើ ១០០ ជាលេខរៀងខ្ពស់ជាងគេបំផុតក្នុងចំណោមសមាជិកអាស៊ាន (TI, 2017) មកដល់រឿងរបបគ្រប់គ្រងឯកបក្សជាធំក្នុងការបោះឆ្នោតជាតិគឺកម្ពុជាយកលំនាំធ្វើឲ្យដូចប្រទេសសិង្ហបុរីតែយកវិធីសាស្ត្ររំលាយបក្សតាមរបៀបប្រទេសថៃដែលធ្វើបានជោគជ័យកន្លងមកទៅវិញ។
ជាងនេះទៀតរបៀបដឹកនាំមួយផ្នែកដែលសមាជិកអាស៊ានតែងតែក្រឡេកមើលគ្នាទៅវិញទៅមកផងដែរថាតើគេធ្វើបានជោគជ័យយ៉ាងដូចម្តេច? ហើយគេប្រើវិធីសាស្ត្រដូចម្តេចកុំឲ្យគេមើលឃើញនៅលើគោកពេក។
ថ្មីៗនេះបន្ទាប់ពីការប្រកាសលទ្ធផលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីសប្តាហ៍កន្លងទៅនេះគឺលោក ម៉ាហាធៀ ម៉ូហាម៉ាដ វិលត្រឡប់មកកាន់តំណែងជាលើកទី ២ បន្ទាប់ពីការចេញពីឆាកនយោបាយវិញភ្លាមៗនោះលោក ម៉ាហាធៀ បានដោះលែងអតីតគូប្រកួតប្រជែងយ៉ាងស្រួចស្រាល់គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) អតីតមេបក្សប្រឆាំងដែលមានឈ្មោះ Pakatan Rakyat និងជាអតីតឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨ និងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៨ កាលនៅធ្វើការជាមួយគ្នាក្នុងការបង្កើតរដ្ឋាភិបាលចម្រុះឲ្យចេញពីពន្ធនាគារផងដែរ។
លោក អាន់វ៉ា ធ្លាប់ត្រូវបានគូបដិបក្ខលោក ម៉ាហាធៀ កាលពីអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលម៉ាឡេស៊ីកាលពីឲ្យជាប់គុកពីឆ្នាំ ១៩៩៩ ហើយដោះលែងឆ្នាំ ២០០៤ ជាប់ពីបទចោទរឿងរំលោភអំណាច។
បន្ទាប់មកទៀតមកដល់សម័យលោក ណាជីប លោកត្រូវបានជាប់គុកជាថ្មីម្តងទៀត ពីបទចោទរួមភេទ ភេទដូចគ្នារយៈពេល ៥ ឆ្នាំពីឆ្នាំ ២០១៥ មកដល់ពេលដោះលែងមុនកាលកំណត់កាលពីថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ។
ប៉ុន្តែរាល់ការឃុំឃាំងលោក អាន់វ៉ា នៅក្នុងពន្ធនាគារនេះត្រូវបានគេមើលឃើញថាគឺជាហេតុផលនយោបាយ ហើយលោក អាន់វ៉ា បែរជាត្រូវរ៉ូវជាមួយលោក ម៉ាហាធៀ ម៉ូហាម៉ាដ បង្កើតបក្សថ្មីទើបតែឈ្នះឆ្នោតទៅវិញគឺគណបក្ស Pakatan Harapan ដែលទើបតែផ្តួលគូប្រកួតគណបក្សលោក ណាជីប Barisan Nasional។
ឥឡូវនេះលោក អាន់វ៉ា អ៊ីប្រាហ៊ីម អ្នកនយោបាយដ៏មានប្រជាប្រិយភាព តែគ្មានឱកាសក្នុងការដឹកនាំប្រទេសបានត្រឡប់មកជីវភាពនយោបាយវិញ ជាមួយលោក ម៉ាហាធៀ ម៉ូហាម៉ាដ ដែលទើបជាប់ឆ្នោតជានាយករដ្ឋមន្ត្រី។ នេះបើតាមរបាយការណ៍ដែលបានផ្សព្វផ្សាយជាទូទៅ។
ដូចគ្នានេះដែរលោក សម រង្ស៊ី និងលោក កឹម សុខា អតីតមេបក្សប្រឆាំងដ៏ធំមួយឈ្មោះគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងទៅនេះ។
លោក សម រង្ស៊ី ដែលបានបង្ខំខ្លួនមិនវិលត្រឡប់មកស្រុកវិញ បានជាប់ពិរុទ្ធករណីផ្ទួនៗ នៅក្នុងតុលាការមួយចំនួនដូចជា បណ្តឹងអតីតរដ្ឋមន្ត្រីការបរទេសលោក ហោ ណាំហុង ករណីកាត់ដីឲ្យជនជាតិភាគតិចវៀតណាមជាដើម។ រីឯលោក កឹម សុខា កំពុងតែជាប់ចោទពីបទក្បត់ជាតិក្នុងករណីផ្តួលរំលំរដ្ឋាភិបាលដែលតុលាការកំពូលនៅតែបន្តឃុំខ្លួនកាលពីខែមីនាកន្លងទៅនេះ។
រំលាយគណបក្ស CNRP និងការឃុំខ្លួនមេដឹកនាំបក្សនេះ និងបម្រាមហាមមន្ត្រីចំនួន ១១៨ នាក់ផ្សេងទៀតមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំត្រូវបានសហគមន៍អន្តរជាតិរិះគន់ថាជាហេតុផលនយោបាយ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច CPP បានលើកឡើងថាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលនៅសេសសល់មានសិទ្ធិបង្កើតគណបក្សនយោបាយថ្មី ដើម្បីឆ្លើយតបទៅនឹងការរិះគន់នេះ។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថ្មីៗនេះថាគ្មានការចរចាជាមួយមេដឹកនាំគណបក្សប្រឆាំងនោះទេ ដើម្បីបង្រួបបង្រួមគ្នាមុនការបោះឆ្នោតសកលនេះក៏ដោយ តែបើតាមការយកលំនាំគ្នាកន្លងមកនៅក្នុងការដឹកនាំនៅប្រទេសម៉ាឡេស៊ីនេះគឺមេដឹកនាំបក្សប្រឆាំងទាំង ២ រូបនេះអាចនឹងត្រូវដោះលែង និងអនុញ្ញាតឲ្យវិលត្រឡប់មកបន្តជីវភាពនយោបាយវិញ បន្ទាប់ពីការបោះឆ្នោតសកលថ្ងៃ ២៩ ខែកក្កដាខាងមុខនេះប្រសិនបើគណបក្សប្រជាជនឈ្នះឆ្នោត និងបន្តកាន់អំណាចបន្តទៀតនេះដោយលើកហេតុផលនៃការដោះលែងនេះថាជា «ការបង្រួបបង្រួមជាតិ» ដើម្បីឲ្យអន្តរជាតិមើលឃើញថាខ្មែររួបរួមគ្នាឡើងវិញ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com