ការទម្លាប់ទម្លាក់កំហុស ឬក៏ត្អូញត្អែរថាការសិក្សារៀនសូត្រខ្វះសៀវភៅខ្វះឯកសារ ខ្វះកន្លែងសិក្សា ឬក៏ខ្វះឧបករណ៍សម្រាប់ជួយបង្រៀនបន្ថែមជាដើមគឺលែងសមហេតុសមផលហើយមកទល់ពេលនេះ។
ប៉ុន្តែអ្វីដែលនៅជាបញ្ហាគឺត្រង់ថាកូនសិស្សខ្លួនឯងខ្ជិល ខ្វះភាពជឿជាក់ ឬក៏ឪពុកម្តាយមិនជួយជំរុញបន្ថែមនៅផ្ទះ បន្ទាប់ពីកុមារបានរៀនពីសាលា។
បើថាកាលពីមុនៗបន្ទាប់ពីបែករបបខ្មែរក្រហមឆ្នាំ ១៩៧៩ មកយើងជួបការលំបាកមែនព្រះសង្ឃខ្វះដីសសរសេរគឺយកធ្យូងធ្វើជាឧបករណ៍មកសរសេរជំនួសក្នុងការជួយបង្រៀនកុមារនៅតាមវត្តអារាម។ រីឯកុមារខ្លះទៀតរៀនសរសេរនៅលើដីដោយប្រើចង្អុលដៃ ខ្លះសរសេរនៅលើកម្រាលថ្មដោយយកដុំឥដ្ឋពណ៌ក្រហម ខ្លះទៀតសរសេរលើជញ្ជាំង និងលើតុជាដើម។
ប៉ុន្តែមកទល់សម័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នេះវិញគឺអ្វីៗលែងលំបាកទៀតហើយ ការវិវត្តឈានដល់កម្រិតការសរសេរហើយលុបចេញដោយមិនប្រឡាក់ដៃកុមារទៀតគឺការរៀនសេរសេរភាសាខ្មែរនៅទូរស័ព្ទស្មាតហ្វូន និងប្រភេទ Tablet ដែលប្រើប្រព័ន្ធ Android ដោយគ្រាន់តែបញ្ចូលកម្មវិធី App «សរសេរខ្មែរ» ឬក៏ទាញចេញពី PlayStore វាយឈ្មោះ «សរសេរខ្មែរ» គឺវាបង្កើត App សរសេរខ្មែរដោយស្វ័យប្រវត្តិ ឬក៏ទាញចេញពីវេបសាយឈ្មោះ https://goo.gl/bGCUHC ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធស្មាតហ្វូន ឬក៏ប្រភេទ Tablet។
កម្មវិធី App «សរសេរខ្មែរ» គឺទើបតែចាប់ផ្តើមដាក់ឲ្យដំណើរការអនុវត្តកាលពីខែវិច្ឆិកាឆ្នាំមុននៅតាមសាលារៀនបឋមសិក្សានៃខេត្តគោលដៅមួយចំនួនរបស់អង្គការ KAPE សិន។
កម្មវិធី App «សរសេរខ្មែរ» រៀបចំឡើងដោយអង្គការ KAPE និងសហការផ្តល់ជំនួយបច្ចេកវិទ្យាឌីជីថលផ្ទាល់ពីអង្គការ InSTEDD នៃគម្រោង SPIDER នៃប្រទេសស៊ុយអែតក្នុងការអភិវឌ្ឍឲ្យចេញជាកម្មវិធីនេះឡើង។
កម្មវិធី App «សរសេរខ្មែរ» រៀបចំផ្តើមចេញពីកម្មវិធីសិក្សាថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ របស់ក្រសួងអប់រំទាំងស្រុងហើយក៏ដាក់ឲ្យដំណើរសម្រាប់ថ្នាក់ទី ១ និងទី ៣ រួមផ្សំនឹងសំណួរ និងចម្លើយសម្រាប់កុមារផងដែរ។
ក្នុងអំឡុងពេលដាក់ឲ្យដំណើរការកម្មវិធី App «សរសេរខ្មែរ» នេះដែរអង្គការ KAPE ក៏បានដាក់ឲ្យប្រើកម្មវិធី App «សៀវភៅឆ្លាត» ឧបត្ថម្ភដោយ USAID គឺសម្រាប់អាន ស្តាប់ និងនិយាយផងដែរដោយសាលាបឋមសិក្សា ១ ទទួលបាន Tablets ចំនួន ២០ ហើយជួយបញ្ចូលកម្មវិធី App «សរសេរខ្មែរ» និង «សៀវភៅឆ្លាត» ដល់ស្មាតហ្វូនរបស់មាតាបិតាសិស្សដែលបានចូលរួមផងដែរដើម្បីឲ្យជួយបង្ហាត់បង្ហាញកូនៗរបស់ពួកគាត់នៅផ្ទះបន្ថែមទៀត។
តាមរយៈវេបសាយ http://www.kapekh.org របស់អង្គការ KAPE នេះកន្លងមក អង្គការបានអនុវត្តកម្មវិធីអំណានតាមកម្មវិធី App «អានខ្មែរ» តាមស្មាតហ្វូន និង Tablets នៅតាមសាលាបឋមសិក្សាគោលដៅផងដែរ។
ដោយផ្អែកទៅរបាយការណ៍របស់អង្គការ USAID ឆ្នាំ ២០១៥ លទ្ធផលទំនាក់ទំនងគ្នារវាងការដាក់កម្មវិធី ICT ចូលទៅក្នុងប្រព័ន្ធអប់រំដោយកត់សម្គាល់ឃើញថាអត្រាបោះបង់ការសិក្សាមានការធ្លាក់ចុះ។ តាមគម្រោងសាកល្បងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិដែលអនុវត្តការទប់ស្កាត់ចំពោះការបោះបង់ការសិក្សា (SDPP-USAID) របស់សិស្សថ្នាក់ទី ៧ ដល់ទី ៩ នៅតាមបណ្តាខេត្តចំនួន ៦ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ គឺមានដាក់បញ្ចូលកម្មវិធីកុំព្យូទ័រ និង ICT ជាផ្នែកមួយនៃគម្រោងនេះ។
ជាលទ្ធផលឃើញថាអាចកាត់បន្ថយអត្រាបោះបង់ការសិក្សាដល់ទៅ ២,៥ ភាគរយក្នុងចំណោមកុមារ ៦ ម៉ឺននាក់។
តាមរយៈលទ្ធផលរីកចម្រើនបង្ហាញពីទំនាក់ទំនងគ្នារវាងការដាក់កម្មវិធី ICT ចូលទៅក្នុងប្រព័ន្ធអប់រំនៅថ្នាក់ទី ៧ ដល់ទី ៩ នេះហើយបានជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលជួយបំពេញបន្ថែមស្ថាប័នរដ្ឋក្នុងវិស័យអប់រំនេះមានកិច្ចខិតខំប្រឹងប្រែង បង្កើតឲ្យមានកម្មវិធី App «សរសេរខ្មែរ» និង «សៀវភៅឆ្លាត» សម្រាប់កុមាររៀនអាន ស្តាប់ និយាយ និងសរសេរភាសាខ្មែរទៅតាមមេរៀននីមួយៗ និងសំណួរចម្លើយនៅថ្នាក់ទី ១ និងទី ៣ ដោយខ្លួនឯង រីឯថ្នាក់មត្តេយ្យក៏អាចចាប់ផ្តើមរៀនតាមកម្មវិធី App ទាំង ២ នេះបណ្តើរៗដោយខ្លួនឯងក៏បានដែរ។
ម្យ៉ាងវិញទៀតបញ្ចូលកម្មវិធីការសិក្សាតាមឌីជីថល App នេះគឺជួយកុមារដែលរៀនមានការយឺតយ៉ាវហើយក៏ជាការលើកទឹកចិត្តឲ្យពួកគេខិតខំរៀនបន្ថែមទៀតដើម្បីឆ្លើយតបនឹងការសិក្សាស្រាវជ្រាវថ្នាក់ជាតិអំពីការវិវត្តរបស់កុមារនៅថ្នាក់ទី ៣ របស់ក្រសួងអប់រំនៅឆ្នាំ ២០១៥ ឃើញថា កុមារនៅមានរៀនភាសាខ្មែរនៅខ្សោយណាស់។
ជាលទ្ធផលបង្ហាញថាមានកុមារនៅថ្នាក់ទី ៣ ត្រឹមតែ ៣០ ភាគរយទេសរសេរភាសាខ្មែរទូទៅបានត្រឹមត្រូវ។
វាជារឿងធម្មតាក្នុងការដាក់ឲ្យដំណើរការនូវកម្មវិធីឌីជីថលថ្មីៗតែងតែមានការលំបាកហើយព្រោះមិនទាន់មានចំណេះដឹងនៅពេលបានអនុវត្តទៅតាមសេចក្តីណែនាំរបស់កម្មវិធី App នីមួយៗគឺធ្វើឲ្យកុមារកាន់តែរីករាយចូលចិត្តក្នុងការលេងជាល្បែងសិក្សាតាមបែបទំនើបនេះ។
សារៈសំខាន់នៃការសិក្សាតាមបច្ចេកវិទ្យាឌីជីថលនេះគឺមានលក្ខណៈស្តង់ដារជាសកលទៅហើយ នៅពេលប្រឡងតាមប្រព័ន្ធអន្តរជាតិគឺតម្រូវឲ្យបំពេញ ឬក៏សរសេរតាមប្រព័ន្ធ ICT តាមអនឡាញ (Online) ហើយដូចជាការប្រឡងកម្រិតភាសាអង់គ្លេស TOEFL ក៏លែងសរសេរតាមក្រដាសរួចផ្ញើទៅសហរដ្ឋអាមេរិកដើម្បីកែដូចមុនទៀតដែរគឺប្រឡងតាម Online តែម្តង។
អ៊ីចឹងបើកុមាររៀនទម្លាប់ប្រើបចេ្ចកវិទ្យាឌីជីថលទំនើបដូចកម្មវិធី App «សរសេរខ្មែរ» និង «សៀវភៅឆ្លាត» គឺបន្ទាប់មកកុមារអាចទាញយក App ការគណនាតាមបែបគណិតវិទ្យាស្តង់ដារអន្តរជាតិដែលធ្វើជាលេខឡាតាំងទូទៅបានព្រោះនៅសាលាក៏រៀនបែបស្តង់ដារនេះដែរ និងសៀវភៅរឿងនិទានជាភាសាខ្មែរយកមកមើលបានពោលគឺលែងឲ្យចាស់ៗ ឬក៏ឪពុកម្តាយអានឲ្យស្តាប់ដូចមុនទៀតហើយ។
នៅពេលដែលកុមារចេះកម្មវិធី App ទាំង ២ នេះច្បាស់ហើយគឺលែងឆ្ងល់ថា ហេតុអ្វីបានជាកុមារចូលចិត្តរៀនភាសាបរទេសជាងភាសាខ្មែរទៀតហើយគឺមកភាសាអង់គ្លេសមានគ្រប់បច្ចេកវិទ្យាឌីជីថលមានតុក្កតាមានរឿងព្រេង របៀបច្នៃប្រឌិតគ្រប់ប្រភេទមាននៅអនឡាញ។
ហេតុដូច្នេះស្របទៅនឹងការប្រើប្រាស់របស់របរបច្ចេកវិទ្យាទំនើបៗហ៊ឺហា និងការផ្តល់សេវាអ៊ីនធឺណិតប្រចាំថ្ងៃនេះ លោកគ្រូ-អ្នកគ្រូ និងមាតាបិតាកុមារដែលមានទូរស័ព្ទ និង Tablets ដែលប្រើប្រព័ន្ធ Android គួរតែទាញយកកម្មវិធី App «សរសេរខ្មែរ» និង «សៀវភៅវៃឆ្លាត» តាមអនឡាញដើម្បីយកមកប្រើប្រាស់ឲ្យកុមាររៀនភាសាកំណើតខ្លួនឯងឆាប់ចេះជាជាងបណ្ដែតបណ្តោយឲ្យកុមារលេងហ្គេមយូរៗ និងដើរលេងអត់ប្រយោជន៍។
ជាងនេះទៅទៀតកូនខ្មែរនៅបរទេស ឬក៏ជនបរទេសចង់រៀនភាសាខ្មែរក៏អាចទាញយកពីអនឡាញមករៀនបានដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com