ទីបំផុតកណ្តុរបានសម្រេចយកក្បាច់គុនតាមលោក វ៉្លាឌីមៀរ ឡេនីន អតីតមេដឹកនាំសហភាពសូវៀតដែលជ្រើសរើសយកការរស់នៅក្រៅប្រទេសកៀរគរចរន្តតស៊ូមកដណើ្តមអំណាចក្នុងស្រុកវិញរហូតបានជោគជ័យឆ្នាំ ១៩២២។
កាលពីលើកមុនកណ្តុរឈ្លក់ទឹក ខំអួតប្រាប់គេថាទោះបីជាឆ្មាក្រឡុកយ៉ាងណាក៏មិនខ្ចីទៅប្រទេសណាដែរគឺដឹកនាំតាមលោក ណែលសុន ម៉ាន់ដឺឡា មេដឹកនាំអាហ្វ្រិកដែលហ៊ានជាប់គុក ២៧ ឆ្នាំ រហូតបានឡើងកាន់អំណាចនៅឆ្នាំ ១៩៩៤។
ងាកមកមើលរឿងនយោបាយនៅស្រុកខ្មែរវិញក្រឡិចក្រឡុចក្រឡាប់ចាក់ ដូចល្បែងតុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) ដែលតែងដាក់អន្ទាក់គ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយ។
កាលពីចុងសប្តាហ៍មុនមានរឿងមួយគួរឲ្យភ្ញាក់ផ្អើល ខណៈកណ្តុរលេងក្បាច់ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសីតាដោយប្រើវិធីលាលែងចេញពីតំណែងប្រធានបក្សដូចអ្វីដែលឆ្មាចង់បានតាំងពីយូរមកហើយដោយមានទាំងក្បាច់ប្តឹងផង ធ្វើវិសោធនកម្មច្បាប់ គណបក្សដើម្បីមិនឲ្យពិរុទ្ធជន ឬទណ្ឌិតធ្វើប្រធានបក្ស និងប៉ុនប៉ងរំលាយបក្សផង ព្រោះកណ្ដុរមិនខុសពីឆ្អឹងទទឹងកឆ្មាក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ ២០១៨ នោះទេ។ តើការប៉ុនប៉ងរំលាយបក្សយកស្ទីលតាមថៃអាចធ្វើឲ្យខ្មែរបានសុខដែរទេ?
ខណៈកណ្តុរលាលែងពីតំណែងទៅជាជនសាមញ្ញម្នាក់គឺភាគីឡើងកូដបានទៅលើដៃគូកណ្តុរដែលកំពុងរង់ចាំយ៉ាងអន្ទះសាទម្រាំដល់សមាជបក្សនៅមុនខែមេសាឆ្នាំ ២០១៨។
ភាគីទាំងពីរកំពុងបង្ហាញជំហរច្បាស់ដូចគ្នា អ៊ីចឹងដើម្បីដោះស្រាយនៃការរំលាយបក្សផង និងអ្នកគាំទ្ររបស់ពួកគេនៅតាមមូលដ្ឋានផង កណ្តុរក៏សម្រេចចិត្តយកស្ទីលតាម ឡេនីន ប្រសើរជាងនៅក្នុងស្រុកជាប់គុក ឬក៏មិនឲ្យចូលស្រុក។
ការសម្រេចចិត្តបែបនេះក៏ម្យ៉ាងដែរគឺដើម្បីដោះស្រាយស្ថានការណ៍នយោបាយដែលកំពុងតានតឹង។ ប៉ុន្តែទោះបីយ៉ាងណាទាំងឆ្មា ទាំងកណ្តុរនៅតែលេងដាក់អន្ទាក់ដាក់គ្នាទៀត ពេលកណ្តុរនៅក្រៅរន្ធ រីឯឆ្មានៅក្នុងរន្ធ។
កណ្តុរនៅក្រៅរន្ធអ៊ីចឹងចាប់ផ្តើមចាក់គូទឆ្មាពីខាងក្រៅបានដោយសេរី ហើយលេងតាមវីដេអូខុនហ្វឺរិនដោយបានប្តឹងទៅតុលាការសហរដ្ឋអាមេរិកឲ្យក្រុមហ៊ុន Chevron បង្ហាញវីដេអូឃ្លីបបាញ់លោក កែម ឡី នៅក្នុងម៉ាតនៃស្ថានីយចាក់ប្រេងកាល់តិចបូកគោកណ្ដាលរាជធានីភ្នំពេញខណៈតុលាការក៏កំពុងសើរើសំណុំរឿងហ្នឹងមកកាត់ក្ដីនោះ។
រីឯក្រុមឆ្មាក្នុងស្រុកឯណេះវិញក៏កំពុងដាក់សម្ពាធទៅក្រុមកណ្តុរវិញដែរដោយកាលពីព្រឹកម្សិលមិញសមាជិករដ្ឋសភាបានបញ្ជូនសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទៅកាន់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ត្រួតពិនិត្យទៅលើការរឹតបន្តឹងដោយមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិតធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយអាចឈានដល់ការរំលាយបក្សចោលទៀត។
ចំណុចក្នុងច្បាប់នេះក្រុមកណ្តុរហាក់បីដូចជាមិនខ្វល់ទេគឺខ្លួនដឹងតែរាវរកសំណុំរឿងចាស់ៗ ឬក៏ថ្មីៗដែលពាក់ព័ន្ធនឹងឆ្មាមកវាយបកវិញតាមរយៈតុលាការអន្តរជាតិ។ ការមានច្បាប់ក៏ល្អសម្រាប់កណ្តុរដែរគឺទុកឲ្យនៅអ៊ីចឹងទៅតែនៅពេលណាដែលក្រុមកណ្តុរឈ្នះឆ្នោតគឺយកមកកែឡើងវិញទៅវាចប់បាត់ទៅហើយដោយគ្រាន់ប្រើរូបមន្ដ ៥០ ភាគរយបូក ១ ដូចពេលធ្វើវិសោធនកម្មនាពេលនេះ។
រឿងអស់នេះទាំងឆ្មា ទាំងកណ្តុរគឺមានស្រកាចាក់ដូចគ្នាហើយក៏មានបទពិសោធជូរចត់នឹងគ្នាផងដែរ តែឆ្មាហាក់កំពុងយកប្រៀបលើកណ្តុរបានច្រើនជាង ហើយប្រសិនបើដូចការបោះឆ្នោតលើកមុនឈ្នះដាច់ឡើងដល់ ៩០ កៅអី អ៊ីចឹងធ្វើឲ្យឆ្មាមានមោទនភាពហើយអាចអញ្ជើញកណ្តុរមកប្រកួតទៀតតែសម្រាប់លើកនេះឆ្មាមើលក្រឡាស៊ីផុយដូចមុនទំនងជាធ្វើមិនបានទៀតទេ ហើយក៏មិនចង់ឃើញលទ្ធផលកណ្តុរឈ្នះមកដណ្តើមតំណែងពីខ្លួននាំឲ្យខ្មាសអ្នកបោះឆ្នោតដែរ។ អ៊ីចឹងក្នុងកាលៈទេសៈនេះមានតែរកក្បួនស្រដៀងនឹងអ្វីដែលធ្លាប់បានធ្វើមុនៗមកទេ ដូចជារូបភាពនៃការគំរាមកំហែង ការសម្លុត ការធ្វើវិសោធនកម្មច្បាប់រឹតបន្តឹង និងការប្រើប្រាស់ប្រព័ន្ធតុលាការទារលុយសំណងថ្លៃៗជាដើម ?
តាមពិតទៅសមាជិកអាស៊ានដូចជាមិនសូវជាជួយយឹតយោងគ្នាដោយជួយអន្តរាគមន៍ពីរឿងស្ថិរភាពនយោបាយក្នុងស្រុកនីមួយៗទេក្រោមលេសថាខុសធម្មនុញ្ញនៃសមាគមមួយនេះតែផ្ទុយទៅវិញមេដឹកនាំនៃសមាគមនេះហាក់កំពុងយកគំរូអាក្រក់ៗពីគ្នាទៅវិញទៅមក។
ទោះបីជាយ៉ាងណាចំណុចខ្សោយរបស់ឆ្មាពេលនេះគឺយករបៀបវាយប្រហារដៃគូប្រកួតពីរឿងអាស្រូវផ្លូវភេទដែលកណ្តុរធ្លាប់លេងតាំងពីអាណត្តិទី ២ ទី ៣ និងទី ៤ តែឥឡូវឈប់លេងហើយ ដោយទំនងជាយល់ថាហួសសម័យ។ ក្នុងល្បែងនយោបាយបើកាលណាលេងតាមគូប្រកួតគឺត្រូវបានគេវាយតម្លៃថាអន់ព្រោះគ្មានគំនិតថ្មីៗក្នុងការលេង។
កត្តាសំខាន់គឺកណ្តុរយល់ឃើញថាបើបក្សគេឈ្នះឆ្នោតគឺគេអាចរកផ្លូវមកដឹកនាំប្រទេសវិញបានគ្រប់ពេលប្រៀបដូចលោក ឡេនីន អ៊ីចឹងដែរគឺធ្វើវិសោធនកម្មច្បាប់ភ្លែត តែបើទៅមិនរួចគេអាចនៅពីក្រោយថ្នាក់ដឹកនាំដោយចាំបញ្ជាពីក្រោយក៏បាន។ ប៉ុន្តែកត្ដាសំខាន់គឺក្រុមកណ្តុរខ្លួនឯងកុំឲ្យឆ្មាមកបំបែកបានដូចបក្សផ្សេងដែលរលាយដោយសារការបំបែក ឬមួយក៏ក្បត់គ្នារវាងក្រុមកណ្តុរគ្នាឯងដោយស្រឡាញ់អំណាច និងលក់ខ្លួន។
បើចង់ធ្វើដៃគូឲ្យុកាន់តែច្បាស់ទៀតនោះគឺការធ្វើនយោបាយមិនខុសគ្នាពីការធ្វើអាជីវកម្មរួមគ្នាទេ សំខាន់គឺច្បាស់រៀងៗខ្លួន។ ឧទាហរណ៍ករណីរួមបញ្ចូលគ្នាធ្វើឲ្យជោគជ័យដូចករណីក្រុមហ៊ុនរថយន្ត Renault និង ក្រុមហ៊ុនរថយន្ត Nissan ដែលរួមគ្នាបង្កើតចេញម៉ូដមួយថ្មីទំនើបល្បី គឺ Renault Nissan Alliance។
សរុបមកវិញពលរដ្ឋខ្មែរអាចខាតអាយុរំពឹងទុកដោយសារតែល្បែងឆ្មា និងកណ្តុរដែលលេងគ្មានស្តង់ដារលទ្ធិប្រជាធិបតេយ្យ និងការប្រកួតប្រជែងមិនស្មោះត្រង់ម្តងត្រូវគ្នា ម្តងបែកគ្នាដោយលេងយកតែឈ្នះដៃ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com