នៅក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នូវ​ការរីករាលដាល​នៃ​ជំងឺ​ COVID-19 ​ប្រទេស​ជាច្រើន​ក៏មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ដល់​ប្រទេសជាតិ និង​សង្គម​របស់​ពួកគេ​ដែលជា​មូលហេតុ​ចាំបាច់​តម្រូវ​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់​។ មាន​រដ្ឋាភិបាល​ជាច្រើន​បានប្រកាស​ដាក់​ប្រទេស​ជាតិ​ខ្លួន​ក្នុងស្ថានភាព​អាសន្ន​រួច​ទៅហើយ​ស្របតាម​ស្ថានភាព តម្រូវការ និង​បទដ្ឋាន​ច្បាប់​នៃ​ប្រទេស​នីមួយៗ​។

ដោយឡែក​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​កោះប្រជុំ​ក្រុម​អ្នកជំនាញ​ច្បាប់ និង​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដើម្បី​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ (“​ច្បាប់​ស្តីពី​ភាពអាសន្ន​”)​។

សេចក្តី​ព្រាងច្បាប់​មួយ​ដែល​មាន ៥ ​ជំពូក និង​ ១២ ​មាត្រា​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​នៅ​ថ្ងៃទី​ ១០ ខែមេសា ហើយ​វា​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​អនុម័ត​ដោយ​ព្រឹទ្ធសភា​ដោយ​គ្មាន​ការកែសម្រួល​ច្រើន​ទេ បន្ទាប់មក​នឹង​​ត្រូវ​ប្រកាស​ឱ្យប្រើ​ជា​បន្តបន្ទាប់​ដោយ​ប្រមុខរដ្ឋ​ក្នុងអំឡុង​ខែ​តែមួយ​ផងដែរ ក្រោយពី​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សាធម្មនុញ្ញ​។

ច្បាប់​នេះ​មាន​ចែង​អំពី​បែបបទ នីតិវិធី និង​លក្ខខណ្ឌ​នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​វិធានការ​មួយ​ចំនួន​ដែល​ត្រូវអនុវត្ត​ដោយ​រាជរដ្ឋាភិបាល​របប​រាយការណ៍​របស់​រាជរដ្ឋាភិបាល​ជូន​រដ្ឋសភា និង​ព្រឹទ្ធសភា និង​ទោស​ប្បញ្ញត្តិ​ចំពោះ​បទល្មើស​រារាំង​ដល់​ប្រតិបត្តិការ និង​បទ​មិន​គោរព​វិធានការ​របស់​រាជរដ្ឋាភិបាល​។

ក្នុង​ក្របខ័ណ្ឌ​ច្បាប់​របស់​កម្ពុជា រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​មានចែង​អំពី​សញ្ញាណ​នៃ​ភាព​អាសន្ន ប៉ុន្តែ​វា​មិនបាន​ផ្តល់​និយមន័យ​ច្បាស់លាស់​អំពី​សញ្ញាណ​នេះ​ទេ​។ ​មាត្រា​ ២២ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ចែងថា​ “​នៅពេល​ប្រជាជាតិ​ប្រឈម​នឹង​គ្រោះថ្នាក់​​ព្រះមហាក្សត្រ​ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ​ដាក់​ប្រទេសជាតិ​នៅក្នុង​ភាពអាសន្ន ក្រោយពី​ទទួល​បាន​មតិ​ឯកភាព​ពី​នាយករដ្ឋមន្ត្រី​ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​”​។

មាត្រា​ ២២ ​ថ្មី​នេះ​មិន​បាន​ចែង​អំពី​នីតិវិធី​បន្ទាប់ ក្រោយពី​ព្រះមហាក្សត្រ​ប្រកាស​អំពី​ភាពអាសន្ន​នោះទេ ជាពិសេស​ទាក់ទង​នឹង​តួនាទី និង​ការទទួល​ខុសត្រូវ​របស់​រាជរដ្ឋាភិបាល ហើយ​ពាក្យ ​“​ស្ថានភាព​អាសន្ន​” ក៏​មិនមាន​កំណត់​នៅក្នុង​ច្បាប់​ណាមួយ​របស់​ប្រទេស​ កម្ពុជា​ ឡើយ​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ស្ថានភាព​អាសន្ន​អាច​ត្រូវបាន​គេ​យល់ថា ជា​ស្ថានភាព​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវបាន​ផ្តល់​អំណាច​ឱ្យ​អនុវត្ត​សកម្មភាព​ ឬ​ដាក់ចេញ​នូវ​គោលនយោបាយ​ដែល​ក្នុង​ស្ថានភាព​ធម្មតា​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​អនុវត្ត​ឡើយ​។

រដ្ឋធម្មនុញ្ញ​មិន​ចែង​ផ្តល់​ការណែនាំ​ណាមួយ​លើ​ភាពខុសគ្នា​​រវាង​ស្ថានភាព​ធម្មតា និង​ភាពអាសន្ន​ព្រមទាំង​វិសាលភាព​នៃ​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ដែល​អាច​ធ្វើបាន​ក្នុងការ​ចាត់វិធានការ​ណាមួយ​ដែល​អាច​រឹតត្បិត​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​នោះឡើយ​។

មាត្រា​ ៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា ​“​ព្រះរាជាណាចក្រ​កម្ពុជា​​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​​នៃ​អង្គការ​សហប្រជាជាតិ​សេចក្តី​ថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា​ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស​។

រដ្ឋធម្មនុញ្ញ​ការពារ​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​មធ្យោបាយ​តែមួយគត់​ដែល​អាច​រឹតត្បិត​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ​បាន​គឺ​តាមរយៈ​ច្បាប់​ដែល​ត្រូវអនុម័ត​ដោយ​សភា​។

មាត្រា​ ៣១ ​នៃ​រដ្ឋធម្មនុញ្ញ​កថាខណ្ឌ ៣ ចែងថា ​“​ការប្រើ​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ​មិន​ត្រូវ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​អ្នកដទៃ​ឡើយ​។ ការប្រើ​សិទ្ធិសេរីភាព​នេះ​ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់​។

ដូច្នេះ​ប្រសិនបើ​គ្មាន​ច្បាប់​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​វិធាន​ការដែល​រឹតត្បិត​លើ​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទេ​នោះ​រាជរដ្ឋាភិបាល​មិនអាច​ធ្វើ​បានឡើយ​។

បើ​មិន​ដូច្នោះ​ទេ វិធានការ​របស់​រាជរដ្ឋាភិបាល​អាច​ត្រូវ​បាន​លុបចោល​ដោយ​តុលាការ​មាន​សមត្ថកិច្ច​ដោយសារ​រំលោភ​​ទៅលើ​សិទ្ធិអំណាច​ដែល​រដ្ឋធម្មនុញ្ញ​បានកំណត់​ឲ្យ​ហើយ​រាជរដ្ឋាភិបាល​ក៏​អាច​ត្រូវបាន​ចោទសួរ​ដោយ​សភា​ផងដែរ​។

តាមច្បាប់​អន្តរជាតិ​ការរឹតត្បិត​សិទ្ធិ និង​សេរីភាព​របស់​មនុស្ស​ក៏​អាច​អនុញ្ញាត​បានដែរ​ក្នុងករណី​មាន​អាសន្ន​សម្រាប់​ការការពារ​សីលធម៌​សណ្តាប់ធ្នាប់​សាធារណៈ និង​សុខុមាលភាព​ទូទៅ​។

មាត្រា​ ២៩ នៃ​សេចក្តី​ថ្លែង​ការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​ចែង​ថា​ “២.​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​ និង​សេរីភាព​របស់ខ្លួន មនុស្ស​គ្រប់រូប​ត្រូវ​ស្ថិត​នៅត្រឹម​កម្រិត​ដែល​ច្បាប់​បាន​កំណត់​តែប៉ុណ្ណោះ​ក្នុង​គោលបំណង​ធានា​ការទទួលស្គាល់ និង​ការគោរព​សិទ្ធិ​ និង​សេរីភាព​របស់​អ្នកដទៃ និង​ដើម្បី​បំពេញតម្រូវការ​យ៉ាង​ត្រឹមត្រូវ​ខាង​សីលធម៌​សណ្តាប់ធ្នាប់​សាធារណៈ និង​សុខុមាលភាព​ទូទៅ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​”​។

មាត្រា ៤ កថាខណ្ឌ​ទី​ ១ នៃ កតិកាសញ្ញា​អន្តរជាតិ​ស្តីអំពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ចែងថា​ “១. ក្នុងករណី​មាន​ភាពអាសន្ន​សាធារណៈ​ពិសេស​ដែល​គំរាមកំហែង​ដល់​អត្ថិភាព​ជាតិ និង​ដែល​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​នេះ​អាច​ចាត់វិធានការ​បដិប្បញ្ញត្តិ​នឹង​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​​កតិកាសញ្ញា​នេះ​ក្នុង​កម្រិត​ដែល​ស្ថានភាព​តម្រូវ​តែប៉ុណ្ណោះ ​កុំ​ឱ្យ​តែ​វិធានការ​ទាំងនេះ​មាន​វិសមិតភាព​ទៅនឹង​កាតព្វកិច្ច​ដទៃទៀត​ដែល​ច្បាប់​អន្តរជាតិ​តម្រូវ ហើយ​មិន​ពាក់ព័ន្ធ​នឹង​ការរើសអើង​ដែល​ផ្អែកលើ​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា​ឬ​ដើមកំណើត​សង្គម​”​។

ខ្ញុំ​មិន​យល់ស្រប​ទៅនឹង​ទស្សនៈ​មួយចំនួន​ដែល​សម្តែង​ដោយ​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​ដែល​អះអាងថា​ “​អំណាច​​ក្នុង​ភាពអាសន្ន​ដែល​បានស្នើ [​ក្នុង​ច្បាប់​] ​និង​ការរឹតត្បិត​សិទ្ធិមនុស្ស​ ”​ឬ​“ ​ច្បាប់​ស្តីពី​ភាពអាសន្ន​នោះ​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​”​។

អ្នក​ខ្លះទៀត​បាន​អះអាង​ថា​ “​អំណាច​ដែល​មិន​ធ្លាប់មាន​ពីមុន​នេះ​មិន​សមាមាត្រ ហើយ​បាន​គំរាម​កាត់បន្ថយ​ជា​អចិន្រៃ្តយ៍​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​” ​ហើយ​ “​ច្បាប់​នេះ​គួរតែ​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ការក្តោបក្តាប់​យក​អំណាច​ស្រស់ៗ​ដោយ​ឆ្លៀតឱកាស​កេងចំណេញ​លើ​ស្ថានភាព​ Covid-19 ​ដើម្បី​កាត់បន្ថយ​យ៉ាងធ្ងន់ធ្ងរ​នូវ​សិទ្ធិមនុស្ស​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុជា​។

ខ្ញុំ​សង្កេតឃើញ​ថា ការរិះគន់​ខាងលើ​ហាក់ដូចជា​មាន​បំណង​​វាយប្រហារ​បែប​នយោបាយ​ទៅលើ​វិធានការ​ ឬ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ពួកគេ​ផ្តោត​ការរិះគន់​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ ការរិះគន់​បែបនេះ​មិន​ត្រឹមត្រូវ​ទេ​។ វា​ហាក់ដូចជា ពួកគេ​សន្មត​ថា​ទារក​មួយ​នឹង​ក្លាយជា​កុមារ​ដែលមាន​ចិត្តឃោរឃៅ​តាំងតែ​វា​មិនទាន់​ប្រសូត​ពី​ពោះ​ម្តាយ​មក​ម្ល៉េះ​។

ក្រុម​អ្នក​រិះគន់​គួរតែ​ពិនិត្យ​ឡើងវិញ​ពី​ច្បាប់​ស្តីអំពី​ស្ថានភាពអាសន្ន​នេះ​ពី​ទស្សនៈ​ជាក់ស្តែង​ដោយ​ឥត​លម្អៀង​ជាជាង​គ្រាន់តែ​ជាការ​ស្រមើស្រមៃ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ពួកគេ​។ ​ច្បាប់​នេះ​មាន​បំណង​ការពារ​បង្ការ​ទប់ស្កាត់​ប្រទេសជាតិ​មិន​ឲ្យ​ធ្លាក់​ចូលក្នុង​គ្រោះថ្នាក់ បើ​ប្រទេសជាតិ​មាន​គ្រោះអាសន្ន​ដោយសារ​សង្គ្រាម​ជំងឺ​រាតត្បាត​ ឬ​មូលហេតុ​ធ្ងន់ធ្ងរ​ផ្សេងទៀត​ប្រជាពលរដ្ឋ​ទៅវិញ​ទេ​ដែល​ត្រូវមាន​កាតព្វកិច្ច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​ការពារ​ទប់ទល់​នឹង​គ្រោះថ្នាក់​នោះ​។

ដូច​ដែល​បាន​រៀបរាប់​បញ្ជាក់​ខាងលើ​រួចហើយ​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​សុទ្ធតែ​អនុញ្ញាត​ឲ្យ​មានការ​រឹតត្បិត​សិទ្ធិសេរីភាព​ក្នុងករណី​ដែលមាន​មូលហេតុ​ជាក់លាក់​។

គួរបញ្ជាក់​ផងដែរ​ថា ច្បាប់​ស្តីពី​ភាពអាសន្ន​មិន​ត្រឹមតែ​អនុវត្ត​ចំពោះ​ករណី​ជំងឺ​រាតត្បាត Covid-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ត្រូវបាន​ប្រើ​ក្នុងស្ថានភាព​អាសន្ន​ណាមួយ​ដែល​បានកំណត់​ក្រោម​មាត្រា ៤ ​នៃ​ច្បាប់ ឬ​មាត្រា​ ៤ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ផងដែរ​។

សំណួរ​សួរថា ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​ត្រូវ​ចាំបាច់​រំលោភ​លើ​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ខ្លួន​ក្នុង​ករណី​ប្រទេស​ធ្លាក់​ក្នុង​ភាពអាសន្ន​?

ខ្ញុំ​ជឿជាក់​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​ចង់​រំលោភ​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ខ្លួន​រាជរដ្ឋាភិបាល​អាច​ធ្វើ​បាន​ប្រសើរ​ជាង ប្រសិន​បើ​គ្មាន​ច្បាប់​ស្តីអំពី​ស្ថានភាព​អាសន្ន​នោះទេ ព្រោះ​ថា​ច្បាប់​នេះ​បាន​ដាក់ចេញ​នូវ​នីតិវិធី និង​លក្ខខណ្ឌ​ចាំបាច់​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​អនុវត្ត​តាម​។

តាម​ការសង្កេត​ពី​ការអនុវត្ត​ជាក់ស្តែង​នៅ​កម្ពុជា ប្រសិន​បើ​មិនមាន​ច្បាប់​ទេ រាជរដ្ឋាភិបាល​អាចដាក់​ចេញ​នូវ​វិធានការ​តាមតែ​អំណាច​របស់ខ្លួន​។ ​វា​ជា​រឿង​កម្រ​ណាស់ ឬ​ទៅតាម​ការយល់ដឹង​របស់​ខ្ញុំ​ដែល​តុលាការ​មាន​សមត្ថកិច្ច​អាច​លុបចោល ឬ​ចាត់ទុក​ជា​មោឃៈ​នូវ​សេចក្តី​សម្រេច​ណាមួយ​របស់​រាជរដ្ឋាភិបាល​។ ​និយាយ​ម្យ៉ាង​ទៀតថា ប្រសិន​បើ​គ្មាន​ច្បាប់​ដែល​អនុម័ត​ដោយ​រដ្ឋសភា​នោះទេ រាជរដ្ឋាភិបាល​គឺជា​អ្នក​ដែលមាន​សិទ្ធិ​​ និង​សេរីភាព​គ្មាន​ដែន​កំណត់​ក្នុង​ការចាត់ចែង​កិច្ចការ​ជាមួយ​ពលរដ្ឋ​របស់ខ្លួន​ទៅវិញ​ទេ​។

ខ្ញុំ​ក៏​យល់ស្រប​ជាមួយ​នាយករដ្ឋមន្ត្រី​ផងដែរ​ថា វា​ជាការ​ប្រសើរ​ដែល​ត្រូវធ្វើ​ច្បាប់​ឲ្យ​ហើយ​។ ទោះបី​ជា​គាត់​មិន​មាន​ភាពចាំបាច់​ក្នុង​ការប្រើ​ច្បាប់​នេះ​ក្នុងពេល​ឥឡូវនេះ​ក៏ដោយ​ក៏​ច្បាប់​នេះ​អាច​ត្រូវបាន​ប្រើ​នៅពេល​ចាំបាច់​ណាមួយ​ក្នុង​ពេល​ប្រទេស​ជាតិ​មាន​តម្រូវការ​។

តាម​ការសង្កេត​ឃើញ​ថា ទោះបី​ជា​ច្បាប់​នេះ​ត្រូវ​បាន​រៀបចំ​តាក់តែង​យ៉ាង​ប្រញាប់ប្រញាល់​ក៏ដោយ ក៏​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​បាន​តាក់តែង​ដោយ​យកចិត្ត​ទុកដាក់​ខ្ពស់​​ និង​ត្រឹមត្រូវ​បំផុត​។ ច្បាប់​នេះ​មានចែង​នូវ​លក្ខខណ្ឌ​ចាំបាច់​ដែល​អាច​ត្រូវបាន​ចាត់ទុកថា​ជា​ច្បាប់​ដែលមាន​លក្ខណៈ​ល្អ​មួយ​ហើយ​វា​ក៏​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋសភា​ផងដែរ​។

ខ្ញុំ​បាន​ពិនិត្យ​ច្បាប់​មួយចំនួន​ទាក់ទង​នឹង​ភាពអាសន្ន​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត ហើយ​ខ្ញុំ​ជឿជាក់​ថា ច្បាប់​ស្តីពី​ភាពអាសន្ន​របស់​កម្ពុជា​មាន​លក្ខណៈ​សមស្រប​អាច​ទទួល​យក​បាន​។

ទោះយ៉ាងណា​ក៏ដោយ ខ្ញុំ​យល់ថា​មាន​បទប្បញ្ញត្តិ​មួយចំនួន​​នៅក្នុង​ច្បាប់​ស្តីពី​ភាពអាសន្ន​នេះ​នៅមាន​ចំណុច​ខ្វះខាត​អាច​​គួរ​ត្រូវបាន​កែសម្រួល​ដើម្បី​ធ្វើ​​ឱ្យ​កាន់តែ​មាន​ភាពប្រសើរ​ឡើង​មួយកម្រិត​ថែមទៀត​។

ឧទាហរណ៍​ច្បាប់​នេះ​គួរតែ​មានចែង​ពី​សេចក្តី​តម្រូវ​ជាក់លាក់​មួយ​ចំនួន​សម្រាប់​រាជរដ្ឋាភិបាល​ដូចជា ការត្រៀម​រៀបចំ​វិធានការ​ផែនការ​សកម្មភាព​ និង​យុទ្ធសាស្ត្រ​សមស្រប​ដើម្បី​ឆ្លើយតប​នឹង​គ្រោះថ្នាក់​ ឬ​ស្ថានភាព​បន្ទាន់​មុនពេល​ស្នើសុំ​ព្រះមហាក្សត្រ ប្រធាន​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ពិភាក្សា​ និង​ឈានដល់​ការព្រមព្រៀង​ប្រកាស​ដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​នោះ​។ លក្ខខណ្ឌ​នេះ​អាច​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​មាត្រា​ ៣ ឬ​ ៤ នៃ​ច្បាប់​...​ដែល​ជា​បុរេ​លក្ខខណ្ឌ​នៃ​ការប្រកាស​ភាពអាសន្ន​។

ច្បាប់​ស្តីពី​ភាពអាសន្ន​នេះ​ក៏​គួរ​មានចែង​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​ទៀត​លើ​សិទ្ធិអំណាច​របស់​រាជរដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​ភាពអាសន្ន​។ ក្នុងនេះ​វិធានការ​​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​ដូចជា មាន​ភាព​បន្ទាន់​បង្ខំ​ភាពចាំបាច់ ភាព​សមាមាត្រ​ទៅនឹង​ការ​រឹតត្បិត​ ឬ​ស្ថានការណ៍​ដែល​តម្រូវ​មូលហេតុ​សមស្រប​ជា​វិធានការ​បណ្តោះអាសន្ន​ដោយ​មិនមាន​ការរើសអើង​។​ល​។

មាត្រា ៥ នៃ​ច្បាប់​ស្តីពី​ភាពអាសន្ន​មាន​រួមបញ្ចូល​នូវ​បញ្ជី​វិធានការ​ដែល​រដ្ឋាភិបាល​អាច​ហាមឃាត់​ ឬ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​។ ​ប៉ុន្តែ​មាត្រា​នេះ​មិន​ចែង​អំពី​លក្ខខណ្ឌ​កំណត់​ទំហំ​ ឬ​ជា​ប៉ារ៉ាម៉ែត្រ​ដែល​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្លួន​ក្នុង​ពេល​មាន​អាសន្ន​នោះទេ​។

ការខ្វះខាត​មួយចំនួន​នេះ​អាច​បណ្តាលឱ្យ​មានការ​ចោទ​ជា​សំណួរ​យ៉ាងច្រើន​អំពី​លទ្ធភាព​ដែល​អាច​រំលោភបំពាន​​ភាពមិន​ច្បាស់លាស់ និង​ការលំបាក​ក្នុងការ​អនុវត្ត​ច្បាប់​នេះ ដោយ​ភាគី​ពាក់ព័ន្ធ​។ ជាពិសេស​មាន​សំណួរ​សួរថា តើ​រាជរដ្ឋាភិបាល​អាច​បង្ហាញ​អំពី​ហេតុផល​ត្រឹមត្រូវ​នៃ​ជម្រើស​ក្នុង​ការចាត់​វិធានការ​របស់ខ្លួន​យ៉ាងដូចម្តេច​ចំពោះ​ការអនុវត្ត​វិធានការ​ដែលមាន​សម្រាប់​ក្រោម​ច្បាប់​ដែលមាន​នៅក្នុង​ស្ថានភាព​ធម្មតា និង​វិធានការ​ត្រូវ​ដាក់ចេញ​តាមច្បាប់​ស្តីពី​ភាពអាសន្ន​ក្នុង​ករណី​មាន​ភាពអាសន្ន​? ​តើ​ការជ្រើសរើស​នោះ​​ផ្អែកលើ​កម្រិត​ធ្ងន់ធ្ងរ ចាំបាច់ ឬ​មាន​មូលហេតុ​យ៉ាងណា​?

ចំណុច​រសើប​មួយទៀត​នៅ​​ក្នុង​មាត្រា​ ៥ គឺ​ការអនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​ “​ចាត់វិធានការ​សមស្រប និង​ចាំបាច់​ណាមួយ​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​អាសន្ន​។ ​ការចែង​បែបនេះ​វា​បានផ្តល់​លទ្ធភាព​ឲ្យ​រាជរដ្ឋាភិបាល​​មាន​ភាពបត់បែន​ក្នុង​ការចាត់​វិធានការ​របស់ខ្លួន​។

ក៏ប៉ុន្តែ​បើ​និយាយ​ម្យ៉ាងទៀត​វា​ក៏បានផ្តល់​ឲ្យ​រាជរដ្ឋាភិបាល​នូវ​សិទ្ធិអំណាច​គ្មាន​ដែន​កំណត់​។ ពីព្រោះ​ថា វិធានការ​របស់​រដ្ឋាភិបាល​នឹង​ពិបាក​ត្រូវបាន​សួរ​ដេញដោល​ដោយ​រដ្ឋសភា ទប់ស្កាត់​​ ឬ​លុបចោល​ដោយ​តុលាការ​ដែលមាន​សមត្ថកិច្ច​ណាស់​ដោយសារ​អវត្តមាន​នូវ​លក្ខខណ្ឌ​ច្បាស់លាស់​សម្រាប់​កំណត់​ពី​ភាពសមស្រប និង​ភាពចាំបាច់​នៃ​វិធានការ​នោះ​។ រាជរដ្ឋាភិបាល​នឹង​សម្រេច​តាម​ឆន្ទានុសិទ្ធិ​យ៉ាង​ទូលំទូលាយ​របស់ខ្លួន​។

ជា​ចុងក្រោយ ខ្ញុំ​អាច​សន្និដ្ឋាន​ថា កម្ពុជា​គួរ​ឲ្យ​មានច្បាប់​ស្តីពី​ភាពអាសន្ន​នេះហើយ​​ខ្ញុំ​សង្ឃឹមថា ភាពខ្វះខាត​បន្តិចបន្តួច​ដែល​ខ្ញុំ​បានលើកឡើង​ខាងដើម​នឹង​អាច​ត្រូវ​បាន​ក្រុមការងារ​តាក់តែង​ច្បាប់​យកទៅ​ពិនិត្យ​ និង​ធ្វើការ​កែប្រែ​ឲ្យ​ប្រសើរ​នៅពេល​ណាមួយ​សមស្រប​៕

ដោយ​មេធាវី លី តៃសេង ​សាស្ត្រាចារ្យ​នីតិសាស្ត្រ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មេធាវី អេចប៊ីអេស និង​មន្ទីរសារការី​អេចប៊ីអេស