ភ្នំពេញ : មានចម្រៀងពេញនិយមរបស់ខ្មែរមួយបទ បានច្រៀងថា «ទៅហើយមកវិញៗ...»។ ប៉ុន្តែបើតាមការស្រាវជ្រាវ និងអង្កេតរបស់ខ្ញុំ មាននិស្សិតខ្មែររាប់សិបនាក់បានគេច និងលាក់ខ្លួនសម្ងំនៅបរទេសខុសច្បាប់ «មិនត្រឡប់មកស្រុកខ្មែរវិញ» ក្រោយបញ្ចប់អាហារូបករណ៍ ដែលផ្តល់ជូនដោយប្រទេសផ្តល់ជំនួយតាមរយៈរាជរដ្ឋាភិបាលកម្ពុជាដូចបទចម្រៀងឡើយ។ នេះជាក្តីបារម្ភចំពោះបញ្ហាធនធានមនុស្សនៅកម្ពុជា។
ពិតណាស់ កម្ពុជាត្រូវការទាំងធនធានមនុស្ស និងទាំងមនុស្សមានធនធានសម្រាប់អភិវឌ្ឍប្រទេសជាតិ ហេតុដូច្នេះហើយ ទើបពីមួយឆ្នាំទៅមួយឆ្នាំ មានអាហារូបករណ៍សម្រាប់និស្សិតទៅសិក្សានៅបរទេសមានជាបន្តបន្ទាប់។ ក្នុងទសវត្សរ៍ឆ្នាំ៨០ និង ៩០ និស្សិតអាហារូបករណ៍ភាគច្រើនបំផុតគឺកូនមន្ត្រីជាន់ខ្ពស់ កម្មាភិបាល បក្ខជន និងកូនអ្នកមាន ហើយពួកគេស្ទើរតែ ១០០ ភាគរយបានវិលត្រឡប់មកជួយប្រទេសជាតិវិញ បន្ទាប់ពីបញ្ចប់ការសិក្សា។ បច្ចុប្បន្ន ឱកាសត្រូវបានផ្តល់ជូនស្មើគ្នារវាងកូនអ្នកមាន និងអ្នកក្រីក្រ ឲ្យតែចេះគឺជាប់ហើយ។ ប៉ុន្តែមួយចំនួនមិនមកវិញតែម្តង និងមួយចំនួនទៀតវិលត្រឡប់មកវិញ តែមិនបានមកបង្ហាញខ្លួន។
យោងតាមទិន្នន័យរបស់ការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថា នៅឆ្នាំ២០១០ កន្លងមក មាននិស្សិត និងមន្រ្តីរាជការដែលទទួលអាហារូបករណ៍តាមរយៈក្រសួងនេះ ចំនួន ៤៨៤ នាក់ បានមកបង្ហាញខ្លួន នៅស្ថាប័នរបស់លោកចំនួន ១០១ នាក់តែប៉ុណ្ណោះ។
លោក កែវ សាកល នាយកទទួលបន្ទុកអាហារូបករណ៍ និងកម្មសិក្សានៃក្រសួងអប់រំបានគូសបញ្ជាក់ថា៖ «ពួកគេ (និស្សិត ឬមន្ត្រីរាជការដែលបានសិក្សានៅបរទេស) កាលពីគេរៀបចំឯកសារ ចេញទៅរៀននៅបរទេស គេត្រូវការយើង តែពេលពួកគេបានទទួលសញ្ញាបត្រ ខ្លះបានមកបង្ហាញខ្លួន ខ្លះមិនបានមកបង្ហាញទេ»។
នេះជាមូលហេតុ ធ្វើឲ្យក្រសួងអប់រំ មិនមានទិន្នន័យគ្រប់គ្រាន់ក្នុងការបញ្ជាក់ឲ្យដឹងថា តើនិស្សិតកម្ពុជាដែលបានបណ្តុះបណ្តាលនៅបរទេសត្រឡប់មកវិញជួយ សង្គមប៉ុន្មាននាក់ និងមិនបាត់ខ្លួនប៉ុន្មាននាក់? លោកបានបន្តទៀតថា៖ «ប្រទេសដែលផ្តល់អាហារូបករណ៍មួយចំនួនមានការខកចិត្ត និងសោកស្តាយចំពោះថវិកាដែលពួកគេផ្តល់ដល់និស្សិត និងមន្ត្រីមួយចំនួន បន្ទាប់ពីបញ្ចប់ការសិក្សា ហើយមិនត្រឡប់មកកសាងប្រទេសរបស់ខ្លួនវិញ»។
តាមការសង្កេត និងអ្វីដែលខ្ញុំបានជួបប្រទះគឺ ខ្លះទៀតមិនបានទៅរៀនផង គ្រាន់តែទៅចូលរួមសនិ្នសីទ ឬធ្វើកម្មសិក្សាក៏ឈ្លៀតលួចរត់ទៅនៅស្រុកគេទាំងខុសច្បាប់ ដែរ។ តើជីវិតថ្មីនៅបរទេសមានន័យយ៉ាងដូចម្តេច? តើមានអ្វីប្លែកពីប្រទេសកម្ពុជា? ខ្ញុំគិតថា នៅតែមានចំណុច ២ ដែលត្រូវពិចារណារវាងរាជរដ្ឋាភិបាល និងអតីតនិស្សិតអាហារូបករណ៍ចំពោះបញ្ហាមិនបានត្រឡប់ចូលស្រុកវិញនេះគឺ៖
ទី១-ក្នុងផ្នត់គំនិតរបស់និស្សិតទាំងនោះ គឺមានទុទិ្ទដ្ឋិនិយមចំពោះជាតិ ចំពោះរាជរដ្ឋាភិបាលដោយស្អិតជាប់នឹងទស្សនៈអវិជ្ជមានថា៖ «ការត្រឡប់ទៅវិញហ្នឹង...មិនដឹងជាធ្វើអ្វី ហើយខ្លាចប្រាក់ខែចាយមិនគ្រាន់ ឯនៅស្រុកគេវិញណា៎ ...មានច្បាប់ទម្លាប់ត្រឹមត្រូវ ជាពិសេសមកទីនេះ (ប្រទេស)គឺដើម្បីសាងជីវិតថ្មី»។ តែអ្នកខ្លះទៀតរៀនមិនទាន់គេ(មិនបានសញ្ញាបត្រអ្វីទាំងអស់) ក៏មានគំនិតនៅទីនោះតែម្តងទៅដើម្បីកុំឲ្យខ្មាសគេពេលត្រឡប់ មកស្រុកវិញ។ បើទោះបីជានៅទីស្រុកទាំងនោះនៅមានការរើសអើងក្នុងការផ្តល់ការងារទៅតាមសញ្ញាបត្រក៏ដោយក៏ចេះតែទ្រាំទៅ។
ទី២- មូលហេតុដែលធ្វើឲ្យនិស្សិតមួយចំនួនមានទស្សនៈយ៉ាងដូច្នោះ ក៏មកពីរាជរដ្ឋាភិបាលនៅខ្វះឆន្ទៈ ក្នុងការរៀបចំឲ្យបានត្រឹមត្រូវចំពោះនិស្សិតអាហារូបករណ៍ដែល ត្រឡប់មកវិញទាំងនោះក្នុងការផ្តល់តួនាទី ការងារស័ក្ដិសមទៅនឹងសមត្ថភាពរបស់ពួកគាត់។
ខ្ញុំយល់ឃើញថា វាជាការសំខាន់ណាស់ រាជរដ្ឋាភិបាលគួរតែរៀបចំរចនាសម្ព័ន្ធ និងការគ្រប់គ្រងទិន្នន័យ ចំពោះអាហារូបករណ៍ទូទាំងប្រទេស ដើម្បីការរៀបចំផែនការយុទ្ធសាស្រ្តឲ្យកាន់តែច្បាស់លាស់ ចំពោះការអភិវឌ្ឍធនធានមនុស្សគ្រប់វិស័យ។ រាជរដ្ឋាភិបាលគួរតែគិតគូរពីសមត្ថភាពរបស់ពួកគេ ឲ្យស័ក្តិសមទៅនឹងតួនាទី ហើយអ្នកដែលបានទទួលអាហារូបករណ៍ត្រូវតែច្បាស់ខ្លួនឯងថា ទៅរៀនយកចំណេះដើម្បីមកកសាងជាតិវិញ (ជាតិត្រូវការអ្នក) ដើម្បីផ្តល់ឱកាសឲ្យអ្នកជំនាន់ក្រោយបានបន្តការសិក្សាផងដែរ។ ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងយកបញ្ហានេះ មកពិភាក្សានាពេលសនិ្នបាតបូកសរុបប្រចាំឆ្នាំនៅសប្តាហ៍នេះ៕
ចូលរួមផ្តល់យោបល់លើអត្ថបទនេះតាមរយៈ soprach.tong@phnompenhpost.com