បន្ទាប់ពី​រាជរដ្ឋាភិបាល​លើក​ទឹកចិត្ត​ឲ្យ​ខេត្ត​នីមួយៗ​ធ្វើការ​រៀបចំ​សង្ក្រាន្ត​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ ខេត្ត​នីមួយៗ​បាន​ខិតខំ​ប្រឹងប្រែង​យក​ស្នាដៃ​រៀងៗ​ខ្លួន​ក្នុង​ការរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ឲ្យ​មាន​ការ​ចូលរួម​នៅ​ទី​រួម​ខេត្ត​របស់​ខ្លួន​។ សកម្មភាព​ចាប់ផ្តើម​នៅ​តាម​ខេត្ត​នីមួយៗ​លើក​ដំបូង​នេះ​គឺ​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ល្បែង​ប្រជាប្រិយ​តាម​ប្រពៃណី​ខ្មែរ និង​មាន​ការ​រាំ​កម្សាន្ត​យ៉ាង​សប្បាយ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។

វា​គួរ​ជា​ទី​មោទនភាព​របស់​បណ្តា​ខេត្ត​នីមួយៗ​ដែល​មាន​សមត្ថភាព​បង្កើត​ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ ខេត្ត​ខ្លះ គឺ​ថ្នាក់ដឹកនាំ​ខេត្ត​ជា​អ្នក​នាំ​លេង​ល្បែង​កម្សាន្ត​នោះ​តែ​ម្តង ហើយ​គ្រប់គ្រង​សណ្តាប់ធ្នាប់​បាន​ល្អ​ទៀត​ផង ពុំ​សូវ​លេចឮ​យុវជន​ឈ្លោះ​គ្នា​នៅ​កន្លែង​​ប្រារព្ធ​ពិធី​នោះ​ទេ​។ ចំពោះ​ការរៀបចំ​សង្ក្រាន្ត​តាម​ខេត្ត​នេះ​ពិតជា​បាន​ចូលរួម​ចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ក្នុង​អំឡុង​ពេល ៣ ថ្ងៃ​ចូលឆ្នាំ​បាន​មែន បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​ចាស់​។ នេះ​បើ​ផ្អែក​តាម​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហាផ្ទៃ​បាន​បង្ហាញ​ពី​ការថយចុះ​ទាំង​ចំនួន​គ្រោះថ្នាក់ ទាំង​ចំនួន​អ្នក​ស្លាប់ និង​អ្នករបួស​គឺ​ចំនួន​គ្រោះថ្នាក់​ (៥៥ ករណី​ឆ្នាំ​ ២០១៨ ទល់នឹង ៩៥ ករណី​ឆ្នាំ​ ២០១៧) ចំនួន​អ្នកស្លាប់ (២៦ នាក់​ឆ្នាំ​ ២០១៨ ទល់នឹង ៤៣ នាក់​ឆ្នាំ​ ២០១៧) និង​ចំនួន​អ្នក​របួស​​ (៨១ នាក់​ឆ្នាំ​ ២០១៨ ទល់នឹង ១៨០ នាក់​ឆ្នាំ​ ២០១៧)​។

ប៉ុន្តែ​ចំនួន​តួលេខ​នៃ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​លេង​កម្សាន្ត​សង្ក្រាន្ត នៅ​តាម​ខេត្ត​នីមួយៗ​ដែល​អាជ្ញាធរ​ខេត្ត​បាន​រាយការណ៍ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ហាក់បី​ដូចជា​មាន​ចំនួន​ច្រើន​ហួស គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ឧទាហរណ៍​៖ សង្ក្រាន្ត​ខេត្ត​សៀមរាប​មាន​អ្នក​ចូលរួម​ដល់​ទៅ ១,៨ លាន​នាក់ នៅ​ខេត្ត​ព្រៃវែង ២២ ម៉ឺន​នាក់ ខេត្ត​ស្វាយរៀង ២២ ម៉ឺន​ដែរ និង​ខេត្ត​តាកែវ ៣ ម៉ឺន​។ ចំនួន​ដ៏ច្រើន​លើសលប់​នេះ តើ​មាន​ក្បូន​រាប់ និង​គណនា​ដូចម្តេច​ដែរ​? ជាក់ស្តែង​ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃទី​ ២ ខ្ញុំ​នៅ​ទី​រួម​ខេត្ត​ព្រៃវែង​តែ​ម្តង​មើល​ទៅ​រក​ម៉ឺន​មិន​ចេញ​ផង​ហើយ​ខេត្ត​ព្រៃវែង​មាន​កន្លែង​កម្សាន្ត​អ្វីខ្លះ​? ​ជាធម្មតា​ព្រៃវែង​មាន​ព្រៃឈើ​គ្រាន់​កម្សាន្ត​ក៏​គ្មាន​រក​មើល​សួនសត្វ​ក៏​គ្មាន​កន្លែង​សម្រាប់​ក្មេង​លេង​កម្សាន្ត​ក៏​គ្មាន តើ​មាន​អ្វី​ទៀត​ទាក់ទាញ​ក្រៅពី​ការរៀបចំ​កម្សាន្ត​នោះ​?

ដូចនេះ​ដែរ ព័ត៌មាន​ដែល​បាន​មកពី​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ ៣ ថ្ងៃ​ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​កាលពី​ឆ្នាំ​ទៅ​នៅ​ខេត្ត​កែប​ក៏​អ៊ីចឹង មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចំនួនជាងកន្លះលាន​នាក់​។ ផ្ទុយទៅវិញចំនួន​អ្នក​ទស្សនា​បាល់​ទាត់​ស្តាត​អូឡាំពិក​រវាង​កម្ពុជា និង​សិង្ហបុរី​មាន​ចំនួន ៥៤០០០ នាក់​កាលពី​ឆ្នាំ​ ២០១៥ កន្លង​ទៅ​នេះ (http://www.the-afc.com/) មើល​ទៅ​មនុស្ស​ឡើង​ណែន​ខ្នាប់ ងាក​ទៅ​ណា​ក៏​សុទ្ធតែ​មនុស្ស​ដែរ ចំនួន​គឺ​ត្រឹមត្រូវ​ហើយ​អាច​លើស​ទៀត​ផង គឺ​ការ​ប៉ាន់​ប្រមាណ​ទៅ​តាម​សំបុត្រ ដែល​បាន​លក់​អស់​រួច​ចុះ​នៅ​មាន​អ្នក​ផ្លោះ​របង​ចូល​អត់​សំបុត្រ​ទៀត​នោះ​។

ការប៉ាន់ស្មាន​ចំពោះ​ចំនួន​អ្នក​ចូលរួម​ទទួល​លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​វិល​ត្រឡប់​ចូល​ស្រុក​វិញ​កាលពី​ដើម​ខែ​កក្កដា​ឆ្នាំ​ ២០១៣ ខ្លះ​ថា​ជិត​កន្លះ​លាន​នាក់​។ រីឯ​អ្នក​ចូលរួម​ហែសព​លោក កែម ឡី ​វិញ​ក៏​មាន​អ្នក​វាយតម្លៃ​ពី​ចំនួន​អ្នក​ចូលរួម​ហែ​សុទ្ធតែ​ជាង ១ លាន​នាក់ ឯណោះ​។ តើ​មាន​វិធីសាស្ត្រ​អ្វី យក​មក​ប៉ាន់​ប្រមាណ​នូវ​ចំនួន​ទាំង​នេះ​?

ចំណែកឯ​ចំនួន​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ក៏​ដូចគ្នា​ដែរ ព័ត៌មាន​ក្នុង​មេរៀន ឬ​ការយក​ទិន្នន័យ​មក​ប្រើការ​ទូទៅ​គឺ ៣ លាន​នាក់ តែ​ក្រោយ​មក​បាន​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ទាំង​ជាតិ និង​អន្តរជាតិ​បាន​រកឃើញ​ថា​អ្នក​ស្លាប់​មាន​ចំនួន​ប្រមាណ​តែ ១,៧ លាន​នាក់​នោះ​ទេ​។

សរុប​មក​វិញ​សម័យ​នេះ​សម័យ​ស្ថិតិ សម័យ​ឌីជីថល​ហើយ​ការ​ប៉ាន់​ប្រមាណ​នូវ​ចំនួន​ព្រឹត្តិការណ៍​មួយ គួរ​តែ​មាន​ចំណុច​គោល​ណា​មួយ​សម្រាប់​ធ្វើ​ការវាស់វែង ដើម្បី​កុំ​ឲ្យ​មាន​កម្រិត​លម្អៀង​ខ្លាំង​ពេក​ធ្វើឲ្យ​ប៉ះពាល់​ទៅ​នឹង​ការធ្វើ​ផែនការ​លើក​ក្រោយៗ​ទៀត ឬ​ក៏​ធ្វើឲ្យ​ថ្នាក់​លើ​ធ្វើការ​សម្រេច​ចិត្ត​ខុស​។ ហេតុ​ដូច្នេះ​ហើយ​ចំពោះ​សង្ក្រាន្ត​ឆ្នាំ​ក្រោយ​រាជរដ្ឋាភិបាល គួរតែ​អញ្ជើញ​មន្ត្រី​ជំនាញ​ខាង​ស្ថិតិ​ជាតិ​មក​ធ្វើ​បទបង្ហាញ​ជូន​មន្ត្រី​ស្ថិតិ​ខេត្ត​នីមួយៗ ពី​របៀប​រាប់​ចំនួន​ ឬ​ក៏​របៀប​គណនា​ចំនួន ដើម្បី​ធ្វើការ​ប៉ាន់ប្រមាណ កុំ​ឲ្យ​មាន​កម្រិត​លម្អៀង​ខ្លាំង​ពេក​ដែល​អាច​​ពិបាក​យក​មក​ប្រើ​ការ​បាន​។

រីឯ​បុណ្យ​សមុទ្រ​លើក​ក្រោយ បើ​នៅ​ខេត្ត​កែប​វិញ​យ៉ាង​ហោច​ណាស់​ក៏​មាន​មន្ត្រី​ចាំ​រាប់​ឡានធំ មីនីប៊ើស ឡានតូច និង​ម៉ូតូ នៅ​ផ្លូវ​ចូល​ទៅ​ឃើញ​ចេញ​ចំនួន​ខ្លះ​ហើយ គឺ​គណនា​សាមញ្ញៗ ម៉ូតូ​ ១ ​មាន​មនុស្ស​ ២ ​នាក់ ឡាន​តូច​មាន​គ្នា ៥ ​នាក់ ឡាន ១២ កៅអី​មាន​គ្នា ១២ នាក់​ដែរ ឡាន ២៥ កៅអី​មាន ២៥ នាក់​ដែរ​ទៅ​ធ្វើ​ដូចនេះ​អាច​លុប​បំបាត់​កម្រិត​លម្អៀង​បាន​ច្រើន​ជា​ជាង​អង្គុយ​មើល​ចំនួន​មនុស្ស​ហើយ​ថា​យកៗ​។ បើ​អង្គុយ​រាប់​ក្រោម​ដើមឈើ​ខ្លាច​ក្តៅ ខ្ជិល​ពេក ដាក់​កាមេរ៉ា​អង្គុយ​រាប់​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ទៅ​ក៏​បាន​ដែរ ដើម្បី​ឲ្យ​ថ្នាក់​លើ​សួរ​មាន​វិធីសាស្ត្រ​ធ្វើ​ហើយ​ស្រេច​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com