តួអង្គ​សម្តែង​ក្នុង​រឿង​តុក្កតា​ឆ្មា និង​កណ្តុរ​ (Tom & Jerry) ហាក់បី​ដូចជា​មាន​និន្នាការ​ចង់​មក​ប្រឡែង​ក្នុង​ស្រុក​សាជាថ្មី​ព្រោះ​បច្ចុប្បន្ន​តាម​ភ្នែក​ទស្សនិកជន​​ឃើញ​ថា ឆ្មា​លេង​អ្វីៗ​គឺ​សម្តែង​តែម្នាក់ឯង​ដូចជា​មិន​សូវ​សម​។

ណា​មួយ​ញាតិ​ខាង​ក្រៅ​ដែល​ចូលចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​ខាង​កណ្តុរ​ក៏​មិន​សូវ​ពេញចិត្ត​នឹង​ការសម្តែង​របស់​ឆ្មា​តែ​ម្នាក់ឯង​អ៊ីចឹង​ដែរ​ បើ​ទោះបី​ជា​ឆ្មា​ខិតខំ​ប្រមែប្រមូល​គូប្រកួត​ឱ្យ​ចូលរួម​បោះឆ្នោត​កាលពី​ចុង​ខែ​កក្កដា​ដោយ​ឲ្យ​តំណែង​សុទ្ធ​ថ្នាក់​ស្មើ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​​ពួកគេ​អន់ចិត្ត និង​ធ្វើ​ឲ្យ​អ្នកភូមិ​ខាង​ក្រៅ​មើល​ឃើញ​ថា​មាន​ការចែករំលែក​ក៏ដោយ​។ ​

រីឯ​ញាតិ​ខាង​ឆ្មា​វិញ​គឺ​ពេញចិត្ត​ជា​ខ្លាំង​ហើយ​គាំទ្រ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ឆាប់​ទៀតផង ន្អាល​នឹង​រកស៊ី​ជាមួយ​គ្នា​តទៅ​ទៀត ហើយ​បាន​​អះអាង​ថា ជ័យជម្នះ​របស់​ឆ្មា​ក៏​បង្ហាញ​ថា​មាន​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការមើល​ឃើញ​ការចូលរួម​ប្រកួត​ពី​បក្ស​ផ្សេងៗ​ក្រៅពី​បក្ស​កណ្តុរ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល​ខ្ទេច​កាល​ឆ្នាំ​មុន​។

យុទ្ធសាស្ត្រ​សន្តិភាព​របស់​ឆ្មា​គឺ​ហាក់​ដូចជា​អនុវត្ត​តាមរបៀប​​មួយ​ដែល​មាន​ន័យ​ថា ធ្វើ​យ៉ាងណា​ដើម្បី​ទប់ទល់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ ឬ​ក៏​សង្គ្រាម​កើត​មាន​ឡើង​។

តាមរយៈ​សិល្បៈ​នៃ​ការអនុវត្ត​ឆ្មា​ធ្វើ​ឡើង​ដោយ​ប៉ិនប្រសប់​មាន​ទាំង​ក្ដៅ និង​ត្រជាក់ ដូចជា យុទ្ធសាស្ត្រ​ឈ្នះៗ ការ​គំរាម​កំហែង ការសម្រប​សម្រួល​ផ្សះផ្សា​ជាតិ ការ​សម្រក់​ទឹកភ្នែក​នៅ​មុខ​ទស្សនិកជន ការ​ចងក្រង​ជា​ក្រុមគ្រួសារ ការធ្វើ​កូនធម៌ ឬ​ក៏​ឪពុកធម៌ ហើយ​ថ្មីៗ​នេះ​មាន​ការដោះលែង​អ្នកទោស​មួយ​ចំនួន​រួមមាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មជន​ក្រុម​កណ្តុរ​ជា​ទ្រង់ទ្រាយ​ធំ​តាមរយៈ​ឲ្យ​នៅ​ក្រៅ​ឃុំ​ផង និង​ដោះលែង​ទាំង​ស្រុង​ផង​។

ការលើកលែង​ទោស​ដ៏គំហុក​ដែល​មិន​ធ្លាប់​មាន​បែប​នេះ​ត្រូវ​បាន​កណ្តុរ​ចំអក​ឲ្យ​ឆ្មា​ពី​ចម្ងាយ​​ថា​នេះ​មកពី​សម្ពាធ​អ្នក​ស្រុក​ខាង​លិច​ច្រើន​ផង ហើយ​ឆ្មា​ក៏​ចង់​បង្ហាញ​តម្លាភាព និង​យុត្តិធម៌​ជាមួយ​អន្តរជាតិ​ផង បន្ទាប់​បាន​បក្ស​របស់​ខ្លួន​ទើប​តែ​ឈ្នះឆ្នោត​ទាំង​ស្រុង​ ១០០ ​ភាគរយ​ដើម្បី​ឱ្យ​ពួកគេ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី បើ​ទោះ​ណា​ជា​ក្រុម​ឆ្មា​ថា​នេះ​ជា​ក្ដី​សន្ដោស​ប្រណី​របស់​ខ្លួន​ក៏ដោយ​ចុះ​។ សកម្មភាព​ចាក់​គូទ​របស់​កណ្តុរ​បែប​នេះ​ធ្វើឲ្យ​ឆ្មា​ច្រឡោត ហើយ​បន្ទាប់មក​ក៏​កើត​មាន​ករណី​ពន្យារ​ការឃុំ​ខ្លួន​ដៃគូ​កណ្តុរ​ដែល​កំពុង​ជាប់​ឃុំ​ឱ្យ​បន្ដ​ជាប់ឃុំ​ ៦ ​ខែ​ទៀត​។

ទោះបី​យ៉ាង​នេះ​ក្ដី​ល្បែង​តុក្កតា​ឆ្មា និង​កណ្តុរ​មិន​បាន​ទៅ​ណា​ឆ្ងាយ​ទេ ពោល​គឺ​នៅ​តែ​មាន​ការឆ្លើយឆ្លង​រវាង​ឆ្មា និង​កណ្តុរ ហើយ​ហាក់​កំពុង​ព្យាយាម​ដាក់​អន្ទាក់​គ្នា​ទៅវិញ​ទៅមក បើ​ទោះបី​ជា​ឆ្មា​ថា​ឈប់​លេង​ចូល​ជាមួយ​កណ្តុរ ហើយ​មិន​ចង់​ឱ្យ​ក្រុម​ខ្លួន​ជ្រលក់​មាត់​ជាមួយ​កណ្តុរ​ក្ដី​។

បច្ចុប្បន្ន​កណ្តុរ​ហាក់​ដូចជា​នៅ​តែ​បន្ត​ប្រតិបត្តិ​តាម​អ្វី​ដែល​គេ​យល់ថា ជា​ទ្រឹស្តី​ដែល​បង្ហាញពី​​ចរិត​ចង់​ស្តារ​ទំនាក់ទំនង​ស្វែងរក​ដំណោះស្រាយ​ឡើងវិញ​ដើម្បី​បញ្ចប់​ទំនាស់ និង​ការបង្កើត​ប្រព័ន្ធ​សង្គម​មួយ​ដែល​ពលរដ្ឋ​ត្រូវការ​​ចាំបាច់​រាប់​តាំងពី​សេរីភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។

ជាគោលការណ៍​កណ្តុរ​ហាក់​ដូចជា​មិន​បាន​លើក​ទឹកចិត្ត​ឲ្យ​មាន​ការប្រើ​អំពើ​ហិង្សា​ ឬ​ក៏​សង្គ្រាម​ណា​មួយ​កើតឡើង​ប្រឆាំង​រដ្ឋាភិបាល​ទេ បើ​ទោះបី​ជា​ខ្លួន​​មិន​បាន​នៅក្នុង​ស្រុក​ក៏ដោយ​គឺ​មិន​ដូច​អ្នក​ដឹកនាំ​សម័យ​មុនៗ​ឡើយ​។ តែ​កណ្តុរ​នៅ​តែ​បន្ត​យុទ្ធនាការ​តាម​ដាក់​អន្ទាក់​ឆ្មា​ដដែល​ពោល​គឺ​ហាក់​មិន​ឲ្យ​ឆ្មា​នៅ​ជិះសេះ​លែងដៃ​ហៃអើ​ឡើយ​ដែល​នោះ​គឺ​ការចូលរួម​ប្រជុំ និង​បញ្ចុះបញ្ចូល​បណ្ដា​ប្រទេស​លោក​ខាង​លិច​​ឱ្យ​ធ្វើ​អន្តរាគមន៍​ដុកដាន់​ធ្វើ​យ៉ាងណា​ឲ្យ​ឆ្មា​អនុញ្ញាត​ឱ្យ​ពួកគេ​អាច​បន្ត​សកម្មភាព​នយោបាយ​ឡើង​វិញ​។

តែ​លោក​ខាង​លិច​មិន​ទាន់​ចេញ​អ្វីៗ​ជាគោលការណ៍​ធំដុំ​នៅ​ឡើយ​ទេ ព្រោះ​ក្រុម​ឆ្មា​មិន​ទាន់​បង្កើត​រដ្ឋាភិបាល​នៅ​ឡើយ​ពោល​គឺ​អាច​នៅ​រង់ចាំ​មើល​ការបង្កើត​រដ្ឋាភិបាល​ថ្មី ប៉ុន្តែ​ពួកគេ​ធ្លាប់​បាន​អះអាង​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ស្លាប់បាត់​ហើយ​ដោយ​មាន​ប្រទេស​ខ្លះ​ក៏​ចាប់ផ្តើម​ដាក់​សម្ពាធ​តាមបែប​បង្កក​ទ្រព្យសម្បតិ្ត និង​ខ្លះ​ទៀត​គំរាម​រឿង​ពន្ធ​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​បណ្ដា​ប្រទេស​លោក​ខាង​លិច ខណៈ​ក្រុម​ឆ្មា​នៅ​តែ​បន្ដ​បង្ហាញ​ឥរិយាបថ​មិន​ខ្វល់​។

រឿងរ៉ាវ​កាលពី​អតីតកាល​កម្ពុជា​ហាក់​បាន​និង​កំពុង​កើតឡើង​ជាថ្មី​ម្តង​ទៀត​ខណៈ​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​ក្នុង​តំបន់​ប្រទាញប្រទង់​គ្នា​រវាង​លោក​ខាង​លិច និង​លោក​ខាង​កើត​។ ហេតុ​ដូចនេះ​ហើយ​បញ្ហា​តុក្កតា​ឆ្មា និង​កណ្តុរ​នេះ​គឺ​ស្ថិត​ក្នុង​ការសម្រេចចិត្ត​ខ្ពស់​ដើម្បី​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ដូច​ពី​អតីតកាល​។

អ្វី​ដែល​ជា​ឆ្អឹង​ទទឹង​ក​សម្រាប់​កណ្តុរ និង​ឆ្មា​ក្នុង​ការ​រារែក​លើ​ការចរចា និង​ប្រោះព្រំ​វប្បធម៌​សន្ទនា​ឡើង​វិញ​នោះ​គឺ​បើ​កណ្តុរ​ត្រឡប់​មក​វិញ​មាន​ន័យ​ថា ទទួល​យក​លទ្ធផល​ការបោះឆ្នោត​កាលពី​ចុងខែ​កក្កដា​ដែល​ឆ្មា​ខំ​ធ្វើឱ្យ​អង្ករ​ក្លាយ​ជា​បាយ​រួច​ទៅ​ហើយ​នោះ​។

ប៉ុន្តែ​បើ​ឆ្មា​មិន​ឲ្យ​កណ្តុរ​ចូល​វិញ​គឺ​ឆ្មា​បាន​អំណាច​ពេញលេញ​ក្នុង​ដៃ​ដែល​មាន​លោក​ខាង​កើត​ជួយ​ជ្រោមជ្រែង តែ​អ្វីៗ​អាច​ទៅ​មុខ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ពោល​គឺ​មិន​មាន​និរន្តរភាព​សេដ្ឋកិច្ច​ឡើយ​។

ម្យ៉ាងវិញ​ទៀត​បញ្ហា​នៅ​កកស្ទះ​ក្នុង​ការ​សម្រេចចិត្ត​ចំពោះ​វិនិយោគទុន​ធំៗ និង​អ្នករកស៊ី​ក្នុង​ស្រុក បើ​ទោះបី​ជា​ចង់​ទិញ​ដី​ ឬ​ក៏​ទិញ​ឡាន​ក៏​នៅ​តែ​គិត​បញ្ហា​ប្រឈម​លើ​ប្រាក់ចំណូល​ និង​សេដ្ឋកិច្ច​ទូទៅ​ដែរ​។ ​

ករណី​នេះ​ទាំង​ឆ្មា​ទាំង​កណ្តុរ​សុទ្ធ​តែ​មាន​ទស្សនទាន​គិតគូរ​ពី​សន្តិភាព​គ្រាន់តែ​អនុវត្ត​វិធី​ខុសគ្នា​ដែល​មើល​ទៅ​ហាក់​មាន​ភាព​វិជ្ជមាន​ផង​​ និង​អវិជ្ជមាន​ផង ហើយ​ប្រសិន​បើ​មាន​ជំហរ​បង្រួបបង្រួម​ជាតិ​ជាធំ​ដូចគ្នា​គឺ​អាច​ជួប​ទល់មុខ​គ្នា​ក្នុង​​ឱកាស​សមស្រប​ណា​មួយ​ដើម្បី​ស្វែងរក​ចំណុច​រួម​ដែល​ទទួល​យក​បាន​ទាំង​ឆ្មា និង​កណ្តុរ​។

បើ​ពុំ​នោះ​​ទេ​គឺ​មាន​តែ​អញ្ជើញ​តំណាង​ប្រទេស​ហត្ថលេខី​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស​ថ្ងៃទី​​ ២៣ ខែ​តុលា ឆ្នាំ​ ១៩៩១ ដើម្បី​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​មាត្រា​ណា​ដែល​បាន​អនុវត្ត​ហើយ​មាត្រា​ណា​ខ្លះ​ដែល​មិន​ទាន់​អនុវត្ត​សន្ធិសញ្ញា​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com