ជារៀងរាល់ឆ្នាំមានស្ថាប័នរដ្ឋ និងបណ្តាអង្គការដែលធ្វើការលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រីបានធ្វើយុទ្ធនាការ ១៦ ថ្ងៃបុរសដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងកុមារីពីថ្ងៃទី ២៥ ខែវិច្ឆិកាដល់ថ្ងៃទី ១០ ខែធ្នូ។
តើយុទ្ធនាការនេះគឺចាំតែរហូតដល់ថ្ងៃហ្នឹងបាននាំគ្នាធ្វើយុទ្ធនាការដដែលៗឬ?
ហេតុអ្វីបានជាមិនធ្វើយុទ្ធនាការ ឬក៏តស៊ូមតិទៅតាមព្រឹត្តិការណ៍អំពើហិង្សាប្រឆាំងនឹងស្រី្ត និងកុមារីដែលកើតឡើងភ្លាមៗដើម្បីជំរុញឲ្យការអនុវត្តច្បាប់មានការឆ្លើយតបភ្លាមៗ?
បើគ្រាន់តែក្នុងអំឡុងពេលអុំទូកកន្លងទៅថ្មីៗនេះមានរឿងរ៉ាវហិង្សាសាហាវៗមួយចំនួនកើតឡើងចំពោះស្រ្តី និងកុមារីដែលសារព័ត៌មានក្នុងស្រុកបានចុះផ្សាយមានតាំងពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល គ្រូបង្រៀន តារាៗ ក្មេងស្ទាវ រហូតដល់តាចាស់ប្រមឹកតាមភូមិ។
ករណីកើតឡើងមានដូចជា ករណីស្នេហាត្រីកោណបុរសកូនចៅ ខឹងមេខ្លួនឯងផ្កាយ ២ ដណ្តើមគូដណ្តឹង បានបាញ់សម្លាប់មេខ្លួនឯងហើយសម្លាប់ស្រ្តីដែលជាគូដណ្តឹងរបស់ខ្លួន បន្ទាប់មកក៏ធ្វើអត្តឃាតខ្លួនឯងគឺកើតឡើងនៅក្នុងអង្គភាពមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមដែលរឿងនេះគួរឲ្យខ្មាសអៀនផ្អើលមួយប្រទេស។
ករណីគ្រូបង្រៀននៅវិទ្យាល័យបល្ល័ង្កក្នុងខេត្តកំពង់ធំបានរំលោភសេពសន្ថវៈកុមារីអាយុ ១២ ឆ្នាំមា្នក់ចំនួន ៤ ដងមុនត្រូវចាប់ខ្លួន។ ករណីប្អូនថ្លៃឧកញ៉ា ទ្រី ភាព បានវ៉ៃមិត្តស្រីរបស់ខ្លួនជាតារាសម្តែង ពេជ្រ អារីហ្សា បែកមុខ បែកមាត់ ប៉ោងច្រមុះ ជាំដៃជើងខ្លួនប្រាណឡើងមើលមុខលែងស្គាល់ហើយនៅតែមិនប្តឹងទៀតតែច្បាប់តម្រូវឲ្យចាប់ខ្លួនជនល្មើសយកមកកាត់ទោសសិន។
ករណីយុវជនចាប់រំលោភកុមារីអាយុ ៤ ឆ្នាំនៅប៉ោយប៉ែតត្រូវបានចាប់ខ្លួននៅខេត្តកំពង់ចាម។ រីឯករណីរំលោភកុមារីនេះដែរមានបុរសប្រមឹកម្នាក់នៅខេត្តស្វាយរៀងបានរំលោភកុមារីអាយុ ១០ ឆ្នាំរហែកទ្វារមាសដល់គូទរួចទៅផឹកក្នុងវង់វិញដដែលនៅក្បែរកន្លែងកើតហេតុមុនពេលចាប់ឃុំខ្លួនយកទៅកាត់ទោស។ មានករណីផ្សេងទៀតគឺយុវជនយកសង្សារខ្លួនឯងយកទៅរំលោភបូកជាមួយមិត្តភក្តិ ២ នាក់ផ្សេងទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង។
មានករណីរឹតតែសាហាវទៀតនោះគឺយុវជនស្ទាវយកមិត្តស្រីទៅដេកជាមួយហើយយកខ្សែរឹតកសម្លាប់រួចយកសាកសពទៅបោះចោលនៅគំនរសំរាមហើយយកម៉ូតូមិត្តស្រីទៅបាត់ទៀតក្រោយមកចាប់ខ្លួនបានហើយសារភាពថាខ្លួនត្រូវការលុយ ៣០ ដុល្លារទិញថ្នាំញៀនហើយត្រូវការលុយ ២០០ ដុល្លារទៀត។ ជាងនេះទៅទៀតនៅមានករណីអំពើហិង្សាលើស្រ្តី និងកុមារីជាច្រើនទៀតដែលមិនបានរាយការណ៍ជូនសមត្ថកិច្ចនោះ។
តែអ្វីដែលសំខាន់នោះគឺរឿងរ៉ាវអំពើហិង្សាកើតឡើងចំពោះស្រ្តី និងកុមារីឃោរឃៅបែបនេះគ្មានអង្គការមិនមែនរដ្ឋាភិបាលណាមួយដែលធ្វើការជាមួយនឹងសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី ឬក៏ស្ថាប័នរដ្ឋជាពិសេសក្រសួងកិច្ចការនារីណាមួយចេញមុខបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើកើតឡើងទាំងនេះក្នុងលក្ខណៈទ្រង់ទ្រាយធំដើម្បីទប់ស្កាត់កុំឲ្យកើតមាននៅកន្លែងផ្សេងទៀតនោះទេ។ មានតែបញ្ចេញយោបល់បន្តិចបន្តួចនៅតាមសារព័ត៌មានពេលដែលអ្នកកាសែតសួរតែប៉ុណ្ណឹង ឬមួយក៏មិនហ៊ានធ្វើយុទ្ធនាការតស៊ូមតិធំដុំនោះទេព្រោះខ្លាចរាជរដ្ឋាភិបាលចោទប្រកាន់ថាមានពាក់ព័ន្ធរឿងនយោបាយ?
ដោយសារតែស្រុកខ្មែរមានរឿងអីបន្តិចទាញយកចូលនយោបាយធ្វើឲ្យអ្នកធ្វើសកម្មភាពយុទ្ធនាការខ្លះមានការរាងចាលតែម្តង។ តើគួររង់ចាំរហូតដល់យុទ្ធនាការ ១៦ ថ្ងៃបុរសនេះបាននាំគ្នាជួយមួយដៃមួយជើងថតឲ្យគេឃើញ ឬក៏ម្ចាស់ជំនួយឃើញទៅរួចគ្នាហើយ? កន្លងមកមានថវិកាជាច្រើនរបស់ម្ចាស់ជំនួយគឺចាយទៅលើទីប្រឹក្សាបរទសជាច្រើនថ្លៃៗ និងសរសេររបាយការណ៍ស្រាវជ្រាវ និងផែនការយុទ្ធសាស្ត្រតែប៉ុណ្ណោះតែសម្រាប់សកម្មភាពផ្សព្វផ្សាយ និងទប់ស្កាត់វិញមានតិចតួចហើយបើរង់ចាំថវិកាជាតិសម្រាប់អនុវត្តកម្មវិធីវិញគឺសឹងតែគ្មានដោយសារមិនមានអ្នកយកចិត្តទុកដាក់ចំពោះការជួយស្ត្រី និងកុមារីនេះ។
រីឯការអនុវត្តការងារការទប់ស្កាត់ និងលើកកម្ពស់វិញនៅអេះអុះៗទៅមុខថយក្រោយៗ បើផ្អែកលើទិន្ន័យនៃអំពើហិង្សាលើស្រ្តី និងកុមារីមានការថយចុះបន្តិចបន្តួចមកត្រឹមស្ត្រីម្នាក់ក្នុងចំណោម ៥ នាក់ដែលរងអំពើហិង្សាពីប្តី ឬក៏ដៃគូរបស់ខ្លួនដែលទិន្នន័យមុនគឺម្នាក់ក្នុងចំណោម ៤ នាក់ (MOWA, 2009)។
ការដែលធ្លាក់ចុះតិចតួចនេះហើយចូលរួមចំណែកធ្វើឲ្យប៉ះពាល់ទិន្ន័យជាសកលគឺស្ត្រី ឬកុមារីម្នាក់ក្នុងចំណោម ៣ នាក់ទទួលរងនូវអំពើហិង្សាពីបុរស (UN Women, 2016)។
ទាំងមន្ត្រីរដ្ឋាភិបាលទាំងមន្ត្រីអង្គការជួយស្ត្រីឃើញតែបង្ហាញតែរបាយការណ៍ និងទិន្នន័យទាំងនៅក្នុងស្រុកទៅក្រៅប្រទេសហើយបានដើរហើរលេងយ៉ាងសប្បាយផង តើមន្ត្រីទាំងនេះគួរតែផ្អាកការបង្ហាញដដែលៗ និងការដើរហើរខ្លះបានទេ? សូមមកផ្តោតលើករណីកើតឡើងជាក់ស្តែងវិញបានទេដូចករណីហិង្សាលើស្ត្រី និងកុមារីដែលបានបង្ហាញខាងលើអ៊ីចឹងសមត្ថកិច្ចធ្វើបានល្អហើយតាមចាប់ជនល្មើសបានអស់ហើយច្បាប់អីក៏មានដែរ។
តើក្នុងនាមជាស្ថាប័នរដ្ឋាភិបាល និងអង្គការដែលលើកកម្ពស់សិទ្ធិស្ត្រី និងកុមារីត្រូវធ្វើអ្វីខ្លះទៀត? ជនរងគ្រោះជាក់ស្តែងកំពុងត្រូវការអ្នកហើយ តើអ្នកអាចជួយគាត់បានអ្វីខ្លះ? ឬក៏ធ្វើការរាល់ថ្ងៃហ្នឹងចេះតែទៅធ្វើការបាត់ៗពីផ្ទះទៅសរសេរតែរបាយការណ៍បន្តិចបន្តួចទៅដល់ខែបើកលុយហើយចប់?
តើធ្ងន់ណាស់ទៅឬបើគ្រាន់តែជួយជ្រោមជ្រែងតាមរយៈការធ្វើការតស៊ូមតិចេញជាសេចក្តីថ្លែងការណ៍ ឬក៏ការថ្កោលទោសទៅលើជនល្មើសខ្លាំងៗដើម្បីដាស់ស្មារតីមន្ត្រីអនុវត្តច្បាប់ជំនួយផ្លូវច្បាប់ និងកិច្ចការពារជនរងគ្រោះការតាមដាននីតិវិធីតុលាការ?
ផែនការយុទ្ធសាស្ត្រទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងស្ត្រីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ក៏មានដែរ តើការពង្រឹងគណៈកម្មការស្ត្រី និងកុមារនៅតាមស្រុក និងឃុំ តាមបែបវិមជ្ឈការមានថវិកាគ្រប់គ្រាន់ក្នុងការផ្សព្វផ្សាយ និងអប់រំតាមសហគមន៍ហើយឬនៅ? តើមានបានធ្វើការតាមដានបន្តទៅទៀតដល់កម្រិតណាបន្ទាប់ពីតុលាការបានកាត់ទោសរួចហើយនោះ?
បើនិយាយពីសារអប់រំ និងសកម្មភាពស្ពត់ផ្សាយអំពីចំណេះដឹងទប់ស្កាត់នឹងអំពើហិង្សាលើស្ត្រី និងកុមារីនៅតាមកញ្ចក់ទូរទស្សន៍ក៏លែងឃើញមានដែរ។
តែទោះបីជាយ៉ាងណាក៏មានអង្គការដែលជួយស្ត្រីខ្លះក៏បានរៀបចំចេញនូវគំនិតថ្មីៗខ្លះដែរដើម្បីដើរឲ្យទាន់នូវសម្ភារទំនើបកម្មដែរដូចជាការតស៊ូមតិទៅលើភ្លើងភ្លឺដើម្បីកាត់បន្ថយការចាប់រំលោភ និងបៀតបៀនកេរ្តិ៍ខ្មាសរបស់ស្ត្រី និងកុមារ រីឯខ្លះក៏ខំព្យាយាមបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យា និងការទំនាក់ទំនង (ICT) រួមមាន ហ្វេសប៊ុក និងការបង្កើត App នៅលើទូរស័ព្ទស្មាតហ្វូនដែលមានសារផ្ញើជូនដល់ក្រុមគោលដៅជាស្ត្រីងាយរងគ្រោះនោះតែធ្វើកម្មវិធីថ្មីនៅមានតិចតួចនៅឡើយទេ។
បទពិសោធនៅប្រទេសឥណ្ឌូនេស៊ីថ្មីៗនេះគឺដោយសារតែជនល្មើសរំលោភកុមារីហើយសម្លាប់ចោលទៀតធ្វើឲ្យមានការដាស់សតិអារម្មណ៍លោកប្រធានាធិបតី Joko Widodo សម្រេចតាក់តែងច្បាប់មួយដើម្បីអនុវត្តដាក់ទោសធ្ងន់ធ្ងរទៅលើជនល្មើសដែលបានរំលោភសេពសន្ថវៈគឺប្រហារជីវិត ឬក៏គ្រៀវជនល្មើសដោយប្រើសារជាតិគីមីដោយមានការយល់ព្រមពីវេជ្ជបណ្ឌិតផងដែរ (BBC News)។ តែដោយសារប្រទេសកម្ពុជាពុំមានច្បាប់ប្រហារជីវិតនោះទេដូច្នេះមិនឆ្លើយតបតាមផ្លូវច្បាប់ដូចនៅឥណ្ឌូនេស៊ីតែបើគ្រៀវជនល្មើសគឺស្រុកខ្មែរអាចទទួលយកបាន។
តើរាជរដ្ឋាភិបាលអាចតាក់តែងច្បាប់គ្រៀវទៅលើជនល្មើសជាបុរសដែលបានរំលោភស្ត្រីដែរឬទេ? ដើម្បីចូលរួមលុបបំបាត់ការចាប់រំលោភសេពសន្ថវៈនោះ។ រីឯស្ថាប័នពាក់ព័ន្ធសូមកុំនាំគ្នាផ្អើលឈូឆរតាមបណ្តាញសង្គមហ្វេសប៊ុកជួយតែជនរងគ្រោះដែលជាតារានោះសូមធ្វើការជួយទប់ស្កាត់ទាំងអស់គ្នាទាំងជនក្រីក្រដែលជាស្ត្រី និងកុមារផងដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com