The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សិស្ស​ងាក​ពី​ជំនឿ​មក​ប្រើ​ឌីជីថល​ «​ត្រីវិស័យ​» ​សម្រាប់​តម្រង់​ទិស

សិស្ស​ងាក​ពី​ជំនឿ​មក​ប្រើ​ឌីជីថល​ «​ត្រីវិស័យ​» ​សម្រាប់​តម្រង់​ទិស

Content image - Phnom Penh Post
យុវវ័យ​កំពុង​បើក​មើល «​ត្រីវិស័យ​» Trey Visay App នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន​។ រូបថត តុង សុប្រាជ្ញ

សិស្ស​ងាក​ពី​ជំនឿ​មក​ប្រើ​ឌីជីថល​ «​ត្រីវិស័យ​» ​សម្រាប់​តម្រង់​ទិស

PassApp, Grab, Uber, WeGo​ និង​ 711Go គឺជា​ប្រភេទ​សេវា​ធ្វើ​ដំណើរ​បែប​ឌីជីថល​ទំនើប​តាមរយៈ​ស្មាតហ្វូន​ដែល​កំពុង​ពេញនិយម​ក្នុង​យុគសម័យ​ប្រើប្រាស់​បច្ចេកវិទ្យា​បច្ចុប្បន្ន ដោយ​មិន​ចាំបាច់​រង់ចាំ​បក់ដៃ​ហៅ​ ឬ​ក៏​ទូរស័ព្ទ​រក​នោះ​​ទេ​គឺ​មធ្យោបាយ​ឌីជីថល​ (App) ​បាន​ដើរតួនាទី​បង្ហាញ​ផ្លូវ និង​ទីតាំង​ដែល​អ្នកដំណើរ​បាន​បញ្ជា​អ្នក​បើកបរ​ឱ្យ​មក​ដឹក​ដល់​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​និង​ទីក្រុង​ខ្លះ ខណៈ​សកម្មភាព​ឌីជីថល​ App ​នេះ​គេ​ច្រើន​ប្រើ​ពេញនិយម​ទៅ​លើ​សេវាកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នោះ​។

ការប្រើប្រាស់​ស្មាតហ្វូន​ (Smart phone) តាម​ឌីជីថល​ទំនើប​នេះ​ក៏​ជា​ទី​ពេញ​និយម​សម្រាប់​សិស្ស​ និង​និស្សិត​ផង​ដែរ ហើយ​ក៏​កំពុង​លើក​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឲ្យ​កាន់តែ​ខិតខំ​រៀន​ និង​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​អ្វី​ដែល​លោកគ្រូ-អ្នកគ្រូ បាន​បង្ហាត់​បង្រៀន​នៅក្នុង​ថ្នាក់​មាន​ដូចជា​ប្រើប្រាស់​អ៊ីនធឺណិត ព័ត៌មាន​អនឡាញ បណ្តាញ​សង្គម​​ហ្វេសប៊ុក តេឡេក្រាម​ និង App ​ជាដើម​។

ជាមួយ​គ្នា​នេះ​ដែរ ឌីជីថល​ក៏​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​សិស្សានុសិស្ស​ដឹង​ពី​វិធីសាស្ត្រ​ក្នុង​ការ​បកស្រាយ​ ឬ​ក៏​ដំណោះស្រាយ​តាម​បែប​វិទ្យាសាស្ត្រ​ថ្មី​ដែល​កំពុង​ធ្វើ​បច្ចុប្បន្នភាព​នៅ​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ផង​ដែរ នៅ​ពេល​​ដែល​អ្នក​ជំនាន់​មុន​រៀន​តែ​ពី​គ្រូ​ពោល​គឺ​គាត់​ឲ្យ​ប៉ុន្មាន​បាន​ត្រឹម​ប៉ុណ្ណឹង ហើយ​យ៉ាង​ច្រើន​រៀន​តាម​សៀវភៅ​ថែម​បន្តិចបន្តួច​ប៉ុណ្ណោះ​។

ម្យ៉ាង​វិញ​ទៀត​កាលពី​ទសវត្សរ៍​ឆ្នាំ​ ៨០ និង​ ៩០ នៅតាម​វិទ្យាល័យ​ក៏​គ្មាន​គោលការណ៍​ណែនាំ​តម្រង់ទិស​ត្រឹមត្រូវ​ដល់​សិស្សានុសិស្ស​ថា តើ​នៅ​ពេល​រៀន​ចប់​ពី​វិទ្យាល័យ​ទៅ​ចង់​បន្ត​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​តាម​មុខវិជ្ជា​ណា​ដែល​ខ្លួន​ពេញចិត្ត​ ឬ​ក៏​មុខវិជ្ជា​តម្រូវការ​ចាំបាច់​សម្រាប់​សិស្សានុសិស្ស​ ឬ​ក៏​រៀន​ចង់​ធ្វើ​ការងារ​អ្វី​នោះ​​ទេ​។ មាន​ន័យ​ថា​ទាំង​ខ្ញុំ ទាំង​គេ​ជំនាន់​នោះ​គឺ​រៀន​តាម​គ្នា​ស្រចុះ ស្រឡើង ឧទាហរណ៍​៖ បើ​ក្នុង​គ្រួសារ​មាន​ឪពុក ឬ​ក៏​ម្តាយ​ធ្វើ​គ្រូ គឺ​កូន​មក​យ៉ាង​ហោច​ណាស់​ក៏​មាន​ម្នាក់​ចង់​ធ្វើ​ជា​គ្រូបង្រៀន​ដែរ​។

បើ​មាន​ឪពុក​ ឬ​ក៏​ម្តាយ​ធ្វើ​គ្រូពេទ្យ​គឺ​កូន​ចង់​ទៅ​រៀន​នៅ​សាលា​ពេទ្យ​ដើម្បី​ធ្វើ​ពេទ្យ​ដែរ​។ ដូចគ្នា​នេះ​ដែរ​បើ​មាន​ឪពុក​ធ្វើ​ជា​ប៉ូលិស​ ឬ​ក៏​ទាហាន​គឺ​កូនប្រុស​ហ្នឹង​ចង់​ធ្វើ​ជា​កម្លាំង​សមត្ថកិច្ច​ផង​ដែរ​។ ​មិន​មាន​អ្វី​ជា​សេចក្តី​ណែនាំ​ ឬ​ក៏​ការ​គណនា​បែប​វិទ្យាសាស្ត្រ​កំណត់​ទៅ​តាម​ឧបនិស្ស័យ​របស់​សិស្សានុសិស្ស​ថា តើ​ជ្រើសរើស​វិជ្ជាជីវៈ​សម្រាប់​បន្ត​ទៅ​មុខ​ទៀត​យ៉ាង​ដូចម្តេច​នោះ​ទេ​។

រហូត​មក​ទល់​ឆ្នាំ​ ២០០០ ផ្នត់គំនិត​តាម​គ្នា​នេះ​បាន​ចាប់ផ្តើម​សាបរលាប​បន្តិច​ម្តងៗ ដោយ​មាន​បងៗ​របស់​ពួកគេ​មក​រៀន​នៅ​ភ្នំពេញ មុខវិជ្ជា​ច្បាប់ សេដ្ឋកិច្ច សំណង់ បច្ចេកវិទ្យា កសិកម្ម​ និង​ពាណិជ្ជសាស្ត្រ​ជាដើម​។

ការយល់​ដឹង​អំពី​មុខវិជ្ជា​ដែល​ត្រូវ​រៀន​គឺ​មាន​បណ្តើរៗ​ហើយ​តែ​មក​ដល់​ឆ្នាំ​ ២០១០ បែរ​ជា​សិស្សានុសិស្ស​ភាគច្រើន​ទៅ​ជា​នាំ​គ្នា​ផ្អើល​ឈូឆរ​ក៏​ត្រៀម​ឯកសារ ត្រៀម​ចម្លង​ហើយ​​ពេល​ប្រឡង​ក៏​បើក​ចាក់​ចម្លង​តាម​ឯកសារ និង​សូកលុយ​អនុរក្ស​ទៅវិញ​។

ឯ​ខ្លះ​ទៀត​នាំ​គ្នា​ភ្លូកទឹក​ភ្លូកដី មាន​ជំនឿ​តាម​គ្នា​លែង​ចង់​រៀនសូត្រ​ដោយ​ខ្លួនឯង​គឺ​មិន​ថា ប្រឡង​ឌីប្លូម ឬ​ក៏​បាក់​ឌុប​ទេ​គឺ​នាំ​គ្នា​ទៅ​បន់ស្រន់​ទៅ​រក​ព្រះសង្ឃ​ស្រោច​ទឹក​ដើម្បី​ឲ្យ​ជួយ​ប្រឡង​ជាប់​ទៅវិញ​។ តែ​ការ​បន់ស្រន់​ទាំង​នេះ​បាន​ត្រឹម​តែ​ជួយ​កម្លាំង​ចិត្ត​ឲ្យ​មាន​អារម្មណ៍​ស្រស់ថ្លា​ទៅ​តាម​ជំនឿ​ទេ មិនមែន​មាន​ន័យ​ថា​ទៅ​ស្រោច​ទឹក​ប្រឡង​ជាប់​នោះ​ឡើយ​។

ការកែទម្រង់​វិស័យ​អប់រំ​ម្តង​ឡើង​ម្តង​ចុះ ទៅ​តាម​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​ក្រសួង មក​ដល់​អាណត្តិ​ទី​ ៥ ​ចុងក្រោយ​នេះ ក្រសួង​អប់រំ​មាន​ការ​កែទម្រង់​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​រួមទាំង​ការ​រឹតបន្តឹង​ពេល​ប្រឡង ការ​ធ្វើ​គោលនយោបាយ​ថ្មីៗ ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ ជាពិសេស​គឺ​ការទទួល​យក​នូវ​ការអភិវឌ្ឍ​នូវ​ព័ត៌មានវិទ្យា ទំនាក់ទំនង និង​បច្ចេកវិទ្យា​ (ICT) ​ដើម្បី​ធ្វើ​យ៉ាង​ណា​ដើរ​ឲ្យ​ទាន់​ការវិវត្ត​ស្រប​តាម​បច្ចុប្បន្នភាព​។

ជា​លទ្ធផល​ឃើញ​ថា កូនសិស្ស​កាត់​បន្ថយ​នូវ​ជំនឿ​ទៅ​ស្រោច​ទឹក ងាក​មក​ខំប្រឹងប្រែង​សិក្សា​វិញ​ផង និង​ស្តាប់​ដំបូន្មាន​ពី​លោកគ្រូ-អ្នកគ្រូ​ក្នុង​ការ​សិក្សា​ និង​ការតម្រង់​ទិស​ថា​តើ​ពួក​គេនឹង​ធ្វើ​អ្វី​ និង​រៀន​អ្វីឲ្យ​ត្រូវ​តាម​ឧបនិស្ស័យ​របស់​ខ្លួន​ដូចជា ការជ្រើសរើស​មុខវិជ្ជា​សង្គម​ ឬ​ក៏​វិទ្យាសាស្ត្រ​សម្រាប់​ប្រឡង​យក​​សញ្ញាបត្រ​ទុតិយភូមិ​ជាដើម​។

បច្ចុប្បន្ន​នេះ​ក្រសួង​អប់រំ​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ឯកជន​ដែល​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ឌីជីថល ជួយ​សម្រួល​ដល់​វិស័យ​អប់រំ​។

ទាក់ទង​នឹង​ប្រព័ន្ធ​ឌីជីថល​នេះ​លោក សុក ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ​បាន​បញ្ជាក់​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​​ លោក​កំពុង​ពិនិត្យ​មើល​សំណើ​ «​ត្រីវិស័យ​» Trey Visay App នៅ​វិទ្យាល័យ​របស់​អង្គការ​ KAPE ​ជា​ដៃគូ​អប់រំ​របស់​ក្រសួង​ថា តើ​ Trey Visay App ដែល​ជា​ឌីជីថល​ជួយ​ផ្តល់​ជា​មគ្គុទ្ទេសក៍​តម្រង់​ទិស​ដល់​សិស្សានុសិស្ស​នេះ អាច​មាន​លទ្ធភាព​ផ្សព្វផ្សាយ​កម្រិត​ថ្នាក់ជាតិ​ដោយ​ត្រូវ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​ក្រសួង​ដើម្បី​ពិនិត្យ​មើល​ពី​ភាព​បន្ស៊ី​គ្នា​រវាង​ «​ត្រីវិស័យ​» និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​ដោយ App នេះ​គឺ​ធ្វើ​ឡើង​ដោយ​អង្គការ KAPE ហើយ​បាន​ផ្សព្វផ្សាយ​សាកល្បង​ធ្វើ​នៅ​វិទ្យាល័យ​គោលដៅ​របស់​អង្គការ KAPE​។

ជាមួយ​គ្នា​នេះ​ដែរ​លោកស្រី ហែម ម៉ារី ប្រធាន​កម្មវិធី​អប់រំ​នៃ​អង្គការ KAPE ធ្លាប់​បាន​លើក​ឡើង​ថា «​ត្រីវិស័យ​» Trey Visay App បាន​សាកល្បង​ផ្សព្វផ្សាយ​នៅ​វិទ្យាល័យ​ជំនាន់​ថ្មី​ «​គំរូ​» ​ចំនួន ៣ នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ តាំងពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​។ លោកស្រី​បាន​ធ្វើ​តេស្ត​កូនសិស្ស​ឡើង​​វិញ​ដោយ​រកឃើញ​ថា​ពួកគេ​ពេញចិត្ត​នឹង ​«​ត្រីវិស័យ​» ​ដោយ​ផ្តល់​ពិន្ទុ​នៃ​ការជ្រើសរើស​ថា​តើ​យក​ «​វិទ្យាសាស្ត្រ​សង្គម​» ​និង​ «​វិទ្យាសាស្ត្រ​ពិត​» ​សម្រាប់​ប្រឡង​​សញ្ញាបត្រ​ទុតិយភូមិ​ខាង​មុខ​នេះ​។

ជាង​នេះ​ទៅ​ទៀត ​គឺ​ពួកគេ​ពេញ​ចិត្ត​មាតិកា​នៅក្នុង​ «​ត្រីវិស័យ​» ​ទាំងអស់​រួម​ទាំង​មុខវិជ្ជា​ដែល​ត្រូវ​រៀន​ត្រូវចិត្ត ការ​ប្រាប់​ឈ្មោះ​សាកលវិទ្យាល័យ​ប្រាប់ពី​មុខរបរ​ដែល​ត្រូវ​ជ្រើសរើស​ទៅ​តាម​ឧបនិស្ស័យ​របស់​យុវសិស្ស​ក្នុង​ការ​សិក្សា​បន្ត​ទៅ​មុខ​ទៀត​។ វិធី​ដែល​ទាញយក​ «​ត្រីវិស័យ​» Trey Visay App តាមរយៈ​កម្មវិធី Android ចុច​ Play Store ហើយ​ចុច​ Install​។

លោកស្រី​បាន​លើក​ឡើង​ថា KAPE បាន​សម្រេច​ចិត្ត​ជាមួយ​អង្គការ INSTEDD ​នៃ​គម្រោង SPIDER របស់​ប្រទេស​ស៊ុយអែត​ដែល​អភិវឌ្ឍ​ផ្នែក​ទន់​របស់​ឌីជីថល «​ត្រីវិស័យ​» ​នេះ​ថា​នឹង​ផ្ទេរ​ «​ត្រីវិស័យ​» Trey Visay App ជូន​ក្រសួង​អប់រំ​ទាំង​ស្រុង​ក្នុង​ការពង្រីក​វិសាលភាព​ឲ្យ​កាន់​តែ​ទូលំទូលាយ​ដល់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍