ជន​ដែល​មាន​ចំណេះដឹង​ខ្ពស់​ជា​បណ្ឌិត បញ្ញវន្ដ ភាគច្រើន​យល់​ថា ពលរដ្ឋ​ខ្មែរ​សាមញ្ញ​ទូទៅ​មិន​សូវ​មាន​ចំណេះដឹង មិន​សូវ​ចេះ​គិតគូរ​វែង​ឆ្ងាយ​។

ក្នុង​ប្រទេស​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​កម្រិត​ត្រឹម​ប្រទេស​យើង​មិន​លែង​ឡើយ​ដែល​មាន​ពលរដ្ឋ​ភាគច្រើន​មិន​សូវ​មាន​ចំណេះដឹង មិន​សូវ​ចេះ​គិតគូរ​ពិចារណា​វែង​ឆ្ងាយ​។ ថ្វីបើ​យ៉ាង​នេះ​ក៏ដោយ ក៏​បញ្ញវន្ដ​ខ្មែរ​មិន​ដែល​ហ៊ាន​និយាយ​ចំៗ​ថា​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ច្រើន​តែ​ល្ងង់​ឡើយ​។ គេ​ហ៊ាន​និយាយ​ត្រឹមតែ​ថា​មាន​ចំណេះដឹង​ទាប​តែ​ប៉ុណ្ណោះ​។

ពាក្យ​ “​ល្ងង់​” ​ក្នុង​ការគិត​របស់​ខ្មែរ​បច្ចុប្បន្ន​មិនមែន​បាន​ន័យ​ថា មិន​ចេះ​,​មិន​យល់​,​ខ្លៅ​,​មោក​,​ភ្លើ​,​ល្ងីល្ងើ​,​ងងឹតឈឹង​,​ ឬ​ពុំ​យល់​ការខុសត្រូវ​ (​វចនានុក្រម​សម្ដេច​​ព្រះសង្ឃរាជ​ជួន ណាត​) ​ឡើយ​។

ផ្ទុយ​ទៅ​វិញ​បើ​កាលណា​នរណា​ម្នាក់​និយាយ​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ល្ងង់ មិន​ចេះ​គិត អ្នក​និយាយ​នោះ មុខ​ជា​ត្រូវ​បាន​ចោទ​ភ្លាម​ថា អសីលធម៌​ដៀល​មើល​ងាយ​ពលរដ្ឋ​តែ​ម្ដង​។

ហេតុនេះ​ទើប​បណ្ឌិត​បញ្ញវន្ដ​មិន​សូវ​ហ៊ាន​និយាយ​ពី​កម្រិត​យល់​ដឹង​ពិតប្រាកដ​នៃ​ធនធាន​មនុស្ស​ខ្មែរ​ឡើយ បើ​ទោះបី​ជា​ពួកគាត់​បាន​ដឹង​យ៉ាង​ច្បាស់​ថា​​ពលរដ្ឋ​ទូទៅ​ពិតជា​ល្ងង់ល្ងិត​មែន ពិតជា​មិន​សូវ​ចេះ​គិត​ពិចារណា​មែន ពិតជា​ងាយ​ចាញ់​​បោក​គេ​មែន ពិតជា​ងាយ​ជ្រួលជ្រើម​តាម​ហ្វូង​ដោយ​គ្មាន​គំនិត​ខ្លួនឯង​មែន ក៏​គេ​មិន​ហ៊ាន​និយាយ​ការពិត​ដែរ​។ គេ​ខ្លាច​ថា​បើ​និយាយ​ទៅ​នឹង​ត្រូវ​បាន​គេ​ចោទ​ថា​អសីលធម៌​តិះដៀល​​អ្នកដទៃ​។

ការពិត​ទៅ​ការនិយាយ​បំភ័ន្ដ​ខុស​ពី​សច្ចភាព​​ដោយ​ដឹងថា​គេ​ល្ងង់​ហើយ​នៅ​​តែ​បញ្ជោរ​សរសើរ​យក​ចិត្ដ​គេ ដោយ​ខ្លាច​បាត់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឯណោះ​ទេ ទើប​ជា​ជន​អសីលធម៌​។

តែ​បើ​និយាយ​ថា គេ​ល្ងង់ ព្រោះ​ចិត្ដ​អាណិត ចិត្ដ​ចង់​ឲ្យ​គេ​ភ្ញាក់​បែរ​មក​ប្រឈម​នឹង​ការពិត​​ឲ្យ​លែង​ចាញ់​បោក​គេ តើ​នោះ​ជា​ជន​អសីលធម៌​ឬ​? ​សីលធម៌​សំដៅ​តែ​លើ​ចិត្ដ​ប៉ុណ្ណោះ ឯ​សំឡេង​ដែល​និយាយ​ចេញ​មក​រឹង​ឬ​ទន់​មិន​អាច​យក​ទៅ​វាស់​សីលធម៌​បុគ្គល​បាន​ឡើយ ព្រោះ​​នោះ​ត្រឹម​តែ​ជា​សុជីវធម៌​ដែល​​ជា​សម្បក​ពី​ក្រៅ​ចិត្ដ តែ​ខ្មែរ​ដូចជា​ចែក​មិន​ដាច់​ថា អ្វី​ជា​សីលធម៌​អ្វី​ជា​សុជីវធម៌​សោះ​។ បែប​នោះ​ហើយ ទើប​ខ្មែរ​ចេះ​តែ​​ស៊ីជោរ ចាញ់បោក​ការ​បញ្ជោរ​បញ្ចើចបញ្ចើរ​របស់​គេ​។

ជា​ការពិត​ដែល​នរណាៗ​ក៏​ចូលចិត្ដ​ស្ដាប់​សម្ដី​ទន់ភ្លន់ មិន​ចូលចិត្ដ​សម្ដី​គំរោះគំរើយ​។

ច្បាស់​ណាស់​ថា យើង​គួរ​តែ​និយាយ​ស្ដី​ពីរោះពិសា​រក​គ្នា​​ដោយ​ការគោរព​ស្រឡាញ់​រាប់អាន​គ្នា​។ ប៉ុន្ដែ​ខ្មែរ​យើង​ស្រឡាញ់​ចូលចិត្ដ​ស្ដាប់​ជន​ណា​ដែល​និយាយ​ស្រាល ទន់ផ្អែម​ម្ញែកៗ​គឺ​ភាគច្រើន​ងាយ​ខ្លប​ទន់​ស្លឹក​ត្រចៀក​លង់​ជឿ​គេ​ដោយ​មិន​គិត​។ ​ហេតុនេះ​ហើយ​​ទើប​ជន​ទុច្ចរិត​បាន​យក​ចំណុច​​ខ្សោយ​របស់​ខ្មែរ​ត្រង់​នេះ​មក​ប្រើ​ក្នុង​ការរក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​ក្នុង​រឿង​នយោបាយ សាសនា និង​រឿង​ទិញ​ទំនិញ​ជាដើម​។ តែ​និយាយ​ទៅ​ខ្មែរ​ដូចជា​មិន​ព្រម​ទទួល​ស្គាល់​ការពិត​សោះ​ថា ការ​ដែល​ខ្មែរ​ច្រើន​ចាញ់​បោក​គេ មិនមែន​មកពី​អ្នកបោក​គេ​នោះ​ឆ្លាត​ណាស់​នោះ​ទេ តែ​វា​មកពី​អ្នក​ដែល​ត្រូវ​បាន​គេ​បោក​នោះ​ល្ងង់​មោក​ពេក​ទៅ​វិញ​ទេ​។

ការលើក​រឿង​ល្ងង់​មក​និយាយ​មិនមែន​ក្នុង​បំណង​ចង់​ដៀល​ខ្មែរ​ទេ​។ ផ្ទុយ​ទៅ​វិញ​ការនិយាយ​រឿង​ដែល​គេ​មិន​ចង់​ស្ដាប់​នេះ​គឺ​ក្នុង​បំណង​ដាស់​ខ្មែរ​ដែល​ច្រើន​តែ​ត្រូវ​បាន​គេ​បោក​តកូន​តចៅ​ឲ្យ​ងាក​មក​ទទួល​ស្គាល់​ការពិត​ថា​ខ្លួន​ពិត​​ជា​ល្ងង់ខ្លៅ ពិតជា​នៅ​មិន​ទាន់​ចេះ​ប្រើ​ការគិត​ត្រិះរិះ​ពិចារណា​បែប​ហេតុផល​មែន ហើយ​ឲ្យ​បែរ​មក​រៀន​ត្រិះរិះ​ពិចារណា ងើប​ចាក​ពី​សភាព​ដែល​តែង​ត្រូវ​បាន​គេ​បោក​។ ការមើល​មិន​យល់​ថា​នរណា​បោក នរណា​​មក​ពន្យល់​កុំ​ឲ្យ​ត្រូវ​គេ​បោក នោះ​គឺ​មក​ពី​ល្ងង់​មិន​ចេះ​បែងចែក​ល្អ​អាក្រក់​។ មិន​ចម្លែក​ឡើយ​ដែល​ជន​ដែល​ពន្យល់​កុំ​ឲ្យ​ពលរដ្ឋ​ចាញ់​បោក​គេ តែង​ត្រូវ​បាន​ពលរដ្ឋ​តិះដៀល​វិញ​ថា និយាយ​សម្ដី​អសុរោះ​មើល​ងាយ​​មើល​ថោក​ពូជសាសន៍​ឯង​នោះ​។

ខ្មែរ​ច្រើន​តែ​និយាយ​ថា​គេ​ដៀល​​ខ្លួន តែ​ពេល​គាត់​តប​គេ​វិញ គឺ​មិន​ដែល​សំចៃ​មាត់​ក្នុង​ការតិះដៀល​គេ​ដោយ​សម្ដី​អសុរោះ​ឡើយ លើស​ពី​នេះ​មាន​តែ​ជេរប្រមាថ​ដល់​កេរ្ដិ៍ខ្មាស​គេ​ថែម​ទៀត ហើយ​គាត់​ស្រែក​ថា​គាត់​ជា​អ្នក​ការពារ​តម្លៃ​សីលធម៌​។ នេះ​ជា​របៀប​ប្រតិកម្ម​ដ៏សែន​បុរាណ​មិន​ស៊ីវីល័យ​របស់​ខ្មែរ​ភាគច្រើន​ដែល​បង្ក​តែ​ជម្លោះ​។

ពាក្យ​ថា “​ល្ងង់​សម​នឹង​ត្រូវ​គេ​បោក​” ​ឬ​ដែល​ធ្ងន់​ជាង​នេះ​គឺ​“​ មុខ​ងាប់​សម​នឹង​គេ​បោក​” ជា​សម្ដី​ចំៗ​ការពិត​ដែល​ខ្មែរ​យើង​មិន​ចូលចិត្ដ​ស្ដាប់​រួច​យក​មក​គិត​ពិចារណា ហើយ​ឆ្លុះ​មើល​ដល់​ចិត្ដ​អ្នក​និយាយ​ឡើយ តែ​ឲ្យ​តែ​ឮ​ភ្លាម​គឺ​ដឹង​តែ​ពី​ក្ដៅ​ក្រហាយ​ថា​គេ​មើលងាយ​ខ្លួន​តែម្ដង ឯ​ត្រង់​ការពិត​ខ្លួន​ពិត​ជា​ល្ងង់​ដូច​គេ​ថា​មែន​ឬ​អត់ គេ​មិន​ខ្វល់​ឡើយ​។ នេះ​ជា​ចរិត​ចិត្ដ​ខ្លាំង​របស់​ខ្មែរ​ទូទៅ ពោល​គឺ​ចាញ់​អី​បាន​តែ​មិន​ឲ្យ​ចាញ់​ចិត្ដ​គេ​ឡើយ ដែល​ការពិត​សភាព​បែប​នោះ​គេ​គ្មាន​ទៅ​ចាញ់​ចិត្ដ​អ្នកដទៃ​ឯណា​! ផ្ទុយ​ទៅ​វិញ​នោះ​ជា​ការ​ចាញ់​ចិត្ដ​ដ៏​ចចេស​រឹង​មានះ​របស់​ខ្លួនឯង​ដែល​ខ្លាច​​អន់ ខ្លាច​បាក់មុខ ហើយ​មិន​ព្រម​ទទួល​ស្គាល់​ការពិត​។ បើ​កាលណា​មិន​ព្រម​ទទួល​ស្គាល់​ការពិត​នេះ​ទេ កុំ​សង្ឃឹម​ថា​នឹង​ងើប​រួច​ពី​ល្ងង់​ឲ្យ​សោះ​។

ចាស់​ហៅ​ជន​មុខរឹង​មានះ ចចេស​មិន​បើក​ចិត្ដ​ស្ដាប់​បេះដូង​អ្នកដទៃ​ថា​ជា​ “​រី​អ្នក​ចេះ​ឯង​” ដែល​មិន​ត្រឹមតែ​មិន​ព្រមស្ដាប់​គេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ចចេស​ចោទ​ថា គេ​មើលងាយ​ខ្លួន​ថែម​ទៀត​។

បុគ្គល​បែប​នោះ​មិន​ស្វែង​យល់​ពី​អ្នកដទៃ​ទេ​។ ​ពេល​មាន​អ្វី​ទៅ​ប៉ះ​ត្រចៀក គេ​ក៏​ប្រតិកម្ម​តប​វិញ​យ៉ាង​រហ័ស​ទាំង​កំរោល ទាំង​មិន​បាន​ទទួល​ព័ត៌មាន​ពី​រឿង​នោះ​ឲ្យ​គ្រប់គ្រាន់ ហើយ​គេ​ថា​គេ​ដឹង​រឿង​អស់​ហើយ​។ បែប​នោះ​ល្ងង់​នៅ​តែ​ល្ងង់​រហូត​។ ភាព​ល្ងង់ និង​មានះ​តែង​មក​ជាមួយ​គ្នា គឺ​ដោយសារ​តែ​រឹង​មានះ​ទើប​ល្ងង់​គ្មាន​ថ្ងៃ​កែ ហើយ​ដោយសារ​តែ​ល្ងង់​ទើប​រឹង​មានះ​ទាំង​ទទឹង​ទិស​។

យើង​មិន​សូវ​បាន​ទទួល​ចំណេះដឹង​ពី​សាលា​ឲ្យ​បាន​ខ្ពស់​ឡើយ​។

មួយ​វិញ​ទៀត​តាំងតែ​ពី​ដើម​រៀង​មក បើ​ទោះបី​ជា​ខ្មែរ​ឲ្យ​តម្លៃ​លើ​ចំណេះដឹង​ខ្លះ​ក៏ដោយ ប៉ុន្ដែ​យើង​ហាក់​ដូចជា​មិន​សូវ​បាន​ធ្វើឲ្យ​អស់ពី​ដៃ​ពី​ជើង​នៅ​ឡើយ ក្នុង​ការ​ឲ្យ​កូនចៅ​យើង​បាន​រៀនសូត្រ​ចេះដឹង​ជ្រៅជ្រះ​។ បើ​និយាយ​ពី​ការរៀន ខ្មែរ​ផ្ដោត​តែ​ការរៀន​ក្នុង​សាលា​ដែល​ទាំងនោះ​ជា​ជំនាញ​បច្ចេកទេស​ជា​ជំនាញ​រឹង ឯ​ការរៀន​គិត​ត្រិះរិះ​ពិចារណា​ដែល​ជា​ជំនាញ​ទន់ យើង​មិន​សូវ​បាន​ក្រើន​រំឭក​គ្នា​ឡើយ តែ​បែរ​ជា​លើក​ឡើង​ថា​បើ​រៀន​មិន​ឈប់​មាន​តែ​ពួក​អាល្ងង់​ថែម​ទៀត​។ ផ្ទុយ​ពី​បរទេស​ដែល​គេ​មាន​​គំនិត​រៀនសូត្រ​ពេញ​មួយជីវិត​។

ហេតុនេះ​ទើប​ខ្មែរ​មិន​សូវ​ចេះ​គិត​ត្រិះរិះ​ពិចារណា​បែប​ហេតុផល មិនសូវ​ចូលចិត្ដ​គិត​វែងឆ្ងាយ មិន​សូវ​មាន​ទស្សនវិស័យ​ឆ្លុះ​ជ្រៅ​ចំពោះ​បញ្ហា​ដែល​កំពុង​​តែ​ប្រឈម ដោយហេតុ​ថា​ជាទូទៅ​គេ​ខ្លាច​ថា បើ​គិត​ច្រើន​នាំ​ឲ្យ​ឆ្កួត​។ ដូនតា​ខ្មែរ​ក្រោយ​ពី​ពលី​ទៅ​ច្រើន​តែ​ក្លាយ​ជា​អ្នកតា​ ឬ​យាយ​ទេព​ដែល​គេ​ធ្វើ​រូប​សំណាក​ទុក​បូជា ទុក​អុជ​ធូប​បន់ស្រន់​។

តិច​ណាស់​ដែល​ជា​ទស្សនវិទូ​បន្សល់​គតិ​ឲ្យ​ក្មេង​​ជំនាន់​ក្រោយ​រៀន​ចេះ​គិត​ពិចារណា​។ តិច​ណាស់​ដែល​ដាំ​បណ្ដុះ​មូលដ្ឋាន​នៃ​ការគិត​ត្រិះរិះ​ពិចារណា​ដល់​កូន​ខ្មែរ​។ ​មែនទែន​ទៅ យើង​ក៏​មាន​គតិ​ចាស់​នៅ​សល់​ច្រើន​ដែរ តែ​ជំនាន់​ក្រោយ​នៅ​តែ​ត្រឹម​តម្កល់​គតិ​ទាំងនោះ​ទុក​សង្កត់​ក្បាល មិន​ឲ្យ​ងើប​តវ៉ា​រិះគន់​ទៅវិញ​។

ក្នុង​​សង្គម​ខ្មែរ​យើង ការជជែក​រក​ខុសត្រូវ​ដោយ​ទម្លាក់​អគតិ ទម្លាក់​ភាព​ជា​មេកោយ ភាព​ជា​គ្រូ​គេ ភាព​ជា​បង​គេ​ ឬ​ការ​សំអាង​លើ​គម្ពីរ​ទៅ​ម្ខាង ហើយ​បែរ​មក​ជជែក​តតាំង​គំនិត​ដោយ​សុចរិត ដើម្បី​ឈាន​ទៅ​រក​សុក្រឹត​ភាព​នៃ​គំនិត​ជា​ទង្វើ​ដែល​ត្រូវ​បាន​បិទ​ស្លាក​មក​ថា ព្រហើន​មិន​ស្ដាប់​បង្គាប់ មិន​គោរព​ចាស់ទុំ​។ ទង្វើ​បែប​នេះ​ទោះ​ដោយ​ចេតនា​ ឬ​ដោយ​អចេតនា​ជា​​ការ​ក្ដិចត្រួយ ជា​ការ​អាង​ឋានានុក្រម​សង្គម សង្កត់​ក្បាល​ក្មេង​មិន​ឲ្យ​ងើប​រួច​។

នេះ​ជា​ដំណែល​នៃ​ការដឹកនាំ​បែប​សក្ដិភូមិ​ផង ជា​ដំណែល​នៃ​ការដឹកនាំ​បែប​ផ្ដាច់ការ​ផង ដែល​បាន​ដុះ​ស្នឹម​ក្នុង​ក្បាល​ខ្មែរ ដែល​និយម​​ប្រដៅ​កូនចៅ​ឲ្យ​រស់​បែប​ចូល​ស្ទឹង​តាម​បត់ រស់​បែប​បាទ​មេ​!​ទង្វើ​បែប​នេះ​ប្រឆាំង​ទាំង​ស្រុង​នឹង​ការរីកចម្រើន​នៃ​មូលដ្ឋានគ្រឹះ​នៃ​ការគិត​ត្រិះរិះ​ពិចារណា​បែប​ហេតុផល​ដែល​ជា​ជំនាញ​ទន់​ដ៏សំខាន់​ដែល​មនុស្ស​ចាំបាច់​ត្រូវ​មាន​។

“​ពាក្យពិត​រែង​ស្លែង​” ​ជា​ពាក្យ​​ចាស់​ទុក​ដាស់​តឿន​ថា​ការនិយាយ​ពាក្យពិត​រមែង​មិន​សូវ​ពីរោះ​ចូល​ត្រចៀក​អ្នក​ដទៃ​ឡើយ​។ សម័យ​នេះ​ការនិយាយ​ផ្អែមៗ​ច្រើន​តែ​បង្កប់​ដោយ​ពិសពុល​ឲ្យ​គេ​ថា ខ្លួន​ជា​មនុស្ស​ល្អ​ជា​មនុស្ស​ថ្លៃថ្នូរ​។

បើ​នៅ​តែ​មិន​​អាច​បែងចែក​ថា សម្ដី​ណា​ជា​សម្ដី​ពិសពុល សម្ដី​ណា​ជា​សម្ដី​ពិត​ស្មោះសរ មើល​ទៅ​ខ្មែរ​នឹង​នៅ​តែ​បន្ដ​ចាញ់​បោក​គេ​ដដែល​មិន​ខាន​ឡើយ ។

ដោយ​ហេតុ​ថា​ការនិយាយ​ផ្អែមៗ​ទោះ​ដោយ​ស្មោះ​ក៏​ច្រើន​តែ​ងាយ​ច្រឡំ​នឹង​ក្រុម​មនុស្ស​ទុច្ចរិត​ដែល​យើង​អាច​រាប់បាន​ចាប់ពី​ក្រុម​អ្នក​នយោបាយ ក្រុម​អ្នក​សាសនា ក្រុម​អ្នក​លក់ដូរ​ជាដើម ដូច្នេះ​យើង​មិន​គួរ​នៅ​តែ​បន្ដ​ស្រែក​ទាមទារ​រក​សម្ដី​ទឹកឃ្មុំ​ដែល​ល្អ​តែ​មាត់ តែ​ភ្ជាប់​នឹង​ចេតនា​ចង់​បោក​គេ​ឡើយ​។ និយាយ​បែប​នេះ​មិនមែន​ខ្ញុំ​កំពុង​តែ​លើក​ទឹក​ចិត្ដ​ឲ្យ​និយាយ​គំរោះគំរើយ​នោះ​ទេ​។

អ្នក​និយាយ​គួរ​និយាយ​ទន់ៗ​ដោយ​ស្មោះ​តែ​អ្នក​ស្ដាប់​កុំ​ចាំ​តែ​​ជឿថា​ឲ្យ​តែ​ទន់ៗ​ផ្អែមៗ​ដឹង​តែ​ពី​ល្អ​ឯ​សម្ដី​រឹង​ដឹង​តែ​ពី​អាក្រក់​​អី​។ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ថា មិន​​ថា​សម្ដី​នោះ​ទន់​ ឬ​រឹង​ឡើយ សូម​ស្ដាប់​ដល់​បេះដូង​អ្នក​និយាយ​ផង​ថា តើ​គេ​និយាយ​ក្នុង​ចិត្ដ​បែប​ណា​? ​ប្រសិន​បើ​ក្រោយ​​ពី​ស្ដាប់​គេ​និយាយ អ្នក​មិន​អាច​បែង​ចែង​បាន​ថា​គេ​និយាយ​ខុស​ឬ​ត្រូវ​? ​និយាយ​ក្នុង​បំណង​អ្វី​? ​និយាយ​ដោយ​ចិត្ដ​បែប​ណា​?​ ​នោះ​មាន​ន័យ​ថា​អ្នក​ល្ងង់​ទើប​មិន​អាច​វិនិច្ឆ័យ​ពី​អ្វី​ដែល​ខ្លួន​បាន​ស្ដាប់​។ បើទោះ​ជា​មាន​រឿង​ខ្លះ​ពេល​បាន​ស្ដាប់​ហើយ វា​លើស​ហួស​ពី​សមត្ថភាព​គិត​របស់​ខ្លួន​ថា​វា​ត្រូវ​ ឬ​ខុស​ក៏​គួរ​តែ​អាច​សន្និដ្ឋាន​បាន​ថា រឿង​នោះ​ខ្លួន​នៅ​គិត​មិន​ទាន់​ដល់ ហើយ​ទុក​វា​ស្រាវជ្រាវ​បន្ដ​ទៀត​។

មិនមែន​ស្ដាប់​ចប់ គិត​តែ​ពី​ជឿ​យកៗ​អ្វី​ក៏​មិន​អាច​សន្និដ្ឋាន​បាន​នៅ​តែ​មិន​ដឹង​ថា​គេ​និយាយ​ពី​អ្វី មិន​ដឹង​ថា​ខ្លួន​យល់​បែប​ណា​ចំពោះ​ការនិយាយ​របស់​គេ មិន​ដឹង​ពី​ចិត្ដ​របស់​អ្នក​និយាយ​ថា​ចង់​បោក​ ឬ​ចង់​ពន្យល់ ហើយ​នៅ​​តែ​តាំង​ខ្លួន​ថា មិន​ល្ងង់​នោះ​​ទេ​។ បែប​នោះ​ហើយ​ហៅ​ថា​ល្ងង់​នោះ​។

ការទទួល​ស្គាល់​ការពិត​ថា​ខ្លួន​ល្ងង់​បែប​នេះ​គ្មាន​អ្វី​ខូចខាត គ្មាន​អ្វី​គួរ​ឲ្យ​អាម៉ាស់​សោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​នោះ​ហើយ​ជា​ការ​រៀន​ងើប​ចាកចេញ​ពី​ភាព​ល្ងង់ខ្លៅ​ដោយ​ឈរ​លើ​ការពិត​។ បើ​អ្នក​ចូលចិត្ដ​ឱប​ពាក្យ​ចាស់​សូម​ពិចារណា​គតិ​ថា​ “​ដឹងថា​ខ្លួន​ល្ងង់​គង់​នឹង​ចេះ​បាន​”​។ គតិ​នេះ​នៅ​តែ​មាន​តម្លៃ​យក​មក​ប្រើ​ប្រាស់​បាន​នៅ​ឡើយ​។

បើ​នរណា​ទន្ទេញ​គតិ​ឲ្យ​ចាំ​មាត់​ទុក​គ្រាន់​បាន​អួត​គេ ទន្ទេញ​ទុក​បូជា ទន្ទេញ​ឲ្យ​ចាំ​យក​​បុណ្យ​ដោយ​មិន​យល់​ពី​ខ្លឹមសារ​​របស់​វា អ្នក​នោះ​គឺ​ល្ងង់​ហើយ​។

ចំណែកឯ​អ្នក​ដែល​ចាំ​តែ​ជឿ​ពាក្យ​ផ្អែមៗ​ដោយ​មិន​គិត​ក៏​មិន​រួច​ពី​ភាព​ល្ងង់​ដែរ​៕

ប៉ាង វ៉ាន់ថោន

អ៊ីមែលៈ vanthownpang@yahoo.com