បន្ទាប់ពី​បាន​កំណែទម្រង់ ការអប់រំ តាមរយៈ​ការ​រឹតបន្តឹង ការប្រឡង​ថ្នាក់​បាក់ឌុប​មក​ ក្រសួង​អប់រំ​ក៏​បាន​ចាប់ផ្តើម​ពង្រឹង​វិន័យ​ក្នុង​សាលារៀន និង​ការលុបបំបាត់​អំពើ​ហិង្សា​ទៅលើ​កុមារ និង​ការរើសអើង​ប្រឆាំង​នឹង​កុមារ​ផងដែរ​។

កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ​ក្រសួង​អប់រំ​បាន​ចេញ​គោលនយោបាយ​ស្តីពី​កិច្ចការពារ​កុមារ​នៅ​សាលារៀន​ដែល​បាន​បោះពុម្ព​តាំងពី​ខែ​កញ្ញា ឆ្នាំ ២០១៦ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កុមារ​កាន់តែ​មាន​សុវត្ថិភាព​បន្ថែម​ទៀត​។

នៅក្នុង​គោលនយោបាយ​នេះ ក្រសួង​បាន​លើក​ទឡ្ហីករណ៍​មក​បញ្ជាក់​ច្បាស់លាស់​មាន​តាំងពី​ទិន្នន័យ​គ្រប់​រូបភាព​អំពើ​ហិង្សា​លើ​កុមារ​បាន​មកពី​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ UNICEF រួម​ទាំង​ច្បាប់​អន្តរជាតិ និង​ច្បាប់​ក្នុង​ស្រុក​ក្នុង​កិច្ចការពារ​កុមារ ដើម្បី​បង្ហាញ​ថា​កុមារ​ពិតជា​ត្រូវការ​ចាំបាច់​ក្នុង​កិច្ចការពារ​។

តែ​នៅ​ក្នុង​គោលនយោបាយ​នេះ​ហាក់បី​ដូចជា​មាន​លក្ខណៈ​ទូលំទូលាយ ក្នុង​ការ​ឆ្លើយតប កិច្ចការពារ​កុមារ​នៅ​ក្នុង​សាលារៀន ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​លម្អិត​ចំពោះ​ការ​ការពារ​កុមារ​មាន​ទំនាស់​គ្នាឯង​នៅក្នុង​សាលារៀន​នោះ​ទេ​។

អ៊ីចឹង​ហើយ​ជំហាន​បន្ទាប់​ក្រសួង​អប់រំ គួរតែ​ចាប់ផ្តើម​តាក់តែង​សេចក្តី​ណែនាំ​ជាក់លាក់​មួយ​ទៀត​ឲ្យ​កាន់តែ​លម្អិត​បន្ថែម​ស្តីអំពី​ការលុបបំបាត់​ទំនាស់​គ្នា​រវាង​កុមារ និង​កុមារ​គ្នាឯង​តាមរយៈ​ការ​វាយតប់​គ្នា ការច្រណែន ការចំអក​ឡកឡាយ​ (Bullying) ការឈ្នានីស​គ្នា ការមើល​ងាយ និង​ការ​រើសអើង​គ្នា​នោះ​។

ជាពិសេស​នោះ​គឺ​ចំអក​ឡកឡាយ​នោះ​ដូចជា​ការ​មើលងាយ​ផ្នែក​យេនឌ័រ កុមារី​សម​នឹង អ៊ីចេះ ឬ​ក៏​អ៊ីចុះ ការបង្ហាញ​សញ្ញា​តាមរយៈ​កាយវិការ​លើក​ម្រាមដៃ​កណ្តាល​ជា​សញ្ញា​ជេរ​គ្នា ឬ​ក៏​ញាក់​មុខ​ញាក់​មាត់​ឌឺដង​ឲ្យ​គ្នា​ការ​ត្មះ​ដៀល​គ្នា​ថា​ «​អា​ខ្ទើយ អា​ខ្មៅ អា​តឿ អា​ក្រញាញ់ អា​វែង អាចិន អា​យួន អា​ចាម កូន​អា​ជាប់គុក កូន​ឪពុកម្តាយ​កើត​អេដស៍​» ឬ​ក៏​ការ​ជេរ​ត្រកូល​គ្នា​ទៅវិញ​ទៅមក​ដែល​ឈាន​ដល់​ការ​វាយតប់​គ្នា​ក្នុង​សាលារៀន​នោះ​។

ទាំងនេះ​គឺ​សុទ្ធ​តែ​ជា​មូលហេតុ​ធ្វើឲ្យ​កុមារ​មាន​គំនុំ​សងសឹក​នឹង​គ្នា​ក្នុង​សាលារៀន ឬ​ក៏​គុំ​គ្នា​ពេល​ចេញ​ពី​សាលា​មក ហៅ​ពួកម៉ាក​មក​វាយ​គ្នា​បន្ថែម​ទៀត​ក៏​មាន​។ នេះ​ករណី​ដែល​កើតឡើង​ជាក់ស្តែង​មិន​ថា​នៅ​ទីក្រុង​នោះ​ទេ សូម្បី​តែ​នៅ​តាម​សាលា​នៅ​ជនបទ​ក៏​កើត​មាន​ដែរ ពេល​ខ្លះ​កុមារ​ហ៊ាន​ដល់​ថ្នាក់​ប្រើ​កាំបិត និង​ដាវ​សាមូរ៉ៃ​កាប់​គ្នា​នៅ​ខាង​ក្រៅ​សាលា​ក៏​មាន​ដោយសារ​តែ​ទំនាស់​គ្នា​ក្នុង​សាលា​មិន​បាន​ដោះស្រាយ​។

ករណី​នេះ​ទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា អាជ្ញាធរ​ដែនដី សាលារៀន និង​ឪពុកម្តាយ​សុទ្ធ​តែ​ព្រួយបារម្ភ​រាល់​ថ្ងៃ​ចំពោះ​កុមារ​នៅ​ក្នុង​សាលា​រដ្ឋ និង​សាលា​ឯកជន​។ ក្នុង​ន័យ​នេះ​ក្រសួង​អប់រំ​គួរតែ​តាក់តែង​គោលការណ៍​ណែនាំ​ការគ្រប់គ្រង​ទៅ​លើ​កុមារ​ដែល​មាន​ទំនាស់​គ្នាឯង​នៅ​តាម​សាលារៀន ដើម្បី​ឲ្យ​សាលា​អនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ព្រោះ​រដ្ឋាភិបាល​បាន​ចេញ​គោលការណ៍​ភូមិ ឃុំ​មាន​សុវត្ថិភាព​រួច​ហើយ​។

តាមរយៈ​បទពិសោធ​របស់​ខ្ញុំ​បាន​ធ្វើ​កម្មសិក្សា​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៤ គឺ​នៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​កម្រិត​ស្រុក និង​ឃុំ គឺ​គេ​មាន​ទំនាក់​ទំនង​គ្នា​ល្អ​ណាស់ ចំពោះ​ការដោះស្រាយ​បញ្ហា​ទាំង​យុវជន ទាំង​កុមារ​ដែល​មាន​ទំនាស់​គ្នា​នៅក្នុង​សហគមន៍ និង​ក្នុង​សាលារៀន​។

រាល់​ការ​តាក់តែង​គោលនយោបាយ និង​សេចក្តី​ណែនាំ​គឺ​ស្វែងរក​កិច្ចគាំពារ​កុមារ​ និង​យុវជន​កុំ​ឲ្យ​មាន​ទំនាស់​គ្នា បើ​នៅ​កម្រិត​សហគមន៍​វិញ ប្រសិន​បើ​មាន​កុមារ ឬ​ក៏​យុវជន​ចម្លែក​មកពី​ទីក្រុង​ផ្សេង​គឺ​គេ​រាយការណ៍​ទៅ​អាជ្ញាធរ ឬ​ក៏​ប៉ូលិស​ភ្លាមៗ ដើម្បី​ទប់ស្កាត់​បញ្ហា​កុំ​ឲ្យ​កើតមាន​។

តែ​បើ​នៅ​ក្នុង​សាលា​វិញ​គឺ​លោកគ្រូ អ្នកគ្រូ​បាន​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ណែនាំ​ទប់ស្កាត់ និង​ដោះស្រាយ​កុមារ​មាន​ទំនាស់​គ្នា​តាមរយៈ​ការផ្សព្វផ្សាយ​សេចក្តី​ណែនាំ​នេះ និង​បង្កើត​ក្រុម​កុមារ​គំរូ ដើម្បី​បង្រៀន​បណ្តុះបណ្តាល​ពួកគេ​ស្តីពី​របៀប​ដោះស្រាយ​ទំនាស់​ និង​របៀប​ពិគ្រោះ​យោបល់​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​មិត្ត​អប់រំ​មិត្ត​មាន​ន័យ​ថា ឲ្យ​កុមារ​គំរូ​នេះ ចេះ​ប្រើ​វិធីសាស្ត្រ​ជា​អ្នក​ពិគ្រោះ​យោបល់​ផង (counseling boy) និង​ជា​អ្នក​ផ្សះផ្សា​ផង​ (mediator)​។

ការអនុវត្ត​ជោគជ័យ​ក្នុង​សាលារៀន​គឺ​ត្រូវ​បាន​មាតាបិតា​នៅ​តាម​សហគមន៍​មាន​ការ​សាទរ​ជាខ្លាំង និង​មាន​ទំនុក​ចិត្ត​ចំពោះ​សាលា​។

បទពិសោធ​ការទប់ស្កាត់​ការមាន​ទំនាស់​គ្នា​ក្នុង​សាលារៀន​នៅ​សហរដ្ឋអាមេរិក​នេះ​គឺ​នៅ​កម្ពុជា​គួរតែ​មាន​សេចក្តី​ណែនាំ​ថ្មី​មួយ​ជាក់លាក់ ចំពោះ​ដំណោះ​ស្រាយ​កុមារ​មាន​ទំនាស់​គ្នា​ក្នុង​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន​នោះ​ដោយ​រួមបញ្ចូល​គ្នា​៖

ទី​ ១- នាយក​សាលា​ ឬ​លោកគ្រូ អ្នកគ្រូ អាន​នូវ​ចំណុច​សំខាន់ៗ​ម្តង​មួយៗ​ក្នុង​សេចក្តី​ណែនាំ​ក្នុង​ការ​ទប់ស្កាត់​ទំនាស់​រវាង​កុមារ និង​កុមារ គឺ​នៅពេល​ពួកគេ មក​គោរព​ទង់ជាតិ​ម្តងៗ​ដើម្បី​ក្រើន​រំឭក​ដល់​កុមារ​ឲ្យ​ចៀសវាង​បញ្ហា​ឈាន​ដល់​ការ​វាយតប់​គ្នា​នេះ​។

ទី​ ២- ​តាមរយៈ​ការបង្កើត​ក្រុមប្រឹក្សា​កុមារ​នៅ​តាម​សាលារៀន​ធ្វើ​ជា​កុមារ​គំរូ សម្រាប់​បង្ហាត់​បង្រៀន​ឲ្យ​ក្លាយ​ជា​មិត្ត​អប់រំ​មិត្ត អាច​ជា​អ្នក​ពិគ្រោះ​យោបល់ ឬ​ក៏​ជា​អ្នក​ផ្សះផ្សា​ទំនាស់​គ្នា​។

ទី​ ៣- សាលារៀន​ត្រូវ​បង្កើត​បន្ទប់​ដាច់​ដោយ​ឡែក​សម្រាប់​បណ្តុះបណ្តាល​កុមារ​ និង​សម្រាប់​ដោះស្រាយ​បញ្ហា​ទំនាស់​កុមារ​។

ទី​ ៤- ​បង្កើន​ការផ្សព្វផ្សាយ សេចក្តី​ណែនាំ​នេះ​ដល់​សហគមន៍ និង​អាជ្ញាធរ​ដែនដី ដើម្បី​ជួយ​អន្តរាគមន៍​បន្ទាន់​ចំពោះ​បញ្ហា​​ទំនាស់​គ្នា​នៅក្នុង​សាលារៀន​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com