The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សំណើ​ផ្លាស់ប្តូរ​របត់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា




សំណើ​ផ្លាស់ប្តូរ​របត់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា

Content image - Phnom Penh Post
មន្ត្រី​ឧទ្យានុរក្ស​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២១ នេះ។ រូបថត ក្រសួងបរិស្ថាន

សំណើ​ផ្លាស់ប្តូរ​របត់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា

តាម​អ្វី​ដែល​យើង​ដឹងឮ ឬ​អាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ បាន​ធ្វើឱ្យ​យើង​ហាក់​មាន​ផ្នត់គំនិត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ពុករលួយ​ក្រៃលែង ហើយ​បាន​បំផ្លិចបំផ្លាញ​គម្រប​ព្រៃឈើ​ទាំងមូល​របស់​កម្ពុជា ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល ហើយ​ការកាប់បំផ្លាញ​ព្រៃឈើ​គឺជា​បុព្វហេតុ​ចម្បង​នៃ​ទឹកជំនន់​ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា។ល។ នេះ​គឺជា​អ្វីដែល​យើង​តែងតែ​ស្តាប់ឮ​ជាទូទៅ។

ឥទ្ធិពល​នៃ​សេចក្តី​អត្ថាធិប្បាយ​បែបនេះ​បាន​បង្កើត​នូវ​ផ្នត់គំនិត​ដែល​កំណត់​ពី “ពិរុទ្ធភាព​ដោយ​ការសន្មត​ទុកជាមុន” ចំពោះ​រាជរដ្ឋាភិបាល ដូច្នេះ​ហើយ​កិច្ចសហប្រតិបត្តិការ​បរិស្ថាន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ច្រើន​តែ​ផ្តោតលើ​ការធ្វើ​របាយការណ៍​ស៊ើបអង្កេត​អំពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ និង​បញ្ហា​គណនេយ្យភាព​ជាជាង​ការស្វែងរក​ដំណោះស្រាយ​ជារួម រយៈពេល​វែង​ចំពោះ​បញ្ហា​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​ទាំងមូល។ និន្នាការ​បែបនេះ​ក៏បាន​ប្រកាន់​យក​និយមន័យ​តូចចង្អៀត​នៃ “បញ្ហា​បរិស្ថាន” នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ហាក់បី​ដូចជា​ត្រូវ​បានកំណត់​ត្រឹមតែ “បញ្ហា​ការកាប់បំផ្លាញ​ព្រៃឈើ” តែមួយ​មុខ។

យើង​អាច​យល់ច្បាស់​ពី​និន្នាការ​បែបនេះ ដោយ​គ្រាន់តែ​មើល​ទៅលើ​បញ្ជី​អង្គការ NGO ដែល​គាំទ្រ​ដោយ​ស្ថានទូត​បរទេស​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន។ អ្វីដែល​គួរឱ្យ​រំខាន​នោះ​គឺថា បុគ្គលិក​ភាគច្រើន​របស់​អង្គការ​ទាំងនោះ រួមទាំង​បុគ្គលិក​ និង​អ្នកជំនាញ​ការបរទេស​ផង ពួកគេ​មិនមែន​ជា​អ្នក​បរិស្ថានវិទ្យា ឬ​អ្នកវិទ្យាសាស្ត្រ​បរិស្ថាន​អ្វី​ឡើយ ប៉ុន្តែ​ពួកគេ​ច្រើនតែ​ជា​សកម្មជន​តស៊ូ​មតិ​ និង​សកម្មជន​សិទ្ធិមនុស្ស​ទៅវិញ។

បញ្ហា​បរិស្ថាន​គួរតែ​ជា​បញ្ហា​បច្ចេកទេស និង​វិទ្យាសាស្ត្រ ប៉ុន្តែ​ការងារ​របស់​ពួកគេ​គឺ​មើល​តែមួយ​ជ្រុង​តូច និង​មើល​តែ​ពី​សម្បក​ក្រៅ ពីព្រោះ​ថា នរណាៗ​ក៏​អាច​ធ្វើ​ការងារ​នេះ​បាន​ដែរ​ឱ្យតែ​ចេះ​ប្រើ​បណ្តាញ​ព័ត៌មាន​សង្គម ហើយ​ដើរតួនាទី​តស៊ូ​មតិ ដែល​ផ្តោតលើ​ការទាក់ទាញ​ការចាប់​អារម្មណ៍ និង​រំញោច​អារម្មណ៍​សាធារណជន។

វិធីសាស្ត្រ​បែបនេះ​មិនមាន​ផ្លែផ្កា និង​ផលិតភាព​នោះទេ​ ពីព្រោះ​វា​ហាក់​បាន​ចេញ​សេចក្តី​សន្និដ្ឋាន​ជាមុន​រួចទៅហើយ​ថា រាជរដ្ឋាភិបាល​មិនបាន​ធ្វើ​អ្វី​ទាំងអស់​ ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ព្រៃឈើ។ វិធីសាស្ត្រ​នេះ​មិនបាន​ជួយ​ ឬ​លើក​ទឹកចិត្ត​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​សមត្ថភាព​ និង​ធនធាន​មាន​កំណត់ នៅក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនេះ​ទេ​ ប៉ុន្តែ​ហាក់បី​ដូចជា​សន្មត​ទុក​រួចជាស្រេច​ថា អាជ្ញាធរ​មូលដ្ឋាន​គឺជា​អ្នក​សមគំនិត​នៃ​បទឧក្រិដ្ឋ​ទាំងនេះ។

ដូច​រឿងរ៉ាវ​នៃ​បញ្ហា​ពលកម្ម​កុមារ​ ឬ​ការជួញដូរ​មនុស្ស​ជាដើម ជំនួស​ឱ្យ​ការរាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ពាក់ព័ន្ធ​ដើម្បី​រក​ដំណោះស្រាយ​អង្គការ​ NGO មួយចំនួន​បែរ​ជា​ជ្រើសរើស​វិធីសាស្ត្រ​ស្រែក​ប្រកូក​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​បរទេស​ និង​ធ្វើ​របាយការណ៍​ដោយផ្ទាល់​ទៅ​ម្ចាស់ជំនួយ​របស់​ពួកគេ ដើម្បី​ឱ្យ​ពួកគេ​អាច​ចងក្រង​ធ្វើ​ជា​របាយការណ៍​ប្រចាំឆ្នាំ​ ដើម្បី​បង្ហាញ​រូបភាព​ដ៏អាណោចអាធ័ម​ទៅវិញ។

យើង​ដឹង​ហើយ​ថា វិធីសាស្ត្រ​បែបនេះ​មាន​គុណប្រយោជន៍​ក្នុង​ការទទួល​បាន​នូវ​ការជឿទុកចិត្ត​ពី​ម្ចាស់ជំនួយ​របស់​អង្គការ ​NGO ទាំងនោះ​ហើយ​បានបង្ហាញ​អំពី​ហេតុផល​ដែល​ត្រូវ​ផ្តល់ជំនួយ និង​ធានា​និរន្តរភាព​នៃ​ការផ្តល់ជំនួយ ប៉ុន្តែ​វិធីសាស្ត្រ​បែបនេះ​បាន​បង្ក​ឱ្យ​មាន​ការមិន​ទុកចិត្ត​គ្នា​យ៉ាងខ្លាំង​ក្លា​រវាង​អ្នកពាក់ព័ន្ធ​ទាំងឡាយ ដែល​តាមពិត ពួកគេ​គួរតែ​ត្រូវ​ដោះស្រាយ​បញ្ហា​រួមគ្នា សហការ​គ្នា និង​ជួយ​គ្នា​ទៅវិញទៅមក​ ដើម្បី​ដោះស្រាយ​បញ្ហា​បរិស្ថាន​ ដែល​ជា​បញ្ហា​ដ៏ធំធេង មិនមែន​កំណត់​ត្រឹមតែ​លើ​បញ្ហា​ព្រៃឈើ​តែមួយ​មុខ។

គួរឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​មាន​ឧទ្យានុរក្ស​សរុប​ចំនួន ១ ២៦០ នាក់​ និង​គ្រប់គ្រង​តំបន់​ការពារ​ចំនួន ៦០ លើ​ផ្ទៃដី​គម្រប​ព្រៃឈើ​ជាង ៧,២ លាន​ហិកតា​ដែល​ស្មើនឹង ៤១% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិតខាង​ប្រទេស​ថៃ​មាន​ផ្ទៃដី​គម្រប​ព្រៃឈើ ៣១,៦% (១៦,៣១ លាន​ហិកតា) ប្រទេស​វៀតណាម​មាន ៣៩,៧% (១២,៩ លាន​ហិកតា) និង​ប្រទេស​ឡាវ​មាន ៥៨% (១៦,២៨ លាន​ហិកតា)។

បើ​យើង​គណនា​តាម​បែប​សាមញ្ញ យើង​អាច​ដឹងបាន​ថា ឧទ្យានុរក្ស​ម្នាក់​ត្រូវ​រ៉ាប់រង​លើ​ផ្ទៃ​ព្រៃឈើ​រហូត​ដល់ ៥.៧១៤ ហិកតា​ ដែល​វា​មិនអាច​ទៅរួច​នោះទេ។ ប្រសិន​បើ​យើង​មើល​តែមួយ​ជ្រុង​​ទៅលើ​បញ្ហា​គណនេយ្យភាព ឧទ្យានុរក្ស​គ្រប់រូប​នឹង​ត្រូវ​ជាប់​ពិរុទ្ធភាព ដោយសារ​តែ​ពួកគេ​មិនមែន​ជា “កំពូល​មនុស្ស superman” ក្នុង​ការការពារ​ព្រៃឈើ​របស់​កម្ពុជា។

សកម្មជន​ និង​ឧទ្យានុរក្ស​តែ​ឯកឯង​មិនអាច​ការពារ​ព្រៃឈើ​កម្ពុជា​ទាំងមូល​បាន​ឡើយ​ ហើយ​ការស្វែងរក​ការចាប់​កំហុស និង​ពិរុទ្ធភាព វា​បាន​ត្រឹម​តែ​ធ្វើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អស់សង្ឃឹម នឿយណាយ និង​លែងមាន​ការទុក​ចិត្ត​គ្នា។

យើង​គួរតែ​មាន​ដំណោះស្រាយ​ជា​បី​កម្រិត​លើ​បញ្ហា​បរិស្ថាន។

ដំណោះស្រាយ​កម្រិត​ទី ១ គឺ​វិធីសាស្ត្រ​តស៊ូ​មតិ​ដែល​ត្រូវបាន​ប្រើប្រាស់​នាពេល​បច្ចុប្បន្ននេះ ដោយ​អង្គការ​ NGO ដ៏ច្រើន​លើសលុប​ដែល​មិនមែន​ជា​អ្នកវិទ្យាសាស្ត្រ​ ឬ​អ្នក​បរិស្ថានវិទ្យា។ តាមពិត​ក្រៅពី​បញ្ហា​ការកាប់បំផ្លាញ​ព្រៃឈើ​ បញ្ហា​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​មាន​បញ្ហា​ផ្សេងៗ​ទៀត​ជាច្រើន ដែល​គួរតែ​ត្រូវ​បាន​លើកឡើង និង​ដោះស្រាយ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ និង​បច្ចេកទេស។ ជា​អកុសល​អង្គការ​ NGO ភាគច្រើន​បាន​ច្របូកច្របល់​បញ្ហា​បច្ចេកទេស​ជាមួយ​នឹង​វីរភាព​នយោបាយ​ទៅវិញ។

ពួកគេ​ហាក់​មាន​សិទ្ធិ​ផ្តាច់មុខ​តែម្នាក់ឯង​ ចំពោះ​សេចក្តី​ស្រលាញ់​បរិស្ថាន។

ដូច្នេះ ទាំង​រាជរដ្ឋាភិបាល ទាំង​អង្គការ​ NGO ទាំង​ដៃគូ​អភិវឌ្ឍន៍​គួរតែ​រំកិល​កិច្ចសហប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កម្រិត​បន្ទាប់​នៃ​ដំណោះស្រាយ​ឱ្យទៅ​ខ្ពស់​លើស​ពី​កម្រិត​ទីមួយ​នេះ។

ដំណោះស្រាយ​កម្រិត​ទី ២ គួរតែ​ផ្តោតលើ​សមាសធាតុ​សំខាន់​ពីរ​គឺ “និរន្តរភាព​នៃ​ដំណោះស្រាយ​នៅ​នឹង​កន្លែង” និង “ការធានា​ជីវភាព​រស់នៅ​របស់​ប្រជាជន។ ដំណោះស្រាយ​នេះ​គឺ​ផ្តោតលើ​តួអង្គ​ផ្ទាល់​ដូចជា​ប្រជាជន​តាម​មូលដ្ឋាន និង​ឧទ្យានុរក្ស​ជាដើម។ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ឯកភាព​ថា មាន​តែ​ប្រជាជន​កម្ពុជា​តាម​មូលដ្ឋាន​នីមួយៗ​ប៉ុណ្ណោះ​ ដែល​អាច​ការពារ​ដោយផ្ទាល់​នូវ​ព្រៃឈើ​កម្ពុជា​ប្រកប​ដោយ​និរន្តរភាព។ ដូច្នេះ ជំនួយ​គាំទ្រ​គួរតែ​ផ្តោតលើ​ការពង្រឹង​សមត្ថភាព​របស់​ពួកគេ​ ដើម្បី​ការពារ​ព្រៃឈើ​ និង​ផ្តល់​មធ្យោបាយ​ និង​វិធីសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​ឧទ្យានុរក្ស​ និង​ប្រជាជន​មូលដ្ឋាន ដើម្បី​ការពារ​ព្រៃឈើ។

បើ​មាន​តែ​ក្តីស្រឡាញ់​ព្រៃឈើ​តែមួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​ទេ។ មនុស្ស​ក៏ត្រូវ​ការចិញ្ចឹម​ក្រពះ​ផង​ដែរ។ ប្រសិន​បើ​ពួកគេ​មាន​ការងារ​ និង​ប្រាក់ចំណូល​នឹងនរ ពលរដ្ឋ​មូលដ្ឋាន​នឹង​បញ្ឈប់​ការផ្សងព្រេង​នៅក្នុង​ព្រៃ​ដោយ​ប្រថុយ​ជីវិត​ ដោយសារ​តែ​គ្រោះថ្នាក់​មីន​ ឬ​ប្រថុយ​នឹង​ការចាប់ខ្លួន​ ដោយសារ​ការរំលោភ​ច្បាប់។

“ការធានា​ជីវភាព​រស់នៅ​របស់​ប្រជាជន” មិន​សំដៅ​ទៅលើ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​មនុស្សធម៌​ពី​អង្គការ NGO ឬ​ម្ចាស់​ជំនួយ​នោះទេ ពីព្រោះ​ថា​ការធ្វើ​បែប​នេះ​វា​មិនបាន​យូរអង្វែង​នោះ​ឡើយ។ ចំណុច​នេះ​គឺ​ចង់​សំដៅ​ទៅលើ​ការបង្កើត​ការងារ​តាម​មូលដ្ឋាន​ប្រកប​ដោយ​និរន្តរភាព ដើម្បី​ឱ្យមាន​ចំណូល​សមស្រប។ ដូច​អ្វីដែល​នឹង​លើក​ខាងក្រោម​នេះ ប្រាក់ចំណូល​ដែល​បាន​មកពី​ការលក់​ឥណទាន​កាបូន​ក៏អាច​ជា​ដំណោះស្រាយ​រយៈពេល​វែង​ចំពោះ​បញ្ហា​ជីវភាព​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៃ​តំបន់​ព្រៃឈើ​បានដែរ។

ដំណោះស្រាយ​កម្រិត​ទី ៣ ដែល​មាន​វិសាលភាព​ទូលំទូលាយ​នោះ​គឺ “ភាពសុខដុម​បរិស្ថាន​មេត្រី​ទូទាំង​ប្រទេស” និង “ការធ្វើឱ្យ​ស្របច្បាប់​ពាណិជ្ជកម្ម​ឈើ​ប្រកប​ដោយ​និរន្តរភាព។

“ភាពសុខដុម​បរិស្ថាន​មេត្រី​ទូទាំង​ប្រទេស” គឺ​សំដៅលើ​ការបង្កើត​ឱ្យ​មាន​មនោសញ្ចេតនា​ស្រឡាញ់​បរិស្ថាន សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​គ្រប់​ស្រទាប់​វណ្ណៈ។

អ្វីដែល​យើង​គួរ​ចាប់អារម្មណ៍​គឺថា នៅក្នុង​ពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ១៩ នៅពេល​ដែល​ប្រជាជន​មិនអាច​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​បាន​យើង​ចាប់ផ្តើម​ឃើញ​ភ្ញៀវទេសចរ​ក្នុង​ស្រុក​កាន់តែ​ច្រើន​ឡើងៗ​បាន​រីករាយ​ជាមួយ​នឹង​ធម្មជាតិ​ និង​ការឡើង​ភ្នំ​នៅក្នុង​ព្រៃភ្នំ​ទឹកជ្រោះ​ធម្មជាតិ​ដែល​ធ្លាប់តែ​ត្រូវ​បាន​ត្រួតត្រា​ផ្តាច់មុខ​ ដោយ​ឧទ្យានុរក្ស​ និង​សកម្មជន​បរិស្ថាន។ រូបថត​រាប់ពាន់ រាប់ម៉ឺន​នៃ​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ពី​តំបន់​ផ្សេងៗ​ត្រូវ​បាន​គេ​បង្ហោះ​ និង​ចែករំលែក​យ៉ាង​ទូលំទូលាយ។ ព្រៃឈើ​ និង​ធម្មជាតិ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ស្រឡាញ់​ និង​ទស្សនា​យ៉ាង​ទូលំទូលាយ​ដែល​នេះ​គឺជា​របត់​ថ្មី​មួយ​ដែល​យើង​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ទាល់​តែ​សោះ។

សន្ទុះ និង​វប្បធម៌​វិជ្ជមាន​បែបនេះ​គួរតែ​ត្រូវបាន​បំពាក់បំប៉ន​បន្ថែមទៀត​ ដើម្បី​បង្កើត​ជា​ចលនា​បរិស្ថាន​មេត្រី​ទូទាំង​ប្រទេស និង​ជំរុញ​ការស្រឡាញ់​ធម្មជាតិ​ និង​ជីវចម្រុះ។

“ការធ្វើឱ្យ​ស្រប​ច្បាប់​ពាណិជ្ជកម្ម​ឈើ​ប្រកប​ដោយ​និរន្តរភាព” គួរតែ​ត្រូវបាន​ពិចារណា​ឱ្យ​បាន​ខ្លាំងក្លា​ជាង​នេះ។

ក្នុង​កម្រិត​ផ្ទៃក្នុង កម្ពុជា​គួរតែ​ចាប់ផ្តើម​ពិចារណា​លើ​ការរៀបចំ​ផែនការ​ដាំ​ព្រៃឈើ​តាម​លក្ខណៈ​ឧស្សាហកម្ម​សម្រាប់​ទ្រទ្រង់​ដល់​សកម្មភាព​ពាណិជ្ជកម្ម​ព្រៃឈើ​ស្រប​ច្បាប់។ ប្រទេស​កម្ពុជា​អាច​រៀនសូត្រ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ ពី​របៀប​គ្រប់គ្រង​ការដាំ​ព្រៃឈើ​ ដើម្បី​បម្រើ​ឱ្យ​គោលដៅ​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម។ ហើយ​អ្នក​ដែល​ទិញ​ឈើ​ស្របច្បាប់​របស់​កម្ពុជា គួរតែ​ជា​ដៃគូ​បរទេស​ដែល​តែងតែ​ជំរុញ និង​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ដល់​ការការពារ​ព្រៃឈើ​ និង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា។

នៅក្នុង​កម្រិត​អន្តរជាតិ​ដៃគូ​បរទេស​គួរតែ​គាំទ្រ​ដល់​ការលក់​ឥណទាន​កាបូន​របស់​កម្ពុជា​ឱ្យ​បាន​ច្រើន​ ដើម្បី​បង្កើត​ឱ្យ​មាន​យន្តការ​លើកទឹកចិត្ត​ទូទាំង​ប្រទេស តាមរយៈ​ការបង្កើត​ឱ្យ​មាន​ការគាំទ្រ​ជា​ប្រាក់ចំណូល​ជាក់ស្តែង ហើយ​មាន​និរន្តរភាព សម្រាប់​ប្រជាជន​មូលដ្ឋាន និង​ការអភិវឌ្ឍ​បរិស្ថាន​ជា​បន្ត។

ការផ្លាស់ប្តូរ​របត់​នៃ​កិច្ចសហប្រតិបត្តិការ​បែបនេះ គួរ​ក្លាយ​ទៅ​ជា​ការលើក​ទឹកចិត្ត​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ស្វែងរក​ដំណោះស្រាយ​នៅ​នឹង​កន្លែង ប្រកប​ដោយ​ចីរភាព ហើយ​ចៀសវាង​ការផ្តោត​តែ​លើ​ការចាប់​កំហុស និង​ពិរុទ្ធភាព ហើយ​យើង​គួរតែ​បញ្ចប់ “ការហែកកេរ្តិ៍​បរិស្ថាន” ដើម្បី​តែ​ប្រយោជន៍​នៃ​ការទទួល​ជំនួយ​ពី​បរទេស ហើយ​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​មោទនភាព និង​ភាពម្ចាស់ការ​របស់​ប្រជាជន​កម្ពុជា​ទៅលើ​បញ្ហា​បរិស្ថាន។

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ទស្សនៈ​អាស៊ី (AVI)

អត្ថបទគួរចាប់អារម្មណ៍