
ជាទូទៅសម្រាប់ពលរដ្ឋសាមញ្ញមិនបានបែងចែកចំពោះអ្នកព្យាបាលអ្នក ជំងឺ ដោយចែកកម្រិតថ្នាក់របស់ពួកគាត់ថា តើអ្នកណាមួយជាវេជ្ជបណ្ឌិត គ្រូពេទ្យឆ្មប គ្រូពេទ្យមធ្យម ឬក៏គ្រូពេទ្យបឋមទេ។
តើសព្វថ្ងៃ ដំណើរការអប់រំ និងការអនុវត្តលើវិស័យនេះយ៉ាងដូចម្តេចដែរ?
បច្ចុប្បន្ននេះ ខ្ញុំសង្កេតឃើញថា មានការប្រសើរឡើងបន្តិចម្តងៗលើវិស័យសុខាភិ-បាល ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារបច្ចេកទេស តែការផ្តល់សេវាសុខភាពសារធារណៈរបស់រដ្ឋវិញមិនទាន់រីកចម្រើន គួរឲ្យកត់ស្គាល់នៅឡើយទេ។ ទាំងនេះ មកពីគុណភាពរបស់អ្នកផ្ដល់សេវាសុខាភិបាលនៅមានកម្រិតនៅឡើយ ដូចកាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានក្រើនរំឭកដល់គ្រូពេទ្យឲ្យមានក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ក្នុងការជួយជនក្រីក្រ និងគ្លីនិកឯកជនផងដែរ។ តែការអំពាវនាវរបស់លោកហ៊ុន សែននេះ ផ្ទុយទៅនឹងការសម្រចរបស់រាជរដ្ឋាភិបាល កាលពីចុងឆ្នាំ២០០៨ ដោយឲ្យនិស្សិតកំពុងសិក្សានៅថ្នាក់ត្រៀមដើម្បីប្រឡងចូលរៀន ឆ្នាំទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយឲ្យនិស្សិតបាតុកម្មដោយសារបានប្រឡងធ្លាក់ទាំងអស់នោះឲ្យជាប់ ទាំងអស់ទៅវិញ។
ខ្ញុំយល់ឃើញថា ការសម្រចយកគោលការណ៍នេះ គឺរឹតតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរនាពេលអនាគតដ៏ខ្លីខាងមុខនេះ ចំពោះគុណភាពនៃការផ្តល់សេវាសុខាភិបាល ឧបសគ្គទី-១ ថាតើការព្យាបាលឲ្យថ្នាំ ឬក៏វះកាត់អ្នកជំងឺយ៉ាងដូចម្តេច ប្រសិនបើប្រឡងចូលរៀនមុខវិជ្ជានេះមិនទាំងជាប់ផង ចុះទម្រាំសិក្សា និងការធ្វើការទៀតទៅជាយ៉ាងណា? ឬមួយក៏រៀនម៉ាជាប់ៗដោយការសូកលុយគ្រូៗតាមមុខវិជ្ជា ដើម្បីបានសញ្ញាបត្រសុខាភិបាល ដើម្បីបើកគ្លីនិកឯកជន? ឬក៏រៀនសាលាពេទ្យដើម្បីងាយស្រួលចូលដណ្តឹងកូនក្រមុំគេ ឬក៏ក្នុងបំណងឲ្យអ្នកមានលើកកូនក្រមុំឲ្យដូច កាលពីឆ្នាំ៨០ និងឆ្នាំ៩០?
ចំណែកឯឪពុកម្តាយ ក៏ដូចជានិស្សិតខ្លួនឯងផ្ទាល់ គួរតែពិចារណាឡើងវិញ គិតថា កូនរបស់ខ្លួន។ សម្រាប់មុខវិជ្ជាជីវៈនេះ មិនឲ្យតែមានលុយបង់សាលា គឺរៀនបាននោះទេ ដើម្បីបង្ហាញគេថា កូនរៀនសាលាពេទ្យនោះ ដែលគេឲ្យតម្លៃខ្ពស់នៅក្នុងសង្គម? ចំណេះដឹងវិជ្ជាជីវៈនេះ គឺវាអាចប៉ះពាល់យ៉ាងខ្លាំងចំពោះការសិក្សារបស់និស្សិតដែលរៀន ខ្សោយផង និងអាចគ្រោះថ្នាក់ដល់អ្នកជំងឺក្នុងការអនុវត្តជាក់ស្តែងផង។
ឧបសគ្គទី-២ ដោយសារប្រាក់ខែទាបពេកសម្រាប់បុគ្គលិកសុខាភិបាលដែលមានបទពិសោធមួយចំនួន គឺសុំលាលែងឈប់ធ្វើការរដ្ឋ ទៅបើកគ្លីនិកខ្លួនឯង ខ្លះទៀតទៅធ្វើឲ្យបណ្តាអង្គការ ក្រុមហ៊ុននានា និងធ្វើជាអ្នកពិគ្រោះយោបល់ឯករាជ្យទៅវិញ ឬក៏ខ្លះទៅរស់នៅបណ្តាប្រទេសជឿនលឿន។ ទោះបីជាមាននិស្សិតរាប់រយនាក់ដែលបានបញ្ចប់ការសិក្សាពីសាលា ពេទ្យនានាជារៀងរាល់ឆ្នាំក៏ដោយក៏មិនទាន់គ្រប់គ្រាន់ ដើម្បីបម្រើសេវាសុខាភិបាលទៅតាមការកើនឡើងនូវចំនួនប្រជាជនកម្ពុជាទាំងអស់ដូចដែល ក្រសួងសុខាភិបាលតម្រូវការនោះឡើយ បើទោះបីជាមិនទាន់មានទិន្នន័យថ្នាក់ជាតិជាក់លាក់ណាមួយថា តើវេជ្ជបណ្ឌិតម្នាក់គ្របដណ្តប់ក្នុងការព្យាបាលទៅប្រជាពលរដ្ឋ ប៉ុន្មាន? ប៉ុន្តែទិន្នន័យឆ្នាំ២០១១ នៅស្រុកប្រតិបត្តិសុខាភិបាលអង្គរជុំនៃខេត្តសៀមរាប គឺអត្រាវេជ្ជបណ្ឌិតម្នាក់គ្របដណ្តប់ការព្យាបាលប្រជាពលរដ្ឋ ចំនួន ៥៤ ០០០នាក់។
តែគួរឲ្យស្តាយមានអនុក្រឹត្យមួយរបស់រាជរដ្ឋាភិបាលស្តីពីការបណ្តុះ បណ្តាលវិស័យសុខាភិបាល ដែលបានអនុម័ត កាលពីខែមីនាឆ្នំា២០០៧ មិនបានជួយដល់និស្សិតដែលបានរៀនចប់បរិញ្ញាបត្រមុខវិជ្ជាផ្សេង ៗក្រៅពីបរិញ្ញាបត្រសុខាភិបាលឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់(Master Degree) ផ្នែកសុខាភាពសាធារណៈទេ។ ដូចដែលចែងក្នុងច្បាប់នេះថា៖ «មាត្រាទី២.១ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសារធារណៈ ត្រូវសិក្សាបន្ថែមពីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តសាស្រ្ត បរិញ្ញាបត្រជំនួយវេជ្ជសាស្រ្តដទៃទៀតយ៉ាងតិចរយៈពេល២ឆ្នាំមានចំនួន ក្រេឌីតសរុបយ៉ាងតិច ៥៤ ក្រេឌីត»។
តាមទស្សនៈរបស់ខ្ញុំ មាត្រា នៃច្បាប់នេះ គឺមានការរើសអើងចំពោះនិស្សិតដែលមិនបានរៀនវិជ្ជាជីវៈសុខា ភិបាល។ ដោយសារច្បាប់នេះ និស្សិតដែលមិនមានបរិញ្ញាបត្រផ្នែកសុខាភិបាល គឺមិនអាចចុះឈ្មោះចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាព សារណៈបានទេ ហើយសព្វថ្ងៃច្បាប់នេះ បាននិងកំពុងអនុវត្តនៅតាមសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលនានា។ ហេតុអ្វីបានជាមិនអាចរៀនបាន? ខ្ញុំគិតថា អនុក្រឹត្យនេះ គឺជារបាំងមួយចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលផងដែរ ក្នុងការជួយខាងផ្នែកអប់រំ លើកកម្ពស់សុខភាពសាធារណៈ ក៏ដូចជាការការពារជំងឺឆ្លងផ្សេងៗ និងស្រាវជ្រាវ ដែលមិនមែនការព្យាបាលអ្នកជំងឺ។ ហេតុដូច្នេះហើយ ខ្ញុំមានអារម្មណ៍ថា រាជរដ្ឋាភិបាលគួរតែពិចារណាឡើងវិញ ក្នុងការកែប្រែច្បាប់នេះ ដើម្បីអនុញ្ញាតឲ្យនិស្សិតដែលមិនមានបរិញ្ញាបត្រសុខាភិបាលឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សុខភាពសារធាណៈដើម្បីអភិវឌ្ឍវិស័យសុខាភិបាលផង។ ចំណែកឯការជ្រើសរើសនិស្សិតចូលរៀនមុខវិជ្ជាជីវៈសុខាភិបាលទាំង រដ្ឋ និងឯកជនគឺត្រូវមានលក្ខណៈសម្បត្តិការសិក្សាពិន្ទុខ្ពស់ជាងគេបំផុតដូចនៅបណ្ដាប្រទេសជឿនលឿននានាក្នុងលោក៕
សូមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com