«សូមអ្នកបើកបរបញ្ឈប់យានយន្តទាំងអស់គ្នាភ្លាមៗ ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែង និងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់»។ នេះគឺជាការចង់បានជារួមរបស់មតិមហាជន និងយោបល់ផ្សេងៗតាមរយៈបណ្តាញសង្គម និងការផ្សព្វផ្សាយតាមសារព័ត៌មាននានា បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីសប្តាហ៍កន្លងទៅដែលជនសង្ស័យល្មើសច្បាប់ចរាចរណ៍ក្លាយទៅជាជនរងគ្រោះធ្ងន់ទៅវិញ។
ម្នាក់ៗបានបញ្ចេញយោបល់ និងបានផ្សព្វផ្សាយព័ត៌មានផ្សេងៗគ្នាដោយខ្លះសុទ្ធតែថានៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវដែលមានជនបង្កត្រូវបានគេស្គាល់ច្បាស់ថាជាលោកបណ្ឌិត ស៊ុយ សារ៉េត និងអះអាងថាដោយមានការភ័យខ្លាចសុវត្ថិភាពផ្ទាល់ខ្លួនគាត់ក៏បើកគេចចេញពីហេតុការណ៍រហូតដល់ជិតពេទ្យព្រះសង្ឃទើបត្រូវបានបញ្ឈប់ដោយហ្វូងមនុស្សមួយក្រុមដែលបានដេញតាមរួចប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃមកលើគាត់។
មតិដែលគាំទ្រខ្លះថា ចំពោះការបើកបរបុកគេហើយបើករត់ចោលកន្លែងកើតហេតុនេះគឺសមនឹងទទួលទោសដោយការព្រួតគ្នាប៉ុនប៉ងសម្លាប់ (Mob Killing) រីឯ មតិមិនគាំទ្របានហៅអំពើហិង្សាបែបនេះថាជាការខុសឆ្គងទាំងស្រុង ព្រោះអ្នកប្រព្រឹត្តទាំងនោះមិនពាក់ព័ន្ធ ឬក៏ត្រូវជាសាច់ញាតិជនរងគ្រោះថ្នាក់ចរាចរណ៍នោះទេ។ ជាងនេះទៅទៀតគឺហ្វូងមនុស្សទាំងនោះពោរពេញដោយកំហឹង និងបន្លំប៉ងសម្លាប់ផង និងបន្លំលួចទ្រព្យពីជនសង្ស័យផង។
មួយថ្ងៃបន្ទាប់មកទើបស្នងការនគរបាលរាជធានីភ្នំពេញចេញប្រកាសចាប់ខ្លូនហ្វូងមនុស្សដែលជាប្រព្រឹត្តអំពើឃោរឃៅមកលើលោកបណ្ឌិត ស៊ុយ សារ៉េត ដែលជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន។ សំណួរសាមញ្ញនៅលើបណ្តាញសង្គមមួយបានសួរថា នេះមកពីលោកបណ្ឌិតជាគ្រូនៅសាកលវិទ្យាល័យផង និងជាសមាជិកស្នូលរបស់បក្សកាន់អំណាចចុះពង្រឹងមូលដ្ឋាននៅឃុំផង?
ទើបបានជាសមត្ថកិច្ចខ្វែងដៃខ្វែងជើងចេញប្រកាសចាប់ខ្លួនបែបនេះចុះជនរងគ្រោះអ្នកដទៃដែលគ្មានខ្សែស្រឡាយអ្នកធំ ត្រូវគេបុកស្លាប់ ហើយរកអ្នកបុកមិនឃើញតើលោកស្នងការ ឬសមត្ថកិច្ចគិតយ៉ាងម៉េចទៅវិញ? ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះឃើញមានពន្លឺខ្លះៗ និងបង្ហាញលទ្ធផលទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរគឺសមត្ថកិច្ចចាប់ជនល្មើសដែលប្រើហិង្សាលើលោកបណ្ឌិតបាន ៣ នាក់ ហើយម្នាក់ត្រូវបានគេស្គាល់ជាអតីតសន្តិសុខខណ្ឌដូនពេញផងដែរ។
ជាមួយគ្នានេះដែរ ភ្នំពេញប៉ុស្តិ៍ បានសម្ភាសជាមួយនឹងកូនស្រីរបស់ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់នេះថា៖ «គ្រួសារលោក ស៊ុយ សារ៉េត ក៏បានធានាចេញសងការខូចខាត និងរបួសបាក់ជើង ២ កំណាត់នោះ។
អ្នកស្រីបន្តថា៖ «គាត់ខុសហើយគាត់មិនគួររត់ទេ ប៉ុន្តែចំពោះអ្នកដែលបានវាយដំគាត់គឺនៅពេលពួកគេខឹង...នេះគឺពិតជាឃោរឃៅណាស់ពួកគេចង់វាយគាត់ដល់ស្លាប់»។
ជាផលវិបាកដោយសារការសម្រេចចិត្តតែមួយប៉ប្រិចភ្នែកធ្វើឲ្យទាំងជនរងគ្រោះទាំងជនសង្ស័យក្នុងហេតុការណ៍គ្រោះថ្នាក់ដែលកក្រើកមួយរាជធានីភ្នំពេញនេះ រងរបួសធ្ងន់ទាំងសងខាង។ បើនិយាយពីការសិក្សាពិតប្រាកដ ទម្រាំតែបានបណ្ឌិតពិតនោះគឺចំណាយពេលច្រើនណាស់ ដូចបណ្ឌិត ស៊ុយ សារ៉េត បានសញ្ញាបត្របណ្ឌិតផ្នែកពាណិជ្ជសាស្ត្រពីប្រទេសស្វ៊ីស ហើយធ្លាប់បង្រៀនសិស្សរាប់រយនាក់ សុទ្ធតែជាធនធានមនុស្ស។
ចុះប្រសិនបើរបួសរបស់គាត់មិនអាចជាសះស្បើយដូចដើម ឬក៏ពិការមិនអាចធ្វើការកើតនោះ គឺជាការបាត់បង់ធនធានមនុស្សដ៏ធំធេងសម្រាប់សង្គមជាតិ។ ហេតុការណ៍នេះអាចបណ្តាលមកពីជនសង្ស័យខ្លាចរអា ចំពោះហេតុការណ៍ដែលធ្លាប់ឃើញកាលពីអតីតកាលដោយអ្នកបើកបុកគេខ្លះ គេចមិនរួចក៏ត្រូវបានតុលាការមហាជនកាត់ក្តីដោយហិង្សាបណ្តាលឲ្យរងរបួសធ្ងន់ ហើយខ្លះគ្រោះថ្នាក់ដល់អាយុជីវិតទៀតទើបសម្រេចចិត្តមិនឈប់រថយន្តរួមផ្សំហ្នឹងសំឡេងគំរាមកំហែងដោយហ្វូងម៉ូតូខាងក្រោយផង។
ជាពិសេសមានប្រព័ន្ធផ្សព្វផ្សាយបន្តផ្ទាល់ផងនោះគឺដើម្បីឲ្យគេនាំគ្នាមើលទៅលើវេបសាយ ឬក៏ Facebook page របស់ខ្លួនគឺមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយទេ តែហាក់បីដូចជាពន្យុះកំហឹងបន្ថែមមកលើជនដៃដល់ថា បានបុកគេស្លាប់បន្តបន្ទាប់តាមផ្លូវជាហូរហែមក ហើយថាក្រុមម៉ូតូមានដល់ទៅ ២ រយគ្រឿង។
សរុបមកវិញ រឿងនេះគ្មាននរណាម្នាក់ស្លាប់នោះទេ ហើយការពិតមានតែម៉ូតូ ៤-១០ គ្រឿងប៉ុណ្ណោះដែលដេញតាមប្រើអំពើហិង្សានោះ។
ព័ត៌មានក្នុងស្រុកដែលបំពុលបរិយាកាសសង្គមបែបនេះ រដ្ឋាភិបាលមិនចាត់វិធានការទេ រីឯបណ្តាញសង្គមដែលមិនមែនជាអ្នកឃើញហេតុការណ៍តាំងពីដំបូងផងក៏នាំគេកោកកាកៗ ខ្លះទៀតថា សួររកជនសង្ស័យបុកគេហ្នឹងជាជនជាតិចិន ឬក៏ខ្មែរ? បើខ្មែរទទួលប៉ុណ្ណឹង តែបើចិនវិញដឹងតែមិនរស់ហើយ។ ចុះហេតុអ្វីបានជារឿងគ្រោះថ្នាក់ចរាចរណ៍សោះ សួររកជនចិន ឬក៏ខ្មែរនោះ? បើចិនយ៉ាងម៉េច? ចុះបើខ្មែរយ៉ាងម៉េច?
នេះបង្ហាញពីការពន្យុះឲ្យស្អប់គ្នារវាងជាតិសាសន៍ ឬបែងចែកគ្នារវាងអ្នកមានអ្នកធំ និងអ្នកក្រហើយ ព្រោះគ្រាន់តែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយអចេតនាសោះ មកបកស្រាយខុសៗគ្នាបង្កឲ្យមានការរើសអើង។ នេះបង្ហាញពីចរិតដើមខ្លះៗដែលពន្យុះអំពើហិង្សាដោយមហាជនដូចជាករណីរឿងបុគ្គល ២ នាក់ឈ្លោះគ្នាសោះ មានម្នាក់រត់ ម្នាក់ដេញតាម ហើយអ្នកដេញស្រែកថាអ្នករត់មុខនោះគឺជាចោរៗ ភ្លាមនោះមហាជនចេញមកព្រួតវ៉ៃគូបដិបក្ខឡើងទក់សាច់បាត់ក៏មាន។ បញ្ហានេះដូចស្រមោលនៅតែអន្ទោលតាមប្រាណក្នុងបេះដូងខ្មែរនៅឡើយ។
សំណួរសួរថា បើបើកបុកគេ តើគួរបើករត់យករួចខ្លួន ឬក៏ឈប់នៅនឹងកន្លែង? តើបើករត់មានអ្វីកើតឡើង? ហើយបើមិនរត់តើមានអ្វីកើតឡើង? សំណួរនេះ បើផ្អែកលើគ្រោះថ្នាក់ចរាចរណ៍កន្លងមកគឺប្រៀបដូចមេមាន់ និងកូនមាន់ មួយណាកើតមុនអ៊ីចឹង។ ករណីនេះអ្នកបើកបុកគេ មិនថាអ្នកធំ ឬអ្នកតូចនោះទេគឺមានកូនចិត្តមួយថា ឲ្យតែបើកបុកគេដឹងតែពីរត់យករួចខ្លួនពោលគឺគ្មានធម៌មេត្តា ឬភាពជាមនុស្សទេ បើទោះបីមិនទាន់ដឹងថាតើជនរងគ្រោះស្លាប់ ឬក៏របួសធ្ងន់ ឬស្រាល ឬក៏អាចជួយអាយុជីវិតក៏ដោយ។
ដូចជាករណីតំណាងរាស្ត្រឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ក៏ក្លាយទៅជាបណ្ឌិតរត់ [រដ្ឋ] បន្ទាប់ពីអ្នកបើកបររថយន្តគាត់បុកពលរដ្ឋស្លាប់នៅស្រុកកៀនស្វាយកាលពីឆ្នាំ ២០១៤ គឺឯកឧត្តមមិនបានឲ្យឈប់ជួយលើកជនរងគ្រោះទៅមន្ទីរពេទ្យក្នុងនាមជាតំណាងរាស្ត្រទេ។ ចុងបញ្ចប់គឺជនរងគ្រោះបានត្រឹមទទួល សំណងជាលុយប៉ុណ្ណោះគឺគ្មានដាក់ទោសទណ្ឌឯកឧត្តមឡើយ ដែលនេះគឺជាគំរូអាក្រក់មួយចំពោះអ្នកបើកបុកគេហើយមានបំណងរត់នោះ។
រីឯ ករណីយុវតីនិស្សិតសាលាពេទ្យឆ្នាំទី ៤ បានបើកបុកគេហើយ បើករត់ក៏បុកគេបន្តស្លាប់តាមផ្លូវរដូករណែលនៅក្បែរក្រសួងមហាផ្ទៃ ហើយពេលប៉ូលិសចាប់បានគាត់គឺលទ្ធផលចេញមកថា គាត់វិកលចរិតទៅវិញ។ វប្បធម៌និទ្ទណ្ឌភាពនេះក៏ដក់ជាប់នឹងកំហឹងអ្នកដំណើរផ្សេងទៀតគឺថា ឲ្យតែមានគ្រោះថ្នាក់បើករត់គឺដឹងតែពីដង្ហើមចង្រិតតែម្តង។ ជាក់ស្តែងពេលខ្លះគឺប៉ូលិសជួយមិនទាន់ផងគឺស្លាប់តែម្តងដូចជាជនសង្ស័យបើករត់បុកគេរះបញ្ច្រាសផ្លូវខ្ទាតស្លាប់ព្រោងព្រាតនៅមុខសាលាបឹងត្របែកជាដើម។
សរុបមកវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យផ្ទុះអំពើហិង្សាឃោរឃៅនេះគឺអាចកាត់បន្ថយបានតាមរយៈ ៖
១) អ្នកបើកបរត្រូវគោរពច្បាប់គឺពិនិត្យលើល្បឿនរបស់ខ្លួនជាមុនសិន ហើយបើមានគ្រោះថ្នាក់ភ្លាមៗគួរបញ្ឈប់យានយន្ត ដោយងាកមកជួយជនរងគ្រោះភ្លាមៗបើអាចជូនជនរងគ្រោះទៅមន្ទីរពេទ្យសិនរួចសឹមដោះស្រាយសំណងជាក្រោយ។
២) បើដឹងថា ខ្លួនបើកខុសហើយ ចុះមកសុំទោសជនរងគ្រោះទៅ ហើយដោះស្រាយសំណងភ្លាមៗក៏បាន។
៣) បើទោះបីជាជនរងគ្រោះមានរបួសដែលមានយានយន្តតូចជាង តែបើគាត់បើកបរខុសច្បាប់ទាំងស្រុងគឺទុកឲ្យច្បាប់ដោះស្រាយ ចៀសវាងការវាយតប់ទៅជនរងគ្រោះ ឬក៏ជនសង្ស័យដែលពេលខ្លះគឺជនសង្ស័យតែងតែត្រូវបានចោទប្រកាន់ថា មានយានយន្តធំ និងអាចក្លាយជាជនរងគ្រោះក៏ថាបានបើទោះជាគាត់បើកត្រូវក៏ដោយ។
៤) អួតគ្នារឿងរថយន្តល្អទំនើបបាន តែកុំអួតពីការបើកលើសល្បឿនតាមបែបប្រមាថជីវិតអ្នកដទៃទៀតអី ដូចជានៅលើមហាវិថីព្រះនរោត្តមគេអាចបើកបានល្បឿន ១០០ ទៅ ១២០ គីឡូម៉ែត្រក្នុង ១ ម៉ោងនោះ។
៥) បើដឹងខ្លួនជាអ្នកបើកបរហើយ កុំពិសាគ្រឿងស្រវឹងឲ្យលើសកំណត់នៃច្បាប់ ហើយត្រូវពិនិត្យល្បឿនខ្លួនឯងឲ្យបានយឺតបំផុត។
៦) ដាក់ទោសទណ្ឌឲ្យបានធ្ងន់ចំពោះជនណាដែលបុកហើយបើកបររត់ពីកន្លែងកើតហេតុនោះ។
៧) ផ្ទុយទៅវិញដាក់ទោសទណ្ឌចំពោះអ្នកដែលពាក់ព័ន្ធទៅនឹងការប្រើអំពើហិង្សាទាំងឡាយដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយអចេតនានោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com