ភ្នំពេញ : «បើចង់បានមុនគេ ម៉េចក៏មិនក្រោកពីព្រលឹមមកចាំមុនគេ?» នេះជាពាក្យនិយមប្រើចំអកឲ្យទៅអ្នកដែលទម្លាប់អាក្រក់មកក្រោយ ចង់បានមុនគេ។ អ្នកណាក៏ធ្លាប់ឃើញដែរ នៅតាមមន្ទីរពេទ្យ កន្លែងបើកអំណោយ ចរាចរណ៍តាមដងផ្លូវ តាមកន្លែងបង់ភ្លើង និងកំពង់ចម្លងជាដើម គេតែងតែសង្កេតឃើញថា មនុស្សខ្មែរយើងចូលចិត្តប្រជ្រៀតគ្នា ដណ្តើមអាទិភាពមុនគេ ទោះបីខ្លួនឯងមកក្រោយគេ ក៏ដោយ។ ប៉ុន្តែមានទម្លាប់ល្អខ្លះដែរហើយ នៅតាមអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ គេសង្កេតឃើញ មានតម្រង់ជួរតាមខ្សែបន្ទាត់ដែលគេបានកំណត់។
សុជីវធម៌ជាមូលដ្ឋានបែបនេះ គួរត្រូវបានគោរព ទោះបីជាមិនបានចែងក្នុងមាត្រានៃច្បាប់ណាមួយក៏ដោយ។ តែការប្រជែងគ្នានេះក៏ត្រូវបានលុបបាត់ផងដែរតាមរយៈការគូស បន្ទាត់ឲ្យឈរតម្រង់ជួរ និងការចាប់យកលេខរៀងជាដើម ដូចជា នៅផ្សារទំនើបឡាក់គី ព្រលានយន្តហោះអន្តរជាតិ ដ៏ដូចជាធនាគានានា ហើយគួរចងចំាពីការផ្តល់អាទិភាព ដល់ជនពិការ ចាស់ជរា និងស្រ្តីមានផ្ទៃពោះផងដែរ។
សព្វថ្ងៃនេះ យើងឃើញមានបញ្ហាជាច្រើនដែលបង្កឡើងដោយសារការមិនគោរពគ្នា ក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍។ ឧទាហរណ៍៖ បើមានការប៉ះពារគ្នា លើបញ្ហាចរាចរណ៍បន្តិចបន្តួចដោយចៃដន្យសោះ នៅលើដងផ្លូវសារធារណៈ ដែលជាករណីអាចនិយាយគ្នាបាន ឬក៏សុំទោសគ្នាបាន ឬក៏ចេញថ្លៃការខូចខាតបន្តិចបន្តួចបាន ដោយមិនចាំបាច់ទូរស័ព្ទហៅគ្នីគ្នាដែលជាមនុស្សមានអំណាចបុណ្យ ស័ក្តិមកអន្តរាគមន៍ឡើយ។ មិនដឹងជាហេតុអ្វីបានជាភាគច្រើនគឺជជែកគ្នាដណ្តើមយកត្រូវ រៀងខ្លួនតែម្តង។
តើពេលណាទើបអនុគ្រោះឲ្យគ្នាទៅវិញទៅមក? តើពេលណាចេះប្រើពាក្យសុំអភ័យទោស និងពាក្យអរគុណឲ្យបានច្រើនជាងបច្ចុប្បន្ននេះ? មានករណីខ្លះទៀត គឺអ្នកមានអំណាចតែងតែចង់វ៉ាទៅមុនដោយស៊ីផ្លេរបង្ខំឲ្យអ្នកចត នៅខាងមុខឲ្យចៀសចេញពីមុខឡានគេ ទោះបីជាគេដឹងថា ភ្លើងក្រហមជាសញ្ញាមិនអនុញ្ញាតឲ្យធ្វើចរាចរក៏ដោយ។
ករណីនេះមិនពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ទេ គឺពាក់ព័ន្ធទៅលើក្រមសីលធម៌របស់មនុស្ស ដែលចង់តែឈ្នះ ដោយមិនខ្វល់ពីសិទ្ធិអ្នកដទៃ។ ជាក់ស្តែងករណីប្រជែងគ្នា និងជាន់គ្នាស្លាប់នៅកោះពេជ្រកាលពីឆ្នាំទៅជាដើម។ នេះជាមេរៀនសោកនាដកម្មដ៏រន្ធត់មួយ ដែលគួរតែពិចារណាទាំងអស់គ្នាផងដែរ។ ។ ឧទាហរណ៍៖ នៅពេទ្យកាល់ម៉ែតជាដើម គឺស្លាកសញ្ញានៅតែជាភាសាបារាំងនៅឡើយទេគឺ (SORTIE) បកប្រែថា«ចេញ»។ តើពេលណាទើបគេប្តូរទៅជាភាសាខ្មែរវិញ? បើចង់ដាក់ភាសាបរទេស ទាល់តែដាក់ភាសាខ្មែរនៅពីលើផងបានទេ? «កុំភ្លេចខ្មែរ កុំដៀលអ្នកស្រែ!»។ចំណែកឯការមិនគោរពគ្នាក្នុងពេលអង្គ ប្រជុំ មានសមាជិកខ្លះបែរជាជជែកគ្នាពេលមានអ្នកបញ្ចេញមតិ ឬអ្នកខ្លះទៀតបែរជាទទួលទូរស័ព្ទរោរ៍ រំខានការប្រជុំផង ហើយពេលខ្លះដណ្តើមគ្នានិយាយឬក៏និយាយកាត់ពេលប្រជុំដោយមិនស្តាប់ការបញ្ចេញមតិអ្នកដទៃ អាងតែខ្លួនធ្វើធំនិយាយអីក៏ត្រូវដែរ។ ចំពោះកិច្ចការដូច្នេះ តើពេលណាទើបគេគួរតែស្វែងយល់ដោយខ្លួនឯងផងពីការគោរពសិទ្ធិ គ្នាបានដែរទេ?ពេលខ្លះការប្រើសិទ្ធិអំណាចរបស់ខ្លួនមិន ត្រឹមត្រូវ គឺមន្ត្រីជាន់ខ្ពស់ដែលកាន់តំណែងធំៗក្នុងរដ្ឋាភិបាលអង្គការ ក្រៅរដ្ឋាភិបាលនិងក្រុមហ៊ុនមួយចំនួនស្ពាយអំណាចពីការិយាល័យ រហូតដល់ខាងក្រៅទៀតនិងឲ្យគេឯង ឬបុគ្គលិកក្រោមឱវាទគោរពដល់កន្លែងទីសាធារណៈ និងដល់ផ្ទះទៀត។
យ៉ាងណាមិញ ការជក់បារីនៅក្នុងហ្វូងមនុស្ស ដែលផ្សែងពីអ្នកជក់ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដទៃ នេះក៏ពាក់ព័ន្ធនឹងការគោរពសិទ្ធិដែរ។
បើទោះបីជាពុំមានច្បាប់ឯណាដាក់ទោសទណ្ឌដល់អ្នកដែលមិនគោរព ព្រះសង្ឃ ចាស់ទុំ ឬក៏ពាក់មួកក្នុងវត្ត តែក៏យើងគួរតែគោរពអ្នកទាំងនេះ និងកន្លែងទាំងនេះ តាមប្រពៃណី និងវប្បធម៌ខ្មែរយើងដែលល្អមានតាំងពីដូនតាមក។ ការគោរពដែលមិនមែនជាច្បាប់នេះ គួរត្រូវចាត់ចូលក្នុងសៀវភៅសុជីវធម៌សង្គម ពិសេសត្រូវអប់រំក្មេងៗ តាំងនៅបថមសិក្សា។ ពេលបច្ចុប្បន្ននេះ នៅរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិកដែលធ្លាប់តែមានសេរីភាព ស្លៀកពាក់ម៉ាសេរី ឥឡូវនេះអាជ្ញាធរដឹកជញ្ជូនបានហាមដល់អ្នកដំណើរទាំងអស់មិន ថា ប្រុស ឬក៏ស្រីមិនឲ្យឡើងជិះរថយន្តក្រុងជាមួយនឹងខោសំយេះគូថ ដែលបង្ហាញខោស្ល៊ីបឬក៏ចង្វែកគូថរបស់ខ្លួនទេ(Reuters)។
តាមរយៈសារពត៌មានសេដ្ឋកិច្ចវៀតណាម បានរាយការណ៍ថា នៅប្រទេសជប៉ុនបន្ទាប់ពីទទួលរងរលកព្យុះស៊ូណាមិមក ប្រជាជនជប៉ុនដែលលក់ទំនិញមានការប្តេជ្ញាចិត្តខ្ពស់ណាស់គឺមិនបាន ដំឡើងថ្លៃទំនិញទេ ពិសេសគឺមិនបានប្រជែងគ្នាទិញទំនិញជាដាច់ខាត ទោះជាពួកគេឃ្លានស្ទើរដាច់ពោះស្លាប់ក៏ដោយ។ ពួកគេបានគិតអាទិភាព និងបានតម្រង់ជួរតាមលំដាប់លេខរៀង ពោលគឺអ្នកណាមកមុនបានទិញមុន អ្នកមកក្រោយបានក្រោយ។ នោះជាសុជីវធម៌របស់ជនជាតិជប៉ុន ដែលប្រកាន់ខ្ជាប់ជាប្រពៃណី។ នេះឧទាហរណ៍ដ៏ល្អមួយទៀតដែលគួរតែយកតម្រាប់តាម។
ចំណែកឯស្រុកយើង ផ្ទុយស្រឡះពីប្រទេសជប៉ុន ឲ្យតែផ្អើលអ្វីបន្តិចគឺឡើងថ្លៃកប់ពពកដូចកាលពីរត់ជាន់ គ្នានៅកោះពេជ្រសូម្បីតែចេកមួយស្និតធ្លាប់តម្លៃត្រឹមតែ២០០០ រៀល គឺឡើងដល់ទៅ២ម៉ឺនរៀល។ តើពេលណា ទើបយើងអាចមានការប្តេជ្ញាចិត្តខ្ពស់ដូចជនជាតិជប៉ុន?
សរុបសេចក្តីមក អ្វីដែលខ្ញុំបានលើកពីការគោរពសិទ្ធិក្រៅច្បាប់ខាងលើ គឺគ្រាន់តែជាការក្រើនរម្លឹក ខ្លះៗនូវអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ហើយមានករណីដឹងហើយធ្វើមិនដឹង។ តាមយោបល់របស់ខ្ញុំគឺ «បើយល់ឃើញថា គេធ្វើខុស កុំយកតម្រាប់តាមគេ!»តែបើឃើញគេធ្វើល្អ យើងគួរយកគេធ្វើជាគំរូដែរ៕
សូមចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com