បញ្ហា​ម្ហូប​សាច់​សត្វស្រុក​បច្ចុប្បន្ន មិន​ខ្វះខាត​ដូច​កាលពី​ទសវត្សរ៍​ឆ្នាំ​ ៨០ ​នោះទេ ដែល​កាលពី​សម័យ​នោះ​សម្បូរ​ព្រៃឈើ សម្បូរ​ជីវចម្រុះ​ជាពិសេស​សត្វព្រៃ​ដែល​ច្រើនពេក​ចេញ​ពី​ព្រៃ​រត់​កាត់​ថ្នល់​ចូល​ភូមិ​ដែល​មាន​ចំនួន​សត្វព្រៃ​លើសលប់ ​គឺ​អ្នកភូមិ​ដាក់​អន្ទាក់​ដើម្បី​ទទួលទាន​បាន ព្រោះ​វា​មិនមាន​តុល្យភាព​នៅក្នុង​ព្រៃ​។ ហេតុអ្វី​បាន​ជា​មកដល់​សព្វថ្ងៃ នៅតែ​មាន​អ្នក​ហូប​សត្វព្រៃ​ទៀត ខណៈ​សត្វព្រៃ​កំពុង​តែ​វិនាស​ជិត​ផុត​ពូជ​អស់​?

សត្វព្រៃ​ដ៏កម្រ​មួយ​ចំនួន​ត្រូវ​ស្ថាប័នរដ្ឋ ឬ​ក៏​ស្ថាប័ន​ឯកជន ឬ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅតែ​ដាក់​ស្លាក​សញ្ញា ដូច​ស្លាកសញ្ញា​ក្រសួង​សុខាភិបាល​មាន​រូប​ពស់វែក​មាន​ពិស ក្រសួង​មហាផ្ទៃ​មាន​រូបតោ សហព័ន្ធ​បាល់ទាត់​កម្ពុជា​យក​រូប​សញ្ញា​គោព្រៃ​ជា​និមិត្តរូប​របស់​ក្រុម​បាល់ទាត់​កម្ពុជា និង​ក្លិប​បាល់ទាត់​បឹងកេត​មាន​រូប​ពស់​នាគរាជ​ជាដើម គឺ​សុទ្ធតែ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ និង​អភិរក្ស​សត្វព្រៃ យក​មក​តំណាង​ជាតិ​។

តែ​បែរជា​ជន​ទុច្ចរិត​រកស៊ី​ខុសច្បាប់​នាំគ្នា​ដើរ​បរបាញ់ ឬ​ក៏​ដាក់​អន្ទាក់​សត្វព្រៃ​យក​មក​លក់​ឲ្យ​ឈ្មួញ​ធ្វើ​ម្ហូប​តាម​ភោជនីយដ្ឋាន​លួចលាក់​ទៅវិញ​។ សួរថា តើ​អ្នកត្រូវការ​ហូប​សាច់សត្វ​ព្រៃ​នោះ​ជា​នរណា​? អ្នកត្រូវការ​សត្វព្រៃ​មាន​គ្រប់​ស្រទាប់វណ្ណៈ តែ​អ្នកក្រីក្រ​តូចតាច​មិន​សូវ​បាន​សាច់សត្វ​ហ្នឹង​ហូប​ប៉ុន្មាន​ទេ ព្រោះ​វា​ថ្លៃ​ជាង​សាច់សត្វ​ស្រុក​ធម្មតា​។

ការបរបាញ់​សត្វព្រៃ​នេះ​ដោយសារ​តែមាន​តម្រូវការ​ទីផ្សារ​ខ្លាំង​យក​មក​ហូប ហើយ​អួត​ដាក់គ្នា​ថា ឆ្ងាញ់​ណាស់ ហើយ​ប៉ូវ​កម្លាំង​ទៀត​។ ម្យ៉ាងទៀត សល់​ពី​ហូប​សាច់​ឈ្មួញ​ទិញ​ស្បែក​យក​មក​ធ្វើ​ឱសថ​បុរាណ​ខ្មែរ ឬ​ចិន​ទៀតផង​។ ថ្មីៗ​នេះ​មាន​ការបរបាញ់​សត្វព្រៃ មាន​លក្ខណៈ​ទ្រង់ទ្រាយ​កាន់តែ​ធំ ព្រានព្រៃ​បាញ់​សុទ្ធតែ​ប្រើ​គ្រាប់​មាន​ជាតិគីមី បាញ់​ពីថ្ងៃ​ទុក​យប់​បាន​ចូល​ទៅយក ដើម្បី​កុំ​ឲ្យ​ស្អុយ ដូច​ករណី​បាញ់​សត្វ​ទន្សោង​ ២ ​ក្បាល​ជា​សត្វព្រៃ​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាលពី​ខែ​ឧសភា ឆ្នាំ​ ២០២០ ​គឺ​នៅ​រកមុខ​អ្នកបាញ់​មិនទាន់​ឃើញ​ផង​។

ជាមួយ​គ្នា​នេះ​ដែរ​អ្នកបាញ់​សម្លាប់​សត្វ​ «​កេងកង​ធំ​» ​បាន​ចូលខ្លួន​មក​សុំទោស​សាធារណជន និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​កំហុស​នៅ​ក្រសួង​បរិស្ថាន​ដែល​គាត់​បាន​បាញ់​នៅពេល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកធ្លាក់​អន្លង់​ក្មេង​លេង ទឹកជ្រោះ ៩ ​ជាន់​ ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពត​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ក្រសួង​បរិស្ថាន​នៅលើ​គេហទំព័រ​រយៈពេល ៤ ខែ​ដើម​ឆ្នាំ​ ២០២០ មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​បាន​បង្ក្រាប​បទល្មើស ធនធាន​ធម្មជាតិ​បាន​ចំនួន​ ២ ៣៣៣ ​ករណី​។ ក្នុងនោះ​គ្រាន់​តែ​ដោះ​អន្ទាក់​សម្លាប់​សត្វព្រៃ​បាន​ចំនួន ៨ ៩៥០ ​អន្ទាក់​ ព្រមទាំង​បាន​ដកហូត​កាំភ្លើង កាំភ្លើង​កែច្នៃ ស្នា​តេះ​ដែល​ប្រើប្រាស់​សម្រាប់​បរបាញ់​សត្វ​បាន​ចំនួន ២៣៩ ដើម​។ លើសពីនេះ​ក៏​មាន​មនុស្ស​ជិត​ ២០០ ​នាក់ ​ត្រូវ​ចងក្រង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ជំនុំ​ជម្រះក្តី​តាម​នីតិវិធី​។

តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ ក៏​ការបង្ក្រាប​ភោជនីយដ្ឋាន​ដែល​លក់​ម្ហូប​សត្វព្រៃ​កម្រ​ចាត់​វិធានការ​ ឬ​បិទ​ហាង​ទាំងនោះ​ណាស់​។ អ៊ីចឹង​បើ​ទីផ្សារ​នៅតែ​ដើរ នៅតែ​ត្រូវការ ការផ្គត់ផ្គង់​នៅ​តែ​ផ្តល់​បន្ត​ទៅទៀត​អ៊ីចឹង​មាន​តែ​ចេញ​គោលការណ៍​បិទ​ហាង​លក់​សាច់​សត្វព្រៃ​តែម្តង មិន​ត្រឹមតែ​ទៅ​ចាប់​ផាកពិន័យ​នោះទេ​។ ព្រោះ​សត្វព្រៃ​កាន់តែ​ខើច​ទៅៗ​ចង់​អស់​បើទោះបី​ជា​មាន​ការខំប្រឹង​លើកស្ទួយ​សត្វព្រៃ​ដ៏កម្រ​ក៏ដោយ ដូច​នៅ​ខេត្ត​កំពង់ធំ​មាន​រូបសំណាក​ដំរី​ជាន់ខ្លា​នៅ​ខេត្តមណ្ឌលគិរី មាន​រូបសំណាក​សត្វ​គោព្រៃ​ ១ ​គូ​ដែរ​។ អ៊ីចឹង​សំណួរ​សួរថា ហេតុអ្វី​បាន​ជា​នៅ​ប្រទេស​គេ មាន​សិទ្ធិ​បាញ់​សត្វព្រៃ​បាន​?

ករណី​នេះ​នៅ​ប្រទេស​ជឿនលឿន​ដូច​នៅ​ប្រទេស​អាមេរិក​ក្តី នៅ​ប្រទេស​អូស្ត្រាលី​ក្តី គេ​មាន​កន្លែង​អភិរក្ស មាន​កន្លែង​អនុញ្ញាត​ឲ្យ​បាញ់​សត្វព្រៃ​បាញ់​លេង​កម្សាន្ត​បាន តែ​ក៏ត្រូវ​បង់លុយ​ដែរ​។ ដូច​សត្វ​កង់​ហ្គូរូ​នៅ​ប្រទេស​អូស្ត្រាលី​មាន​ប្រភេទ​អនុញ្ញាត​ឲ្យ​ហូប​បាន ព្រោះ​វា​ច្រើនពេក​មិន​មាន​តុល្យភាព​ជាមួយ​នឹង​កន្លែង​រស់នៅ ហើយ​វា​រត់​ប្រសេចប្រសាច​កាត់​ថ្នល់​ ឬ​ក៏​មក​បំផ្លាញ​ផលដំណាំ​កសិកម្ម អ៊ីចឹង​លក្ខខណ្ឌ​នេះ​រដ្ឋ​គេ​អនុញ្ញាត​ឲ្យ​បាញ់សម្លាប់ (www.animallaw.info)​។

ចំណុច​នេះ​ គឺ​ផ្ទុយ​ពី​ស្រុក​ខ្មែរ ដែល​កំពុង​តែ​ហិនហោច​ព្រៃឈើ​ផង និង​សត្វព្រៃ​ខើច​ទៅៗ​គឺ​តម្រូវ​ឲ្យ​មាន​តុល្យភាព​នៃ​ការរស់នៅ​របស់​ព្រៃឈើ និង​ជីវចម្រុះ​ឡើងវិញ​សូម្បីតែ​សត្វ​ត្មាត​ដែល​គគ្រិច​ស៊ី​តែ​​គំរង់ ឬ​ក៏​សត្វ​ស្អុយរលួយ ក៏​គេ​នៅតែ​ថែទាំ​វា​ដែរ ព្រោះ​ដើម្បី​រក្សា​តុល្យភាព​បរិស្ថាន​។ វិស័យ​ទេសចរណ៍​ក៏​និយម​ចាប់ផ្តើម​មាន​ការកែច្នៃ ទេសចរណ៍​កម្សាន្ត​តាមបែប​ធម្មជាតិ ការថែរក្សា​សត្វព្រៃ​ទាំង​បក្សាបក្សី ទាំង​សត្វ​ល្មូន​ផងដែរ​។

បើតាម​បទពិសោធ​ល្អៗ​អំពី​ការស្រឡាញ់​បរិស្ថាន និង​ការស្រឡាញ់​សត្វព្រៃ ដោយ​មិន​ទទួល​ទាន​សត្វព្រៃ​នេះ​គឺ​ជនបរទេស​ដែលមាន​អរិយធម៌​ខ្ពង់ខ្ពស់​គឺ​បាន​ចម្លង​វប្បធម៌​ថែរក្សា​សត្វព្រៃ​នេះ​មក​អ្នកធ្វើការ​ជាមួយ ឬ​ក៏​កូន​សិស្សសាលា​ឯកជន​ដែល​ពួកគេ​តែងតែ​លើក​ទឹកចិត្ត​ឲ្យ​កូនសិស្ស​ពួកគេ​ស្រឡាញ់ រៀន​របៀប​ថែទាំ​សត្វព្រៃ​តាំងពី​តូចៗ​មក​ម្ល៉េះ សូម្បីតែ​សត្វ​ឆ្កែ និង​ឆ្មា​ចិញ្ចឹម​នៅផ្ទះ​វិញ ក៏​ពួកគេ​លើកទឹកចិត្ត​ឲ្យ​ចិញ្ចឹម និង​ស្រឡាញ់​ផងដែរ តែ​ហាម​ហូប​សាច់​ឆ្កែ​ដាច់ខាត​។

ហេតុ​ដូច្នេះ​ហើយ​សូម​នាំគ្នា​បញ្ជូន​សារ​តៗ​គ្នា ឈប់​ហូប​សាច់​ព្រៃ​តទៅ​ទៀតថា សត្វព្រៃ​គ្មាន​ទៅ​ឆ្ងាញ់ ឬ​ក៏​ប៉ូវ​ជាង​សាច់​សត្វស្រុក​នោះ​ទេ គឺ​ឆ្ងាញ់​ដូច​តែ​គ្នា សំខាន់​ឲ្យ​តែ​សាច់​ហ្នឹង​ស្រស់ និង​អ្នកធ្វើ​ម្ហូប​ចេះ​ធ្វើឲ្យ​ឆ្ងាញ់​ទេ​។ រីឯ​ការបង្ក្រាប​ហាង​លក់​សាច់​ព្រៃ គឺ​បិទ​ហាង​តែម្តង កុំ​ឲ្យ​បន្ត​ដដែលៗ​ទៀត ពោល​គឺ​បិទ​កន្លែង​តម្រូវការ​ចោល​តែម្តង​។

ចំណុច​សំខាន់​ ១ ​ទៀត​គឺ​ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ស្រឡាញ់​សត្វព្រៃ និង​ការមិន​ហូប​សត្វព្រៃ​នៅតាម​គ្រឹះស្ថាន​អប់រំ ទីវត្តអារាម និង​តាម​បណ្តាញ​សង្គម ឬ​ក៏​ការដាក់​សំណួរ​ប្រឡង​ប្រជែង​យក​រង្វាន់ និង​រឿង​កំប្លែង​នៅលើ​កញ្ចក់​ទូរទស្សន៍​តែម្តង​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com