ស្ថានភាពប្រជាសាស្ត្ររបស់ប្រទេសកម្ពុជាកំពុងមានការផ្លាស់ប្តូរក្នុងពេលថ្មីៗនេះ។ តាមរយៈរបាយការណ៍ស្ថិតិរបស់រដ្ឋាភិបាលចំនួនមនុស្សវ័យចំណាស់ កំពុងមានការកើនឡើង។ នៅឆ្នាំ ១៩៨៨ ចំនួនមនុស្សវ័យចំណាស់មានចំនួនទាប បើប្រៀបធៀបនឹងវ័យផ្សេងទៀត (៥,១% ឬ ៦ ម៉ឺននាក់)។
ក៏ប៉ុន្តែចំនួននេះនឹងកើនឡើងនៅក្នុងឆ្នាំខាងមុខនេះ។ ការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិមួយបានបង្ហាញពីការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ពី ១,១ លាននាក់ក្នុងឆ្នាំ ២០១៥ ដល់ប្រមាណ ២ លាននាក់នៅឆ្នាំ ២០៣០។ ក្រសួងសុខាភិបាលក៏បានអះអាងដែរថានៅឆ្នាំ ២០៥០ ប្រជាជនម្នាក់ក្នុងចំណោម ៥ នាក់នៃប្រជាជនកម្ពុជា (២១ ភាគរយ) នឹងមានអាយុលើស ៦០ ឆ្នាំ។
ខណៈពេលការផ្លាស់ប្តូរនេះនឹងចោទជាបញ្ហាប្រឈមចំពោះប្រទេសកម្ពុជា វាក៏ជាឱកាសថ្មីមួយសម្រាប់ទីផ្សារដែលផ្តោតលើមនុស្សវ័យចាស់ដែលនឹងលេចរូបរាងផងដែរ។ មកដល់ត្រឹមពេលបច្ចុប្បន្ននេះ អ្នកវិនិយោគបានផ្តោតជាចម្បងលើវិស័យវិនិយោគបែបទូទៅពោលគឺវិស័យសំណង់ អចលនទ្រព្យ វាយនភណ្ឌ វារីអគ្គិសនី និងការអប់រំជាដើម។
មានមនុស្សចំនួនតិចបានយកចិត្តទុកដាក់លើទីផ្សារដែលផ្តោតលើមនុស្សវ័យចាស់ ហើយការណ៍នេះមានភាពផ្ទុយស្រឡះទៅនឹងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃសហគ្រាសធុនតូច និងមធ្យមដែលឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សវ័យក្មេង និងកណ្ដាល។
រហូតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនឯកជនតិចតួចណាស់ដែលផ្តោតលើការបម្រើមនុស្សវ័យចាស់។ ទោះយ៉ាងណាក៏ដោយយើងមានការជឿជាក់ថា អាជីវកម្មដែលបម្រើតម្រូវការមនុស្សវ័យចាស់ ទំនងជាទទួលបានប្រាក់ចំណេញ និងមាននិរន្តរភាព ដោយសារតែតម្រូវការផលិតផល និងសេវាកម្មសម្រាប់មនុស្សវ័យចំណាស់មានកម្រិតខ្ពស់រួចទៅហើយបើទោះបីជាមិនសូវមានក្រុមហ៊ុនណាវិនិយោគដើម្បីឆ្លើយតបនឹងតម្រូវការដែលមានការកើនឡើងជាលំដាប់នេះក៏ដោយ។
ហេតុអ្វីបានជាតម្រូវការក្នុងវិស័យនេះមានកម្រិតខ្ពស់ដូច្នេះ? កត្តាជំរុញសំខាន់ៗគឺស្ថិតនៅក្នុងការផ្លាស់ប្តូរទីផ្សារការងារ (labor changes) របស់ប្រទេសកម្ពុជា និងកម្រិតជីវភាពខ្ពស់ដែលនាំឱ្យប្រជាជនមានយុគភាពអំណាចទិញ (purchasing power parity) កាន់តែខ្ពស់ ជាពិសេសសម្រាប់ប្រជាជនវណ្ណៈកណ្តាលដែលកំពុងកើនឡើង។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានអត្រាកំណើនជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ។ នេះដោយសារស្ថិរភាពនយោបាយ និងលំហូរចូលនៃការវិនិយោគបរទេស ដូច្នេះប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។
យោងតាមធនាគារពិភពលោក អត្រាយុគភាពអំណាចទិញរបស់ប្រជាជនកម្ពុជាបានកើនឡើងដល់ ៤ ៣៥៤ ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ ពីចំនួនត្រឹម ២៣៥៥ ដុល្លារក្នុងឆ្នាំ ២០០៨ ដែលនេះហើយសបញ្ជាក់ឲ្យឃើញថាប្រជាជនវណ្ណៈកណ្តាលមានកាន់តែច្រើនឡើង។
ការធ្វើចំណាកស្រុករបស់ប្រជាជនកម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ប្រជាជនកម្ពុជាប្រមាណ ២ លាននាក់ (ប្រហែល ១២ % នៃប្រជាជនសរុប) បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសផ្សេងៗ។ ប្រជាជនចំណាកស្រុកទាំងនេះបានផ្ញើប្រាក់មកផ្ទះវិញចំនួន ១,៤ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមគ្រួសារ និងឪពុកម្តាយរបស់ពួកគេនៅឆ្នាំ ២០១៨។ តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងជាទូទៅនៅឆ្នាំខាងមុខ។
ទន្ទឹមនឹងនេះកម្លាំងពលកម្មភាគច្រើននៅក្នុងប្រទេសក៏បានធ្វើចំណាកស្រុកទៅធ្វើការ និងរស់នៅតាមខេត្ត និងក្រុងដទៃទៀត។ ប្រជាជនកម្ពុជាដែលកំពុងធ្វើចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសត្រូវរស់នៅបែកឆ្ងាយពីឪពុកម្តាយវ័យចាស់របស់ពួកគេ ហើយការណ៍នេះបានធ្វើឲ្យមានការផ្លាស់ប្តូរបទដ្ឋានបែបប្រពៃណីក្នុងការមើលថែមនុស្សវ័យចំណាស់ (ឪពុក ម្ដាយ)។ ដោយសារពេលវេលា ឬម៉ោងធ្វើការកាន់តែយូរ និងការធ្វើដំណើរក៏កាន់តែយូរនៅក្នុងទីក្រុង ការផ្តល់ការថែទាំសមរម្យសម្រាប់ឪពុកម្តាយវ័យចាស់ជរា កំពុងក្លាយជាបញ្ហាប្រឈមក្នុងចំណោមប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាវណ្ណៈកណ្តាលទំនងមានបំណងចង់ទទួលបានសេវាថែទាំឯកជន និងទិញផលិតផលសម្រាប់ឪពុកម្តាយរបស់ពួកគេ។
នៅក្នុងបរិបទប្រទេសកម្ពុជា យើងសង្កេតឃើញមានចន្លោះខ្វះខាតយ៉ាងច្រើនក្នុងការផ្គត់ផ្គង់មណ្ឌលថែទាំមនុស្សចាស់រយៈពេលវែង សេវាថែទាំក្រៅផ្ទះ ការពិគ្រោះយោបល់លើការថែទាំមនុស្សចាស់ ការប្រឹក្សាយោបល់ផ្នែកកាយសម្បទា និងអាហារូបត្ថម្ភ ជំនួយការជាវឱសថ សេវាកម្មក្នុងផ្ទះ និងសេវាកម្មកែលម្អគេហដ្ឋានសម្រាប់មនុស្សជាដើម។
រហូតមកដល់បច្ចុប្បន្ននេះប្រហែលជាមានសេវាមនុស្សចាស់តែ ២-៣ ប៉ុណ្ណោះដែលត្រូវបានបង្កើតឡើងដូចជាមជ្ឈមណ្ឌលថែទាំមនុស្សចាស់ព្រះសីហនុរាជ និងមណ្ឌលថែទាំមនុស្សចាស់ឯកជនវិសា។ ប៉ុន្តែបើនិយាយជារួមផ្នែកផ្គត់ផ្គង់នេះហាក់ដូចជាតិចតួចពេកបើធៀបជាមួយតម្រូវការដែលកើនឡើង។
ទន្ទឹមនឹងនេះបរិយាកាសគោលនយោបាយសម្រាប់ធ្វើអាជីវកម្មដែលបានរៀបរាប់ខាងលើក៏ចាប់ផ្តើមអភិវឌ្ឍផងដែរ។ រដ្ឋាភិបាលកម្ពុជាពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សចាស់ជាឧទាហរណ៍គោលនយោបាយស្ដីពីមនុស្សវ័យ ២០១៧-២០៣០ ដែលក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «ក្នុងន័យនេះការអនុវត្តគោលនយោបាយនេះ ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់អ្នកមានចំណែកពាក់ព័ន្ធទាំងអស់ រួមមាន វិស័យសាធារណៈ និងវិស័យឯកជន ក៏ដូចជាអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងបណ្តាញសមាគមមនុស្សចាស់ទូទាំងប្រទេស។ [...] ដើម្បីជួយដល់មនុស្សវ័យចាស់ឲ្យទទួលបាននូវគុណភាពជីវិតដែលពួកគាត់សមនឹងទទួល សម្រាប់ការបានចូលរួមពេញមួយជីវិតរបស់ពួកគាត់ក្នុងការកសាងប្រទេសជាតិ»។
សរុបមកវិនិយោគិនគួរតែផ្តោតលើទីផ្សារដ៏មានតម្លៃនេះនៅក្នុងថ្ងៃអនាគត។ ក្រុមហ៊ុននានាគួរតែសហការជាមួយរាជរដ្ឋាភិបាលដើម្បីផ្តល់ជូននូវសេវាកម្ម និងផលិតផលដែលពួកគេត្រូវការ។ ចំណែករដ្ឋាភិបាលវិញគួរតែផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយទាក់ទងនឹងឱកាសអាជីវកម្មទាក់ទងនឹងមនុស្សចាស់នៅកម្ពុជាដល់វិនិយោគិនជាពិសេសក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅពេលដែលរដ្ឋាភិបាលជួបជាមួយតំណាងវិស័យឯកជន ដើម្បីពិភាក្សាពីបញ្ហាប្រឈម និងសក្តានុពលអាជីវកម្ម។ ការធ្វើបែបនេះនឹងជួយផ្គូផ្គងវិនិយោគិនជាមួយនឹងទីផ្សារដែលត្រូវបានមើលរំលងប៉ុន្តែកំពុងរីកចម្រើន៕
ដោយ លោក វ៉ន សេរីវុធ ជាអ្នកស្រាវជ្រាវវ័យក្មេងនៃអង្គការវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយឯករាជ្យមួយក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន សេរីវុធ កំពុងធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទ ប្រជាជនវ័យចាស់។