ផ្លូវដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា និងកម្ពុជាច្រាសទិសគ្នាតាមរបត់នយោបាយរៀងៗខ្លួន។ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី បានឈ្នះភ្លូកទឹកភ្លូកដីកាលពីខែវិច្ឆិកាឆ្នាំទៅស្រាប់តែនៅសប្តាហ៍មុននេះគណបក្សកាន់អំណាចដោយយោធាជាងពាក់កណ្តាលសតវត្សរ៍បានមូលមាត់គ្នាជាមួយគណបក្សលោកស្រី ស៊ូជី រៀបចំពិធីប្រគល់អំណាចឲ្យលោក ទីន ចាវ ទីប្រឹក្សារបស់លោកស្រី ស៊ូជី ធ្វើជាប្រធានាធិបតីបើទោះបីជាច្បាប់រដ្ឋធម្មនុញ្ញនៃរបបយោធាបានចងមិនឲ្យលោកស្រី ស៊ូជី ធ្វើជាប្រធានាធិបតីក៏ដោយ។
តែលោកស្រី ស៊ូជី ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់ក្រសួង ៣ នៅគណៈរដ្ឋមន្ត្រីទៀតខណៈកិច្ចការការពារជាតិ មហាផ្ទៃ និងព្រំដែនគឺខាងយោធានៅតែកាន់កាប់ដដែល។
លោកប្រធានាធិបតីថ្មីបានថ្លែងថា៖ «រដ្ឋាភិបាលថ្មីនឹងអនុវត្តតាមគោលនយោបាយការផ្សះផ្សាជាតិ សន្តិភាពផ្ទៃក្នុងអនុវត្តតាមរដ្ឋធម្មនុញ្ញឆ្ពោះទៅសហភាពសហព័ន្ធមួយ និងកែលម្អស្តង់ដាររស់នៅនៃពលរដ្ឋភាគច្រើន។ ជាពិសេសទៅទៀតនោះដើម្បីកាត់បន្ថយចំណាយថវិកាជាតិគឺកាត់បន្ថយក្រសួងពី ៣០ មកត្រឹម ១៥ ទេ»។
ការចាប់ផ្តើមប្រវត្តិសាស្ត្រថ្មីនេះធ្វើឲ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ាមានការរីករាយជាមួយនឹងមោទនភាពដែលពួកគេខំប្រឹងប្រែងតស៊ូដ៏ស្វិតស្វាញទាមទារសិទ្ធិសេរីភាពរបស់ពួកគេនឹងមានក្តីសង្ឃឹមថាប្រទេសជាតិរបស់គេនឹងមានលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍពិតប្រាកដ។
ចុះកម្ពុជាយើងវិញយ៉ាងម៉េចដែរក្នុងនាមអ្នកនៅក្បែរខាងគ្នា និងកាន់ព្រះពុទ្ធសាសនាដូចគ្នានោះ? តើមានគិតគូររឿងបញ្ហាផ្ទេរអំណាចឲ្យគ្នាហើយឬនៅប្រសិនបើជួបករណីដូចនៅប្រទេសមីយ៉ាន់ម៉ា?
បើតាមស្ថានភាពនយោបាយស្រុកខ្មែរដូចល្បែងឆ្មា និងកណ្តុរ (Tom & Jerry) សព្វថ្ងៃនេះគឺសង្ឃឹមតិចតួចណាស់ក្នុងការរៀបចំប្រទេសឡើងវិញដូចមីយ៉ាន់ម៉ា។
រឿងដែលអកុសលនៅត្រង់ថាឲ្យតែបើកភ្នែកឡើងឃើញតែកណ្តុរ និងឆ្មារកនឹកឌឺដងដាក់គ្នាតាមហ្វេសប៊ុក ឬតាមសារព័ត៌មានហើយនៅក្បែរគ្នាមិនបានពេលខ្លះចាត់ទុកគ្នាដូចជាសត្រូវសួរពូជអ៊ីចឹងទោះបីជាល្បែងកណ្តុរដុតឆ្មាហើយឆ្មាដាក់អន្ទាក់កណ្តុរមិនឲ្យចូលស្រុកទាល់តែនៅក្រៅ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ល្បែងឆ្មា និងកណ្តុរលេងគ្នាមិនអស់ចិត្តក៏ទៅលេងដល់ដៃគូកណ្តុរមួយមិនចង់នៅក្នុងស្រុកទៀតនិយាយជារួមគឺល្បែងនេះលេងជាក្រុមវិញម្តង។
ក្រុមឆ្មាមានបំណងចង់បំបែកក្រុមកណ្តុរពីលើដល់ក្រោមទាំងក្រុមយុវជនទៀតដោយលេងម៉ាឈ្នះដៃមានទាំងឆាកល្ខោនគ្រប់រឿងដូចជារឿងភាគបែកធ្លាយ សហាយស្មន់ ដោយរឿងសហាយស្មន់ទៅរឿងក្រុមនិស្សិតអត់ឈ្មោះសាកលវិទ្យាល័យ ដោយនិស្សិតទៅរឿងសភាដោយសភាទៅរឿងអង្គភាព ACU ដោយ ACU ទៅរឿងតុលាការដោយតុលាការទៅបើទោះបីជាភ្នែកមហាជនទូទៅដែលជាម្ចាស់ឆ្នោតមើលទៅមិនសមហេតុសមផលក៏ដោយហើយសូម្បីតែអ្នកគាំទ្រឆ្មាមួយចំនួនធំក៏មានការធុញទ្រាន់នឹងល្បែងដដែលៗនេះដែរ សូម្បីតែ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា៖ «ច្បាប់កម្ពុជាត្រូវបានគេយកមកប្រើជាឧបករណ៍នយោបាយមិនមែនតែជាឧបករណ៍ផ្លូវច្បាប់ដើម្បីផ្តល់យុត្តិធម៌នោះទេ» ហើយនៅស្រុកខ្មែរអ្វីៗសុទ្ធតែស្តង់ដារពីរ (Double Standard) តើនេះមកពីក្រុមឆ្មាស្ទាបស្ទង់ម្ចាស់ឆ្នោតមើលទៅ ២០១៨ ខាងមុខនេះពិបាកស៊ីក្រុមកណ្តុរផុយម្ល៉ោះហើយមានតែដុកដាន់ៗឲ្យប៉ើងបែកគ្នាជាពីរជាបីទៅក្រៅខ្លះនៅក្នុងខ្លះទៅស្រួលបោះឆ្នោត ២០១៨ អត់មានកណ្តុរចូលរួមឆ្មាសោយរាជ្យម្នាក់ឯងទៀត?
ចំណុចនេះត្រូវបានកណ្តុរឧស្សាហ៍ឌឺឲ្យឆ្មាថាកំសាកញីណាស់ដោយលេងល្បែងពីក្រោយខ្នងមិនហ៊ានលេងទល់មុខគ្នា។ តើឥឡូវឆ្មា និងកណ្តុរខាងណាដែលកំសាកញីជាងនោះ?
បើកណ្តុរខ្លាចគុកមិនហ៊ានទាំងចូលរន្ធវិញផងហើយបើខ្លាចគុកយ៉ាងហ្នឹងៗក៏តាំងខ្លួនឯងជាអ្នកដឹកនាំតាមលោក ណែលសុន ម៉ាន់ដឺឡា ដែលជាអតីតប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូងធ្លាប់ជាប់គុក ២៧ ឆ្នាំដែរតែការពិតកណ្តុរដឹកនាំតាមរបៀបលោក ឡេនីន អតីតប្រធានាធិបតីសហភាពសូវៀតដែលរត់ត្រែតត្រតចុះឡើងធ្វើការតស៊ូពីខាងក្រៅប្រទេសមកវិញ។
តាមពិតកណ្តុរជាអ្នកកំសាកបើគ្រាន់តែឆ្មាសម្លុតតែបន្តិចរត់ផាសក្រញាំចេញទៅក្រៅរន្ធបាត់ហើយធ្វើដូចជាកម្សត់ខ្លួនណាស់នឹកបងប្អូនជនរួមជាតិណាស់តែបានត្រឹមតែអួតក្អេងក្អាងនៅខាងក្រៅតើឲ្យម្ចាស់ឆ្នោតទៅពឹងពាក់ជឿជាក់ខ្លួន និងជួយខ្លួនឯងយ៉ាងម៉េចបើគ្រាន់តែឆ្មាសម្លុតបន្តិចកណ្តុរដាក់មេផាយទៅបាត់យ៉ាងហ្នឹង? តើគួរបោះឆ្នោតឲ្យមេដឹកនាំបក្សបែបមានការអីរត់ត្រេតម្តងទៅលិច ម្តងទៅកើត និងក្អេងក្អាងៗឲ្យគេជឿហ្នឹងដូចកណ្តុរអ៊ីចឹង? ហើយធ្វើជាអ្នកក្លាហានចង់បានពានរង្វាន់ណូបែលសន្តិភាពដូចគេយ៉ាងម៉េច បើម្តងលោតទៅលិចលោតទៅកើតដូចកញ្ចាញ់ចេកយ៉ាងហ្នឹងអ៊ីចឹង។ នេះជាមួយគ្នាឯងផងមានការអីដាក់មេប្រូចបាត់ប៉ុណ្ណឹងចុះបើមានការអីជាមួយប្រទេសជិតខាងទៀតបែបទៅបាត់ស្រមោលតែម្តង។
ឬមួយក៏បោះឆ្នោតឲ្យមេដឹកនាំបក្សដែលតស៊ូក្រាញននៀលនៅជាមួយគ្នាមិនខ្ចីទៅណាដោយធ្វើទៅតាមដំណើររឿងដូចលោក ម៉ាន់ដឺឡា ឬក៏លោកស្រី ស៊ូជី ធ្លាប់ជាប់គុក និងឃុំឃាំងគ្មានសិទ្ធិរាប់ឆ្នាំមិនខ្ចីទៅណារហូតដល់បានក្លាយជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពដូចគ្នា និងបានឈ្នះឆ្នោតកាន់អំណាចដូចគ្នាគ្រាន់តែលោកស្រី ស៊ូជី ច្បាប់រដ្ឋធម្មនុញ្ញចងមិនឲ្យធ្វើប្រធានាធិបតីប៉ុណ្ណោះតែអនាគតលោកស្រីសង្ឃឹមថានឹងកែប្រែរដ្ឋធម្មនុញ្ញចំណុចនេះបាន។
តែកណ្តុរនៅស្រុកខ្មែរវិញគឺខុសពីលោកទាំងពីរនាក់នេះស្រឡះគឺបានត្រឹមតែឆ្លេឆ្លាដូចមាន់រកពងដោយមិនមានភាពអំណត់ និងសេចក្តីក្លាហានឡើយចុះទៅខ្លាចអីទៀតអាយុ ៧០ ឆ្នាំស្អែកខានស្អែកទៅហើយហ្នឹង? តើសល់ពេលប៉ុន្មានឆ្នាំទៀតក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ?
បើកណ្តុរមិនមករួមរស់ជាមួយម្ចាស់ឆ្នោតឲ្យដឹងស-ខ្មៅវិញទេនោះគឺពាក្យឃោសនា «ប្តូរៗទៅៗ!» បានត្រឹមតែប្តូរខ្យល់ទេសម្រាប់បោះឆ្នោតឆ្នាំ ២០១៨ ខាងមុខព្រោះអស់ទំនុកចិត្តដោយមិនហ៊ានទាំងតទល់ជាមួយនឹងការសម្លុតផងនោះ។
ម្យ៉ាងវិញទៀតបញ្ហាស្ថានភាពនយោបាយសព្វថ្ងៃនេះគឺដោយសារតែអ្នកនយោបាយមិនមានការទុកចិត្តគ្នាគឺស្រមោលសងសឹកគ្នានៅជាប់ក្នុងចិត្តថាបើគេឡើងធំវិញចាំមើលគេនឹងលេងវិញម្តងហើយសូម្បីតែអ្នកជំនិតជិតខ្លួនក៏មិនទុកចិត្តគ្នាដែរនៅពេលដែលបានអំណាចហើយក្បត់មិនឲ្យអំណាចវិញ។
ឧទាហរណ៍ សពសម្តេចឪបានខិតខំស្វះស្វែងយកអំណាចពីសេនាប្រមុខ លន់ នល់ មកវិញតាមរយៈអំពាវនាវឲ្យកូនចៅចូលព្រៃម៉ាក់គីជាមួយខ្មែរក្រហមដើម្បីរំដោះជាតិដែលមាន ប៉ុល ពត ជាអ្នកនាំតែនៅពេលបានអំណាចពួកខ្មែរក្រហមមិនត្រឹមតែមិនឲ្យអំណាចមកសម្តេចឪទេគឺថែមទាំងចាប់សម្តេចឪឲ្យនៅក្នុងវាំងមិនឲ្យចេញទៅណាមកដូចក្នុងគុកអ៊ីចឹង។
ចំណែកខ្មែរក្រហមបានសងសឹកវិញធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់អស់ ២ លាននាក់ហើយបន្តបែកបាក់ហែកហួរគ្នារហូតដល់សព្វថ្ងៃនេះតាំងពីអ្នកដឹកនាំនយោបាយរហូតដល់ពលរដ្ឋសាមញ្ញក៏ចែកគ្នាជាពីរជាបីដែរឈ្លោះគ្នាក្នុងស្រុកមិនអស់ចិត្តទៅក្រៅស្រុកក៏នៅតែបង្កអរិភាពនឹងគ្នាទៀត។
កាលពីសប្តាហ៍មុននេះគ្រាន់តែឮថាមានវត្តមានលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅទស្សនកិច្ចនៅទីក្រុងឡូវែលនៃសហរដ្ឋអាមេរិក (ទីក្រុងដែលមានអាណិកជនខ្មែរនៅច្រើនជាងគេទី ២ ) ភ្លាមក្រុមប្រឹក្សានៅទីក្រុងនេះក៏បានបោះឆ្នោតសម្រេចមិនស្វាគមន៍លោក ម៉ាណែត ភ្លាមដែរបើទោះបីជាលោក ម៉ាណែត ធ្លាប់បានរៀននៅសហរដ្ឋអាមេរិកក៏ដោយ។
នេះបង្ហាញថា បើស្អប់ពីឪពុកហើយស្អប់ដល់កូនទៀតស្អប់ដល់ពូជតែម្តងតែមិនបានសិក្សាស្វែងរកដំណោះស្រាយរកសន្តិភាពនិយមនឹងគ្នានោះទេ។ ហ្នឹងចរិតខ្មែរមួយចំនួនធំដែលនៅតែមានគំនិតចងអាឃាតគ្នាធ្វើឲ្យជនបរទេសខ្លះគេចំអកឲ្យខ្មែរថាបើខ្មែរមាន ៤ គណបក្សមានអ្នកគាំទ្រដល់ ៥ បក្សឯណោះ។ ពាក្យសម្តីមើលងាយបែបនេះគឺមកពីខ្មែរមិនចេះសាមគ្គីគ្នាបើទោះបីជានៅក្រៅស្រុកក៏ដោយសូម្បីតែវត្តតែមួយក៏មានព្រះសង្ឃបែងចែកក្រុមគ្នាដែរ។
សរុបមកវិញអ្នកនយោបាយខ្មែរគួរណាស់តែឈប់លេងល្បែងតុក្កតាដុតគ្នាដូចឆ្មា និងកណ្តុរទៀតទៅ គួរតែគិតគូរពីរឿងស្រុកទេសឡើងវិញដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសប្បាយទាំងផ្លូវកាយ និងផ្លូវចិត្តដូចនៅប្រទេសមីយ៉ាន់ម៉ាក្បែរយើងជាឧទាហរណ៍ជាក់ស្តែង។
ហេតុអ្វីបានជារបបសឹកយោធាប្រទេស មីយ៉ាន់ម៉ា សាហាវឃោរឃៅផ្តាច់ការបែរជាមកចាប់ដៃគ្នាជាមួយបក្សឈ្នះឆ្នោតផ្ទេរអំណាចឲ្យយ៉ាងស្រួលលែងសងសឹកគ្នាធ្វើឲ្យពលរដ្ឋគេសប្បាយចិត្តទៅវិញ?
ហើយអ្នកនយោបាយខ្មែរធ្វើយ៉ាងណាបញ្ចៀសឲ្យបាននូវការសងសឹកគ្នា និងការកាប់សម្លាប់រង្គាល (R2P) ដូចកាលពីសម័យខ្មែរក្រហមទៀតដែលបញ្ហានេះពលរដ្ឋខ្មែរបានឆ្អែតឆ្អន់អស់ហើយដែលខ្លះស្ទើរពេញមួយជីវិតមិនដែលស្គាល់ថាអ្វីដែលសប្បាយនោះទេពោលគឺជួបតែសង្គ្រាម និងអត់អីទទួលទានស្ទើរគ្រប់ជំនាន់៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com