ល្បែងឆ្មា និងកណ្តុរ (Tom & Jerry) នៅក្នុងឆាកនយោបាយស្រុកខ្មែរនេះគឺចូលដល់វគ្គង៉ក់ងរបស់ឆ្មាវិញម្តងបន្ទាប់ពីដេញកណ្តុរចេញពីរន្ធបាត់ទៅហើយកណ្តុរ និងដៃគូព្យាយាមចង់ចូលក្នុងរន្ធប្រលែងលេងល្បិចដាក់គ្នាទៀត។
តែឆ្មាមិនព្រមដោយសារខ្លាចជាន់ដានខ្លួនឯងដែលបានលើកឡើងបើស្នើសុំលើកលែងទោសឲ្យកណ្តុរគឺឆ្មាហ៊ានកាត់ដៃចោល ឬក៏បើចរចាជាមួយក្រុមកណ្តុរគឺឆ្កែសុទ្ធ។ នេះមិនមែនជាបញ្ហាចោទសម្រាប់ឆ្មា និងកណ្តុរទេអ្វីៗគឺឆ្មាធ្វើដូចព្រះរាមចូលកោដ្ឋបញ្ឆោតនាងសិដានៅក្នុងរឿងរាមកេរ្តិ៍ដូចរាល់ដងទៅគឺកណ្តុរអាចចូលក្នុងរន្ធវិញដើម្បីបន្តដាក់អន្ទាក់គ្នាទៀត។
តែអ្វីដែលសំខាន់នោះគឺថ្មីៗនេះឆ្មាបានចុះស្ទាបស្ទង់មើលសភាពជាក់ស្តែងនៅតាមមូលដ្ឋានមួយចំនួនឃើញថាអ្នកចូលរួមហាក់បីដូចជាមិនគគ្រឹកគគ្រេងដូចលើកមុនទំនងដូចជាឃើញក្រឡាស៊ីមិនដាច់កណ្តុរបើនៅក្នុងល្បែងវិញគេថា ៥០ ភាគរយម្នាក់។
ហេតុដូចនេះឆ្មាមិនហ៊ានប្រថុយប្រថានជាមួយកណ្តុរដូចមុនទេក្នុងការដណ្តើមកន្លែងគ្នានោះអ៊ីចឹងមានតែប្រើល្បិចដាក់អន្ទាក់ក្រុមកណ្តុរតាមរយៈសំណុំរឿងនៅក្នុងតុលាការហើយឆ្មាក៏ដឹងចិត្តកណ្តុរដែរឲ្យតែសម្លុតតែបន្តិចកណ្តុរដាក់មេផាយរត់ផាសក្រញ៉ាំចេញពីរន្ធហើយតាំងចាំដើរចាក់គូទឆ្មាពីក្រៅមកវិញ។
រីឯដៃគូកណ្តុរវិញតាំងខ្លួនឯងដូចជាអ្នកស្អាតស្អំដើរប្រូតាមភូមិសុទ្ធតែក្រុមឆ្មាបក្ខពួកស្រីញីអូនបង និងគ្រួសារនិយមតែដល់ពេលចូលដើរចុះដើរឡើងចូលក្លេរបស់ឆ្មាគឺខ្លួនឯងដើរជាន់ដានគេរឿងអាស្រូវស្រីញីដូចគេដែរមិនហ៊ានចេញមុខនៅក្នុងរន្ធសុទ្ធតែម្តង។ ជាផលវិបាកមិនត្រឹមតែជាប់អន្ទាក់ខ្លួនឯងទេតែជាប់អន្ទាក់អ្នកផ្សេងអត់ដឹងខ្យល់អីដែលធ្វើការទៅតាមកម្មវិធីរបស់ម្ចាស់ជំនួយវិញឯណោះទទេ។
ការដែលនៅក្នុងរន្ធមិនហ៊ានចេញគឺត្រូវបានឆ្មាចំអកឲ្យដៃគូកណ្តុរថា៖ «នៅស៊ីបាយនឹងចានស្រាក់ហ្នឹងទៅ» ជាងនេះទៅទៀត គឺនៅក្នុងក្រុមកណ្តុររបស់ខ្លួនកំពុងតែរកាំរកូសរឿងដៃគូកណ្តុរយកកូនស្រីប្រឡូកប្រឡាក់នៅក្នុងឆាកនយោបាយដូចក្រុមឆ្មាដែរហ្នឹងហើយកកូរកកាយពេញក្នុងក្រុមកណ្តុរដែរ។ ជាពិសេស គឺកូនស្រីដៃគូកណ្តុរជាអ្នករុកកួន និងធាក់ កញ្ញា ធី សុវណ្ណថា ចេញពីក្រុមធ្វើឲ្យគ្នារសាត់ត្រដែតទៅតាមវាយោក៏សម្រេចចិត្តចូលជាមួយក្រុមឆ្មាទៅហើយវ៉ៃបកមកក្រុមកណ្តុរវិញយ៉ាងចាស់ដៃដែលមហាជនទូទៅច្រើនតែហៅកញ្ញាថាជួបប្តឹង ឬក៏សាកលវិទ្យាធិការកំពុងតែបើកសាកលវិទ្យាល័យសិចសាស្ត្រ និងតណ្ហាសាស្ត្រ។
តើដៃគូកណ្តុរខ្លួនឯងហ្នឹងអះអាងថាខ្លួនពិតជាអ្នកស្អាតស្អំពិតមែនដែរទេ? ឥឡូវទាំងឪ ទាំងកូននាំគ្នាអំពាវនាវកាលពីសប្តាហ៍មុននេះឲ្យកណ្តុរចូលក្នុងរន្ធបានជាគ្នាជួយទប់សម្ពាធពីឆ្មាតែកណ្តុរមិនបានឆ្លើយតបភ្លាមៗនោះទេគឺធ្លាប់បានឆ្លើយនៅស្ថានីយទូរទស្សន៍ BBC នៅក្នុងកម្មវិធី Hard Talkថាខ្លួននឹងត្រឡប់មកវិញតែមិនដឹងពេលណាទេ។
រឿងកណ្តុរតែងតាំងខ្លួនធ្វើដូចជាលោក ណែលសុន ម៉ាន់ឌឺឡា (Nelson Mandela) អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងស៊ូស្លាប់រស់ជាមួយប្រជាពលរដ្ឋរបស់ខ្លួនដែលធ្លាប់ជាប់គុក ២៧ ឆ្នាំតែជាក់ស្តែងកណ្តុរដឹកនាំតាមបែបលោក ឡេនីន (Lenin) អតីតប្រធានាធិបតីសូវៀតសោះដែលដើរកៀរគរៗនៅខាងក្រៅប្រទេសទេដូចសព្វថ្ងៃនេះបានត្រឹមតែបង្ហោះហ្វេសប៊ុកឌឺដងឲ្យឆ្មាដែលមានហ្វេសប៊ុកដែរ។ បង្ហោះទៅបង្ហោះមកអួតដាក់គ្នាយូរៗទៅលែងមានអ្នកចង់មើលទាំងឆ្មាទាំងកណ្តុរព្រោះមើលទៅដដែលៗគ្មានអ្វីប្លែកសម្រាប់អ្នកអាននៅស្រុកខ្មែរគឺឃ្លាតកាយណាយចិត្តហើយ។
អ៊ីចឹងកណ្តុរកុំសង្ឃឹមរឿងដើរកៀរគរដូចឡេនីននៅអឺរ៉ុបនោះនៅស្រុកខ្មែរតែមុខអ្នកគាំទ្រក៏ភ្លេចមុខដែរ។
លក្ខខណ្ឌបច្ចុប្បន្ននេះគឺកណ្តុរអាចបាត់បង់សិទិ្ធបោះឆ្នោតព្រោះមិនបានទៅចុះឈ្មោះបោះឆ្នោតដូចដៃគូកណ្តុរនោះទេហើយតំណែងប្រធានក្នុងបក្សកណ្តុរកាន់បានតែ ២ អាណត្តិទេអ៊ីចឹងកណ្តុរបាត់បង់តំណែងប្រធានបក្សដោយស្វ័យប្រវត្តិឲ្យទៅដៃគូរបស់ខ្លួនអ៊ីចឹងកុំសូវកោកកាកខាងក្រៅអត់សូវបានការនោះទេ។
តើកណ្តុរគួរតែនៅក្រៅរន្ធរហូតដល់ថ្ងៃបញ្ចប់ធ្វើប័ណ្ណបោះឆ្នោត ឬក៏នៅក្រោយថ្ងៃបញ្ចប់ធ្វើប័ណ្ណបោះឆ្នោត? ព្រោះកណ្តុរអាចបាត់បង់បេក្ខជនធ្វើជានាយករដ្ឋមន្ត្រី។ តើកណ្តុរនៅក្រៅរន្ធខ្លាចអីដល់ណាទៀតបើអាយុកាន់តែចាស់ទៅៗហើយបានត្រឹមតែឌឺឲ្យឆ្មាថាកំសាកញីនោះ?
តាមពិតទៅកណ្តុរខ្លួនឯងហ្នឹងទេជាអ្នកកំសាកញីនោះនៅក្នុងល្បែងនយោបាយគេលេងសម្លុតគ្នាអ៊ីចឹងហើយបើអ្នកឯងចាញ់សម្លុតគេធ្វើនយោបាយធ្វើអ្វី? កាលពីសប្តាហ៍មុននេះបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសម្លុតលោកស្រីហ៊ីឡារី គ្លីនតុន ថាបើគាត់ជាប់ឆ្នោតគាត់នឹងចាប់លោកស្រី គ្លីនតុន ដាក់គុក។ តែបានអ៊ីចឹងលោកស្រី គ្លីនតុន មិនទាំងខ្លាចការសម្លុតរបស់លោកត្រាំផងវាជារឿងធម្មតាការសម្លុតគ្នានោះគឺទុកឲ្យអ្នកបោះឆ្នោតគេសម្រេចចិត្តដោយខ្លួនគេទៅអាក្រក់ល្អនោះ។
ករណីនេះបើនៅស្រុកខ្មែរវិញឆ្មាសម្លុតកណ្តុរ និងក្រុមកណ្តុរតាមរបៀបលោកត្រាំហ្នឹងរាល់តែដងទេតែកណ្តុរភ័យញ័ររត់ដាក់មេផាយបាត់។ តែបើកណ្តុរហ៊ានតែសម្លុតឆ្មាបែបលោក ត្រាំ វិញនេះគឺឆ្មាចាប់កណ្តុរស៊ីផុយចោទថាធ្វើរដ្ឋប្រហារទម្លាក់ទៅចាប់ដោយស្រួល។ តែឆ្មាមានល្បិចច្រើនណាស់ក្នុងប្រវត្តិដើរតួក្នុងឆាកនយោបាយចេះពត់ពេនខ្លួនទៅតាមវាយោដែរនៅពេលត្រូវការកណ្តុរធ្វើជាដៃគូគឺឆ្មាយកចិត្តយកថ្លើមលួងលោមធ្វើម៉េចឲ្យតែបានតំណែងតែនៅពេលបានយូរបន្តិចគឺឆ្មាចាប់ផ្តើមរកលេសធាក់កណ្តុរដែលជាដៃគូចោលហើយនេះជាចំណុចមួយដែលកណ្តុរត្រូវចាំល្បិចហ្នឹងកុំឲ្យកើតមានលើកក្រោយទៀត។
តែទោះបីជាយ៉ាងណាក៏ឆ្មានៅតែមានការបើកផ្លូវច្រកក្នុងការរកដំណោះស្រាយភាពតានតឹងទៅជជែកគ្នានៅក្នុងសភាមិនមានការចរចាក្រៅផ្លូវការណាមួយនោះទេ។
សំណួរសួរថា តើក្រុមកណ្តុរហ៊ានទៅប្រជុំសភាដែរឬទេ? បើឆ្មាសម្លុតមុនថាបើកូនប្រុសទៅបរទេសមានរឿងអីកើតឡើងគឺក្រុមកណ្តុរហើយ។ អ៊ីចឹងធ្វើឲ្យក្រុមកណ្តុររារែកក្នុងការចូលប្រជុំសភាព្រោះខ្លាចដូចកាលពីចុងឆ្នាំទៅត្រូវបានក្រុមឆ្មាវ៉ៃទៀត តើឆ្មាមានអីដែលធានាការចូលរួមប្រជុំនៅសភាមានសុវត្ថិភាពសម្រាប់ក្រុមកណ្តុរក្នុងការជជែកគ្នារឿងប្រទេសជាតិ និងរកដំណោះស្រាយបញ្ហាភាពតានតឹងនោះ? សូម្បីតែព្រះករុណា សីហមុនីក៏លើកទឹកចិត្តអ្នកនយោបាយទាំងអស់ឲ្យប្រកាន់នូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអ៊ីចឹងទាំងក្រុមឆ្មាទាំងក្រុមកណ្តុរគួរតែបញ្ឈប់ការដាក់អន្ទាក់គ្នាទៀតទៅហើយស្វែងរកអ្វីដែលជាផលប្រយោជន៍ជាតិដូចការឃោសនានោះ។
បើក្រឡេកមើលអាយុទាំងឆ្មាទាំងកណ្តុរគឺសុទ្ធតែ ៧០ ឆ្នាំរៀងៗខ្លួនហើយ តើមានថាមពលដឹកនាំប្រទេសបានប៉ុន្មានទៀតនោះ? ចុះបើករណីអាចរកដំណោះស្រាយបាននៅសភាជាតិអ៊ីចឹងបើសិនជាក្រុមកណ្តុរទៅហើយមានការអីកើតឡើងការវាយតប់ដូចលើកមុនទៀតគឺករណីហ្នឹងទុកឲ្យម្ចាស់ឆ្នោតជាអ្នកសម្រេចទៅចុះព្រោះជាអន្ទាក់របស់ឆ្មាទាំងស្រុង។
បើទោះបីជាឆ្មាសម្លុតកណ្តុររហូតដល់ធ្វើការប្រៀបធៀបទៅនឹងសង្គ្រាមនៅប្រទេសស៊េរីដែលកំពុងតែខ្ទេចខ្ទាំនោះគឺនៅស្រុកខ្មែរមិនអាចកើតមានឡើងដូចនៅទីនោះបានទេព្រោះក្រុមឆ្មាភាគច្រើនសុទ្ធតែអ្នកមាន មានទ្រព្យសម្បត្តិច្រើនម្នាក់វីឡា ខុនដូ និងដីរាប់សិបហិកតារឿងអីទៅនាំគ្នាធ្វើសង្គ្រាមនោះ? រីឯកណ្តុរវិញពឹងសហគមន៍អន្តរជាតិតើឲ្យគេជួយយ៉ាងម៉េចបើរឿងកើតឡើងរប៉េះរប៉ោះហ្នឹងហើយឆ្មាក៏ឆ្លាតដែរធ្វើបានតែរប៉េះរប៉េះបង្អើលៗទៅមើលតែសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិថ្កោលទោសខ្លាំងឆ្មាធ្វើព្រលែងកណ្តុរវិញធ្វើដូចជាអត់មានរឿងអីកើតឡើងអ៊ីចឹង។
សរុបមកវិញទាំងឆ្មាទាំងកណ្តុរគឺអាចបង្កើតប្រវត្តិសាស្ត្របាននូវការបង្រួបបង្រួមជាតិជាធ្លុងមួយបើទោះបីជាការគំរាមសុទ្ធតែកាត់ដៃចោល ឬក៏ហៅឆ្កែសុទ្ធតែមិនអីទេឲ្យតែឆ្មាត្រូវចិត្តគឺឆ្មាដឹងរបៀបដោះស្រាយពេកហើយ ហើយបើកណ្តុរនៅតែខ្វិចខ្វិលតែនៅក្រៅរន្ធកុំសង្ឃឹមអ្នកគាំទ្ររង់ចាំបោះឆ្នោតឲ្យអ្នកនៅឆ្នាំ ២០១៨ ខាងមុខនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com