ដោយសារការឲ្យតម្លៃគ្រូពេទ្យហួសហេតុពេកសូម្បីតែអ្នកណាដែលសរសេរក្រវិកក្រវក់ដូចអាចម៍ដង្កូវថាជាអក្សរដុកទ័រអ៊ីចឹងហើយ។
ការលើកទឹកចិត្តបែបនេះធ្វើឲ្យគ្រូពេទ្យភាគច្រើនមិនបានកែប្រែនូវឥរិយាបថរបស់គាត់ក្នុងការសរសេរនៅលើក្រដាសវេជ្ជបញ្ជាពីប្រភេទជំងឺ និងឈ្មោះថ្នាំពេទ្យមើលមិនដាច់។ ជួនកាលគាត់សរសេរពាក្យកាត់ៗដូចសម្រាប់តែឲ្យកូនក្មួយគាត់ឱសថនៅកន្លែងពិគ្រោះយោបល់ ឬក៏គ្លីនិកអានបានអ្នកលក់ថ្នាំពេទ្យតាមឱសថស្ថានដទៃទៀតមើលមិនដាច់ទេ។
បើទោះបីជាគ្មានការសិក្សាស្រាវជ្រាវអំពីបញ្ហាការចេញវេជ្ជបញ្ជាមកអានមិនដាច់ក៏ដោយក៏ពេលខ្លះធ្លាប់មានបញ្ហាទំនាស់គ្នារឿងសរសេរអក្សរឈ្មោះថ្នាំមិនច្បាស់លាស់ដូចចុះហត្ថលេខាអ៊ីចឹងឃើញតែដើមអក្សរខាងក្រោយអង្កាញ់ៗធ្វើអ្នកជំងឺទិញ និងប្រើមិនត្រូវឈ្មោះថ្នាំប្រភេទជំងឺគាត់ដែរ។
នេះជាបញ្ហាប្រឈមនឹងគ្រោះថ្នាក់ដល់អ្នកជំងឺដែរ ដែលឥរិយាបថរបស់គ្រូពេទ្យមួយចំនួនធំមិនព្រមកែប្រែទាល់តែសោះបើទោះបីជានៅក្នុងអនុក្រឹត្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យតាំងពីឆ្នាំ ២០០៣ នៅក្នុងមាត្រា ៣២ ចែងថា៖ «គ្រូពេទ្យត្រូវសរសេរវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ធ្វើយ៉ាងណាឲ្យអ្នកជំងឺ និងអ្នកជិតខាងបានយល់ និងអនុវត្តត្រឹមត្រូវ»។
ឥឡូវក្រសួងសុខាភិបាលមានបំណងចង់កែប្រែឥរិយាបថគ្រូពេទ្យទាំងនោះតាមរយៈចេញសារាចរណែនាំមួយទៀតជូនគ្រូពេទ្យ៖ «ទុកពេល ៣ ខែក្នុងការអនុវត្តក្រមសីលធម៌នេះឲ្យគ្រូពេទ្យដែលបម្រើសេវាសុខាភិបាលទាំងសេវាសាធារណៈ និងសេវាឯកជនដើម្បីរៀបចំប្រព័ន្ធកុំព្យូទ័រក្នុងការចេញវេជ្ជបញ្ជា ឬលទ្ធផលពីសេវាអមវេជ្ជសាស្ត្រ និងរក្សាទិន្នន័យរបស់អ្នកជំងឺឲ្យបានត្រឹមត្រូវបើចាំបាច់អាចប្រើជាភាសាខ្មែរជំនួយសម្រាប់អ្នកប្រើប្រាស់ងាយយល់។ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ឬបិទមិនឲ្យដំណើរការ»។
ជាងនេះទៅទៀត កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលបានចេញបម្រាមមួយទៀតចំពោះគ្រូពេទ្យ ឱសថការី និងអ្នកលក់ថ្នាំពេទ្យ៖ «ហាមលក់ឱសថនៅក្នុងមន្ទីរពេទ្យឯកជនមន្ទីរពហុព្យាបាលមន្ទីរសម្រាកព្យាបាល គ្លីនិក បន្ទប់ពិគ្រោះជំងឺ ថែទាំជំងឺ និងការលក់ឱសថនៅតាមឱសថស្ថានត្រូវលក់តាមវេជ្ជបញ្ជាចំពោះឱសថដែលត្រូវប្រើតាមវេជ្ជបញ្ជា (Drug Prescription)»។
ការសេរសរអក្សរខ្មែរឲ្យកាន់តែច្បាស់ទៅលើវេជ្ជបញ្ជាមិនខុសពីការប្រើប្រាស់ផលិតផលថ្នាំសម្លាប់សត្វល្អិត និងថ្នាំកសិកម្មទេគឺខាងវិស័យកសិកម្មបាននិងកំពុងឆ្លើយតបទៅនឹងស្តង់ដាររបស់អង្គការសុខភាពពិភពលោកតាមរយៈច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនៅឆ្នាំ ២០១២។
មាត្រា ២៣ នៃច្បាប់នេះបានចែងយ៉ាងច្បាស់ថា៖ «រាល់ស្លាកសញ្ញាព័ត៌មានរបស់ថ្នាំកសិកម្មគ្រប់ប្រភេទត្រូវតែមានជាភាសាខ្មែរ និងត្រូវភ្ជាប់មកជាមួយ ឬបោះពុម្ពនៅលើផ្ទៃសម្បកវេចខ្ចប់ក្នុងលក្ខណៈដែលព័ត៌មានទាំងអស់នៃស្លាកសញ្ញាអាចមើលឃើញ អានបាន ងាយយល់ និងមិនងាយរលុប...និងមានសេចក្តីណែនាំពន្យល់ពីការប្រើប្រាស់ថ្នាំទាំងនោះផងដែរ»។ ក្នុងន័យនេះគឺទាំងថ្នាំ និងជីកសិកម្មនាំចូល និងផលិតក្នុងស្រុកផងដែរ។ តែថ្នាំ និងជីកសិកម្មនាំចូលមើលទៅឃើញថាគ្រាន់បើច្រើន ការសរសេរពន្យល់ជាភាសាខ្មែរទាំងនៅលើសម្បកកំប៉ុង។
ចំណែកឯសេចក្តីណែនាំពន្យល់នៅលើកំប៉ុង ឬកញ្ចប់ថ្នាំពេទ្យដែលនាំចូលមកពីប្រទេសនានានៅមិនទាន់បកប្រែជាភាសាខ្មែរនៅឡើយទេគឺមានតិចតួចបំផុតតែសម្រាប់ឱសថផលិតក្នុងស្រុកវិញឃើញថាបកប្រែជាភាសាខ្មែរពន្យល់នៅលើក្រដាសដែលស៊កបញ្ចូលទៅក្នុងប្រអប់ថ្នាំពេទ្យមួយៗដែលរួមមាន៖
១-សមាសធាតុផ្សំ ២-គុណភាពព្យាបាល ៣-ហាមប្រើចំពោះ ៤-កម្រិត និងរបៀបប្រើ ៥-ការប្រុងប្រយ័ត្ន ៦-ការរក្សាទុក និង ៧-រូបភាពឱសថ។
បើទោះបីជាមានការបកប្រែមកជាភាសាខ្មែររួចហើយក៏ដោយ ក៏នៅមានបញ្ហាមួយទៀតគឺទំហំអក្សរខ្មែរតូចៗពេកមើលមិនចង់ឃើញគឺមានន័យថាហាក់បីដូចជាធ្វើឲ្យតែបានៗនោះទេ។ ចំណុចនេះ តើពេលណាបានអាជ្ញាធររឹតបន្តឹងទៅលើក្រុមហ៊ុនដែលនាំចូលឱសថទាំងអស់ មានសេចក្តីណែនាំការពន្យល់ចំពោះថ្នាំពេទ្យជាភាសាខ្មែរនៅក្នុងប្រអប់ថ្នាំ ឬ កំប៉ុងថ្នាំដើម្បីឲ្យអ្នកជំងឺ ឬក៏អ្នកជិតខាងអាចអានយល់បាន? បើកាលណាឱសថធ្វើធ្វើបានហើយគឺគ្រឿងសម្អាងនឹងទៅតាមក្រោយដែរ។
កន្លងមកយើងឃើញមានអ្នកប្រើប្រាស់គ្រឿងសម្អាងកែសម្ផស្សដែលប្រើប្រាស់ផលិតផលមិនបានដឹងពីប្រភពជាក់លាក់ និងសេចក្តីណែនាំជាភាសាខ្មែរធ្វើឲ្យស្ត្រីដែលប្រើប្រាស់ផលិតផលទាំងនោះមានផលប៉ះពាល់លើស្បែកផងមុខជាំទាំងផ្ទាំងមានផលគ្រោះថ្នាក់ដល់បាត់បង់ជីវិតក៏មានដែរដូចស្ត្រីនៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺកន្លងមក។
បើទោះបីជាគ្មានការសិក្សាស្រាវជ្រាវជាក់លាក់អំពីផលប៉ះពាល់ដោយសារការមិនប្រើជាភាសាខ្មែរនៅលើកំប៉ុង ឬ នៅក្នុងប្រអប់ថ្នាំពេទ្យក៏ដោយ ក៏អាចបញ្ជាក់ផ្នែកខ្លះអាចជាផលប៉ះពាល់គ្រោះថ្នាក់ដោយសារការប្រើច្រឡំ ឬលើសថ្នាំកំណត់អាចពុល ឬក៏ស្លាប់បាន។ ជាពិសេស ចំណុចដែលដាក់ថាប្រុងប្រយ័ត្នផលគ្រោះថ្នាក់ដែលតម្រូវថ្នាំពេទ្យនោះដាក់ឲ្យឆ្ងាយពីដៃក្មេង និងថ្នាំពេទ្យដែលតម្រូវសីតុណ្ហភាពកម្រិតណាមួយនោះប្រសិនបើដាក់ថ្នាំពេទ្យទាំងនោះដែលមានកម្ដៅលើសធ្វើឲ្យខូចគុណភាពថ្នាំហើយថាថ្នាំហ្នឹងមិនសុទ្ធ។
ឥឡូវចូលដល់អក្សរដែលចេញពីម៉ាស៊ីនអេកូស្កេន តេស្តឈាម រាប់មេរោគ ឬក៏លទ្ធផលពីជំងឺផ្សេងៗនៅស្រុកខ្មែរសុទ្ធតែជាភាសាបារាំង ឬក៏ភាសាអង់គ្លេស។
គ្រូពេទ្យដែលមើលលទ្ធផលនោះបានគឺគ្រាន់តែប្រាប់ថាមានជំងឺ ឬអត់ជំងឺតែមិនបានប្រាប់ពីភិនភាគលទ្ធផលនោះទេហើយក៏គ្មាននរណាដឹងដែរក្រៅពីគ្រូពេទ្យនោះអំពីរោគសញ្ញា និងកម្រិតធ្ងន់ ឬក៏ស្រាលនៃប្រភេទជំងឺនោះទេ។
បើនៅប្រទេសថៃគឺលទ្ធផលចេញពីម៉ាស៊ីនទាំងអស់របស់គេព្រីនចេញមកជាភាសាថៃមានពាក្យបច្ចេកទេសជាភាសាអង់គ្លេសមួយៗក៏ត្រូវបានគេពន្យល់ជាភាសាថៃទាំងអស់ដែរ។ អ៊ីចឹងធ្វើឲ្យឯកសារលទ្ធផលនៃតេស្ត ឬក៏ស្គែនដោយម៉ាស៊ីនរបស់គេក៏ធ្វើឲ្យអ្នកជំងឺងាយយល់ដែរ។ ហេតុអ្វីបានជានៅស្រុកខ្មែរធ្វើមិនបាន? តែបើវិក្កយបត្រដែលគិតលុយរាល់ការចំណាយអស់តម្លៃប៉ុន្មានដុល្លារនៃការធ្វើតេស្ត និងអេកូទាំងនេះវិញគឺសុទ្ធតែអក្សរខ្មែរ និងពន្យល់យ៉ាងច្បាស់ព្រីនចេញពីកុំព្យូទ័រមក។
ចំណុចល្អៗខ្លះនៃផលិតផលក្នុងស្រុកដែលមានលក្ខណៈវេចខ្ចប់មានស្តង់ដារសព្វថ្ងៃនេះគឺចេញមកមានភាសាខ្មែរយើងច្រើនដែរពន្យល់តាំងពីសមាសភាពពេលវេលាកំណត់ឈ្មោះក្រុមហ៊ុន និងទីកន្លែងផលិតនៅលើកញ្ចប់ដូចជា នំអេសប៊ី តំណាប់អម្ពិល សាច់គោងៀតជាដើម៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com