ការនិយាយស្មានមួយគួរឱ្យសោកស្តាយដែលថា ចិនកំពុងសាងសង់មូលដ្ឋានយោធាមួយនៅលើទឹកដីកម្ពុជា គ្រាន់តែត្រូវបានធ្វើឡើងក្នុងចេតនាអាក្រក់ និងក្លែងបន្លំដ៏លើសលប់ដោយគ្មានភ័ស្តុតាងតែប៉ុណ្ណោះ។ វាគឺជាយុទ្ធនាការលាបពណ៌បង្ខូចកេរ្តិ៍ឈ្មោះយ៉ាងច្បាស់ប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ប្រជាជនកម្ពុជា សន្តិភាព និងការអភិវឌ្ឍ ដែលរាជរដ្ឋាភិបាលកំពុងស្វែងរកបានដោយលំបាកសម្រាប់ប្រជាជនរបស់ខ្លួន។ ការនិយាយស្មានដោយគ្មានមូលដ្ឋាននេះមិនមែនជារឿងថ្មីនោះទេហើយត្រូវបានប្រើប្រាស់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឱ្យអន្តរាយដល់ការឯកភាពជាតិ។
នៅក្នុងឆ្នាំ ២០០៥ ទ្រឹស្ដីភូមិសាស្រ្តនយោបាយខ្សែគជ់ (String of Pearls) ត្រូវបានបង្កើតឡើងដែលចង្អុលសំដៅទៅបណ្តាញយោធា និងមូលដ្ឋានពាណិជ្ជកម្មរបស់ចិនរួមទាំងទំនាក់ទំនងនៅតាមបណ្តាញទំនាក់ទំនងផ្លូវសមុទ្ររបស់ចិន ដែលលាតសន្ធឹងពីដែនគោករបស់ប្រទេស ចិន រហូតទៅដល់តំបន់ឧបទ្វីបស្នែងរបស់អាហ្វ្រិក (Horn of Africa)។
បណ្តាញផ្លូវសមុទ្រនេះ រត់ឆ្លងកាត់ច្រកសមុទ្រសំខាន់ៗជាច្រើន ដូចជាច្រកម៉េនដេប (Mandeb) ច្រកម៉ាឡាកា (Malacca) ច្រកហ័រម៊ូស (Hormuz) និងច្រកឡុំប៊ុក (Lombok) ព្រមទាំងមជ្ឈមណ្ឌលផ្លូវសមុទ្រជាយុទ្ធសាស្រ្តដទៃទៀតនៅក្នុងប្រទេស ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដែស ម៉ាល់ឌីវ និងសូម៉ាលី។ កំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជាក៏ត្រូវបានរាប់បញ្ចូលផងដែរនៅក្នុងអ្វីដែលគេហៅថា យុទ្ធសាស្ត្រខ្សែគជ់របស់ចិន។
នៅដើមឆ្នាំ ២០១៦ កិច្ចប្រឹងប្រែងរួមគ្នាត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីព័ត៌មានបំភ្លៃអំពីការធ្វើយោធូបនីយកម្ម (militarization) ជាយថាហេតុនៃកំពង់ផែពាណិជ្ជកម្មនៅក្រុងព្រះសីហនុ។ វាប្រហែលជាដោយសារតែមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន និងការហូរចូលនៃវិនិយោគិន និងភ្ញៀវទេសចរចិននៅទីក្រុងឆ្នេរសមុទ្រមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ ត្រូវបានសាបរលាបទៅវិញ ដោយសារតែកិច្ចខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាក់អំពីគោលការណ៍គ្រឹះនៃគោលនយោបាយការបរទេសរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅកម្ពុជា។ ការពិតគឺថារាជរដ្ឋាភិបាលបានផ្តល់ឱ្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាន់កាប់ភាគហ៊ុនចំនួន ១៣,៥% របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ របស់កម្ពុជា កាលពីខែមិថុនា ឆ្នាំ ២០១៧។ ក្នុងនាមជាតួអង្គពាក់ព័ន្ធដ៏សំខាន់មួយ អង្គការJICA កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ និងធំជាងគេ របស់កម្ពុជា ដែលជប៉ុនបានជួយអភិវឌ្ឍ ចាប់តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។
ពេលថ្មីៗនេះការផ្តោតការយកចិត្តទុកដាក់ នៃយុទ្ធនាការស្រដៀងគ្នា មានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ និងលាបពណ៌បង្ខូចកេរ្តិ៍ឈ្មោះរបស់មហាអំណាចបរទេសនានា បានប្តូរពីក្រុងព្រះសីហនុទៅក្រុងឆ្នេរសមុទ្រមួយផ្សេងទៀតរបស់ប្រទេស កម្ពុជា។ អ្នកធ្វើគោលនយោបាយ អ្នកស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនបានអះអាងថា រដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងប៉េកាំងបានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងសម្ងាត់” មួយ ដើម្បីកសាងមូលដ្ឋានយោធាចិននៅកម្ពុជាមុនគេនៅខេត្តកោះកុង និងក្រោយមកទៀតនៅកោះរាម។
ទាំងប្រទេស កម្ពុជា និងទាំងប្រទេស ចិន មិនដែលមានចេតនារំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងការថែរក្សាសន្តិភាពពិភពលោក និងសន្តិសុខអន្តរជាតិឡើយ ហើយប្រទេសទាំង ២ បានគោរពនូវអធិបតេយ្យភាព និងបូរណភាពជាតិរបស់ប្រជាជាតិទាំងអស់។
ខ្ញុំយល់ឃើញថា បញ្ជីទីតាំងដែលរងការចោទប្រកាន់ថាជាទីតាំងមូលដ្ឋានយោធារបស់ចិននឹងត្រូវបានពង្រីកបន្ថែមទៀតដោយប្រទេសដែលធ្វើការចោទប្រកាន់ នៅពេលដែលការចោទប្រកាន់លើទីតាំងនោះសាបរលត់ទៅវិញ។
លើសពីនេះកិច្ចព្រមព្រៀងសម្ងាត់ដែលគេចោទប្រកាន់ គឺត្រូវបានគេលើកឡើងដោយសារតែហេតុផលយ៉ាងសាមញ្ញមួយ គឺថាកិច្ចព្រមព្រៀងនេះមិនមានការកើតឡើងឡើយ។ ការពិត ដែលមិនស្រួលមួយ គឺថាកម្ពុជាកំពុងក្លាយជាបាល់ស័ក (punching bag) នៃការប្រជែងគ្នានៃប្រទេសមហាអំណាច។
មន្រ្តីការទូតមួយចំនួននៅក្នុងរាជធានីភ្នំពេញបានលើកឡើងម្តងហើយម្តងទៀត ដោយគ្មានការគោរពអធិបតេយ្យភាព និងក្រមសីលធម៌អ្នកការទូតថា “កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ។ មន្រ្តីការទូតទាំងនោះបានយកកម្ពុជាធ្វើជាឧទាហរណ៍សម្រាប់ប្រទេសដទៃទៀតដែលការគ្រប់គ្រងលើសលប់ និងឥទ្ធិពលគ្របដណ្តប់របស់ប្រទេស ចិន ដល់កម្រិតមិនអាចទទួលយកបានដោយសមនឹងទទួលបានការដាក់ទណ្ឌកម្មជាជាងការផ្តល់រង្វាន់”។
ដូច្នេះ គេអាចអះអាងថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានអំពីមូលដ្ឋានយោធាចិននៅកម្ពុជា និងការដាក់សម្ពាធនយោបាយ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយប្រទេសមហាអំណាចមួយចំនួនដែលប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា គឺជាលេសដើម្បីបង្ខំឱ្យកម្ពុជាបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួននៅអាស៊ីតែប៉ុណ្ណោះ។
ដោយមានប្រវត្តិសាស្រ្តទទួលរងការដាក់អាណានិគម និងទទួលរងគ្រោះដោយអន្តរាគមន៍របស់បរទេស កម្ពុជាមិនគិតថាអធិបតេយ្យភាព និងឯករាជភាពរបស់ខ្លួនបានមកដោយស្រួលៗនោះឡើយ។
ប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឱ្យមហាអំណាចបរទេសណាមួយមកគ្របដណ្តប់ និងបង្គាប់បញ្ជាតាមឆន្ទៈរបស់ខ្លួនមកលើពួកគេឡើយ។ កម្ពុជាប្រាថ្នាធ្វើជាមិត្តភក្តិជាមួយគ្រប់ប្រទេសទាំងអស់ដោយឈរលើគោលការណ៍មិនផ្លាស់ប្តូរនៃការគោរពគ្នាទៅវិញទៅមក ដើម្បីអធិបតេយ្យភាពរបស់ប្រទេសនីមួយៗការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
សរុបមក ការកាន់តែនិយាយស្មាន អំពីមូលដ្ឋានយោធា របស់ចិននៅកម្ពុជា មិនបានផ្តល់ បម្រើផលប្រយោជន៍ដល់ប្រទេសណាមួយឡើយ។ បន្ថែមលើការដាក់សន្តិភាព និងវិបុលភាព របស់កម្ពុជា ក្នុងហានិភ័យដ៏ធ្ងន់ធ្ងរនោះ ការនិយាយស្មានដោយគ្មានមូលដ្ឋាននឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលយើងបានខិតខំកសាងឡើងតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត វានឹងជំរុញឱ្យមហាអំណាចដទៃទៀតកាន់តែបង្កើនការប្រកួតប្រជែងរបស់ខ្លួន ក្នុងការកសាងមូលដ្ឋានយោធានៅក្នុងតំបន់។ ដូចដែលបានសង្កេតឃើញនាពេលកន្លងមក រុស្ស៊ី និងសហរដ្ឋអាមេរិកបានប្រមើលមើលកំពង់ផែកាំរ៉ាញ់ (Cam- Ranh) នៃប្រទេស វៀតណាម ជាទ្រព្យធនយុទ្ធសាស្រ្តរបស់ពួកគេ។ ប្រសិនបើវាកើតឡើងដូច្នេះនោះ តំបន់ទន្លេមេគង្គទាំងមូលនឹងក្លាយជាតំបន់យោធា និងអាចធ្លាក់ចូលទៅក្នុងតំបន់សង្រ្គាមជាយុទ្ធសាស្ត្រនៃការប្រជែងអំណាចរបស់ប្រទេសមហាអំណាច។
កម្ពុជាស្វាគមន៍ចំពោះវិនិយោគទុនបរទេសពីគ្រប់ទីកន្លែង។ បើនិយាយពីសេដ្ឋកិច្ចកម្ពុជា បានទទួលផលប្រយោជន៍ពីគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគទុនសេរី។ កម្ពុជាមិនគួរត្រូវបានបន្ទោសចំពោះការទទួលវិនិយោគទុនចិន ឬជប៉ុនឡើយ ពីព្រោះការវិនិយោគមានសារៈសំខាន់ណាស់ក្នុងការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ប្រសិនបើកម្ពុជាត្រូវបានដាក់ទណ្ឌកម្ម ដោយសារតែអំណាចសេដ្ឋកិច្ច និងការពាក់ព័ន្ធ (engagement) របស់ចិនកាន់តែកើនឡើងនោះប្រទេសកំពុងអភិឌ្ឍន៍ស្ទើរតែទាំងអស់ទូទាំងពិភពលោកដែលទទួលវិនិយោគទុនពីប្រទេស ចិន ក៏នឹងត្រូវទទួលរងនូវការដាក់ទណ្ឌកម្មដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាមិនដែលចង់ឃើញការដាក់ទណ្ឌកម្មបែបនេះទៅលើប្រទេសណាមួយ ដោយសារតែការទទួលយកវិនិយោគទុននោះឡើយ។
ប្រជាជនទាំងអស់នៅកម្ពុជា គ្រាន់តែប្រាថ្នាចង់ទទួលបានផ្លែផ្កាពីសុខសន្តិភាព ដែលបានទទួលមក ដោយលំបាក ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច។ ពួកគេពិតជាមានបំណងប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលបានចែងយ៉ាងច្បាស់ថា កម្ពុជាត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវគោលនយោបាយការបរទេស អព្យាក្រឹត អចិន្រៃ្តយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។
ខ្ញុំសូមទទូចស្នើសុំឱ្យរដ្ឋាភិបាលបរទេសកុំអូសទាញប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាមមួយនេះឱ្យធ្លាក់ចូលជាថ្មីម្តងទៀតទៅក្នុងល្បិចនយោបាយពិភពលោកបែបប្រាកដនិយម (global realpolitik) ឡើយ។ ប្រជាជនកម្ពុជាធ្លាប់ទទួលរងគ្រោះយ៉ាងធំធេងច្រើនហួសប្រមាណ ក្នុងនាមជាជនរងគ្រោះ ដោយសារការប្រជែងអំណាចពិភពលោកនៃសង្រ្គាមត្រជាក់។ យើងជាអ្នកស្រឡាញ់សន្តិភាព និងជាអ្នកកសាងសន្តិភាព។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍យើងតែងតែគោរពច្បាប់ជាតិ និងអន្ដរជាតិ។
សូមមេត្តាទុកកម្ពុជា ឲ្យនៅក្រៅនយោបាយមហាអំណាច នាសតវត្សរ៍ទី២១ និងអនុញ្ញាតឱ្យកម្ពុជាទទួលបាននូវវិបុលភាពដែលកម្ពុជាស័ក្តិសមនឹងទទួល៕ដោយ អ្នកតំណាងរាស្រ្ត សួស យ៉ារ៉ា