ថ្វីដ្បិត​ថា​យើង​មិន​អាច​ពង្រីក​ទឹកដី​បាន​ក៏ដោយ ក៏ប៉ុន្តែ​យើង​ក៏​អាច​ពង្រីក​វិសាលភាព​នៃ​ជីវិត និង​គំនិត​របស់​យើង​បាន​ដោយ​គ្មាន​កំណត់​។ ប្រសិនបើ​យើង​ធ្វើការ​គោរព​គ្នា​ទៅវិញ​ទៅមក​ធ្វើ​ទំនាក់ទំនង និង​កិច្ចប្រតិបត្តិការ​រវាង​គ្នា នោះ​កម្រិត​របស់​វិសាលភាព​នៃ​សេដ្ឋកិច្ច និង​វប្បធម៌​របស់​យើង​ក៏​នឹង​រីកលូតលាស់​គ្មាន​ព្រំដែន​កំណត់​ផងដែរ​។

ខ្ញុំ​សង្ឃឹមថា កិច្ចប្រជុំ​កំពូល​ទាំង​ ២ នាឱកាស​នេះ​នឹង​ជួយ​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​នឹង​ប្រទេស​អាស៊ាន​ដែល​ស្ថិត​នៅ​ត្រើយម្ខាង​ទៀត​នៃ​ជើង-មេឃ​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ព្រមទាំង​ត្រូវ​ផ្តិត​ជាប់​ជា​លម្ហ​នៃ​ជីវិត​ក្នុង​ស្មារតី​របស់​ប្រជាជន​កូរ៉េ​។

បណ្តា​ប្រទេស​នៃ​អាស៊ាន​ដែល​ប្រកប​ដោយ​ភាពរស់រវើក​សម្បូរ​ទៅ​ដោយ​យុវជន​ដែល​ជា​កម្លាំង​ចលករ និង​មាន​សក្តានុពល​ក្នុង​ការរីកលូតលាស់​យ៉ាងខ្លាំង​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ បណ្តា​ប្រទេស​ទាំងនេះ​មាន​បំណង​ចង់​លូតលាស់​ជា​ជំហានៗ​ស្រប​តាម​របៀប​របស់​ខ្លួន​ដោយ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ដែល​មាន​លក្ខណពិសេស​​ដោយ​ឡែក​ពីគ្នា​របស់ខ្លួន ហើយ​បទពិសោធ​របស់​យើង​ដែល​បាន​សម្រេច​នូវ​កំណើន​សេដ្ឋកិច្ច និង​លទ្ធិប្រជាធិបតេយ្យ​ដោយ​រក្សា​អត្តសញ្ញាណ​របស់​ខ្លួន​ក្នុង​ចំណោម​បណ្តា​ប្រទេស​មហាអំណាច​បាន​ក្លាយ​ទៅជា​មូលហេតុ​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​អាស៊ាន​។ កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​ជាមួយ​អាស៊ាន​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​ថ្ងៃ​អនាគត​ទៅវិញទៅមក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផ្តោត​ជា​សំខាន់​លើ​ភាពសុខដុមរមនា និង​ការអនុគ្រោះ​។ ទោះបី​ជា​មាន​ការកើនឡើង​នូវ​បញ្ហា​មួយ​ចំនួន​ដូចជា​ការបែកខ្ញែក​គ្នា បញ្ហា​អាកាសធាតុ និង​បរិស្ថាន វិវាទ​ជា​លក្ខណៈ​អន្តរជាតិ​ជាដើម​កាន់តែ​ច្រើន​ឡើង​ក៏ដោយ ក៏ប៉ុន្តែ​អាស៊ាន​បាននិង​កំពុង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ទាំងនោះ​យ៉ាង​ឆាប់រហ័ស​តាមរយៈ​កិច្ចសន្ទនា​។

ទាំងនេះ​ គឺ​ដោយសារ​មូលដ្ឋានគ្រឹះ​នៃ​ស្មារតី​របស់​អាស៊ាន​ដែល​បាន​ទទួលយក​នូវ​ការរស់នៅ​រួមគ្នា​ជា​សីលធម៌​មូលដ្ឋាន​។ សតវត្សរ៍​ទី​ ២១ ​នឹង​ផ្តល់​សេចក្តីសង្ឃឹម​ដល់​មនុស្សជាតិ​តាមរយៈ​បញ្ញា​ដ៏ឈ្លាសវៃ​របស់​អាស៊ី​។

ទីក្រុង​ ប៊ូសាន គឺ​ជាទី​ប្រសព្វ​រវាង​ទ្វីប និង​សមុទ្រ​។ ក្នុងនាម​ជា​ប្រទេស​ស្ពាន​ដែល​តភ្ជាប់​រវាង​ទ្វីប និង​សមុទ្រ ក្តីសុបិន្ត​យូរអង្វែង​របស់​យើង​គឺ​ធ្វើការ​ស្រូបយក និង​តភ្ជាប់​នូវ​គុណសម្បត្តិ​របស់​ភាគី​ទាំងសងខាង​។ យើង​បាន​ត្រួសត្រាយ​ផ្លូវ​សមុទ្រ​ជាច្រើន​បន្ថែម​ទៀត​ដោយ​កសាង​ចំណង​មិត្តភាព​ជាមួយ​នឹង​ប្រទេស​ទាំង​ ១០ ​នៃ​អាស៊ាន​។ កិច្ចការ​ដែល​នៅ​សេសសល់​ទៀត​នោះ គឺ​ការឆ្លងកាត់​ទ្វីប​តាម​ផ្លូវគោក​ចាប់ពី​ទីក្រុង​ប៊ូសាន​។

ទោះបី​ជា​មាន​វិបត្តិ​ដ៏លំបាក និង​ឧបសគ្គ​នៅ​ខាង​មុខ​យើង​យ៉ាងណា​ក៏ដោយ ក៏​មិនអាច​លះបង់​ក្តី​សុបិន​ក្នុង​ការក្លាយ​ទៅ​ជា​ប្រទេស​ស្ពាន​ដែរ​។ យើង​មិនមែន​ជា​ប្រទេស​ដែល​ឆ្លងកាត់​ការលំបាក​ក្នុង​ចំណោម​ប្រទេស​មហាអំណាច ក៏ប៉ុន្តែ​អាច​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​កសាង​សន្តិភាព និង​វិបុលភាព​ដោយ​ជួយ​ធ្វើការ​ភ្ជាប់​រវាង​បណ្តា​ប្រទេស​មហាអំណាច​បាន​។

ទីក្រុង​ប៊ូសាន​គឺ​ជា​ទីផ្តួចផ្តើម​នៃ​ដំណើរ​នេះ​។ ខ្ញុំ​ចង់​អនុវត្ត​នូវ​ក្តីសុបិន​នោះ​ជាមួយ​នឹង​ប្រជាជន​ទាំងឡាយ​។

ក្នុង​វេលា​នេះ​គឺ​ដល់ពេល​ត្រូវ​ជូន​ដំណើរ​ភ្ញៀវ​ដ៏សំខាន់​របស់​យើង​ហើយ​។ ក្នុង​រយៈពេល​ ៤ ​ថ្ងៃ​កន្លង​ទៅ​នេះ​គឺជា​ពេលវេលា​ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្តីសុបិន​នៃ​អាស៊ាន​ក៏​ជា​ក្តី​សុបិន​នៃ​កូរ៉េ​ផងដែរ​។ ភាពអនុគ្រោះ និង​ឆន្ទៈ​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់​បាន​ផ្តល់ជូន​នៅក្នុង​កិច្ចប្រជុំ​លើក​នេះ​នឹង​កាន់តែ​ជួយ​ធ្វើការ​ផ្លាស់ប្តូរ​អាស៊ី និង​ពិភពលោក​ឲ្យ​ក្លាយ​ទៅ​ជា​ទីកន្លែង​ប្រកប​ទៅ​ដោយ​ភាពកក់ក្តៅ រស់រវើក និង​ពោរពេញ​ទៅដោយ​សន្តិភាព​បន្ថែម​ទៀត​។

សូម​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​ជាមួយ​គ្នា​ក្នុង​ឱកាស​នេះ​។ សូម​អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​មាតុប្រទេស​វិញ រួម​ជាមួយ​នឹង​ការចងចាំ​ល្អៗ​៕