The Phnom Penh Post Search

Search form

សម្ដី​ដែល​គួរ​ចៀសវាង

Content image - Phnom Penh Post
រូបតំណាងៈ ការ​និយាយ​ស្ដី និង​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដៃគូ​សន្ទនា​។ រូបថត google

សម្ដី​ដែល​គួរ​ចៀសវាង

ពាក្យ​សម្តី​គឺជា​ឧបករណ៍​ដ៏សំខាន់​បំផុត​សម្រាប់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​។ ពាក្យសម្ដី​ជា​ថ្នាំ​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការ​លួងលោម​មនុស្ស​ពី​ការ​អស់​សង្ឃឹម ការ​បាក់​ទឹកចិត្ត និង​អាច​ផ្ដល់​នូវ​អារម្មណ៍​កក់ក្ដៅ​រំភើប​ដល់​ស្រក់​ទឹកភ្នែក​។ ​

ប៉ុន្ដែ​ពាក្យ​សម្ដី​ខ្លះ​ក៏​ជា​អាវុធ​ដ៏កាច​សាហាវ​បំផុត​ដែល​ញុះញង់​នាំ​មក​នូវ​ជម្លោះ ជា​សាំង​នាំ​ឲ្យ​កម្ទេច​ភ្លើង​បន្ដិច​បន្ដួច​ឆេះ​កាន់តែ​ខ្លាំង​ពេល​ដែល​គូភាគី​មាន​ទស្សនៈ​ផ្ទុយ​គ្នា ហើយ​ទាំង​សង​ខាង​សុទ្ធ​តែ​មានះ​មិន​ព្រម​ទម្លាក់​គំនិត​ខ្លួន​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ​រួម​គ្នា បើ​ទោះបី​ជា​ដឹង​ថា​គំនិត​ខ្លួន​ខុស​ក៏ដោយ​។

មនុស្ស​ខ្លះ​ប្រសប់​និយាយ​ខ្លះ​ពូកែ​និយាយ ខ្លះ​មិន​សូវ​និយាយ​ស្ដី​ច្រើន​ព្រោះ​គេ​មិន​សូវ​ចេះ​និយាយ ខ្លះ​មិន​សូវ​និយាយ​ស្ដី​ព្រោះ​ដឹង​ថា​មិន​ត្រូវ​កាល​នឹង​និយាយ ឬ​មកពី​គេ​ដឹង​ថា​គ្មាន​មនុស្ស​យល់​ពី​អ្វី​ដែល​គេ​និយាយ​ទើប​គេ​ខ្ជិល​និយាយ និង​ខ្លះ​និយាយ​ច្រើន តែ​អ្នក​ដទៃ​មិន​សូវ​ចូល​ចិត្ដ​ស្ដាប់​។

ខាង​ក្រោម​នេះ​គឺជា​ចំណុច​មួយ​ចំនួន​ដែល​អ្នក​និយាយៗ​ហើយ តែ​អ្នក​ស្ដាប់​មិន​ចូលចិត្ដ ពិសេស​និយាយ​រួច​នាំ​រឿង​ដល់​ទាំង​ខ្លួន​អ្នក​និយាយ និង​ដល់​អ្នក​ដទៃ​។

-និយាយ​ស្ដី​រោយរាយ​ឥតប្រយោជន៍​៖ មនុស្ស​បែប​នេះ​ច្រើន​តែ​និយាយ​លេង​ឡេះឡោះ​ច្រើន​យក​ជា​ការណ៍​ពិតប្រាកដ​មិន​បាន​និយាយ​គ្មាន​គោល​ច្បាស់លាស់​ឯណេះ​មួយ​ចុប ឯណោះ​មួយ​ចុប​គ្មាន​ក្បាល​គ្មាន​កន្ទុយ​និយាយ​គ្រាន់តែ​ដើម្បី​សើច​លេង​និយាយ​ចោល​ឲ្យ​តែ​រួច​តែ​ពី​មាត់ ឥតប្រយោជន៍​ដល់​អ្នក​ស្ដាប់​។ ​ចាស់ៗ​តែង​ហៅ​មនុស្ស​ដែល​និយាយ​បែប​នោះ​ថា​ជា​មនុស្ស​សម្តី​រយ​ដែល​និយាយ​ច្រើន​តែ​យក​ជា​ដុំ​កំភួន​អ្វី​មិន​បាន​។ គេ​ជា​មនុស្ស​ដែល​គ្មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​សម្តី​របស់​ខ្លួន ជា​មនុស្ស​ដែល​និយាយ​កេង​យក​ប្រយោជន៍​ពី​អ្នក​ដទៃ ចូលចិត្ត​និយាយ​សន្យា​នេះ​នោះ​ឲ្យ​គេ​ជឿ​ដើម្បី​រក​ប្រយោជន៍​អ្វី​មួយ​ពី​ការ​ជឿ​ទុក​ចិត្ដ​នោះ​។ ពេល​គេ​ដេញដោល​សួររក​ការពិត គេ​តែង​កែ​គេច​ក្រឡាស់​ពាក្យ​របស់​ខ្លួន​ដោយ​រក​លេស​ដោះសា​រហូត​។ ​មនុស្ស​សម្ដី​រយ​ច្រើន​ជា​មនុស្ស​ស្រាល​គំនិត ប៉ផ្លេចប៉ផ្លូច ចាប់​មុខ​ការ​អ្វី​មិន​ជាប់​លាប់​។

-បុរេវិនិច្ឆ័យ​៖ ​មនុស្ស​បែប​នេះ​មិន​សូវ​ចេះ​ស្ដាប់​គេ​និយាយ​ឲ្យ​ចប់​ចុង​ចប់​ដើម​ទេ ច្រើន​តែ​លូក​មាត់​អារកាត់ ឬ​សន្និដ្ឋាន​រឿងរ៉ាវ​ដែល​អ្នក​ដទៃ​កំពុង​និយាយ ដោយ​ធ្វើ​ខ្លួន​ជា​អ្នក​ចេះ​ដឹង​គ្រប់​រឿង​ដោយ​មិន​បាច់​ស្ដាប់​គេ​និយាយ​ចប់​គឺ​ពេល​ស្ដាប់​គេ​ពន្យល់​មិន​ទាន់​ទាំង​ចប់​ផង​មនុស្ស​បែប​នេះ​ក៏​ចាប់​ផ្ដើម​ធ្វើការ​វិនិច្ឆ័យ​ទៅ​តាម​តែ​គំនិត​របស់​ខ្លួន​ដែល​ដៅ​ស្មាន​រឿងរ៉ាវ ដែល​ជា​រឿយៗ​ខុស​ពី​ដំណើរ​រឿង​ពិត​។ គេ​ជា​​មនុស្ស​ដែល​ចាស់ៗ​ហៅ​ថា​អ្នក​ចេះ​ឯង​គឺ​មនុស្ស​ដែល​ធ្វើ​ខ្លួន​ដូច​ចេះដឹង​ដោយ​មិន​បាច់​ស្ដាប់​គេ​ពន្យល់​ឲ្យ​ចប់​ចុង​ចប់​ដើម តែ​ទាញ​ការ​សន្និដ្ឋាន​ទៅ​តាម​តែ​ទិដ្ឋិ​អស្មិមានះ​របស់​ខ្លួន​។ កាលណា​គេ​មិន​ចេះ​ស្តាប់​អ្នកដទៃ​ហើយ​ប្រញាប់​ធ្វើការ​សន្និដ្ឋាន តែងតែ​នាំ​មក​នូវ​ជម្លោះ​។ មនុស្ស​ដែល​ពូកែ​និយាយ​ទាំងអស់​សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពូកែ​ស្តាប់​ព្រោះ​បើ​មិន​ចេះ​ស្ដាប់​គេ​និយាយ​ទេ គឺ​ស្មើ​នឹង​បិទ​ខ្លួនឯង​មិន​ឲ្យ​ចូល​ចំណេះដឹង​ដូច្នេះ​ដែរ ប៉ុន្ដែ​​មិនមែន​អ្នក​ពូកែ​ស្ដាប់​ទាំងអស់ សុទ្ធ​តែ​ពូកែ​និយាយ​នោះ​ទេ​។

-អំនួត​៖ មនុស្ស​ដែល​ពោរពេញ​ដោយ​អំនួត តែងតែ​គិត​ថា​ខ្លួន​គេ​ជា​មនុស្ស​ដែល​ចេះដឹង​ច្រើន​គ្រប់​រឿង ទើប​គេ​ចេះ​តែ​ចង់​អួត​គេ​ឲ្យ​គេ​ថា​ខ្លួន​គ្រាន់បើ​។ ​គេ​តែងតែ​ចង់​បាន​មុខមាត់ ចង់​បាន​កិត្តិយស​ចង់​បាន​ការ​លើក​សរសើរ​ពី​អ្នក​ជុំវិញ​ថា​ខ្លួន​ជា​អ្នក​ចេះ​ដឹង​ច្រើន​។ មនុស្ស​អំនួត​មិន​ចូលចិត្ត​ស្ដាប់​ហេតុផល​ទេ​។ គេ​គិត​ថា​មាន​តែ​អញ​គ្រាន់​បើ​ជាង​គេ ធ្វើឲ្យ​អ្នក​ដទៃ​ពិបាក​ទទួល​យក​ណាស់​។ លក្ខណៈ​បែប​នេះ​មិន​ជា​ខុស​អី​ពី​កង្កែប​ដែល​ប្រឹង​ស្រែក​យំ​សឹង​លៀន​ភ្នែក​បែក​ពោះ​នៅ​បាត​អណ្តូង​ដោយ​មិន​ដឹង​ថា​មេឃ​ធំ​ប៉ុន​ណា តែ​វា​ដៅ​ស្មាន​ថា​មេឃ​ធំ​ប៉ុន​មាត់​អណ្ដូង​ដូច្នោះ​ដែរ​។

-និយាយ​តែ​អំពី​បញ្ហា​ដោយ​មិន​ភ្ជាប់​នឹង​ដំណោះស្រាយ​៖ ​ការ​និយាយ​ពី​បញ្ហា​ច្រើន​មាន​លក្ខណៈ​ជា​ការ​និយាយ​ត្អូញត្អែរ បន្ទោស​នេះ​បន្ទោស​នោះ ទើស​នេះ​ទើស​នោះ ដោយ​មិន​ព្រម​លើក​យក​ដំណោះស្រាយ​មក​និយាយ​។ ពិត​ណាស់​ថា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មាន​រឿង​ជាច្រើន​ដូចជា​ការ​ត្អូញត្អែរ​អំពី​អាកាសធាតុ ពី​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ពី​សេដ្ឋកិច្ច ពី​នយោបាយ​ជាដើម ប៉ុន្តែ​ការ​ត្អូញត្អែរ​គឺជា​មេរោគ​ដែល​នាំ​​ឲ្យ​អ្នក​និយាយ និង​អ្នក​ស្ដាប់​វិលវល់​តែ​ក្នុង​បញ្ហា​ដក​ខ្លួន​មិន​រួច​ទៅ​មុខ​មិន​ជ្រៅ​ដោយ​លង់​ក្នុង​បញ្ហា​ដែល​ពេល​ខ្លះ​គេ​ក៏​ក្លាយ​ខ្លួន​ទៅ​ជា​ជន​ទុទ្ទិដ្ឋិនិយម ដែល​មើល​ទៅ​ក្រៅ​ខ្លួន​សុទ្ធតែ​ជា​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ធ្វើឲ្យ​គេ​បាត់​ជំនឿ​ចិត្ដ​លើ​ខ្លួនឯង​ដោយ​សម្លាប់​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នៃ​បញ្ហា​ដោយ​ខ្លួនឯង​។ ស្ដាប់​មនុស្ស​បែប​នេះ​និយាយ​គ្មាន​បាន​ជា​ប្រយោជន៍​អី​ទេ មាន​តែ​បណ្ដាល​ឲ្យ​អ្នក​ស្ដាប់​កើត​ស្រេ្តស​តាម​តែ​ប៉ុណ្ណោះ បើ​កាលណា​អ្នក​ស្ដាប់​មិន​ចេះ​ធ្វើការ​វិនិច្ឆ័យ​។

-លេស​៖ លេស​គឺ​ការ​និយាយ​ពង្វាង​គេច​កែ​យក​រួច​ខ្លួន​ដោយ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ​។ មនុស្ស​បែប​នេះ​មិន​ចេះ​ទទួល​ខុសត្រូវ​សម្ដី​របស់​ខ្លួន និង​មិន​ចេះ​ទទួល​កំហុស​ខ្លួន​ឡើយ​គឺ​ដឹង​តែ​ពី​និយាយ​បង្វែរ​រឿង​យក​រួច​ខ្លួន​។ គេ​មិន​ទទួល​យក​ការ​ស្ដីបន្ទោស​ពី​អ្នក​ដទៃ​ដើម្បី​កែ​ខ្លួន​ទេ​មាន​តែ​ប្រឹង​និយាយ​បន្លប់​ដោយ​ទម្លាក់​ការ​ស្ដីបន្ទោស​នោះ​ទៅ​អ្នក​ផ្សេង​ទទួល​ជំនួស​ឯ​ខ្លួន​គេ​ដឹង​តែ​ពី​ត្រូវ​រហូត​។ ​មនុស្ស​បែប​នេះ​ច្រើន​ពោល​ភាសា​ឡូស៊ិក បង្វែង​ដាន​រឿងរ៉ាវ​ទៅ​តាម​ប្រាជ្ញា​របស់​ខ្លួន​។ គេ​ចូលចិត្ដ​លេង​ល្បែង​ល្បងប្រាជ្ញា​ដោយ​គេចវេះ​មិន​ទទួល​ស្គាល់​កំហុស តែ​ចុង​ក្រោយ​ច្រើន​តែ​តម្រិះ​ជិះ​ក​ឯង​។ គេ​ក៏​ជា​មនុស្ស​ដែល​ពូកែ​អែបអប ចូលចិត្ត​និយាយ​យក​មុខ​មាត់​ដោយ​មិន​គិតពី​តម្លៃ​ខ្លួន និង​អាត្មានិយម​ដែល​យក​រួច​តែ​ខ្លួន ហើយ​មិន​ខ្វល់​ថា​ខ្លួន​បាន​នាំ​ទុក្ខ​ដល់​អ្នក​ដទៃ​នោះ​ទេ​។

-និយាយ​កុហក​៖ និយាយ​កុហក​ជា​ការ​បន្ថោក​តម្លៃ​ខ្លួន​អ្នក​និយាយ​។ និយាយ​កុហក​គឺ​និយាយ​បំផ្លើស​លើស​ការពិត​។ ​ការ​និយាយ​កុហក​ដែល​គួរ​ឲ្យ​ស្អប់​គឺ​កុហក​ដើម្បី​យក​ចំណេញ​ពី​គេ កុហក​គេ​ថា​ខ្លួន​មាន​បញ្ហា​ដើម្បី​ឲ្យ​គេ​អាណិត​មក​ជួយ​ខ្លួន កុហក​នាំ​រឿង​ឲ្យ​អ្នក​ដទៃ​ឈ្លោះ​គ្នា​ដោយ​ការ​យល់​ច្រឡំ​កុហក​ដើម្បី​បោកប្រាស់​យក​ចំណេញ​អ្វី​មួយ​ពី​គេ​ជាដើម​ដែល​ទាំង​នេះ​ជា​ចរិត​ដែល​មិន​ថ្លៃថ្នូរ​ដែល​ចុងក្រោយ​ច្រើន​តែ​ភូត​ច្រើន​ចាញ់​អាត្មា​ខ្លួនឯង​។ យ៉ាង​ណា​ក៏ដោយ​ពេល​ខ្លះ​ការ​កុហក​ខ្លះ​ក្នុង​លក្ខខណ្ឌ​ចាំបាច់​ក៏​មាន​ប្រយោជន៍​ដល់​អ្នក​ដទៃ​ដែរ​នោះ​គឺ​កុហក​ដើម្បី​ក្ដី​សុខ​របស់​អ្នក​ដទៃ​កុហក​ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ក្នុង​ខណៈ​ពេល​នោះ ឬ​កុហក​ក៏​ព្រោះ​តែ​បុព្វហេតុ​រួម​ណា​មួយ​។

ឧទាហរណ៍​ការ​កុហក​មិន​និយាយ​ពិត​ប្រាប់​ទៅ​ជន​ទុច្ចរិត​ដែល​មាន​បំណង​មិន​ល្អ​ចំពោះ​យើង ឬ​ចំពោះ​អ្នក​ដទៃ​។ ការ​កុហក​អ្នក​ជំងឺ​ដែល​កំពុង​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ដ ឬ​ជំងឺ​ខ្សោយ​បេះដូង​ដែល​មិន​អាច​ទទួល​ស្ដាប់​នូវ​ការពិត​ដ៏សែន​ឈឺចាប់​ខ្លះ​ក្នុង​ពេល​ទទួល​នូវ​ការ​ព្យាបាល​ជាដើម​។ ការ​ពោល​នូវ​ពាក្យពិត​ត្រូវការ​កាល​វេលា​មួយ​សមស្រប និង​ប្រយោជន៍​ពី​ការ​ពោល​ពាក្យ​ពិត​នោះ​។

-និយាយ​យក​តែ​ឈ្នះ​៖ តើ​អ្នក​ធ្លាប់​ជួប​មនុស្ស​ដែល​និយាយ​យក​តែ​ឈ្នះ​ដោយ​មិន​គិត​ពី​ភាព​ត្រឹមត្រូវ​ដែរ​ទេ​? តើ​ខ្លួន​អ្នក​ផ្ទាល់​មាន​ដែល​ធ្លាប់​និយាយ​ចង់​តែ​ឈ្នះ​ដៃគូ​សន្ទនា​របស់​ខ្លួន​ដែរ​ទេ​? ពេល​ខ្លះ​ដោយ​អស្មិមានះ​គ្រប​សង្កត់ គេ​ក៏​ប្រកាន់​យក​គំនិត ឬ​ពាក្យ​សម្តី​ខ្លួនឯង​ថា​ត្រឹមត្រូវ​មិន​ព្រម​លែង​ចោល បើ​ទោះបី​ជា​បាន​ស្តាប់​ការ​បកស្រាយ​ពន្យល់​ហេតុផល​របស់​ភាគី​ម្ខាង​ទៀត ហើយ​ដឹង​ថា​សមហេតុ​សមផល​ក៏ដោយ តែ​ក៏​នៅ​តែ​មានះ​ក្រអឺត​ក្រទម មិន​ព្រម​ទទួល​ស្គាល់​ការពិត​ថា​ខ្លួន​គិត​ខុស​។ ការ​និយាយ​យក​តែ​ឈ្នះ​កើត​ដោយសារ​តែ​ការ​ប្រកាន់​ខ្លួន​ជា​ធំ​ដោយ​សំអាង​ថា​ខ្លួន​អាយុ​ចាស់​ជាង​គេ​ខ្លួន​មាន​បទពិសោធ​ច្រើន​ជាង​គេ​ខ្លួន​មាន​ឋានៈ​ខ្ពស់​ជាង​គេ​ ឬ​ដោយសារ​តែ​ដើម្បី​រក្សា​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​អ្វី​មួយ​ពិសេស​ការ​និយាយ​យក​តែ​ឈ្នះ កើតឡើង​ដោយសារ​ខ្លាច​ខ្លួន​អន់ តែ​គេ​ភ្លេច​គិត​ថា​ការ​ដែល​មិន​ព្រម​ទទួល​ស្គាល់​កំហុស​ហើយ​កែ​ខ្លួន​នោះ​ហើយ​គឺជា​រឿង​អន់​បំផុត​គឺ​គេ​ក្លាយ​ជា​មនុស្ស​ដែល​អន់​បំផុត​ដោយសារ​តែ​គេ​ខ្លាច​អន់​ហ្នឹង​ឯង​។

បុរាណ​ភាសិត​ខ្មែរ​ពោល​ទុក​ថា “​សម្តី​ជា​ឯក លេខ​ជា​ទោ អក្សរ​ជា​ត្រី​” “​អណ្ដាត​ជា​អាទិ៍​កន្លង​បាន​សុខទុក្ខ​ផង​ដោយសារ​អណ្ដាត​” “​សម្ដី​សរជាតិ មាយា​ទសរ​ពូជ​” “​មនុស្ស​យក​សម្ដី ដំរី​យក​ភ្លុក​” ជាដើម​។ ចំណែកឯ​អ្នក​ប្រាជ្ញ​យុទ្ធសាស្ត្រ​សង្គ្រាម និង​នយោបាយ​ជនជាតិ​ចិន​ដ៏ឆ្នើម​ឈ្មោះ​ ខុង មីង បាន​ពោល​ថា “​ពាក្យ​ចចាម​អារ៉ាម សម្លាប់​មនុស្ស​លឿន និង​សាហាវ​ជាង​អាវុធ​ទៅ​ទៀត​។ លើស​ពី​នេះ​សម្ដី​របស់​មនុស្ស​ម្នាក់ៗ​កំណត់​នូវ​តម្លៃ​របស់​មនុស្ស​នោះ​។ ដូច្នេះ​មុន​នឹង​ហា​និយាយ​ស្តី​តោង​ឲ្យ​គន់​គិត​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​សិន​សឹមហា​ស្តី ដូច​មាន​ពាក្យ​ចាស់​រំឭក​ដាស់តឿន​ថា “​សូម​បង្វិល​អណ្ដាត​ឲ្យ​បាន​ ១០០ ​ជុំ​សិន​មុន​នឹង​និយាយ ​” “​រនាប​បាក់​យក​រនាប​ជួស បើ​សម្ដី​ជ្រុលជ្រួស​គ្មាន​អ្វី​ជួស​បាន​ឡើយ​។

បើ​បាន​ជា​ជ្រុលជ្រួស​ហា​ស្ដី​ខុស​ការពិត​លើស​លស់​លើ​គេ គួរ​តែ​ទទួល​ខុសត្រូវ​លើ​សម្តី​របស់​ខ្លួន​ដោយ​ការ​សុំទោស​និយាយ​កែតម្រូវ​វិញ បើ​ទោះបី​មិន​អាច​ដក​សម្ដី​ដែល​ខុស​មក​វិញ​ក៏ដោយ តែ​វា​ជា​តម្លៃ​របស់​មនុស្ស​ដែល​ដឹង​ខុស​ដឹង​ត្រូវ និង​ចេះ​សារភាព​កំហុស​។ បើ​មាន​លើស​លស់​ខូចខាត​ដល់​អ្នក​ដទៃ​ដោយ​ប្រការ​ណា​មួយ​គឺ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​។ ការ​ដែល​ដឹង​ខុស​ហើយ​សុំទោស​កែ​កំហុស​នោះ​មុខ​ជា​ទទួល​បាន​នូវ​ការ​អភ័យទោស​មិន​ខាន​។ ផ្ទុយ​ទៅ​វិញ​ការ​និយាយ​ខុស​ក្នុង​ពេល​ដំបូង​ជា​កំហុស​លើក​ទី​មួយ​វា​អាច​កើតឡើង​ដោយ​អចេតនា ឬ​ដោយ​ចេតនា​តែ​ជា​កំហុស​សុចរិត​ដែល​កើត​ពី​ការ​គិត​មិន​ដល់​។ វា​មិនមែន​ជា​កំហុស​ដែល​គេ​មិន​អាច​លើកលែង​ឲ្យ​ឡើយ តែ​វា​នឹង​មាន​កំហុស​លើក​ទី ​២ និង​កំហុស​បន្ដបន្ទាប់​ទៀត​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន បើ​កាលណា​គេ​មិន​ព្រម​សារភាព​ហើយ​កែ​កំហុស​លើក​ទី​មួយ​នោះ ផ្ទុយ​ទៅ​វិញ​គិត​តែ​ពី​ប្រឹង​កាយកប់​ត្រឡប់​ជាន់​បង្វែង​ដាន​កំហុស​របស់​ខ្លួន​ដោយ​ខ្លាច​បាក់​មុខ​។

ដូច្នេះ​បើ​សិន​ជា​មិន​ទាន់​ដឹង​ថា​និយាយ​បែប​ណា​ល្អ​ទេ គួរ​តែ​ស្ដាប់​គេ​និយាយ​សិន​ទៅ​។ សូវ​ស្ដាយ​ដោយសារ​មិន​បាន​ចេញ​ស្តី​ប្រសើរ​គប្បី​ជាង​ត្រូវ​ទទួល​ខុសត្រូវ​លើ​សម្តី​ដែល​បាន​ស្តី​ហើយ​ជ្រុលជ្រួស​លើស​លស់​លើ​អ្នក​ដទៃ​៕

យួង វិចិត្រ
អ៊ីមែលៈ yuongvichet@gmail.com

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។