«ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ!» នេះគឺទស្សនៈមនោគមន៍វិជ្ជាដើម្បីធ្វើមានភាពស្មើគ្នានៅក្នុងសង្គមដែលទទួលរងនូវការគាបសង្កត់ និងកេងប្រវ័ញ្ច ជាពិសេសគឺសំដៅទៅរកវណ្ណៈសក្តិភូមិប្រើអំណាចផ្តាច់ការសង្កត់សង្កិនលើរាស្ត្ររបស់ខ្លួន។
ប៉ុន្តែមកទល់សម័យបច្ចុប្បន្នវិញទស្សនៈនេះហាក់ដូចជាកាន់តែរយាលទៅៗវិញ ដោយសារតែជំងឺបាក់ស្បាតក្នុងសង្គមខ្មែរក្រោយសង្គ្រាមញាំញីជាច្រើនឆ្នាំនោះ បើទោះបីជាមានការជិះជាន់ដោយរំលោភច្បាប់ ឬក៏ប្រើអំពើហិង្សាក៏លែងតវ៉ា ឬក៏រើបម្រះដែរ តែអ្នកដែលត្រូវគេជិះជាន់នោះបែរជាសុំចុះចូល ឬក៏ទៅធ្វើការឲ្យរបបដែលមានការជិះជាន់ទៅវិញ បើទោះបីជាដឹងថាខ្លួនថាទៅបម្រើឲ្យគេគ្មានតួនាទីធំដុំក៏ដោយ។
បើបកស្រាយតាមលទ្ធិប្រជាធិបតេយ្យសកម្មភាពនោះគឺជាសិទ្ធិបុគ្គលម្នាក់ៗក្នុងការចូលរួមសកម្មភាពនយោបាយ ឬក៏តំណាងឲ្យបក្សណាមួយ។
ផ្ទុយទៅវិញការជិះជាន់ ឬក៏ការកេងប្រវ័ញ្ចសម័យទំនើបមិនមែនមានន័យត្រឹមតែប្រើអំពើហិង្សា និងរំលោភច្បាប់តាមបែបបុរាណនោះទេគឺការកាន់តំណែង និងតួនាទីសម្រេចកិច្ចការតាមស្ថាប័នរដ្ឋនីមួយៗនៅក្រោមស្លាកកំណែទម្រង់ និងការដាក់បញ្ចូលឈាមថ្មីជាយុវជននៅក្នុងបក្ស ឬក៏តំណែងជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល ឬសមាជិកសភាដើម្បីរកឱកាសឲ្យកូនៗ និងក្មួយដែលជាសែស្រឡាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្ដាប់អំណាចក្នុងកិច្ចការសម្រេចចិត្ត។ ការរៀបចំនេះលែងឈូឆរដូចមុនទៀតហើយគឺទៅសន្សឹមម្តងមួយៗ ម្តងឮកូនលោកនេះ ម្តងកូនលោកនោះឡើងតំណែងក្នុងជួររាជរដ្ឋាភិបាលហើយបើងាកមកសមាជិកក្នុងបក្សខ្លះបម្រើបក្សរាប់ឆ្នាំហើយបានត្រឹមតែឈឺចាប់ប៉ុណ្ណោះនៅពេលគេដាក់តំណែងកូនគេឡើងតំណែងធំៗជាងខ្លួនហើយត្រួតត្រាខ្លួនទៅវិញនោះ។
ជាក់ស្តែង ក្រោយពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណតិ្តទី ៥ ឆ្នាំកន្លងទៅនេះគណបក្សប្រជាជនឈ្នះសំឡេងភាគច្រើនបានដាក់បញ្ចូលកូនៗរបស់ខ្លួននៅក្នុងតំណែងជាន់ខ្ពស់ ខ្លះបានដាក់តាំងពីពេលឈរឈ្មោះមកម្ល៉េះ ខ្លះអត់ទេគឺហោះមកពីទីស្តីការគណៈរដ្ឋមន្ត្រីតែម្តង។
ដំណើរការនេះមានតាំងពីអ្នកតំណាងរាស្ត្រវ័យក្មេង លោក ហ៊ុន ម៉ានី កូនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ឌី វិជ្ជា កូនប្រសាលោកនាយករដ្ឋមន្ត្រី លោក ស សុខា កូនប្រុសលោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក សុខ សូកាន កូនប្រុសរបស់លោក សុខ អាន រួមទាំងកូនលោក ឌិត មន្ទីរ និងកូនលោក ជាម យៀប ផងដែរ។ រីឯតំណែងរដ្ឋមន្ត្រីវ័យក្មេងនោះបានទៅលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលជាកូនប្រុសរបស់លោក សាយ ឈុំ អនុប្រធានបក្ស។
ការតែងតាំងនេះគឺគ្មានសមាជិកណាម្នាក់ហ៊ានតវ៉ានោះទេទុកឲ្យថ្នាក់ដឹកនាំបក្សជ្រើសតាមចិត្ត។ នេះគឺជារូបភាពមួយប្រាវក្រោយការបោះឆ្នោត រីឯយុវជនកូនអ្នកក្រ ឬក៏សមាជិកសកម្មរបស់បក្សវិញគឺខ្លះបានត្រឹមទីប្រឹក្សា ឬខ្លះជាជំនួយការយួរកាបូបត្រុកៗឲ្យកូនៗថ្នាក់ដឹកនាំជាន់ខ្ពស់នោះគឺអរចង់ប្រកាច់ប្រកិនទៅហើយរួចប្រឹងអួតប្រាប់គេតាមហ្វេសប៊ុកទៀតថាសុទ្ធតែទីប្រឹក្សា ឬជំនួយការផ្ទាល់។
ចំណែកឯអ្នកខ្លះទៀតសមាជិកសកម្មរបស់បក្ស បើទោះបីជាមានសញ្ញាបត្រសុទ្ធតែបណ្ឌិតៗមកពីបរទេសក៏ដោយ ក៏អត់បានតំណែងក្នុងការសម្រេចចិត្តនោះដែរគឺអស់បានត្រឹមតំណែងទីប្រឹក្សាថ្នាក់ដឹកនាំ និងអ្នកនាំពាក្យឲ្យបក្សតែប៉ុណ្ណោះដូច បណ្ឌិត ឈឹម ផលវរុន ជាដើម។
ក្រៅពីតំណែងនយោបាយគណបក្សប្រជាជនបង្កើតយន្តការផ្តល់តំណែងជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលថ្មីៗស្ងាត់ៗទៀតដើម្បីធ្វើឲ្យមន្ត្រីជាន់ខ្ពស់ដទៃរបស់បក្សមានការសប្បាយចិត្តខ្លះកុំឲ្យមានការរើបម្រះប្រឆាំងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំដែលភាសាសាមញ្ញថាមិនសូវគិតគូរមន្ត្រីដែលខិតខំប្រឹងប្រែងពិតប្រាកដនោះពោលគឺធ្វើយ៉ាងណាកុំឲ្យមានលេចឮរឿងអាស្រូវទៅបានហើយ។
បើមានឮគឺលោកនាយករដ្ឋមន្ត្រីគ្រាន់តែគ្រហែមបន្តិចទៅក៏ស្ងាត់ទៅវិញហើយដូចការដែលលោករិះគន់ខ្លាំងៗទៅលើក្រសួងគ្រួសារនិយមដែលផ្តោតលោក ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ តែក្រោយមករដ្ឋមន្ត្រីទាំង ២ ចែកក្រសួងគ្នាជាពីរទៅកាន់តំណែងជារដ្ឋមន្ត្រីដដែលហៅកូនក្មួយអូសទៅតាមជាមួយដដែលទៅ។
និន្នាការបែបនេះ គឺនៅតែដដែលមានន័យថាបើឪពុកមា្តយ ឬក៏ពូ មីង ធ្វើប្រធានស្ថាប័ន ឬក៏អង្គភាពណាមួយនោះគឺមានកូន ឬក៏ក្មួយនៅសឹងតែគ្រប់ស្ថាប័នរដ្ឋទាំងនោះខ្លះទៀតកូនប្រសាដែលឪពុកធ្វើដន្លងនឹងគ្នាក៏មានដែរ។
ជាងនេះទៀតតំណែងជាន់ខ្ពស់ខ្លះអាចមានលើសពី ១ ក៏មានដូចជាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិផងដែលបានដើរតួនាទីសំខាន់នៅក្នុងព្រឹតិ្តការណ៍កីឡាថ្ងៃ ៧ មករាសប្តាហ៍កន្លងទៅដោយមានមន្ត្រីជាន់ខ្ពស់ដទៃទៀតអមរួមទាំងឧត្តមសេនីយ៍ ផាត វិបុលភ័ក្រ ជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិដែលជាកូនបង្កើតរបស់លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងត្រូវជាកូនប្រសាលោក ចម ប្រសិទ្ធ ផងដែរ។
លោក ម៉ាណែត ធ្លាប់បានឆ្លើយតបទៅនឹងទូរទស្សន៍ ABC របស់អូស្ត្រាលីថាតើលោកមានចង់ធ្វើជានាយករដ្ឋមន្ត្រីទេ? លោកឆ្លើយបែបលក្ខណៈរារែកថាបាទ ឬក៏ទេតែលោកនឹងទទួលតំណែងនេះបើពលរដ្ឋពេញចិត្ត។ រីឯប្អូនប្រុសបង្កើតលោក ហ៊ុន ម៉ានិត វិញ មានតួនាទីប្រធាននាយកដ្ឋានចារកម្មនៃក្រសួងការពារជាតិផង និងអនុប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រីផង និងតំណែងថែមមួយទៀតថ្មីៗនៅក្នុងបក្សគឺសមាជិកក្នុងគណៈកម្មការត្រួតពិនិត្យនៅក្នុងជួរបក្ស។
រីឯកូនប្រុសទាំង ៤ របស់លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីគឺគ្មានអ្នកណាម្នាក់កាន់តំណែងតូចទេដូចជានៅក្នុងព្រះរាជក្រឹត្យថ្មីៗនេះបានតែងតាំងលោក សុខ សូកេន ជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ សង្វារ ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរាលោក សុខ ពុទ្ធិវុឌ្ឍ ជាប្រធានសហព័ន្ធផលិតស្រូវអង្ករកម្ពុជា និងលោក សុខ សូកាន ជាតំណាងរាស្ត្រខេត្តតាកែវរបស់បក្សប្រជាជន។
ករណីតែងតាំងសាច់ញាតិនេះត្រូវបានលោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិរិះគន់ថាគណបក្សរបស់លោកនឹងមិនរៀបចំសែស្រឡាយកូនក្មួយនិយមធ្វើដូចគណបក្សប្រជាជនទេហើយការដែលលោកហ៊ានលើកឡើងបែបនេះមកពីកូនប្រុសទាំង ២ របស់លោកទៅរៀន និងធ្វើការរស់នៅបរទេសអស់ហើយ។
តែលោក សុវណ្ណ ភ្លេចគិតរឿងកូនៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សប្រឆាំងរបស់ខ្លួនដែលជាឆ្អឹងទទឹងករបស់បក្សទៅវិញដូចជា តំណាងរាស្ត្រ គង់ សុភា ដែលត្រូវគេវ៉ៃនៅមុខរដ្ឋសភាកាលពីចុងឆ្នាំ ២០១៥ នោះគឺជាកូនប្រុសរបស់លោក គង់ គាំ ជាអតីតអនុប្រធានបក្ស សម រង្ស៊ី ដែលបញ្ចូលគ្នានៅក្នុងបក្សសង្គ្រោះជាតិនោះ រីឯលោក កឹម សុខា អនុប្រធានបក្សប្រឆាំងនេះដែលធ្លាប់រិះគន់រដ្ឋាភិបាលខ្លាំងៗយកមុខយកមាត់ខ្លួនឯងសម្បើមណាស់តែដាក់បញ្ចូលកូនស្រីច្បងរបស់ខ្លួនកញ្ញា កឹម មនោវិទ្យា ឲ្យមានតំណែងតាំងពីនៅក្នុងបក្សមកម្ល៉េះគឺកាន់តួនាទីជាអនុប្រធាននាយកដ្ឋានកិច្ចការសាធារណៈ។ តើឲ្យប្រជាពលរដ្ឋជឿជាក់បក្សប្រឆាំងយ៉ាងម៉េចទៅ? បើរិះគន់បក្សកាន់អំណាចកប់ៗមាត់រឿងគ្រួសារនិយមដែលបង្កឲ្យមានអំពើពុករលួយតែខ្លួនឯងដាក់កូនស្រីធ្វើដូចគេដែរយ៉ាងនេះ?
ការនិយមដាក់សមាជិកគ្រួសារទៅក្នុងកិច្ចការសាធារណៈនេះសហរដ្ឋអាមេរិកហាក់ចង់ដើរលើគន្លងចាស់ផងដែរ។
ខណៈលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតសេតវិមានថ្មីៗនេះគឺមានគម្រោងឲ្យតំណែងទៅកូនប្រសាឈ្មោះ Jared Kushner ចូលធ្វើការនៅសេតវិមាន។ លោក Kushner ស្វះស្វែងរកផ្លូវច្បាប់ណាមួយដើម្បីបានចូលរួមក្នុងកិច្ចការសាធារណៈព្រោះច្បាប់សហព័ន្ធប្រឆាំងនឹងរបបគ្រួសារនិយមបានអនុម័តតាំងពីឆ្នាំ ១៩៦៧ មកម្ល៉េះគឺមានការរឹតបន្តឹងយ៉ាងខ្លាំងទៅលើសាច់ញាតិ «Relative» នេះ។
ចំណុចនេះមានមតិវិភាគនៅក្នុងវិទ្យុជាតិសហរដ្ឋអាមេរិក (NPR) បានលើកឡើងថាបើតែងតាំងលោក Kushner ជានាយខុទ្ទកាល័យ ឬអគ្គនាយកនៅសេតវិមានជាតំណែងសម្រេចចិត្តគឺមិនបានទេតែបើធ្វើជាទីប្រឹក្សាផ្ទាល់លោក ត្រាំ ដែលគ្មានតួនាទីសម្រេចចិត្តគឺអាច។
ដោយសារច្បាប់អាមេរិកតឹងរ៉ឹងហ្នឹងហើយទើបកូនស្រីច្បង បារ៉ាក់ អូបាម៉ា មិនបានធ្វើការក្នុងសេតវិមានគឺពេលវ៉ាកងទៅសុំការងារធ្វើនៅភោជនីយដ្ឋានយកបទពិសោធទៅវិញ។ រីឯកូនស្រីលោក ចូកូវី ដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីវិញគឺដាក់ពាក្យប្រឡងចូលមន្ត្រីរាជការដូចគេឯងដែរ។
ដើម្បីលុបបំបាត់របបគ្រួសារនិយម លុបបំបាត់អំពើពុករលួយ ឬក៏ទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នរដ្ឋតើកម្ពុជាអាចតាក់តែងច្បាប់មួយដូចនៅអាមេរិកសម្រាប់មន្ត្រីមុខងារសាធារណៈមិនឲ្យយកសមាជិក និងសាច់ញាតិគ្រួសារចូលធ្វើការនៅស្ថាប័នជាមួយគ្នាបានទេ ទោះបីមានចំណេះដឹងក៏ដោយ?
នេះគឺជាចំណុចត្រូវពិចារណាថាតើគួរធ្វើយ៉ាងណាឲ្យមានតម្លាភាពនៅក្នុងសង្គមខ្មែរគឺចាំបាច់ត្រូវឲ្យមានច្បាប់ប្រឆាំងនឹងរបបគ្រួសារនិយមនេះ។
សរុបមកវិញការតែងតាំងកូនៗថ្នាក់ដឹកនាំកំពូលៗបានធ្វើឲ្យមន្ត្រីថ្នាក់ក្រោមបាក់ទឹកចិត្តហើយយុវជនដែលខំបម្រើបក្សគ្មានឥទ្ធិពលបានត្រឹមបម្រើឲ្យកូនអ្នកធំប៉ុណ្ណោះ។
ករណីជាក់ស្តែងនេះគឺឆ្លើយតបនឹងការស្រាវជ្រាវរបស់អង្គការ KAS របស់អាល្លឺម៉ង់ថ្មីៗនេះស្តីពីយុវជនបានប្រៀបធៀបរចនាសម្ព័ន្ធយុវជនរបស់ CPP និង CNRP ថាមានលក្ខណៈពឹងផ្អែកខ្លាំងលើ «គណបក្សរបស់ខ្លួន»។
សួរថាតើសង្គមមួយគួរតែបន្តឲ្យមានការបែងចែកបែបអាណានិគមលើជាតិសាសន៍ខ្លួនបែបកូនគេ និងកូនខ្ញុំទៅទៀតឬយ៉ាងណា?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com