កាលពី​ថ្ងៃទី​ ១២ ​​ខែ​ធ្នូ​កន្លងទៅ​រាជរដ្ឋាភិបាល​បាន​ប្រារព្ធ​ពិធី​ទិវា​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី​ ១៣ ដើម្បី​បង្កើន​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ប្រភេទ​តាមរយៈ​ការអំពាវនាវ​ឲ្យ​មាន​ការសហការ​គ្នា​ជាមួយ​ប្រទេស​ជា​មិត្ត​ដែល​សកម្មភាព​នេះ​នៅតែ​កើត​មានឡើង​ដូចជា​ការស្វែងរក​ការងារ​ការរៀប​អាពាហ៍ពិពាហ៍ ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការជួញដូរ​ផ្លូវភេទ​ និង​ការជួញដូរ​ទារក​ជាដើម​ និង​ជំរុញ​ការអនុវត្ដ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ ២០១៩-២០២៣​។

កាលពី​ឆ្នាំ​ ២០១៧ ​រដ្ឋាភិបាល​បាន​ជួយ​ធ្វើ​មាតុភូមិនិវត្តន៍ ជនរងគ្រោះ​កម្ពុជា​ពី​បរទេស​ចំនួន ៩៩០ នាក់​ដែល​ភាគច្រើន​មកពី​ថៃ ម៉ាឡេស៊ី ចិន​ និង​វៀតណាម​។ រីឯ​ការបង្ក្រាប​វិញ​នៅ​ឆមាស​ទី​ ១ ​ដើម​ឆ្នាំ​ ២០១៩ ​របាយការណ៍​ប៉ូលិស​ថា ការបង្ក្រាប​សរុប​បាន​ ៨០ ​ករណី​ចំពោះ​សកម្មភាព​ការជួញដូរ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​សង្គ្រោះ​ជនរងគ្រោះ​។

បើ​មើល​ទៅលើ​របាយការណ៍​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ ២០១៨ ក្រសួងការបរទេស​អាមេរិក​នៅតែ​រក្សា​កម្រិត ២ ឬ Tier 2 Watch list ដដែល​សម្រាប់​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​។ ផ្អែក​តាម​របាយការណ៍​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​នេះ គឺ​ដោយសារ​តែ​កម្ពុជា​មាន​ឆន្ទៈ និង​ខិតខំ​ក្នុង​អនុវត្ត​ច្បាប់ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត​តែ​កម្ពុជា​នៅមាន​ការខ្វះខាត​ផ្នែក​បច្ចេកទេស​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ និង​ប្រព័ន្ធ​ធនាគារ​នៅឡើយ​?

ដោយ​ការវិវត្ត​សកម្មភាព​របស់​ជនល្មើស​ជួញដូរ​មនុស្ស​នៅលើ​ពិភពលោក​នេះ​មាន​ការធ្វើ​បច្ចុប្បន្នភាព និង​ទំនើបកម្ម​ទៅ​តាម​សម័យ​បច្ចេកវិទ្យា​ឌីជីថល​ (Digital) និង​ការផ្ទេរ​សាច់ប្រាក់​ទៅតាម​ប្រព័ន្ធ​ធនាគារ និង​ការដក​សាច់ប្រាក់​តាម​ទូ ATM ផងដែរ​។

កាលពី​ឆ្នាំ​ទៅ ខ្ញុំ​បាន​ចូលរួម​សន្និសីទ​ភាពជឿជាក់ (Trust Conference) ​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Thomson Reuters Foundation នៅ​ទីក្រុង​ឡុងដ៍​ចក្រភព​អង់គ្លេស​ស្តីពី​ការជួញដូរ​មនុស្ស និង​ការធ្វើការងារ​ហួសកម្លាំង​នៅ​សម័យ​ទំនើប​ត្រូវ​បាន​គេ​លើកឡើង​ពី​ប្រធានបទ​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​តាម​ឌីជីថល និង​ប្រព័ន្ធ​ធនាគារ​មក​ពិភាក្សាគ្នា និង​ការផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋ​នីមួយៗ​បង្កើន​ប្រព័ន្ធ​ទំនាក់ទំនង​ឲ្យ​បាន​ប្រសើរឡើង ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ជួញដូរ​នេះ​។

វាគ្មិន​ដែល​ជា​មន្ត្រីជាន់ខ្ពស់​មក​ពី​ទីស្នាក់ការ​កណ្តាល​ធនាគារ Standard Chartered បាន​ប្រាប់​ខ្ញុំ​ថា​៖ «​ប្រសិនបើ​អ្នកដឹង​ពី​ជនល្មើស​ជួញដូរ​មនុស្ស​តាមរយៈ​ធនាគារ​ដែលជា​ដៃគូ​នឹង​ធនាគារ​របស់ Standard Chartered សូម​ប្រាប់​មក​ខ្ញុំ​។ ខ្ញុំ​នឹង​ជួយ​ស្វែងរក​ជនល្មើស​នោះ​តាម​ប្រព័ន្ធ​ធនាគារ​»​។

តាមរយៈ​បទ​យកការណ៍​បែប​ស៊ើបអង្កេត​របស់​សារព័ត៌មាន​ The Economist កាលពី​ខែ​មីនា ឆ្នាំ​ ២០១៨ ដែលមាន​រយៈពេល​ ៣០ ​នាទី​នៅលើ YouTube ក្រោម​ប្រធានបទ​៖ «How can banks be used to stop human trafficking?» តើ​ធនាគារ​អាច​បញ្ឈប់​អំពើ​ជួញដូរ​មនុស្ស​យ៉ាងដូចម្តេច​? នៅក្នុង​ឯកសារ​នេះ​បានបង្ហាញ​ពី​​របៀប​ស៊ើបអង្កេត​ខ្លះៗ​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​របស់​ប្រព័ន្ធ​ធនាគារ ដើម្បី​តាម​ចាប់​ឧក្រិដ្ឋជន​តាម​ការផ្ទេរ​លុយ​តាម​ធនាគារ ការបង្ហាញ​ផែនទី និង​ទីតាំង​ដក​លុយ​ចេញ​ពី​ទូ ATM​។ មួយផ្នែក​ទៀត​គឺ​សមត្ថកិច្ច​ប្រើ​បច្ចេកវិទ្យា​ស៊ើបអង្កេត​តាម​អនឡាញ ដើម្បី​រក​ទីតាំង​ផ្សព្វផ្សាយ​សេវា​ផ្លូវភេទ និង​កន្លែង​ដែល​កេងប្រវ័ញ្ច​ពលកម្ម​។

នៅក្នុង​ឯកសារ​នេះ​ក៏​បង្ហាញ​ពី​បទពិសោធ​ល្អ​នៅ​ប្រទេស​កាណាដា​ស្តីពី​ការធ្វើ​យុទ្ធនាការ​ស៊ើបអង្កេត​តាម​ឌីជីថល និង​ធនាគារ​ឃើញថា ការបង្ក្រាប​ទៅលើ​អំពើ​ជួញដូរ​មនុស្ស និង​ផ្លូវភេទ​មាន​កើនឡើង​ដល់​ទៅ ៣៥០ ​ភាគរយ​នៅ​ឆ្នាំ ២០១៧ បើ​ប្រៀបធៀប​ជាមួយ​នឹង​ឆ្នាំ ២០១៦​។

ឧទាហរណ៍​ដូច​ករណី​ជួញដូរ​មនុស្ស​តាមរយៈ​ការពពោះ​ជំនួស សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នកស្រី Tammy Davis-Charles ជនជាតិ​អូស្ត្រាលី​ពី​បទជួញដូរ​មនុស្ស ហើយ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១៨ ឆ្នាំ​ហើយ​អ្នកស្រី​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​កាលពី​ឆ្នាំ​ទៅ​រួចហើយ និង​អ្នក​រត់ការ​ឲ្យ​គាត់​ក៏​ជាប់​ដែរ​។

តែ​ករណី​នេះ​សមត្ថកិច្ច​អាច​ឆែក​មើល​តាម​ប្រព័ន្ធ​ទំនាក់ទំនង​ឌីជីថល និង​ប្រព័ន្ធ​ធនាគារ​គឺ​រកឃើញ​អ្នកពាក់ព័ន្ធ​បណ្តាញ​ទាំងអស់ ជាពិសេស​ឪពុកម្តាយ​របស់​ទារក​ដែល​ជា​ជនបរទេស​នៅ​បរទេស និង​ស្ត្រី​ដែលជា​ជនជាតិ​ខ្មែរ​ពពោះ​ជំនួស​គឺ​ឃើញ​ទាំងអស់ ពីព្រោះ​គាត់​បាន​ផ្ទេរ​លុយ​ទៅ​ស្ត្រី​ទាំងអស់​តាមរយៈ​ធនាគារ និង​ទទួល​សាច់ប្រាក់​ពី​ឪពុកម្តាយ​តាម​ធនាគារ​អន្តរជាតិ​។ ក្រៅពីនេះ​គឺអាច​ដឹងថា នរណា​ជា​ឪពុកម្តាយ​ជាមួយ​អ្នក​ពពោះ​ឲ្យ​នរណា​ទាំងអស់​គឺជា​ភ័ស្តុតាង​ក្នុង​ការស៊ើបអង្កេត និង​ឃាត់ខ្លួន​បាន​ទាំងអស់​ និង​សហការ​ជាមួយ​ប្រទេស​ដែល​ជនល្មើស​ប្រព្រឹត្ត​ដើម្បី​ធ្វើ​បត្យាប័ន​អនុវត្ត​តាមច្បាប់​បាន​។

កន្លងមក​ប្រព័ន្ធ​ធនាគារ​ធ្វើ​កិច្ច​ការពង្រឹង​ប្រព័ន្ធ​តាមដាន និង​ស៊ើបអង្កេត ការលាង​លុយកខ្វក់​បាន​ល្អ​ច្រើន រីឯ​សមត្ថកិច្ច​សព្វថ្ងៃ​ធ្វើ​ទៅ​តាម​ការរាយការណ៍​តៗ​គ្នា​ជួនកាល​ទៅ​រក​ទីតាំង​មិនឃើញ​ច្បាស់លាស់​នោះទេ​ធ្វើ​ឲ្យ​ខាត​ពេលវេលា​ច្រើន ជួនកាល​យឺត​ពេក ជនល្មើស​ដឹងខ្លួន​មុន​រត់​បាត់​ក៏មានដែរ​។ ម្យ៉ាងទៀត​ការប្រើ​ប្រព័ន្ធ App និង​ប្រព័ន្ធ Alert ក៏​អាចជួយ​ផ្តល់​ព័ត៌មាន​ការតាមដាន​ស៊ើបអង្កេត និង​បញ្ជាក់​ទីតាំង​នៅតាម​ផែនទី​បាន​។

កន្លងមក​អង្គការ InSTEDD បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ទប់ស្កាត់​ការជួញដូរ​មនុស្ស​មួយចំនួន​នៅ​ភ្នំពេញ​ផងដែរ ស្តីអំពី​ប្រព័ន្ធ Alert ជា​សំឡេង​នៅក្នុង​ទូរស័ព្ទ​ក្នុងករណី​មាន​ការជួញដូរ​មនុស្ស​នេះ​។

ដូចគ្នា​នេះ​ដែរ​ក្រុម​ស្ម័គ្រចិត្ត​សម្អាត​បរិស្ថាន Go Green បាន​សហការ​គ្នា​ជាមួយ​អង្គការ InSTEDD តាមរយៈ​គម្រោង SPIDER បាន​ចូលរួម​ជួយ​សាលា​រាជធានី​ភ្នំពេញ​តាមរយៈ​ឌីជីថល App Go Green ដើម្បី​បញ្ជាក់​ដៅ​ទីតាំង​នៅលើ​ផែនទី​រាជធានី​ភ្នំពេញ​ដែល​មាន​សំរាម​ដើម្បី​គេ​ទៅ​សម្អាត​សំរាម​នោះ​។ អ៊ីចឹង​បើ​ដូចគ្នា​គឺ​គ្រាន់តែ​បង្កើត​ឲ្យ​មាន​ឌីជីថល App សម្រាប់​កំណត់​ទីតាំង​របស់​ជនល្មើស​ ឬ​ក៏​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​មនុស្ស ឬ​ក៏​ផ្លូវភេទ គឺមាន​ភាពងាយស្រួល​ដល់​សមត្ថកិច្ច គ្រាន់តែ​មើល​តាមដាន​តាម App នេះហើយ​អន្តរាគមន៍​ទាន់ពេលវេលា​គឺ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​ដឹង​អំពី​សកម្មភាព​របស់​ពួកគេ​គឺ​គ្រាន់តែ​ចុច​សញ្ញា​ «Pin»​នៅ​ទីតាំង​កើតហេតុ​។

សរុប​មកវិញ​ការពង្រឹង​ការស៊ើបអង្កេត​តាម​ឌីជីថល និង​តាម​ប្រព័ន្ធ​ធនាគារ ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​លឿន​អាចជួយ​សមត្ថកិច្ច​ឈាន​ដល់​ការចាប់ខ្លួន​ជនល្មើស​ និង​បណ្តាញ​បទល្មើស​ជួញដូរ​មនុស្ស​នេះ​បាន​ទាន់ពេលវេលា​។ ហេតុដូច្នេះ​ហើយ រាជរដ្ឋាភិបាល​គួរតែ​បន្ថែម​យុទ្ធសាស្ត្រ​ថ្មីៗ​តាមបែប​បច្ចេកវិទ្យា​ឌីជីថល និង​ការសហការ​ជាមួយ​ធនាគារ​ទាំង​ជាតិ​ និង​ទាំង​អន្តរជាតិ​ជួយ​ស៊ើបអង្កេត​អំពើ​ជួញដូរ​មនុស្ស និង​ផ្លូវភេទ​នេះ​កាន់តែ​លឿន​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com