បន្ទាប់ពី​សម្រាក​មួយ​រយៈពេល​មក ល្បែង​តុក្កតា​ឆ្មា និង​កណ្តុរ​ (Tom & Jerry) ក៏​មក​ចាប់ផ្តើម​ដំណើរការ​លេងល្បែង​​ជាថ្មី​ឡើង​វិញ​។ ឲ្យ​តែ​មុន​ពេល​បោះឆ្នោត ឆ្មា​តែងតែ​រៀបចំ​ឫកពា​ដាក់​អន្ទាក់​កណ្តុរ រីឯ​កណ្តុរ​វិញ​គិតគូរ​ពី​រឿង​ធ្វើ​យ៉ាង​ម៉េច​ដោះ​ចំណង​ ​ដើម្បី​ឲ្យ​មាន​ឱកាស​ចូលរួម​ប្រកួត​លើ​សង្វៀន​ជាថ្មី​ឡើង​វិញ ពោល​គឺ​ឆ្មា​មិន​អាច​ខ្វះ​កណ្តុរ​បាន​ទេ ព្រោះ​អាច​​សម្តែង​មិន​សម​ និង​មិន​ល្អ​មើល​ក្នុង​សង្វៀន​ប្រជាធិបតេយ្យ​។

បច្ចុប្បន្ន​នេះ​ឆ្មា​បង្ហាញ​ការសម្តែង​ហាក់បី​ដូចជា​មាំទាំ​ណាស់​ទៅ​លើ​ការសម្រេចចិត្ត រារាំង​មិន​ឲ្យ​កណ្តុរ​វិល​ត្រឡប់​ចូល​ក្នុង​រន្ធ​វិញ តាមរយៈ​សាលក្រម​តុលាការ​មិន​លើកលែង​ឲ្យ​កណ្តុរ កែ​ច្បាប់​ចង​ជើង​កណ្តុរ​កី្ត ចាប់​ឃុំ​ដៃគូ​កណ្តុរ​ក្តី ពោលគឺ​គ្មាន​ការចរចា​ណា​មួយ​ជាមួយ​ក្រុម​កណ្តុរ​ទេ​។ រីឯ​កណ្តុរ​វិញ​បន្ទាប់ពី​សម្បុក​របស់​ខ្លូន​ត្រូវ​បាន​គេ​រំលាយ​ និង​សមាជិក​ខ្លះ​នៅ​ជាប់​អន្ទាក់​ឆ្មា​នៅ​ឡើយ​នោះ ក៏​ព្យាយាម​រក​គ្រប់​វិធីសាស្ត្រ​ដើម្បី​ត្រឡប់​មក​វិញ​តាមរយៈ​ការសាកល្បង​បង្កើត​ចលនា​ថ្មីៗ​បន្លាច​ឆ្មា​ក្តី និង​​អំពាវនាវ​កៀរគរ​ឲ្យ​គេឯង​ជួយ​អន្តរាគមន៍​ក្តី ក៏​ឆ្មា​មិន​ទាន់​ឲ្យ​ចូល​ប្រឡែង​លេង​ល្បែង​ឆ្មា​កណ្តុរ​សាជាថ្មី​ឡើង​វិញ​ដែរ​។

ប៉ុន្តែ​ឆ្មា​មិន​បាន​បិទ​ច្រក​សុទ្ធ​នោះ​ទេ​គឺ​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​កណ្តុរ​ដែល​នៅ​សល់​បង្កើត​ឈ្មោះ​ថ្មី​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​។ ចំណែកឯ​ក្រុម​កណ្តុរ​ដែល​នៅ​សល់​មិន​ធ្វើ​តាម​ទេ ព្រោះ​មេ​របស់​គេ​ទាំង​ ២ ​កំពុង​ជាប់​អន្ទាក់​ឆ្មា អ៊ីចឹង​ទាល់​តែ​មាន​អ្វី​ដោះដូរ ដើម្បី​អនុញ្ញាត​ឲ្យ​មេៗ​របស់​ពួកគេ​វិល​ត្រឡប់​មក​ចូលរួម​ប្រកួត​ប្រជែង​វិញ​បាន​ពួកគេ​សុខចិត្ត​។

កាលពី​សប្តាហ៍​មុន​នេះ ​មាន​សមាជិក​កណ្តុរ​ម្នាក់​បាន​ផ្ញើសារ​ដាក់​សំណើ​មក​ឆ្មា​ថា​ចង់​វិល​ត្រឡប់​មក​ធ្វើ​ការងារ​វិញ តែ​ឆ្មា​ធ្វើ​ឫក​ងឿក ហើយ​ឌឺ​ដាក់​វិញ​ថា ទៅ​សួរ​តុលាការ​ទៅ មិន​ដឹង​មិន​ឮ​គ្មាន​ទេ​ការចរចា​នោះ​។ តែ​មិន​ថ្វី​ទេ ជារឿយៗ​ឆ្មា និង​កណ្តុរ​តែងតែ​ដាក់​អន្ទាក់​គ្នា​ទៅវិញ​ទៅមក ដោយ​នៅ​មុន​បោះឆ្នោត ឆ្មា​ដាក់​អន្ទាក់​កណ្តុរ តែ​ពេល​បោះឆ្នោត​ហើយ​កណ្តុរ​ងឿក​ដាក់​អន្ទាក់​ឆ្មា​វិញ​ជា​រឿង​ធម្មតា​ទៅ​ហើយ រវាង​ល្បែង​តុក្កតា​ឆ្មា និង​កណ្តុរ​នេះ​។

កាលពី​ចុង​ឆ្នាំ​ទៅ ឆ្មា​ចំអក​បែប​កំប្លែង​ឲ្យ​កណ្តុរ​លេង​ល្បែង​ដូច​តុក្កតា​ Tom និង​ Jerry ​ថា​៖ «​អា ​Tom [​អាធំ​] ​អា​ Jerry [​អាតូច​] ​ហ្នឹង​...​ដល់​ពេល​លេង​ជាមួយ​គ្នា​គេ​ស្អប់​តែ​អាធំ​អា Tom តាមពិត​ [​អាតូច​] ​អា​ Jerry ​ហ្នឹង ខូច​ណាស់ តិចៗ​មក​ចាក់​អា​ Tom សម​តែ​អា​ Tom ដាក់​ហ្នឹង​អត់​ខុស​ទេ​»​។

ទោះបី​ជា​មាន​ភាព​តានតឹង​យ៉ាង​ណា​ក៏ដោយ​រវាង​ល្បែង​ឆ្មា និង​កណ្តុរ​គឺ​នៅ​តែ​ដោះ​ចេញ​តែ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ តែ​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ដ៏ពិបាក​នេះ​សិន​ថា តើ​ឆ្មា​អនុញ្ញាត​ឲ្យ​កណ្តុរ​ចូល​លេង​វិញ ឬ​​ក៏​អត់ មុន​ពេល​បោះឆ្នោត​ដ៏ខ្លី​ខាង​មុខ​នេះ​? បើ​មិន​ឲ្យ​មាន​អ្វី​កើតឡើង​? បើ​ឲ្យ​នឹង​មាន​អ្វី​កើតឡើង​?

បើ​និយាយ​អំពី​ការអង្កេត​នៅ​ស្រុក​ខ្មែរ​ចំពោះ​ការបោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ ​គឺ​ពិបាក​ទទួល​យក​លទ្ធផល​ណាស់ ពីព្រោះ​ម្ចាស់​ឆ្នោត​មាន​ចរិត បើ​ហ៊ាន គឺ​ហ៊ាន​ជ្រុល បើ​ខ្លាច​គឺ​ខ្លាច​ជ្រុល អ៊ីចឹង​ហើយ​បាន​ជា​ធ្វើឲ្យ​គម្លាត​រវាង​លទ្ធផល​នៃ​ការធ្វើអង្កេត និង​ការបោះឆ្នោត​ជាក់ស្តែង​មិន​ឆ្លើយតប​គ្នា​នោះ បើ​ទោះបី​ជា​បក្ស​ណា​មួយ​ខំ​ធ្វើការ​អង្កេត​សម្ងាត់​ម៉េច​ក៏ដោយ ក៏​យក​ជា​ការ​មិន​បាន​ដែរ ពោល​គឺ​ផ្ទុយ​នឹង​ឆន្ទៈ​ពិតប្រាកដ ប៉ុន្តែ​ដូច​នៅ​ស្រុក​គេ​ដែល​ជា​ប្រទេស​ជឿនលឿន​គឺ​កម្រ​ខុស​ណាស់ ព្រោះ​គេ​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ គ្មាន​ការគំរាម​កំហែង​ពី​បក្ស​ណា​មួយ​ទេ អ៊ីចឹង​គេ​ឆ្លើយ​ទៅ​តាម​ឆន្ទៈ​របស់​គេ​ពិតៗ​ដោយ​គ្មាន​ការបង្ខិតបង្ខំ​។

បើ​មិន​ទាន់​បាន​ឃើញ​លទ្ធផល​បោះឆ្នោត​ជាក់ស្តែង​ផង ម្យ៉ាង​វិញ​ទៀត​ប្រព័ន្ធ​បោះឆ្នោត​ជាតិ​ក៏​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​នោះ​។ ហេតុអ្វី​ក៏​ឆ្មា និង​កណ្តុរ​ឆាប់​បោះបង់​ចោល​ការប្រកួត​ម្ល៉េះ​​បើ​ម្នាក់ៗ​សុទ្ធ​តែ​អះអាង​ថា ខ្លួន​ធ្វើ​អ្វីៗ​ដើម្បី​ជាតិ និង​សុខសន្តិភាព​នោះ​?

ប្រសិន​បើ​ឆ្មា​មិន​ឲ្យ​កណ្តុរ​ចូល​លេង​ល្បែង​ខាង​មុខ​នេះ​គឺ​គ្មាន​គូប្រកួត​តទល់​នឹង​ឆ្មា​ទេ គឺ​អំណាច​បាន​មក​លើ​ឆ្មា​ទាំង​ស្រុង ហើយ​ឆ្មា​ក៏​តែងតែ​ពោល​ថា មិន​ខ្វល់​ពី​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ខាង​មុខ​នោះ​ដែរ​។ តែ​កណ្តុរ​នៅ​ក្រៅ​រន្ធ​ក៏​មិន​ឲ្យ​ឆ្មា​នៅ​ក្នុង​រន្ធ​បាន​សុខ​ស្រួល​ដែរ ​ដោយ​កណ្តុរ​ក៏​តែងតែ​ព្យាយាម​ដាក់​អន្ទាក់​ឆ្មា​ជាប់​ដែរ​គឺ​ចេញ​ពី​មួយ​ចូល​មួយ ដើម្បី​ឲ្យ​គេ​ដាក់​គំនាប​មក​លើ​ឆ្មា​វិញ ដើម្បី​ជា​ការ​សងសឹក​មិន​ចេះ​ចប់​មិន​ចេះ​​ហើយ​ធ្វើឲ្យ​ឆ្មា​ក្ដៅក្រហាយ​នៅ​ស្ទើរ​តែ​មិន​សុខ​។

ជា​ផលវិបាក​នោះ​ មិនមែន​ឆ្មា ឬ​ក៏​កណ្តុរ​នោះ​ទេ​ដែល​វេទនា ប៉ុន្តែ​គឺ​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ឯណេះ​ទេ​ដែល​ជួប​ការលំបាក​ និង​គ្រាំ​ចិត្ត​ដ្បិត​ជាតិ​ត្រូវ​ខ្ទាំ​ក្នុង ហើយ​ប្រសិន​បើ​សភាពការណ៍​នយោបាយ​នៅ​ស្រអាប់​យូរអង្វែង​ទៀត​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ឬ ប្រាក់​ចំណូល​ម្នាក់ៗ ជាពិសេស​ម្ចាស់​ដែល​សង់​សំណង់​អចលនទ្រព្យ​ធំៗ ដូចជា ខុនដូ វីឡា​ភូមិគ្រឹះ ផ្ទះល្វែង រកស៊ី​បើក​សណ្ឋាគារ​ធំៗ និង​លក់​រថយន្ត​ទំនើបៗ​ជាដើម​។ ​បើ​ពឹង​តែ​អ្នក​ទិញ​ក្នុង​ស្រុក​​ពេល​ណា​បាន​លក់​អស់​? បាន​លុយ​មកពី​ណា​ប្រសិន​បើ​វិនិយោគទុន​ធំៗ​គេ​អត់​ហ៊ាន​ចូល​មក​រកស៊ី​នោះ​? ហើយ​អ្នក​ដែល​ធ្លាប់​តែ​ហូប​គុយទាវ​ក្នុង​ហាង​ក៏​ប្រហែល​ជា​ត្រូវ​សម្រេចចិត្ត​ហូប​បាយកក​នៅ​ផ្ទះ​ក៏​ថា​បាន​ដែរ​។

ម្យ៉ាងវិញ​ទៀត​ផលិតផល​រោងចក្រ​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​គឺ​គេ​គិតគូរ​រឿង​ពន្ធ​នាំចូល និង​ទំនិញ​ពី​កម្ពុជា​គេ​នឹង​ពិចារណា​ថា តើ​គួរ​ទិញ ឬ​មិន​ទិញ​? ​ហើយ​កម្ពុជា​ត្រូវ​បាន​គេ​មើល​មក​ក្នុង​ចំណោម​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ហ្វីលីពីន ដែល​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នៅ​ឡើយ​ទេ​។

ជាង​នេះ​ទៅ​ទៀត​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​គឺ​កម្ពុជា​កំពុង​តែ​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន ដែល​ទើប​តែ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដឹកនាំ​ប្រទេស​ ១ ​ជីវិត​។

ហេតុ​ដូច្នេះ​ហើយ​ ថ្នាក់ដឹកនាំ​នយោបាយ​គួរតែ​ឈប់​លេង​ល្បែង​តុក្កតា​ឆ្មា និង​កណ្តុរ​ដោយ​ប្រើ​មធ្យោបាយ​ដាក់​អន្ទាក់​គ្នា​ទៅវិញ​ទៅមក​បែប​ហួស​សម័យ​ហ្នឹង​ទៅ ហើយ​ងាក​ទៅ​ចាប់​ដៃ​គ្នា​បន្ត​វប្បធម៌​សន្ទនា​គ្នា​ដែល​ខំ​បង្កើត​​ឡើង​នោះ​មក​ប្រើ​វិញ​ទើប​អាច​​រក​ច្រក​ចេញ​មួយ​ដែល​ប្រកប​ដោយ​សន្តិភាព​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវ​ចិត្ត​ពិតប្រាកដ​បាន ដើម្បី​ឲ្យ​ខ្មែរ​ទូទៅ​អាច​សុំ​រស់នៅ​ដោយ​ស្នាមញញឹម​មិន​ក្លែងក្លាយ​ផង​តើ​បាន​ឬ​ទេ​?

បើ​ក្រឡេក​មើល​បទពិសោធ​ថ្មីៗ​នេះ បងប្អូន​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​ដែល​ជា​សត្រូវ​គ្នា​ឡើង​រង្គោះរង្គើ​ឧបទ្វីប​កូរ៉េ​ដោយ​ម្ខាងៗ​សុទ្ធតែ​ខ្លាំង​រៀង​ខ្លួន​ដោយ​លេង​សុទ្ធ​តែ​អាវុធ​មីស៊ីល និង​នុយក្លេអ៊ែរ តែ​សប្តាហ៍​មុន​បែរ​ ២ ​នាក់​បងប្អូន​នេះ​ចាប់​ដៃ​គ្នា​ចរចា​ឡើង​វិញ​ដើម្បី​សន្តិសុខ​ក្នុង​តំបន់​ទៅវិញ​។ ​ដំណើរ​វិវត្ត​របស់​កូរ៉េ​ជា​បងប្អូន​នេះ​ សូម្បី​តែ​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​កោតសរសើរ​ទាំង​អាមេរិក ទាំង​កូរ៉េ​ខាង​ជើង​ផង​ដែរ​។

បើ​និយាយ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​​វិញ​គេ​បាន​ដើរ​ក្រោយ​កម្ពុជា​ ១ ​អាណត្តិ​ពេញ​ឯណោះ តែ​ឥឡូវ​នេះ​គេ​បែរ​ជា​ដើរ​មុន​យើង​តាំងពី​លទ្ធិប្រជាធិបតេយ្យ វិមជ្ឈការ សិទ្ធិមនុស្ស និង​កំណើន​សេដ្ឋកិច្ច​។ ចុះ​ហេតុអ្វី​បាន​ជា​ខ្មែរ​ និង​ខ្មែរ​ដែល​មាន​សាវតារ​អាច​សាង​ប្រាសាទ​បាន​រាប់ពាន់​ឲ្យ​ពិភពលោក​កោតស្ញប់ស្ញែង មិន​ព្រម​គាស់​រំលើង​យក​គម្ពីរ​ដែល​ផ្ទុក​ដោយ​គតិបណ្ឌិត​មក​រួបរួម​គ្នា​មិន​បាន​ដូច្នេះ​ទៅ​វិញ​?

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com