ម្តងឮថា ក្រុមហ៊ុនអ៊ែបផលរបស់ទូរស័ព្ទ iPhone ឈ្នះក្តីនៅតុលាការលើក្រុមហ៊ុន Samsung ម្តងក៏ឮថា Samsung ឈ្នះក្តីលើ iPhone វិញនៅរដ្ឋនេះ រដ្ឋនោះ ប្រទេសនេះ ប្រទេសនោះ ហើយស៊ីសងគ្នារាប់លានដុល្លារដែលព័ត៌មានទាំងនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោកចុះផ្សាយជាសាធារណៈផងដែរ។
រីឯទំនាស់ផលប្រយោជន៍នៅក្នុងក្រុមហ៊ុនក៏កើតមានដែរហើយក៏ត្រូវបានតុលាការពាណិជ្ជកម្មកាត់ក្តីទៀតផងដូចជាករណីអ្នករាយការណ៍ (Whistle-Blower) ដែលរាយការណ៍អំពីទង្វើគៃបន្លំរបស់ក្រុមហ៊ុន ឬក៏ការរំលោភលើច្បាប់ជាដើម និងត្រូវបានគេផ្សព្វផ្សាយព្រោងព្រាត។
អ្នករាយការណ៍នោះត្រូវបានក្រុមហ៊ុនដឹងហើយបណ្តេញចេញពីក្រុមហ៊ុនដែលនៅពេលនោះគឺមានការប្តឹងប្ដល់គ្នាទៅតុលាការដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ដូចករណីកាលពីឆ្នាំមុនលោក Johnny Burris ដែលជាអ្នកផ្តល់សេវាភ្ជាប់គ្នារវាងអ្នកលក់ហ៊ុន និងអ្នកទិញហ៊ុន (Broker) បានឈ្នះក្តីលើក្រុមហ៊ុនធនាគារ JPMorgan នៅសហរដ្ឋអាមេរិក។
រីឯ ករណីទំនាស់គ្នារវាងភាគីពាណិជ្ជកម្មខ្លះទៀតត្រូវបានគេចងក្រងជាឯកសារធ្វើជាមេរៀនទាក់ទងទៅនឹងពាណិជ្ជកម្ម ឬការរកស៊ីជួញដូរតែម្តងដើម្បីកុំឲ្យអ្នកក្រោយៗទៀតអនុវត្តជាន់ដានករណីគៃបន្លំទិន្នន័យខុសច្បាប់ ឬក៏កែប្រែរបាយការណ៍ហិរញ្ញវត្ថុជាដើមដើម្បីឲ្យដៃគូក្រុមហ៊ុន ឬក៏ម្ចាស់ភាគហ៊ុនគាំទ្រនោះបានដឹងពីព័ត៌មានទាំងនេះ។
ដូចកាលពីឆ្នាំមុនមានរឿងអាស្រូវរបស់ក្រុមហ៊ុន Toshiba នៅប្រទេសជប៉ុនទាក់ទងនឹងផ្សារហ៊ុនបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុដោយមិនមានចុះហត្ថលេខាពីក្រុមហ៊ុនសវនកម្មត្រឹមត្រូវហើយពន្យារការផ្សាយរបាយការណ៍របស់ខ្លួនធ្វើឲ្យប៉ះពាល់ផ្សារមូលបត្រខាតបង់ដល់ទៅជាង ៨ ពាន់លានដុល្លារ ហើយប្រឈមមុខនឹងការខាតបង់នៅតុលាការក្នុងករណីការលក់តម្លៃហ៊ុននៃការរកស៊ីប្រមាណជា ១៨ ពាន់លានដុល្លារបន្ថែមទៀត។
រឿងអាស្រូវមួយទៀតរបស់ Toshiba គឺការចូលរួមបង្កើតផលិតផលថ្មី (Joint Venture) ជាមួយនឹងក្រុមហ៊ុន Panasonic នៅអឺរ៉ុបក៏ត្រូវបានតុលាការសហភាពអឺរ៉ុបពិន័យក្រុមហ៊ុន Toshiba ហ្នឹងជាទឹកប្រាក់ជាង ១ ពាន់លានដុល្លារដែរកាលពីឆ្នាំមុន។
ករណីប្រព្រឹត្តរបររកស៊ីមានលក្ខណៈខុសច្បាប់ និងការគៃបន្លំត្រូវបានអនុវត្តដោយតុលាការពាណិជ្ជកម្មនៅប្រទេសកំពុងប្រតិបត្តិការទាំងអស់ដែលជាស្ថាប័នយល់ច្បាស់អំពីការប្រព្រឹត្តខុសក្នុងវិស័យពាណិជ្ជកម្ម ហើយរាល់វិវាទ និងរឿងអាស្រូវមិនអាចលាក់បាំង ឬក៏ទិញបំបិទមាត់បណ្ដាញសារព័ត៌មានធំៗបាននោះទេ។
ប៉ុន្តែផ្ទុយទៅវិញនៅស្រុកខ្មែរយើងករណីវិវាទពាណិជ្ជកម្មគឺហាក់បីដូចជាក្រុមហ៊ុនគ្រប់គ្រងលើសារព័ត៌មានបានច្រើនទោះបីជាមានករណីកើតហើយក៏ដោយ តែដូចជាមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ ឬក៏ទិញសារព័ត៌មានបំបិទមាត់តែម្តង។
ក្រុមហ៊ុនព្យាយាមលាក់កុំឲ្យខូចឈ្មោះរៀងៗខ្លួន ពេលខ្លះចេញបានលុះត្រាតែក្រុមហ៊ុនដៃគូទំនាស់នោះបញ្ចេញជាសាធារណៈទើបដឹងបាន។
ដូចកាលពីឆ្នាំ ២០១៥ មានករណីទំនាស់គ្នារវាងក្រុមហ៊ុននាំចូលផ្តាច់មុខ Attwood និងក្រុមហ៊ុន Cambodia Brewery Limited រឿងទីផ្សារលក់ស្រាបៀរ Heineken នៅប្រទេសកម្ពុជាដោយក្រុមហ៊ុនទាំង ២ ចុះបញ្ជីត្រឹមត្រូវពីក្រសួងពាណិជ្ជកម្មដូចគ្នាហើយផ្សព្វផ្សាយនូវភាពស្របច្បាប់ដូចគ្នានៅលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ និងមានអត្ថបទចេញផ្សាយទៀត។
តែក្រោយមក ដៃគូទំនាស់គ្នានេះត្រូវបានស្ងប់ស្ងាត់ទាំងសងខាងបិទជិតមិនដឹងហេតុផល ឬក៏ស្ថាប័នណាជាអ្នកកាត់ក្តី ឬក៏នាំគ្នាទៅកាត់ក្តីនៅតុលាការពាណិជ្ជកម្មក្រៅប្រទេសក៏មិនដឹងព្រោះស្រុកខ្មែរមិនទាន់មានតុលាការពាណិជ្ជកម្មនៅឡើយទេ។
បច្ចុប្បន្ននេះ យើងគ្រាន់តែដឹងថាក្រុមហ៊ុន CBL ផលិតស្រាបៀរ Heineken នៅព្រែកឯង រីឯក្រុមហ៊ុន Attwood លែងលក់ស្រាបៀរ Heineken ផ្តាច់មុខទៀតហើយ តែយើងមិនដឹងថាសងជំងឺចិត្តប៉ុន្មាននោះទេ។
ករណីទំនាស់ផលប្រយោជន៍ធំៗបែបនេះជាទូទៅក្រុមហ៊ុនដែលវិវាទគ្នា ឬក៏ទំនាស់ដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិគឺគេនាំគ្នាទៅតុលាការពាណិជ្ជកម្មនៅក្រៅប្រទេសដូចជានៅហុងកុង សិង្ហបុរី និងម៉ាឡេស៊ីជាដើម។ តែករណីទំនាស់ទៅតុលាការនៅក្រៅប្រទេសនេះត្រូវបានលាក់ជិតឈឹងព្រោះខ្លាចខូចឈ្មោះក្រុមហ៊ុនរបស់ពួកគេដោយអ្នកអាចដឹងមានតែមេធាវីរបស់ពួកគេដែលតម្រូវឲ្យរក្សាការសម្ងាត់ហើយក៏មិនត្រូវបានយកមកធ្វើជាករណីសិក្សានៅក្នុងមេរៀនផ្នែកពាណិជ្ជកម្មផងដែរ។
នេះក៏ដោយសារប្រទេសកម្ពុជាមិនទាន់មានតុលាការពាណិជ្ជកម្មដើម្បីឲ្យអ្នកវិនិយោគទុនបរទេសមានទំនុកចិត្តនៅឡើយ បើទោះបីជានៅក្នុងច្បាប់ស្តីពីការរៀបចំអង្គការតុលាការដែលរដ្ឋសភាជាតិអនុម័តឲ្យប្រើតាំងពីឆ្នាំ ២០១៤ មកក្ដីគឺមានតែតុលាការផ្នែកស៊ីវិលមានតែ ៤ ទេគឺតុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម និងតុលាការការងារ។
ប៉ុន្តែការអនុវត្តជាក់ស្តែងមានតែ ២ ទេគឺតុលាការរដ្ឋប្បវេណី និងតុលាការព្រហ្មទណ្ឌ បើទោះបីជាមានច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយចំនួនដូចជា ច្បាប់ស្តីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលច្បាប់ស្តីពីមាកពាណិជ្ជនាម និងអំពើការប្រកួតប្រជែងមិនស្មោះត្រង់...។ល។
បើមានករណីវិវាទតូចតាចរឿងពាណិជ្ជកម្មគឺអាចដោះស្រាយត្រឹមស្ថាប័នឯករាជ្យមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលបង្កើតឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះក្នុងករណីភាគីទំនាស់ទាំង ២ យល់ព្រមឲ្យកាត់ក្តី។
អ៊ីចឹងហើយបានជាតុលាការយើងសព្វថ្ងៃនេះនៅមានកម្រិតក្នុងការកសាងទំនុកចិត្តលើវិនិយោគល្អៗនៅឡើយនោះ។
តុលាការហ៊ានកាត់ក្តីដោយមានការញញើតញញើមនៅឡើយទេចំពោះបញ្ហាវិវាទពាណិជ្ជកម្មដ៏ស្មុគស្មាញនេះកន្លងមកសាលាដំបូងរាជធានីធ្លាប់កាត់ក្តីវិវាទជាលើកដំបូងហើយលើបញ្ហាកម្មសិទ្ធិបញ្ញារវាងថៅកែរោងពុម្ព គីម ឡុង និងសាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានប្តឹងរឿងបោះពុម្ពសៀវភៅលើសយកទៅលក់លើទីផ្សារ។
ករណីនោះត្រូវបានតុលាការចេញសាលក្រមឲ្យសងសាស្ត្រាចារ្យតែជំងឺចិត្ត តែត្រូវបានភ្ជួរទោសម្ចាស់រោងពុម្ពមិនឲ្យជាប់ពន្ធនាគារដូចក្នុងច្បាប់ចែងនោះទេ។ ករណីនេះប្រសិនបើមានតុលាការពាណិជ្ជកម្មវិញគឺចៅក្រមមានសមត្ថភាពវិភាគស៊ីជម្រៅទៅលើស្ថានទម្ងន់ទោសនៃការលួចចម្លងស្រាប់ៗបែបនេះ កាត់ឲ្យមានលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ។
កន្លងមកថ្មីៗនេះ ចៅក្រមមួយចំនួនបានចូលរួមវគ្គបណ្តុះបណ្តាលអំពីនីតិវិធីកាត់ក្តីតាមច្បាប់ពាណិជ្ជកម្ម ២ វគ្គរួចមកហើយដែរក្នុងការពង្រឹងសមត្ថភាព។
ជាសរុបមកវិញ ការដែលមិនទាន់មានតុលាការពាណិជ្ជកម្មនេះគឺកម្ពុជាមិនទាន់បានឆ្លើយតបទៅតាមស្តង់ដាររបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលប្រទេសកម្ពុជាត្រូវបានចុះបញ្ជីតាំងពីឆ្នាំ ២០០៣ ដោយមានភ្ជាប់ជាមួយនឹងលក្ខខណ្ឌតម្រូវឲ្យមានតុលាការពាណិជ្ជកម្មនេះនោះទេ។
ជាងនេះទៅទៀត ប្រសិនបើមានតុលាការពាណិជ្ជកម្មក្នុងស្រុកវិញគឺប្រាកដជាអាចកាត់បន្ថយការចំណាយប្រាក់ និងពេលវេលាបានច្រើនទៅលើដៃគូវិវាទពាណិជ្ជកម្មទាំងសងខាងក្នុងការប្តឹងប្តល់គ្នានៅក្រៅសង្វៀន។
ម្យ៉ាងវិញទៀតតុលាការនេះអាចជួយពង្រឹងវិស័យពាណិជ្ជកម្មដែលកំពុងតែមានទំនាស់កើតឡើងញឹកញាប់ និងជួយពង្រឹងផ្សារមូលបត្រកម្ពុជាទៀតផង។ បើធ្វើការប្រៀបធៀបសកម្មភាពរវាងតុលាការពាណិជ្ជកម្ម និងតុលាការយោធាវិញគឺហាក់បីដូចជាខុសគ្នាច្រើននាពេលបច្ចុប្បន្នបើទោះជាបញ្ហាប្តឹងប្តល់ទាក់ទិននឹងយោធាមានតិចតួចបំផុតក៏ដោយតែស្រុកយើងចាំបាច់ត្រូវមានតុលាការមួយនេះ ខណៈដែលវិវាទផ្នែកពាណិជ្ជកម្មមានច្រើនតែគ្មានតុលាការសម្រាប់ស្វែងរកយុត្តិធម៌ឲ្យត្រូវទៅតាមជំនាញ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com