មនុស្ស​ម្នាក់ៗ​ធ្វើ​សកម្មភាព​ទៅ​តាម​ការយល់​របស់​គេ​។ បើ​គេ​យល់​យ៉ាង​ណា គេ​នឹង​គិត​យ៉ាង​នោះ ហើយ​បើ​គេ​គិត​យ៉ាង​ណា គេ​នឹង​ធ្វើ​សកម្មភាព​យ៉ាង​នោះ​។ បើ​កាលណា​គេ​យល់​ត្រូវ​/​សម្មាទិដ្ឋិ​នោះ​គេ​នឹង​គិត​ត្រូវ​/​សម្មាសង្កប្ប ហើយ​ឈាន​ទៅ​ធ្វើ​សកម្មភាព​ត្រូវ​/​សកម្មភាព​សុចរិត​/​សកម្មភាព​ជា​កុសល​/​សកម្មភាព​បុណ្យ​ទៅ​​តាម​ការគិត​ត្រូវ​នោះ​។

ផ្ទុយ​មក​វិញ​កាលណា​គេ​ផ្ដើម​ចេញ​​ពី​ការយល់​ខុស​/​មិច្ឆាទិដ្ឋិ នោះ​​គេ​មុខ​ជា​គិត​ខុស​/​មិច្ឆា​សង្កប្ប ហើយ​ទង្វើ​ដែល​ធ្វើ​ដោយ​មាន​ការគិត​ខុស​ជា​គោល ជា​ទង្វើ​ខុស​/​ទង្វើ​ទុច្ចរិត​/​ទង្វើ​អកុសល​/​ទង្វើ​បាប​។

ថ្វី​ដ្បិត​ថា​បច្ចុប្បន្ន​មាន​ការរីកចម្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​ខ្លះ គួរ​ឲ្យ​កត់សម្គាល់​ក៏​ពិតមែន ក៏​ប៉ុន្ដែ​ទំហំ​ប្រទេស​យើង​ប៉ុន​នេះ ចំនួន​ពលរដ្ឋ​ប៉ុន​នេះ មិន​គួរ​ណា​ទឹកដី​សុវណ្ណភូមិ​ដែល​សម្បូរ​ដោយ​ភោគទ្រព្យ​ធម្មជាតិ​ទាំង​ក្នុង​​ទឹក​/​ដី លើ​ដី​នេះ​នៅ​តែ​មិន​អាច​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ទទួល​បាន​ផល​ពី​សង្គម​នេះ ដោយ​ស្មើភាព​គ្នា​សោះ​។ សម​ណាស់​តែ​ពលរដ្ឋ​ក្នុង​ប្រទេស​ដ៏មូល​ស្រស់​​ស្អាត​តូច​ច្រឡឹង​នេះ​អាច​រស់នៅ​ដោយ​សម្បូរ​សប្បាយ​សុខដុមរមនា រស់​ដោយ​ថ្លៃថ្នូរ​ស្មើភាព​ក្នុង​ភាព​ជា​ម្ចាស់​ប្រទេស​។ ប៉ុន្ដែ​គម្លាត​រវាង​អ្នក​មាន និង​អ្នកក្រ​នៅ​តែ​មាន ហើយ​ទំហំ​នៃ​គម្លាត​នោះ​កាន់​តែ​ឃ្លាត​ចាក​ឆ្ងាយ​ពី​គ្នា​ខ្លាំង​ឡើងៗ​។

ពលរដ្ឋ​នៅ​តែ​រស់​ពឹង​ឆន្ទៈ​អ្នក​កាន់​អំណាច​ដោយ​គ្មាន​ប្រព័ន្ធ​ធានា​តុល្យភាព​អំណាច​រវាង​ពលរដ្ឋ​ និង​អ្នក​កាន់​ការងារ​ស្រុកទេស​​នៅ​ឡើយ​។ បែប​នេះ​តើ​អ្នក​អាច​ស្រែក​ថា​ខ្លួន​ថ្លៃថ្នូរ​កើត​ទេ​? ​ទោះ​​បី​អ្នក​ជា​សេដ្ឋី​លុយ​វាល់​លាន​​ក៏ដោយ ក៏​អ្នក​មិន​អាច​ស្វែងរក​ភាព​ថ្លៃថ្នូរ​ដាច់​ដោយ​ឡែក​ចេញ​​ពី​ភាព​មិន​ថ្លៃថ្នូរ​ជា​រួម​នៃ​ពូជសាសន៍​ខ្លួន​បាន​ដែរ​។ ​

មាន​ន័យ​ថា​អ្នក​អាច​កាន់​លុយ​ម៉ឺន​ដុល្លារ​​ទៅ​ទិញ​ទំនិញ​ថ្លៃៗ​ផ្ទាល់​ខ្លួន​នៅ​​បរទេស ដោយ​គិត​ថា​បរទេស​គេ​ស្បើម​ថា​អ្នក​អស្ចារ្យ ក៏ ​ប៉ុន្ដែ​ពេល​ដែល​ក្រឡេក​ឃើញ​លិខិត​​ឆ្លង​ដែន​របស់​អ្នក បរទេស​នឹង​មិន​ភ្លេច​ឡើយ​ថា​អ្នក​គឺជា​ខ្មែរ​! ពេល​ដែល​អ្នក​មាន​ប្រាក់​ហៀរហូរ​បែរ​ជា​ពលរដ្ឋ​ភាគច្រើន​កំពុង​តែ​រស់​ដោយ​ក្រីក្រ​លំបាក សួរ​ថា​តើ​អ្នក​អាច​ថ្លៃថ្នូរ​ដាច់​តែ​​ឯង​កើត​ទេ​? បរទេស​មាន​តែ​​លួច​ចំអក​ថា នោះ​ហើយ​ជាតិសាសន៍​ដែល​មិន​ចេះ​គិត​ពី​សុខទុក្ខ​ជន​រួម​ឈាម​ខ្លួនឯង​។ ​តើ​ខ្មែរ​​មក​ដល់​ថ្ងៃ​នេះ​ដោយសារ​តែ​កម្មជាតិ​មុន​របស់​ខ្មែរ​មែន​ទេ​? ទេ​! លទ្ធផល​បែប​នេះ​គឺ​មកពី​ការយល់​ខុស​របស់​ពលរដ្ឋ​យើង​​ជាទូទៅ​ទៅ​លើ​រឿង​ធំៗ​ ៣ ​ដូច​ខាងក្រោម ៖

1.​ការយល់​ខុស​ទី​ ១ របស់​ពលរដ្ឋ​គឺ​យល់​ថា​ព្រះធម៌​ជា​សាសនា​។ ខ្មែរ​នាំ​គ្នា​យល់​ខុស​ថា ពិធី​សាសនា​ជា​ពិធីកម្ម​ទុក​សម្រាប់​សូត្រ​ដើម្បី​ប្រាថ្នា​ចៀស​​ឆ្ងាយ​ពី​នរក និង​ សម្រាប់​សូត្រ​បួងសួង​សុំ​ឡើង​ឋានសួគ៌​។ អ្នក​ដែល​និយាយ​ថា​ខ្លួន​ជា​ពុទ្ធបរិស័ទ​មិន​បាន​យក​មេរៀន​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូ​នៃ​យើង​មក​ប្រើ​ក្នុង​ការ​តម្រង់​ទិស​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​តាម​លំអាន​ព្រះពុទ្ធ​ឲ្យ​រួច​ផុត​ចាកទុក្ខ ឬ​ហោច​បំផុត​ដើម្បី​ភាព​សុខដុមរមនា​ក្នុង​ជីវិត​បច្ចុប្បន្ន​ជាមួយ​អ្នក​ដទៃ​ឡើយ ។

ផ្ទុយ​ទៅ​វិញ​គេ​បែរ​ជា​នាំ​គ្នា​ធ្វើ​ពិធី​សាសនា​នានា​ជា​ស្ពាន​ទៅ​ឋានសួគ៌​ជាតិ​ក្រោយ​។ ​ព្រះពុទ្ធ​មិន​ដែល​បង្រៀន​ឲ្យ​បរិស័ទ​នាំ​គ្នា​ធ្វើ​ពិធី​នានា​តាម​ជំនឿ​ឥត​ហេតុផល​ឡើយ​។ ព្រះអង្គ​មាន​តែ​បង្រៀន​ឲ្យ​ចេះ​គិត​ពី​ហេតុ​ និង​ផល​នៃ​អំពើ​របស់​បុគ្គល​ម្នាក់ៗ​។

2.​ការ​យល់​ខុស​ទី ២ របស់​ពលរដ្ឋ​គឺ​រឿង​សីលធម៌​។ ​មនុស្ស​​ឥឡូវ​សម្លឹង​តែ​សកម្មភាព​ខាងក្រៅ​ដោយ​មិន​ដែល​គិត​ដល់​មនោ​/​ចិត្ដ​សោះ​ឡើយ​។ ការប្រឹង​រៀប​ឫកពា​ឲ្យ​មើល​ទៅ​រាង​ស្លូតៗ​សុភាពរាបសា​រុយ​ទំ​សឹង​​មិន​លើក​ដៃ​បក់ ខឹង​គេ​ដែរ​តែ​ប្រឹង​ញញឹម​មិន​ឲ្យ​គេ​ដឹង​ថា ខ្លួន​ខឹង​ឲ្យ​គេ​ថា ខ្លួន​មាន​ខន្ដី ការប្រឹង​និយាយ​ថ្នមៗ​ដោយ​បន្ទន់​សំឡេង​ធ្វើ​រាង​ម្ញែកៗ ការ​ស្លៀកពាក់​ស​ឲ្យ​គេ​មើល​មក​ថា​ខ្លួន​ជា​អ្នក​ធ្វើ​បុណ្យ​ជាដើម ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ថា​ជា​អ្នក​មាន​សីល​។

ការពិត​ទៅ​ការរៀបរយ​សកម្មភាព​ខាង​ក្រៅ​ដើម្បី​ឲ្យ​ចូល​ចំណោម​ក្នុង​ពិធី​ប្រពៃណី​មួយ​ចំនួន​ជា​រឿង​សុជីវធម៌​សោះ បែរ​ជា​ត្រូវ​បាន​គេ​ហៅថា ជា​បុគ្គល​មាន​សីល​ទៅ​វិញ​។ ផ្ទុយ​ទៅ​វិញ​ការ​ភូតកុហក​ក្រឡិចក្រឡុច​បោកប្រាស់​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ដ​គ្នា ភាព​អនាចារ​​ដែល​កើត​មាន​ពេញ​សង្គម មិន​​ត្រូវ​បាន​គេ​វែកមុខ​ថា​ជា​ទង្វើ​អសីលធម៌​ឡើយ​។ លើស​ពី​នេះ​​គេ​មាន​តែ​ប្រឹង​នាំ​គ្នា​ជួយ​បិទបាំង​​កាយកប់​ត្រឡប់​ជាន់​ថែម​ទៀត​។

3.​ការ​យល់​ខុស​ទី​ ៣ ​។​ពលរដ្ឋ​មិនតិច​ទេ​ដែល​យល់ថា នយោបាយ​មិនមែន​ជា​រឿង​របស់​ពលរដ្ឋ​ធម្មតា​ត្រូវ​គិត​ឡើយ តែ​វា​ជា​ភារៈ​ផ្ដាច់មុខ​របស់​អ្នក​នយោបាយ​។ ភាគច្រើន​នាំ​គ្នា​ថា បើ​ជា​កសិករ​គិត​តែ​រឿង​ធ្វើស្រែ​ចម្ការ​ទៅ​។ បើ​ជា​អ្នក​រត់​ម៉ូតូឌុប​គិត​តែ​ពី​រឿង​រត់​ម៉ូតូឌុប​ទៅ​។ បើ​ជា​កម្មករ-កម្មការិនី​រោងចក្រ​គិត​តែ​រឿង​ធ្វើការ​រោងចក្រ​​ទៅ​។ បើ​ជា​អ្នក​រកស៊ី​លក់ដូរ​គិត​​តែ​រឿង​លុយ​កាក់​លក់ដូរ​ទៅ​។ បើ​ជា​ស្ដ្រី​មេផ្ទះ​គិត​តែ​រឿង​ចង្ក្រាន​​ចាន​ឆ្នាំង​ទៅ​។

បើ​ជា​សិស្ស​និស្សិត​គិត​តែ​ពី​រឿង​រៀន​ទៅ​ដោយ​គេ​ហាមឃាត់​មិន​ឲ្យ​​សិស្ស​និស្សិត និយាយ​រឿង​នយោបាយ​ក្នុង​សាលា​។ នេះ​ជា​ការ​យល់​ខុស​ទី​ ៣ ​របស់​ពលរដ្ឋ ដែល​យល់​ខុស​ថា នយោបាយ​ជា​រឿង​របស់​អ្នក​នយោបាយ ចំណែកឯ​ពលរដ្ឋ​ធម្មតា​មិន​ចាំបាច់​ដឹងឮ​រឿង​នយោបាយ​ទេ​។ ឪពុកម្ដាយ​ខ្មែរ​តែងតែ​ប្រាប់​កូនចៅ​ថា​រឿង​នយោបាយ​ជា​រឿង​កខ្វក់ ជា​រឿង​​ដែល​គួរ​ឲ្យ​ខ្លាច ជា​រឿង​ដែល​នាំ​មក​នូវ​គ្រោះថ្នាក់ ហើយ​ហាមប្រាម​កូនចៅ​មិន​ឲ្យ​ចូលរួម​រឿង​នយោបាយ​ដោយ​ពួកគាត់​​រង់ចាំ​ឲ្យ​អ្នក​នយោបាយ​មក​ធ្វើ​ប្រជាធិបតេយ្យ​ឲ្យ ។

បើ​គេ​អាច​​ធ្វើ​ប្រជាធិបតេយ្យ​ជួស​ពលរដ្ឋ​គឺ​គេ​ធំ​ជាង​ពលរដ្ឋ​ហើយ​។ គេ​ច្រើន​តែ​បំភ័យ​គ្នា​ថា ការ​មក​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​មាន​ផល​តែ​ ៣ ​ប៉ុណ្ណោះ​គឺ​បើ​មិន​ស្លាប់​ក៏​គុក ហើយ​បើ​អាច​រួច​ពី​គុក​ក៏​រត់​ចោល​ស្រុក​។ តើ​អ្នក​មាន​ធ្លាប់​គិត​ទេ​ថា​បើ​នយោបាយ​ជា​រឿង​អាក្រក់​ដល់​ម្លឹង ម្ដេច​ក៏​គេ​មាន​សាកល​វិទ្យាល័យ​បង្រៀន​អំពី​វិទ្យាសាស្ដ្រ​នយោបាយ​អ៊ីចឹង​ហ្ន​?

ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការយល់​ខុស​ទាំង​ ៣ ​ខាង​លើ​គឺ​​មាន​តែ​យើង​ចូលរួម​គ្នា​ពង្រឹង​ការយល់ដឹង​របស់​ពលរដ្ឋ​តាមរយៈ​ការពន្យល់​ប៉ុណ្ណោះ​។ គេ​ក៏​អាច​មាន​វិធានការ​ផ្សេងៗ​ទៀត​ដែរ ប៉ុន្ដែ​ការយល់​ត្រូវ​របស់​ពលរដ្ឋ​ពី​រឿង​ទាំង​នេះ​ជា​លក្ខខណ្ឌ​ដំបូង​មុន​នឹង​គេ​ឈាន​ទៅ​គិត​ត្រូវ ហើយ​ចាប់ផ្ដើម​បែរ​មក​ធ្វើ​សកម្មភាព​ត្រូវ​។ សម្មាទិដ្ឋិ​របស់​ពលរដ្ឋ​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​តែ​ធ្វើឲ្យ​បាន​មុន​នឹង​ឈាន​ទៅ​ធ្វើ​រឿង​បន្ទាប់​។

- រឿង​ទី​ ១ ដែល​ត្រូវ​កែ​តម្រូវ​គឺ​ការយល់​ខុស​របស់​ពលរដ្ឋ​អំពី​ព្រះធម៌​។ ព្រះធម៌​ជា​មេរៀន​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ​​ដែល​ទ្រង់​បង្រៀន​ពី​ធម្មជាតិ​បង្រៀន​ឲ្យ​ចេះ​គិត​ត្រិះរិះ​ពិចារណា​ហេតុ និង​ផល​ឲ្យ​ចេះ​បែងចែក​អ្វី​ល្អ​អ្វី​អាក្រក់​ឲ្យ​ដឹង​អ្វី​គួរ​ធ្វើ អ្វី​មិន​គួរ​។ ព្រះធម៌​មិនមែន​ជា​ជំនឿ​ដែល​គិត​តែ​ពី​នាំគ្នា​បិទ​ក្បាល​ឈប់​គិត​ហើយ​ជឿ​យកៗ​​នោះ​ទេ តែ​ជា​មេរៀន​ដែល​អាច​ពិចារណា​ឃើញ និង​ពិសោធ​ផ្ទាល់​បាន​។ ​ទ្រង់​បង្រៀន​ឲ្យ​ចេះ​ធ្វើ​បុណ្យ​លះ​នូវ​ភាព​អាត្មានិយម ។ បុណ្យ​សំដៅ​ទង្វើ​ទាំងឡាយ​ណា​ដែល​មិន​បៀតបៀន​នាំ​ទុក្ខ​ដល់​ខ្លួនឯង និង​អ្នកដទៃ ហើយ​ផ្ដល់​ក្ដី​សុខ​ដល់​អ្នក​ដទៃ​។

ឯ​ទង្វើ​រុកកួន​បៀតបៀន​នាំ​ការឈឺចាប់​ដល់​ខ្លួនឯង និង​អ្នកដទៃ​ជា​ទង្វើ​បាប​។ ក្នុង​ន័យ​នេះ​បុណ្យ និង​បាប​ស្ថិត​លើ​មនោ​/-​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ ។

បុណ្យ​មិនមែន​កើតឡើង​ដោយសារ​ការ​យក​មាស​ទៅ​បូជា​ធ្មេញ​ព្រះពុទ្ធ​នៅ​ឥណ្ឌា បុណ្យ​មិន​អាច​កើតឡើង​ដោយ​ការនាំ​គ្នា​ទៅ​ទូល​គម្ពីរ​ព្រះត្រៃបិដក​បុណ្យ​​មិន​អាច​កើត​ដោយ​ការសូត្រធម៌​សុំ​បុណ្យ​មិន​អាច​កើតឡើង​​ដោយ​ការ​លូន​យក​ទឹកអប់​ទៅ​បាញ់​ជើង​ ឬ​ លូន​ទៅ​បាចផ្កា​ទ្រាប់​ជើង​ធម្មាចារ្យ ឬ​ព្រះសង្ឃ បុណ្យ​មិន​កើត​ដោយសារ​ការ​ប្រគេន​ស្បែកជើង​មាស​ទៅ​ព្រះសង្ឃ​ជាដើម​នោះ​ទេ​។ ព្រះពុទ្ធ​ត្រាស់​តែ​ពី​សីល សមាធិ និង​បញ្ញា​គឺ​រក្សាសីល​ដើម្បី​មាន​សម្មាសមាធិ​។ ​

សមា្មសមាធិ​ដើម្បី​​ឈាន​ទៅ​បដិបត្ដិវិបស្សនា​ឲ្យ​​កើត​បញ្ញា​។ បញ្ញា​មាន ៣ ​ថ្នាក់ គឺ​សុតមយប្បញ្ញា​/​បញ្ញា​កើត​ពី​ការ​ស្ដាប់​ចិន្ដាមយប្បញ្ញា​/​បញ្ញា​​កើត​ពី​ការគិត​ត្រិះរិះ​ និង​ភាវនាមយប្បញ្ញា​/​បញ្ញា​កើត​ពី​ការ​បដិបត្ដិ​វិបស្សនា​។ មើល​ចុះ​!​គ្មាន​​បញ្ញា​កើត​ដោយ​សូត្រធម៌​សុំ​ទេ​។

ព្រះសម្មាសម្ពុទ្ធ យាង​ចោល​បល្ល័ង្ក​មាសប្រាក់​កែវកង បែរជា​ឥឡូវ​បរិស័ទ​នាំ​គ្នា​លូន​យក​របស់​ទាំង​នោះ​ទៅ​បូជា​ពុទ្ធបដិមា​ទៅ​វិញ​។ ​តើ​ធ្វើ​បែប​នេះ​ខុស​ ឬ​ត្រូវ​? ​តើ​មាន​ ឬ​គ្មាន​ប្រយោជន៍​? ទ្រង់​ត្រាស់​ថា​ត្រូវ​ចេះ​ធ្វើ​បុណ្យ​ប្រកប​ដោយ​បញ្ញា​មិន​ខ្ចី​ស្ដាប់​ទ្រង់​ទេ​។ ទ្រង់​ត្រាស់​ថា​ឲ្យ​ធ្វើ​បុណ្យ​ទី​ភ្លឺ​គឺ​ធ្វើ​តែ​ត្រង់​ណា​ដែល​ពិចារណា​ឃើញ​ក៏​មិន​ខ្ចី​តាម​ទ្រង់​ដែរ​។ ​ទ្រង់​ត្រាស់​ថា​សម្មាទិដ្ឋិ​ជា​ខាង​ដើម​នៃ​អំពើ​ក៏​មិន​ខ្ចី​ស្ដាប់​ទ្រង់​។ ម្លឹង​ហើយ​គេ​នៅ​តែ​អាច​នាំ​គ្នា​ស្រែក​ថា​ខ្លួន​ជា​ពុទ្ធបរិស័ទ​កើត​ទៀត​ហ្ន​?

ការ​ឱបដៃ​ឈរ​មើល​ពលរដ្ឋ​រស់​រងទុក្ខ ឯ​ខ្លួនឯង​បែរ​ជា​គិត​​តែ​ពី​យួរ​ចាន​ស្រាក់​ទៅ​វត្ដ​ប្រាថ្នា​​សុំ​ទៅ​ឋានសួគ៌​តែ​ខ្លួន​ឯង​មិនមែន​ជា​ទង្វើ​បុណ្យ​ឡើយ​។ វា​​ជា​ចិត្ដ​អាត្មានិយម​ទៅ​វិញ​ទេ ដែល​ពេល​ហុច​អ្វី​មួយ​ឲ្យ​អ្នកដទៃ​ដោយ​មាត់​និយាយ​ថា ធ្វើ​បុណ្យ បែរ​ទៅ​ចិត្ដ​រំពឹង​ចាំ​បាន​បុណ្យ​មក​វិញ​។ នោះ​គឺជា​ចិត្ដ​បាប​ដែល​ធ្វើ​អ្វីៗ​ដើម្បី​មុខមាត់​ឲ្យ​គេ​មើល​មក​ថា​ខ្លួន​ជា​មនុស្ស​ចេះ​ធ្វើបុណ្យ ដែល​ការពិត​ក្រៅពី​ធ្វើ​ជំនួញ​បុណ្យ​គឺ​គេ​នៅ​ធ្វើ​យក​មុខ​មាត់​។ មាន​មិន​តិច​ទេ​ដែល​គេ​ទៅ​ចែក​អំណោយ បើ​កាល​ណា​គ្មាន​ម៉ាស៊ីន​ថតរូប​ទុក​ផូស្ត​ហ្វេសប៊ុក គេ​មិន​ទាន់​ចែក​អំណោយ​នោះ​ទេ ព្រោះ​​បើ​ចែក​បែប​នោះ​គ្មាន​នរណា​ឃើញ​។ ក្នុង​ចិត្ដ​គេ​កាលណា​ធ្វើ​​អ្វី​មួយ​ទាល់​តែ​មាន​គេ​ដឹង​ទើប​គេ​ធ្វើ​។ ​នោះ​ជា​ចិត្ដ​អាក្រក់​។ តើ​ពួកគេ​កំពុង​តែ​ធ្វើ​អ្វី​? ​បើ​អ្នក​ជា​ពុទ្ធបរិស័ទ​មិន​គួរ​មិន​ធ្លាប់​ឮ​ថា​គឺ​ភិក្ខុភិក្ខុនី​ឧបាសកឧបាសិកា​ក្នុង​សាសនា​តែ​ម្ដង​ដែល​ជា​អ្នក​បំផ្លាញ​ព្រះធម៌​។

- រឿង​ដែល​ត្រូវ​ពន្យល់​ទី​ ២ គឺ​រឿង​សីលធម៌​។ សីលធម៌​ជា​អំពើ​ល្អ​អំពើ​ជា​​កុសល​ដែល​បុគ្គល​ម្នាក់ៗ​ធ្វើ​រហូត​ក្លាយ​ជា​ប្រក្រតី​ដែល​ដុះ​ស្អិត​ក្នុង​ចិត្ដ​។ សីលធម៌​សំដៅ​ដល់​មនោសុចរិត មិន​វាស់​ត្រឹម​តែ​សកម្មភាព​តាម​កាយ​ និង​វាចា​ឡើយ​។ បើ​ចិត្ដ​គេ​មិន​ស្អាត គិត​បៀតបៀន​ច្រណែន ចង់​កេង​ចំណេញ​ពី​អ្នកដទៃ តែ​គេ​ប្រឹង​សម្ដែង​ចេញ​តាម​កាយ និង​វាចា​ថា​គេ​ជា​អ្នក​មាន​សីល នោះ​ជា​ទង្វើ​អសីលធម៌​។

ការ​ភូតកុហក​​បោកប្រាស់​បន្លប់​បន្លំ​ឲ្យ​ពលរដ្ឋ​ងប់​ជឿ​​តាម​ដោយ​អ្នក​នយោបាយ​ខ្លះ ការនាំ​មនុស្ស​ធ្វើ​ពិធី​សាសនា​ក្នុង​ចេតនា​កេង​ប្រយោជន៍​ផ្ទាល់​ខ្លួន​និយាយ​ចំពោះ​ធម្មិក​ដែល​នាំ​បរិស័ទ​ធ្វើ និង​ការ​ទៅ​ធ្វើ​ពិធី​សាសនា​តាម​គេ​ដោយ​លេប​ទឹក​មាត់​ចាំ​ទៅ​ឋានសួគ៌​ជា​ការធ្វើ​ជំនួញ​បុណ្យ​ជា​ទង្វើ​អសីលធម៌ ជា​ទង្វើ​ទុច្ចរិត ជា​ទង្វើ​បាប​។

- រឿង​ទី​ ៣ ដែល​ត្រូវ​កែតម្រូវ​គឺ​ការ​យល់​ខុស​ចំពោះ​រឿង​នយោបាយ​។ នយោបាយ​ជា​រឿង​របស់​ពលរដ្ឋ​គ្រប់ៗ​រូប​ត្រូវ​ចូលរួម​គិត​ចូលរួម​ធ្វើ​ចូលរួម​ទទួល​ខុសត្រូវ​។ ​ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការដឹងឮ​រឿង​ជាតិ​ជា​ការ​ចូលរួម​បំពេញ​កាតព្វកិច្ច​របស់​ពលរដ្ឋ​​ថ្លៃថ្នូរ​ក្នុង​ការកសាង​សង្គម​ប្រជាធិបតេយ្យ​។ កាលណា​ពលរដ្ឋ​ចេះ​តាមដាន​នយោបាយ​ជាប់​ជាប្រចាំ​ដោយ​ការយល់ដឹង នោះ​វា​នឹង​ជំរុញ​នូវ​យន្ដការ​តម្លាភាព និង​គណនេយ្យភាព​​របស់​អ្នក​កាន់​ការងារ​ស្រុកទេស​ចំពោះ​មុខ​ពលរដ្ឋ​ម្ចាស់​ប្រទេស​។

ប៉ុន្ដែ​ប្រសិន​បើ​ពលរដ្ឋ​លើស​ពី​ពាក់​កណ្ដាល​ប្រទេស​គ្មាន​ការយល់ដឹង​ពី​រឿង​នយោបាយ​ទេ បើ​ទោះបី​ជា​ពលរដ្ឋ​មាន​អំណាច​ក៏​គេ​មិន​អាច​ឈាន​ទៅ​ប្រើប្រាស់​អំណាច​នោះ​បាន​ជា​ប្រយោជន៍​ដែរ មាន​តែ​បង្កបញ្ហា​ដោយសារ​តែ​ភាព​អនាធិបតេយ្យ​នៃ​ការប្រើប្រាស់​សិទ្ធិ​ហួស​ព្រំដែន​ដោយ​គ្មាន​ការយល់ដឹង​ជា​មិនខាន​។ គ្មាន​ផលប្រយោជន៍​ពលរដ្ឋ​ណា​មួយ​អាច​កើតឡើង​ពិតប្រាកដ​ឡើយ នៅពេល​ដែល​ពលរដ្ឋ​មិន​នាំ​គ្នា​ចូលរួម​ធ្វើ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​នាំ​គ្នា​ទុក​រឿង​ជាតិ​ឲ្យ​តែ​អ្នក​នយោបាយ​ចាត់ចែង​ស្រេច​ចិត្ដ​។

ប្រទេស​នេះ​ជា​របស់​យើង​ទាំងអស់​គ្នា មិន​គួរ​ណា​យើង​ទុក​ឲ្យ​អ្នក​នយោបាយ​តែ​ប៉ុន្មាន​នាក់ មក​ក្រឡុក​ស្រេច​នឹង​ចិត្ដ​​របស់​គេ​ឡើយ​។ ពេល​អ្នក​នយោបាយ​មិន​ត្រូវ​គ្នា​គេ​ក៏​ថា​មាន​វិបត្ដិនយោបាយ​​ដែល​ធ្វើឲ្យ​ពលរដ្ឋ​ភិតភ័យ និង​ព្រួយបារម្ភ​ខ្លាច​ប្រទេស​មាន​សង្គ្រាម​។ អ្វីៗ​កើតឡើង​មិន​នៅ​លើ​ពលរដ្ឋ​ម្ចាស់​ប្រទេស​សម្រេច​សោះ​។ តើ​ប្រទេស​នេះ​ជា​របស់​អ្នក​នយោបាយ​តែ​ប៉ុន្មាន​នាក់​នោះ​ឬ​ក៏​យ៉ាង​ម៉េច​? ម្ដេច​ក៏​គេ​ចង់​ធ្វើ​អី​មិន​រអែង​ក្រែង​ចិត្ដ​ម្ចាស់​ប្រទេស​​អី​សោះ​យ៉ាង​នេះ​? ក្នុង​ន័យ​ត្រឹមត្រូវ វាសនា​ជាតិ​សាសន៍​នេះ​ទៅ​ជា​យ៉ាងណា​គឺ​មាន​ចំណែក​នៃ​ការទទួល​ខុសត្រូវ​របស់​ពួកយើង​ទាំងអស់​គ្នា​ដែល​ជា​ម្ចាស់​ប្រទេស​។

នយោបាយ​មិនមែន​ជា​មធ្យោបាយ​ដើម្បី​បាន​អំណាច និង​លាភសក្ការៈ​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​ជា​កាតព្វកិច្ច​ចូលរួម​របស់​ពលរដ្ឋ​គ្រប់ៗ​រូប​ដោយ​ការទទួល​ខុសត្រូវ​ដើម្បី​សេចក្តីសុខ​របស់​ពលរដ្ឋ​​មួយ​ប្រទេស​។ ការចូលរួម​ក្នុង​ចលនា​នយោបាយ​ណា​មួយ​ដោយ​ដួង​ចិត្ដ​ស្មោះត្រង់ លះបង់​នូវ​ភាព​អាត្មានិយម​ដែល​គិតតែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ចង់​ជួយ​ជាតិ​ជា​ការ​ធ្វើ​បុណ្យ​ជួយ​ជាតិ​។

នោះ​ជា​សីលធម៌​ក្នុង​ការ​ទទួល​ខុសត្រូវ​​ផ្នែក​មនសិការ​ខ្ពស់​បំផុត​របស់​មនុស្ស​។

តើ​មានបុណ្យ​ឯណា​ទៀត​ដែល​មាន​ទំហំ​ជាង​ការ​ធ្វើ​នយោបាយ​ជួយ​ជាតិ ដែល​អាច​ជួយ​ជន​រួម​ឈាម​បាន​រាប់​លាន​នាក់​ឲ្យ​រស់​បាន​សុខ​? នេះ​ជា​​ការ​ធ្វើ​បុណ្យ​ទី​ភ្លឺ​ដែល​អាច​ពិចារណា​ឃើញ​។ កាលណា​បណ្ដុះ​បាន​ពលរដ្ឋ​ខ្លឹម មាន​ការ​យល់ដឹង មាន​ការ​ទទួល​ខុសត្រូវ មាន​សេចក្ដី​ថ្លៃថ្នូរ​បែប​នោះ ទើប​យើង​យក​កម្លាំង​នៃ​ពលរដ្ឋ​ដែល​មាន​គុណភាព​នោះ​ទៅ​ចូលរួម​ប្រែក្លាយ​សង្គម​ទាំង​មូល​ឲ្យ​ក្លាយ​ទៅ​ជា​សង្គម​ថ្លៃថ្នូរ​ពិតប្រាកដ​បាន​៕

ប៉ាង វ៉ាន់ថោន​, អ៊ីមែលៈ vanthownpang@yahoo.com