ខណៈ​ពេល​ដែល​រាជ​រដ្ឋាភិបាល និង​សហគ្រាស​នានា​រួស​រាន់​បិទទ្វារ​ឬ​កាត់​បន្ថយ​សកម្មភាព​រប​ស់​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រាត​ត្បាត​ជា​សកល និង​សម្រួច​ធនធាន​ដែល​មាន​លើសេ​វា​បន្ទាន់ និង​ចាំ​បាច់ សកម្មភាព​បោស​សម្អាត​មីន​ដែល​ជា​ការងារ​ដ៏​សំខាន់​នៅ​តែ​បន្ត​សកម្មភាព​ដដែល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

កម្ពុជា នៅ​តែ​ជា​ប្រទេស​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​គ្រាប់មីន​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​ពិភព​លោក ជា​មួយ​នឹង​ការ​ប៉ាន់​ប្រមាណ​ថា នៅ​មាន​គ្រាប់​មីន​ដែល​នៅ​សេសសល់​ប្រមាណ​ពី ៤ ទៅ ៦ លាន​គ្រាប់ ដែល​កំពុង​បន្ត​គំរាម​កំហែង​ដល់​ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ។

ទាំង​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ ១៩ ទាំង​ការ​ដោះ​មីន​ សុទ្ធ​តែ​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត។ ជាមួយ​នឹង​ការ​ចាត់​វិធានការ​ទាន់​ពេល​វេលា​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ដោយសារ​តែ​កម្រិត​ចម្លង​ទាបក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កន្លង​មក កម្ពុជា​បាន​គេច​ផុត​ពីការ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ និង​មាន​អត្រា​ស្លាប់​សូន្យ គិត​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ស្ថានភាព​ស្លាប់ និង​រង​របួស​ដោយសារ​គ្រាប់​មីន​មិន​ដូច្នេះ​ឡើយ។ ចាប់​តាំង​ពី​ពេល​ដែល​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ប្រកាស​ថា ជា​ការ​រាតត្បាត​ជាសកល​ក្នុង​ខែ​មីនា ឆ្នាំ ២០២០ មក​ក្នុង​ព្រះ​​រាជាណាចក្រ​កម្ពុជា មាន​ករណី​របួស និង​ស្លាប់​ដោយសារ​គ្រាប់​មីន និង​​សំណល់​ជាតិ​ផ្ទុះសល់​ពី​សង្គ្រាម​ចំនួន ៣៩ នាក់។

ខណៈពេល​ដែល​យើង​ធ្វើ​ការ​ពិចារណា​ពី​ការងារ​ជា​អាទិភាព​សំខាន់ៗ​ ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជា​សកលមាន​ហេតុផល​ជាច្រើន ដែល​យើង​ពុំ​អាច​កាត់​បន្ថយ​ការងារ​មនុស្សធម៌​ដ៏មាន​សារៈសំខាន់ ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​នេះ​ឡើយ។ ក្រៅ​តែ​ពី​លទ្ធភាព​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដោយ​ផ្ទាល់ សកម្មភាព​បោស​សម្អាត​មីន​ក៏​សំខាន់​សម្រាប់​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា​ផង​ដែរ។ វិស័យ​កសិកម្ម គឺ​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​មួយ​ចំនួន​ដែល​នៅ​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ បើទោះបី​ជា​មាន​ការ​រាតត្បាត​ជា​សកល​ក្ដី។

បើ​តាម​ប្រសាសន៍​របស់​ឯកឧត្តម វេង សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ ការ​នាំ​ចេញ​អង្ករ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​នេះ ពោល​គឺ​កើន​ឡើង​រហូត​ដល់​ ៣៨% ក្នុង​រយៈពេល ៧ ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩។ នេះ​រំលេច​ឱ្យ​ឃើញ​ពី​ភាព​ចាំបាច់​បន្ទាន់​ក្នុង​ការ​បោស​សម្អាត​មីន និង​ផ្ដល់​ដីមាន​សុវត្ថិភាព ជូន​សហគមន៍​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​បង្ក​បង្កើន​ផល។ ការ​បង្កើត​ឱកាស​ប្រកប​មុខ​របរចិញ្ចឹម​ជីវិត​មាន​សារៈសំខាន់​ជា​ពិសេស​ ខណៈ​ពលករ​ចំណាក​ស្រុក​សម្រុក​វិល​ត្រឡប់​មក​កម្ពុជា​ពី​ព្រះ​រាជាណាចក្រ​ថៃឡង់​វិញ​ ដោយសារ​តែ​ជំងឺ​កូវីដ​១៩។ ការ​អង្កេត​មួយ ​ដែល​ធ្វើ​​ឡើង​លើ​ពលករ​ចំណាក​ស្រុក​ចំនួន​ ៣២០ នាក់ ក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គ្រាប់​មីន​បាន​រក​ឃើញ​ថា ពួកគេ​ជាង​ពាក់​កណ្ដាល​ នៅ​មិន​ទាន់​រក​ការងារ​បាន​ធ្វើ​នៅ​ឡើយ។

ដោយ​សារ​តែ​ពេល​វេលា​ទៅមុ​ខ​ មិន​មាន​ភាព​ប្រាកដ​ប្រជា​ ពោល​គឺ​មិន​ដឹង​ថា​ តើពួក​គេ​នឹង​បន្ត​ស្នា​ក់​-​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​យូរ​ប៉ុន​ណា​នោះ ​មាន​ភាព​ចាំបាច់​បន្ទាន់​មួយ​ ក្នុង​ការ​ធានា​យ៉ាង​ណា​ឱ្យ​ពួក​គេ​មាន​ដី​ដែល​គ្មាន​គ្រាប់​មីន សម្រាប់​បង្កបង្កើន​ផល។ ចាប់​តាំង​ពី​ពេល​ដែល​ការ​រាតត្បាត​ជា​សកល​ចាប់​ផ្ដើម​កើតឡើង ប្រតិបត្តិករ​ដោះ​មីន​នៅ​កម្ពុជា ​បាន​បន្ត​ធ្វើ​ការងារ​ពេញ​សមត្ថភាព​ដើម្បី​សម្រេច​លទ្ធផល​ទាំង​នេះ។ ពួក​គេបាន​អនុវត្តវិធាន​ការ​ថ្មីៗ ដើម្បី​គោរព​តាម​គោលការណ៍​ណែនាំ​ស្ដី​ពី​សុខភាព និង​អនាម័យ​ដែល​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភព​លោក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ផ្លាស់​ប្តូរ​របៀប​របប​ធ្វើការ​បែប​នេះ មិនមែន គ្មាន​បញ្ហា​ប្រឈម​នោះ​​ឡើយ។ គេ​ចាំបាច់​ត្រូវ​ទិញ​បរិក្ខា​រ​សម្រាប់​ថែទាំ​សុខភាព និង​បរិក្ខារ​អនាម័យ​មួយ​ចំនួន ហើយ​ការ​ចុះ​បណ្ដុះ​បណ្ដាល​នៅ​ទីវាល​ និង​ការ​រៀប​ចំ​កិច្ច​ប្រជុំ មាន​ការ​ពិបាក និង​ត្រូវ​រៀបចំ​ដោយ​មាន​ការ​គោរព​តាម​គោលការណ៍​ណែនាំ​ស្ដី​ពី​ការ​រក្សា​គម្លាត​សុវត្ថិភាព ហើយ​ការ​ធ្វើ​ដំណើរ​ពី​ចម្ការមីន ១ ទៅ​ចម្ការ​មីន​ ១ទៀត កាន់តែ​មាន​ការ​លំបាក​ជាង​មុន​។

ការ​គាំទ្រ​ឱ្យ​ប្រតិ​បត្តិករ​ដោះមីន​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ដែល​ចាំបាច់​ទាំង​នេះ ​និង​ដើម្បី​ឱ្យពួក​គេ​បន្ត​ការងារ​សង្គ្រោះ​ជីវិត​នេះ​ គឺ​មាន​សារៈ​សំខាន់​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នៃ​គម្រោង​បោស​សម្អាត​មីន​ដើម្បី​លទ្ធផល​ក្រោម​ការ​គាំ​ទ្រ​ពី​អាជ្ញាធរ​មីន​ម្ពុជា កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​នៅ​កម្ពុជា​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី​ ទីភ្នាក់ងារ​កូរ៉េ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ប្រទេស នូវែលសេឡង់។

នេះ​គឺជា​ការ​រាត​ត្បាត​ជា​សក​ល​លើក​ទី​ ១ ហើយ​ដែល​គម្រោង​នេះ​ជួប​ប្រទះ​ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០០៦ មក។ ខណៈ​ពេល​ដែល​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន នាំមក​នូវ​បញ្ហា​ប្រឈម​ថ្មីៗ វា​ក៏នាំ​មក​នូវ​ឱកាស​ដ៏សំខាន់​សម្រាប់​សកម្មភាព​បោស​សម្អាតមីន ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ទូទាំង​ប្រទេស និង​កសាង​ភាព​ធន់ ដើម្បី​ឱ្យ​កម្ពុជា​អាច​បោះ​ជំហាន​ទៅ​មុខ លើស​ពី​ការស្ដារ​ឡើង​វិញ​ផងដែរ៕

អត្ថបទ​ដោយ Nick Beresford តំណាង​និវាសនដ្ឋាន​នៃ UNDP ប្រចាំ​នៅ​កម្ពុជា