យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (International Monetary Fund - IMF) ស្តីពី​សេដ្ឋកិច្ចកម្ពុជា កម្ពុជា​បន្ត​ទទួលផល​ពី​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​នៃ​អតិផរណា​ប៉ុន្តែ​កម្ពុជា​ក៏​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ធំៗ​មួយ​ចំនួន​ផងដែរ​។ របាយការណ៍​មាត្រា​ ៤ ​របស់ IMF ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២៦ ខែ​ធ្នូ ឆ្នាំ​ ២០១៩ បាន​បង្ហាញថា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច និង​កំណែទម្រង់​រចនាសម្ព័ន្ធ​ដែល​កំពុង​ត្រូវបាន​អនុវត្ត​បាន​រួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (Sustainable Development Goals-SDGs)​។

ជាមួយ​គ្នា​នេះ​ដែរ ភាព​មិន​ច្បាស់លាស់​មួយចំនួន​ដូចជា ភាព​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​សកល និង​ការប្រឈម​នឹង​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​សព្វាវុធ​» (Everything But Arms-EBA) គូសបញ្ជាក់​យ៉ាងច្បាស់​អំពី​សារៈសំខាន់​នៃ​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ទន្ទឹម​គ្នា​នឹង​ការបំពេញ​តម្រូវការ​ធំៗ​នៃ​ការអភិវឌ្ឍ ការកាត់បន្ថយ​ភាពងាយ​រងគ្រោះ​មួយ​ចំនួន​ដែល​កំពុង​កើនឡើង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក៏​ដូចជា​ការពន្លឿន​កំណែទម្រង់​រចនាសម្ព័ន្ធ​ផងដែរ​។

ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​ភាពល្អប្រសើរ​ក្នុង​ការកៀរគរ​ចំណូល​រដ្ឋ ហើយ​ចក្ខុវិស័យ​សម្រាប់​រយៈពេល​មធ្យម​នៅ​រក្សា​ភាពវិជ្ជមាន​ដដែល​។ ក្នុង​ឆ្នាំ​ ២០១៨ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​កើនឡើង​ដល់​ ៧,៥%​។ កំណើន​នេះ​ត្រូវ​បាន​រួមចំណែក​មួយ​ភាគ​ធំ​ដោយ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​សកម្មភាព​ក្នុង​វិស័យ​សំណង់ និង​ត្រូវ​បាន​ទ្រទ្រង់​ដោយ​កំណើន​ខ្ពស់​នៃ​តម្រូវការ​ពី​ខាងក្រៅ និង​ឥណទាន​។ ក្នុង​វិស័យ​សារពើពន្ធ​កម្ពុជា​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ការកៀរគរ​ចំណូល​។

ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​តុល្យការ​សារពើពន្ធ​ក្នុង​ឆ្នាំ​ ២០១៨ (​ដោយ​យោង​តាម​ទម្រង់​ឆ្នាំ​ ២០១៤ ​នៃ​សៀវភៅ​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​) បានបង្ហាញ​នូវ​អតិរេក ជិត​ ១% នៃ ផ.ស.ស. ក្នុង​ឆ្នាំ​ដដែល​នេះ​។ ស្ថានភាព​សារពើពន្ធ​របស់​កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​រក្សាបាន​នូវ​អតិរេក​ក្នុង​ឆ្នាំ​បន្ទាប់​ផងដែរ​។

ឱនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ធ្លាក់​មក​នៅត្រឹម ៧% ក្នុង​ឆ្នាំ​ ២០១៩ និង ៦,៨% ក្នុង​ឆ្នាំ​ ២០២០​។ ការនាំចេញ​ត្រូវបាន​រំពឹង ថា​នឹង​មាន​កំណើន​មធ្យម​។ និន្នាការ​នេះ​បានរួម​ចំណែក​បង្កើន​ឱនភាព​សម្រាប់​គណនី​ចរន្ត​រហូតដល់​ ១៣,៥% នៃ ផ.ស.ស. ក្នុង​ឆ្នាំ​ ២០១៩​។

ទោះជា​យ៉ាងនេះ​ក្តី ការផ្អាក​ការអនុគ្រោះ​ពាណិជ្ជកម្ម​ជា​កត្តា​បង្ក​ហានិភ័យ​អវិជ្ជមាន​ខ្ពស់​សម្រាប់​កម្ពុជា​។ ការត្រួត​ពិនិត្យ​ឡើងវិញ​ដោយ​សហភាព​អឺរ៉ុប ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​កម្ពុជា​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA អាចឈាន​ទៅ​ដល់​ការផ្អាក​ការអនុគ្រោះ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ ២០២០ ​និង​ជា​កត្តា​ជះឥទ្ធិពល​អវិជ្ជមាន​ជាខ្លាំង​លើ​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ជាកិច្ច​ឆ្លើយតប ថវិកា​ឆ្នាំ​ ២០២០ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នេះ​ដោយ​ធ្វើការ​បង្កើន​ចំណាយ​រដ្ឋ​ជាច្រើន​គួរឱ្យ​កត់សម្គាល់ ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ឱកាស​ការងារ និង​ការអភិវឌ្ឍ​ទុន​មនុស្ស​តាមរយៈ​កម្មវិធី​ការងារ​ផ្គត់ផ្គង់​ជីវភាព (cash-for-work program) ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការលើកកម្ពស់​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។

ហានិភ័យ​ផ្សេងទៀត​សម្រាប់​កំណើន​សេដ្ឋកិច្ច​ក៏មាន​ទំនោរ​អវិជ្ជមាន​ផងដែរ​។ ក្តីបារម្ភ​អំពី​គុណភាព​នៃ​ឥណទាន ការប្រមូលផ្តុំ​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​កម្ចី​ផ្ទាល់ខ្លួន ការពឹង​ផ្អែកលើ​ការផ្តល់​ហិរញ្ញប្បទាន​ពី​ខាងក្រៅ និង​កំណើន​នៃ​ឥទ្ធិពល​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បន្ត​គំរាមកំហែង​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ម៉ាក្រូ​សេដ្ឋកិច្ច​។ សម្ពាធ​នៃ​ចំណាយ​សារពើពន្ធ និង​ភាព​អាច​ថមថយ​នៃ​កំណើន​ចំណូល​អាច​បង្ក​ជា​ហានិភ័យ​ក្នុង​ការរឹតត្បិត​ការកំណត់​គោលនយោបាយ​ក្នុង​រយៈពេល​មធ្យម​។

ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​អវិជ្ជមាន​ដូចជា ការរីក​សុសសាយ​នៃ​និន្នាការ​គាំពារ​និយម​ដែល​ដាក់​សម្ពាធ​លើ​ការនាំចេញ​របស់​កម្ពុជា និង​ជំនឿ​ទុកចិត្ត​របស់​វិនិយោគិន​។ ម្យ៉ាងវិញ​ទៀត​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ថមថយ​ជាង​ការរំពឹងទុក​ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ខ្ពស់​ដល់​កម្ពុជា​តាមរយៈ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស វិស័យ​ធនាគារ និង​ទេសចរណ៍​។ ជាមួយ​គ្នា​នេះ ទំនោរ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ជឿនលឿន ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការកាត់បន្ថយ សកម្មភាព​នាំចេញ​របស់​កម្ពុជា​។ គ្រោះធម្មជាតិ​ក៏បាន​បង្ក​ជា​ផលប៉ះពាល់​ដល់​ផលិតកម្ម​កសិកម្ម​ផងដែរ​។

ទន្ទឹម​នឹង​ហានិភ័យ​អវិជ្ជមាន​ទាំងនេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​មាន​សក្តានុពល​លូតលាស់​បន្ថែម​ទៀត​តាមរយៈ​ការធ្វើ​កំណែទម្រង់​។ ផែនការមេ​សម្រាប់​ការធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ជា​ធាតុ​ចូល​ដ៏ចាំបាច់​ក្នុង​ការកំណត់​ទិសដៅ​សេដ្ឋកិច្ច ជំរុញ​ការវិនិយោគ និង​បង្កើត​ឱកាស​ការងារ​។ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៩-២០២៣ ជា​ទឡ្ហីករណ៍​ដ៏សំខាន់​មួយ​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អាទិភាព​កែទម្រង់​មួយ​ចំនួន​ដែល​ឆ្លុះបញ្ចាំង​អំពី​ទំហំ និង​ទិដ្ឋភាព​ចម្រុះ​នៃ​តម្រូវការ​អភិវឌ្ឍ​របស់​កម្ពុជា​។

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​​ឆ្នាំ​ ២០១៩-២០២០ បង្ហាញ​អំពី​វឌ្ឍនភាព​របស់​កម្ពុជា​ក្នុង​ការកំណត់​ទិសដៅ​កំណែទម្រង់​សំដៅ​លើក​កម្ពស់​ការប្រកួតប្រជែង និង​ពិពិធកម្ម​សេដ្ឋកិច្ច​។ ទោះជា​យ៉ាងនេះ​ក្តី​កម្ពុជា​ត្រូវ​កំណត់​ផែនការ​ច្បាស់លាស់​សម្រាប់​កំណែទម្រង់​របស់​ខ្លួន ហើយ​បញ្ចូល​ផែនការ​នេះ​ទៅក្នុង​ក្របខ័ណ្ឌ​សារពើពន្ធ​រយៈពេល​មធ្យម​។

ការសម្រេច​គោលដៅ SDGs ​ត្រឹម​ឆ្នាំ​ ២០៣០ តម្រូវ​ឱ្យ​មាន​ការយក​ចិត្តទុកដាក់​យ៉ាង​ខ្ជាប់ខ្ជួន​លើ​គោលនយោបាយ​។ ដំណើរ​ឈាន​ទៅ​រក​ការសម្រេច​បាន​នូវ SDGs ​ត្រូវ​បាន​រួមចំណែក​ធំ​ដោយ​កំណើន​សេដ្ឋកិច្ច​រឹងមាំ និង​កំណែទម្រង់​រចនាសម្ព័ន្ធ​។ សម្រាប់​ទិសដៅ​បន្ត​កម្ពុជា​ត្រូវការ​ឆន្ទៈ និង​សកម្មភាព​សម្រាប់​គោលនយោបាយ​ដែល​លើកស្ទួយ​វិស័យ​អប់រំ និង​សុខាភិបាល និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។ ការវាយតម្លៃ​របស់​ IMF ​បាន​បង្ហាញថា កម្ពុជា​ត្រូវការ​ការវិនិយោគ​បន្ថែមទៀត ជាពិសេស​ទៅលើ​បរិមាណ និង​គុណភាព​នៃ​សេវា​អប់រំ សុខាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដើម្បី​អាច​សម្រេច​បាន​នូវ​គោលដៅ SDGs ក៏ដូចជា​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។

IMF បាន​វាយតម្លៃ​បន្តថា កម្ពុជា​ត្រូវ​ចំណាយ​បន្ថែម​សរុប​រហូត​ដល់ ៧,៥% នៃ ផ.ស.ស. ដែល​បាន​ព្យាករ​សម្រាប់​ឆ្នាំ​ ២០៣០ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ចំណាយ​លើ​គោលដៅ​អាទិភាព​របស់ SDGs​។ ក្នុងនោះ​តម្រូវការ​ចំណាយ​លើ​វិស័យ​អប់រំ និង​សុខាភិបាល​មាន​ទំហំ​ស្មើនឹង​ ២ ​ភាគ​ ៣ នៃ​តម្រូវ​ការសរុប​។ ទោះបី​ជា​តម្រូវ​ការចំណាយ​សម្រាប់​គោលដៅ​ «​អនាម័យ និង​ទឹកស្អាត​» ​មាន​ទំហំ​តូច​ជាង​ក៏ដោយ កម្ពុជា​ត្រូវការ​ចំណាយ​បន្ថែម​សរុប​យ៉ាងតិច​ ២,៥ ​ភាគរយ​នៃ​ ផ.ស.ស. ​ឆ្នាំ​ ២០៣០ ជា​រៀងរាល់​ឆ្នាំ ដើម្បី​សម្រេច​បាន​នូវ​វិសាលភាព​ជាតិ​សម្រាប់​បណ្តាញ​អគ្គិសនី និង​ផ្លូវថ្នល់​។

ដើម្បី​សម្រេចបាន​នូវ​សក្តានុពល​សេដ្ឋកិច្ច​ឱ្យ​បាន​ពេញលេញ​ជំហាន​បន្ទាប់​សម្រាប់​កម្ពុជា​មាន​ដូចជា​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការជំរុញ​កំណែទម្រង់​ដែល​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ក្នុងន័យ​នេះ​គោលនយោបាយ​ស្នូល​របស់​កម្ពុជា​គួរ​មាន​ដូចជា​៖ គាំពារ​និរន្តរភាព​សារពើពន្ធ និង​លើកស្ទួយ​បរិយាប័ន្ន​៖ ​វឌ្ឍនភាព​វិជ្ជមាន​នៃ​ការកៀរគរ​ចំណូល​ និង​ជំហរ​សារពើពន្ធ​ដែល​មាន​លក្ខណៈ​ប្រុងប្រយ័ត្ន​ និង​គាំទ្រ​ដោយ​ការកាត់​បន្ថយ​ចំណាយ​ចរន្ត​ដែល​មិន​ប្រើ​សម្រាប់​ការអភិវឌ្ឍ​នឹង​ផ្តល់​ជា​លទ្ធភាព​ចំណាយ​បន្ថែម​សម្រាប់​ការបំពេញ​តម្រូវការ​អភិវឌ្ឍ​នានា​របស់​កម្ពុជា​។

ចំណាយ​គួរ​តម្រង់ទិស​ទៅ​រក​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន​តាមរយៈ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អាទិភាព និង​ការចំណាយ​លើ​វិស័យ​សុខាភិបាល ក៏ដូចជា​អប់រំ​ផងដែរ​។ កម្ពុជា​ក៏​គួរផ្តោត​លើ​ការពង្រឹង​អភិបាលកិច្ច​សារពើពន្ធ​តាមរយៈ​កំណែទម្រង់​ដែល​ធ្វើឱ្យ​ការគ្រប់គ្រង​ចំណូល ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ប្រសិទ្ធផល​ចំណាយ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​។ ការ​គ្រប់គ្រង​ហានិភ័យ​សារពើពន្ធ​ដែល​កើត​ចេញ​ពី​បំណុល​យថាហេតុ​តម្រូវឱ្យ​កម្ពុជា​ពង្រឹង​បន្ថែម​លើ​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ (PPP)​។

ទប់ទល់​នឹង​ហានិភ័យ​ម៉ាក្រូ​ហិរញ្ញវត្ថុ​៖ ​កម្ពុជា​គួរ​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា​ក្នុង​ការទប់ទល់​ហានិភ័យ​ខ្ពស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធ្វើឱ្យ​ជញ្ជីងពាណិជ្ជកម្ម​មាន​ស្ថានភាព​ប្រសើរឡើង​តាមរយៈ​ការបង្អន់​កំណើន​ឥណទាន និង​ការអនុវត្ត​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​ដែល​មាន​លក្ខណៈ​ចំ​គោលដៅ​។ វិធានការ​គោលនយោបាយ​នេះ​រួមបញ្ចូល​ទាំង​គោលនយោបាយ​ទូទៅ​ទប់ស្កាត់​ហានិភ័យ​ក្នុង​វិស័យ​អចលនទ្រព្យ​ផងដែរ​។

កម្ពុជា​អាច​កសាង​បាន​នូវ​ភាព​ធន់​ទ្រាំ​ហិរញ្ញវត្ថុ ដោយ​ធ្វើការ​ពង្រឹង​ការធ្វើ​និយតកម្ម​ និង​ការត្រួតពិនិត្យ ការដាក់​ចេញ​ទាន់​ពេលវេលា​នូវ​ក្របខ័ណ្ឌ​ទូលំទូលាយ​សម្រាប់​ការគ្រប់គ្រង​វិបត្តិ ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​ក្នុងនោះ​រួមបញ្ចូល​ទាំង​ការកែតម្រូវ​ចំណុច​ខ្វះខាត​ក្នុង​កិច្ចប្រឆាំង​ការសម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ផងដែរ​។ គោលនយោបាយ​នានា​គួរ​បន្ត​គាំទ្រ​ការប្រើ​រូបិយវត្ថុ​ក្នុងស្រុក និង​ជំរុញ​ការអភិវឌ្ឍ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បន្ថែមទៀត​។

គាំទ្រ​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​ការសម្រេច SDGs៖ ជាមួយ​ការគាំទ្រ​ និង​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​វិស័យ​ឯកជន និង​ស្ថាប័ន​ផ្តល់ជំនួយ​អន្តរជាតិ កម្ពុជា​គួរ​តម្រង់​គោលនយោបាយ​របស់​ខ្លួន​ទៅរក​ដំណោះស្រាយ​សម្រាប់​តម្រូវការ​ចំណាយ​ដ៏ធំ​ដើម្បី​សម្រេច SDGs ​ក្នុង​វិស័យ​សុខាភិបាល អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​។

ការពន្លឿន​ការអនុវត្ត​កំណែទម្រង់​រចនាសម្ព័ន្ធ​នានា​ជា​ដំណើរការ​ចាំបាច់​ដើម្បី​លុបបំបាត់​ឧបសគ្គ​ជា​ប្រព័ន្ធ​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច កែតម្រូវ​អតុល្យភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម ដោះស្រាយ​បញ្ហា​អភិបាលកិច្ច​ និង​អំពើពុករលួយ និង​លើកកម្ពស់​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​ និង​ចីរភាព​។ ទន្ទឹមនឹង​វឌ្ឍនភាព​ដែល​មាន​ជា​ហូរហែ​កន្លងមក​កម្ពុជា​គួរ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​កង្វះខាត និង​ពង្រឹង​គុណភាព និង​តម្លាភាព​នៃ​ទិន្នន័យ​។

IMF នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា​ក្នុងការ​អនុវត្ត​កំណែទម្រង់​ទាំងនេះ​ និង​កំណែទម្រង់​ផ្សេង​ទៀត​។ IMF បាន និង​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា​ក្នុង​កិច្ចពិភាក្សា​គោលនយោបាយ និង​ការផ្តល់​នូវ​ជំនួយ​បច្ចេកទេស​ក៏ដូចជា​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ដល់​កម្ពុជា​។ IMF សូម​ស្ងើច​សរសើរ​ចំពោះ​ឆន្ទៈ​ដ៏មោះមុត​របស់​កម្ពុជា​ទៅ​នឹង​ការធ្វើ​កំណែទម្រង់​របស់​ខ្លួន​។ IMF ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ភាគី​ទាំងសង​ខាង​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ​នេះ​តទៅ​មុខ​ទៀត​៕

ដោយ​ Jarkko Turunen ជា​ប្រធាន​បេសកកម្ម​របស់ IMF ​សម្រាប់​ប្រទេស​កម្ពុជា និង​លោក Yasuhisa Ojima ជា​ប្រធាន​ស្ថាន​តំណាង IMF