«លើសហើយ!» គឺជាពាក្យកំពុងពេញនិយមសម្រាប់យុវវ័យចំអកគ្នាលេងនាពេលបច្ចុប្បន្ននេះដែលសំដៅទៅលើបរិបទដែលពួកគេកំពុងនិយាយអាចថាអួតនិយាយលើសអ្វីមួយ ឬក៏ធ្វើអ្វីលើសជាដើម។
តែដល់ពេលការអនុវត្តជាក់ស្តែងវិញគឺមិនបានលើសដូចការនិយាយនោះគឺនៅតែខ្វះដដែលរាល់ការទិញទំនិញដែលមានលក្ខណៈថ្លឹង វាស់វែង វាល់ការលាយជាល្បាយក្តីសូម្បីតែជិះម៉ូតូឌុបពេលខ្លះក៏ឌុបមិនដល់គោលដៅដែរនេះជាបញ្ហាដែលម្នាក់ៗតែងតែជួបប្រទះ។
តើហេតុអ្វីបានជាទស្សនៈខ្មែរមួយចំនួនធំនៅតែមានគំនិតរកស៊ីបែបស៊ីភ្នែកជញ្ជីង? មកទល់សម័យនេះទៅហើយល្មមឈប់ប្រើគំនិតបោកបញ្ឆោតគេដែលអាចធ្វើឲ្យអាប់ឱនដល់កិត្តិយសប្រទេសជាតិនោះទៅ។
របៀបរកស៊ីប្រើល្បិចលួចលាក់ បោកបញ្ឆោតគ្នានៅស្រុកខ្មែរគឺមានតាំងយូរយារណាស់មកហើយនៅតាមទីផ្សាររហូតមកទល់សព្វថ្ងៃដូចជាការលក់សាំងដបដែលមានលក្ខណៈគូទដបផតចូលក្នុងយ៉ាងជ្រៅការលក់លៀសហាលដែលមានរង្វាស់ជាកំប៉ុងកាត់ខ្លីជាងធម្មតា ថ្លឹងលើជញ្ជីងត្រឹមត្រូវតែការលក់ងាវយកងាវងាប់លាយជាមួយនឹងងាវល្អ ការទិញក្តាមស្រស់រស់រវើកតែដល់ពេលស្រុសទឹកក្តៅបែរជាយកក្តាមអន់សាច់ដាក់ចូលលាយគ្នាដែរការលក់មាន់ស្រែឲ្យស៊ីស្រូវឡើងណែនគែហើយពេលបោចរោមហើយយកស៊ីរ៉ាំងចាក់ទឹកបញ្ចូលក្នុងខ្លួនមាន់ឲ្យឃើញធាត់ហើយធ្ងន់ទៀត។
រីឯ បង្គាវិញគឺឲ្យស៊ីចាហួយ និងចាក់ចាហួយពណ៌ក្រហមបញ្ចូលនៅលើក្បាលឲ្យធ្ងន់ស៊ីភ្នែកជញ្ជីង ការទិញជ្រូករបៀបយកជើងកល់ឲ្យស្រាលទម្ងន់ ការលាយអង្ករល្អក្រអូប ១ បាវ ១០០ គីឡូដកចេញ ៥ គីឡូបញ្ចូលអង្ករអន់ ៥ គីឡូក្នុងបាវវិញ ថ្នាំដុះធ្មេញច្របាច់ចេញប្រមាណ ១ ភាគ ៥ នៃដបប្រេងកូឡាលាយជាមួយទៀន ឬ ក៏ក្រមួន ការលាយស៊ីម៉ងត៍ខ្សាច់ និងទំហំដែកមិនស៊ីគ្នាសម្រាប់ការសាងសង់ ជាងធ្វើមាសស៊ីដោយជាងទៅ។
ការស៊ីរាបនេះគឺស៊ីឡើងដល់ថ្នាក់ជាតិតែម្តងដែលភាសាសាមញ្ញថាចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើងគឺចង់និយាយអំពីការធ្វើថ្នល់ដែលខុសពីកម្រាស់ ការបន្លំបែបនេះឈានដល់ការពុករលួយតែម្តង។
ម្យ៉ាងវិញទៀតការដែលទម្លាប់រកស៊ីបោកប្រាស់នៅស្រុកខ្មែរគ្នាឯងមិនអស់ចិត្តក៏នាំគ្នាទៅបោកបារាំងទៀតតែទៅមិនរួចទេគឺមានតែគេព្រមានវិញតាមរយៈរបាយការណ៍របស់សហភាពអឺរ៉ុបកាលពីខែមុននេះបានបង្ហាញពីអង្ករក្រអូបដែលមានគុណភាពល្អៗដែលនាំចេញទៅលក់នៅប្រទេសសមាជិកសហភាពអឺរ៉ុបមានលាយជាមួយអង្ករអន់គុណភាពហើយសភាអឺរ៉ុបបានពិចារណាអាចនឹងឈប់ទិញអង្ករពីស្រុកខ្មែរដែល ១ ឆ្នាំៗប្រមាណ ៥៣ ម៉ឺនតោនហើយបានព្រមានក្រសួងពាណិជ្ជកម្មឲ្យបង្ហាញទិន្នន័យនាំអង្ករចេញ។ ហ្នឹងកម្ពុជាមានសហព័ន្ធស្រូវអង្ករកម្ពុជាដែលមានលោក សុខ ពុទ្ធិវុធ កូនប្រុសលោកឧបនាយរដ្ឋមន្ត្រី សុខ អាន ផងបោកគេប៉ុណ្ណឹងទៅហើយចុះទម្រាំតែអត់ទៀតមិនដឹងជាយ៉ាងណាទេ? បើមានផលប៉ះពាល់ខ្លាំងគឺមិនត្រឹមតែគេលែងទិញទេគឺស្ថិតនៅក្នុងបញ្ជីខ្មៅរបស់គេទៀតវាអាចខូចឈ្មោះពេលកម្ពុជាជិតបានឡើងទៅជាខ្លានៅអាស៊ីផងនោះតាមរយៈរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីសប្តាហ៍មុន។
គ្រាន់តែបន្លំត្រឹមតែការលាយអង្ករក្រអូបប៉ុណ្ណឹងរឿងអីគេមិនដឹងបើគ្រាន់តែក្រុមហ៊ុនរថយន្តវ៉ុលវ៉ាហ្គេន Volkswagen នាំចេញទៅលក់នៅសហរដ្ឋអាមេរិកខំផលិតយកអេឡិចត្រូនិកផ្នែកទន់ (software) មកទប់កុំឲ្យអាមេរិកធ្វើតេស្តទៅឃើញមានជាតិឧស្ម័នកាបូនិច CO2 ចេញពីបំពង់ផ្សែងលើសកំណត់។
តែនៅអ្នកបចេ្ចកទេសបរិស្ថានអាមេរិករកឃើញកាលពីខែ កញ្ញា ឆ្នាំទៅ ធ្វើឲ្យមានរឿងអាស្រូវនៃការបន្លំនេះនាំឲ្យក្រុមហ៊ុនអាល្លឺម៉ង់មួយនេះត្រូវសងរដ្ឋាភិបាលអាមេរិករាប់ពាន់លានដុល្លារហើយសងម្ចាស់ដែលទិញម្នាក់ ៥ ពាន់ដុល្លារទៀតហើយក្រុមហ៊ុនត្រូវប្រមូលឡានទាំងនោះត្រឡប់មកធ្វើឡើងវិញ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អាល្លឺម៉ង់ (www.dw.com)។
ជាក់ស្តែងការលួចបន្លំរកស៊ីភ្នែកជញ្ជីងគេនេះក៏ធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែរដូចការបាក់អគាររោងចក្រកាត់ដេរនៅបង់ក្លាដែសស្លាប់មនុស្សរាប់រយនាក់ដោយសារតែអំពើពុករលួយបន្លំនូវគ្រឿងសំណង់។ ដូចគ្នានេះដែរនៅកោះតៃវ៉ាន់វិញក៏មិនខុសគ្នាដែរនៅពេលដែលមានគ្រោះរញ្ជួយដី បាក់អគារទៅឃើញនៅក្នុងសំណង់មានលាយធុងប្រេងឆាទាំងធុងៗមួយចំនួនលាយជាមួយស៊ីម៉ងត៍។
ឯនៅស្រុកខ្មែរក៏ចាប់ផ្តើមជួបបញ្ហាស្រដៀងគ្នាដូចជាការបាក់អគាររោងចក្រធ្វើឲ្យកម្មករស្លាប់នៅខេត្តកំពង់ស្ពឺកាលពី ២-៣ ឆ្នាំមុនជាដើម។
ជាងនេះទៅទៀតការដែលចូលចិត្តរកស៊ីបន្លំភ្នែកបែបនេះធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសផងពេលខ្លះរហូតដល់ជនបរទេសដែលនៅស្រុកខ្មែរហើយចេះភាសាខ្មែរគឺគេទិញផ្លែឈើស្រុកខ្មែរហូបដោយពោលថា ៨ ខាំប៉ុន្មានរៀល? ប៉ះពាល់ដល់ក្រុមហ៊ុននាំចេញនានាដែលមានសុចរិតភាពក្នុងការរកស៊ីនាំទំនិញចេញទៅក្រៅប្រទេសដូចករណីនំស្រួយលីលីដែលនាំចេញទៅក្រៅប្រទេសត្រូវបានគេឆែកមើលទៅអនាម័យ និងគុណភាពនំទៅតាមស្តង់ដារហើយឬនៅ? បានគេឲ្យនាំចូលប្រទេសគេ។
សរុបមកវិញចំណុចនេះរដ្ឋាភិបាលមិនមានសមត្ថភាពក្នុងការត្រួតពិនិត្យ និងកំណត់ទំនិញក្នុងស្រុកបាននោះទេគឺបានត្រឹមសំណូមពរតែពួកគេអ្នកប្រព្រឹត្តនៅតែធ្វើមិនដឹងមិនឮដដែល។
ដើម្បីកាត់បន្ថយការលួចបន្លំស៊ីភ្នែកជញ្ជីងគឺមានតែវិធីជួយប្រាប់តៗគ្នាកន្លែងណាលក់កោរ កន្លែងណាលក់ស៊ីភ្នែកជញ្ជីង កន្លែងណាលក់របស់ដាក់បញ្ជូលគ្រឿងគ្រៅណាមិនស្អាតអាចធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព។
ចំណែកឯទំនិញនាំចេញរដ្ឋាភិបាលគួរតែពង្រឹងឲ្យបានរឹងមាំចំពោះអង្គភាពត្រួតពិនិត្យបទដ្ឋានស្តង់ដារនូវគុណភាពទំនិញដើម្បីឲ្យច្បាស់ថាត្រឹមត្រូវ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com